ដោយវុត្ថា
ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា នៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅគេ កំពុងមានសន្ទុះនៃការសាងសង់ និងអភិវឌ្ឍន៍លើវិស័យអចលទ្រព្យយ៉ាងច្រើនគួរអោយកត់សម្គាល់ ជាពិសេសនៅទីប្រជុំជន បើប្រៀបធៀបជាមួយតាមបណ្តាខេត្តនានា។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា វិស័យអចលទ្រព្យនៅកម្ពុជា បានកំពុងបន្តរីកដុះដាលដូចផ្សិត បើទោះបីជាក្នុងអំឡុងបញ្ហាជំងឺកូវីដ១៩ក្តី ដែលពិតជាបានចូលរួមចំណែកជួយលើសេដ្ឋកិច្ចជាតិ នៅការអភិវឌ្ឍន៍លំនៅដ្ឋាន និងទីប្រជុំជន នៅទូទាំងប្រទេសកម្ពុជា ពិសេសក្នុងនៅក្នុងខេត្តត្បូងឃ្មុំក៏មានការរីកចំរើនផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថា ដោយមើលឃើញឳកាសបែបនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បាននឹងកំពុងធ្វើការវិនិយោគទាំងពុះដីឡូតិ៍ លំនៅឋាន និងគម្រោងផ្សេងៗទៀត ជាក់ ស្តែង មានកក្រុមហ៊ុន ក្នុងស្រុកមួយបានវិនិយោគប្រភេទដីឡូតិ៍ ៣០០០ឡូត៍ ដែលមានទីតាំងនៅចំទល់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្រោមទុនទឹកប្រាក់ជាង៥០លានដុល្លារ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
លោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តែងតែធ្វើការជំរុញលើកទឹកចិត្ត និងអំពាវនាវដល់វិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុក មកបណ្តាក់ទុករកស៊ី វិនិយោគលើគ្រប់វិស័យ ទោះយ៉ាងក្នុងខេត្តត្បូងឃ្មុំ វិស័យអចលនទ្រព្យបានរីកដុះដាលដូចផ្សិត ដែលបានចូលរួមជួយអភិវឌ្ឍន៍ទីប្រជុំជន ក្នុងទីរួមខេត្តត្បូងឃ្មុំ តាមរយៈការអភិវឌ្ឍន៍ដីធ្លី និងលំនៅដ្ឋាន ស្រូបយកការប្រមូលផ្តុំពលរដ្ឋមករស់នៅ និងរកទទួលទានផងដែរ៕