ដោយវុត្ថា
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងបាន និងកំពុងពិនិត្យមើលទំហំថវិកា ដែលត្រូវចំណាយលើគម្រោងស្តារឡើងវិញ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរងគ្រោះដោយទឹកជំនន់កាលពីកន្លងមកនេះ ខណៈផ្លូវថ្នល់នៅក្នុងខេត្តមួយចំនួនទឹកមិនទាន់ស្រកទៅវិញនោះទេ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងបាន និងកំពុងពនិត្យនូវថវិកាទាំងអស់ ដែលត្រូវស្តារនូវប្រព័ន្ធហេដ្ឋារនារចនាសម្ព័ន្ធ ដែលត្រូវបានខូចខាតដោយគ្រោះទឹកជំនន់។
លោកបន្តថា “គណៈអន្តរក្រសួងកំពុងពិនិត្យមើលគម្រោងមួយចំនួនថា ត្រូវអ៊ុតកៅស៊ូឡើងវិញ ឬគ្រាន់តែរៀបចំគ្រាន់តែធ្វើឱ្យមានចរាចរណ៍ អាចប្រព្រឹត្តិទៅបានឬយ៉ាងណា” ។ លោកបន្តថា “ដូច្នេះវាអាស្រ័យទៅលើគណៈកម្មការ ដែលពិនិត្យមើលទៅលើគម្រោងផ្លូវ និងខេត្តនីមួយៗដែលទទួលរងនូវខូចខាតខ្លាំង ហើយស្របទៅនឹងទំហំថវិការដែលមាន” ។
លោកបន្ថែមថា ក្រុមការងារក៏ពិនិត្យមើលទៅលើស្ពានមួយចំនួនផងដែរ ឧទាហរណ៍ស្ពានឈើ ដែលត្រូវទឹកអូសទៅបាត់តើ យើងសាងស់ស្ពានឈើឡើងវិញឬ ក៏ស្ពានបេតុង។ យើងមិនគ្រាន់តែទឹកស្រកទៅវិញ ហើយយើងធ្វើទេ ប៉ុន្តែយើងត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះរាល់ដងយើស្នើសុំកម្ចី ពីដៃគូអភិវឌ្ឍន៍ទំរាំតែទទួលបាន គឺយូឆ្នាំ ប៉ុន្តែសម្រាប់ ពេលនេះយើងចំណាយថវិកាជាតិផ្ទាល់។
លោកវ៉ាស៊ីម សូរិយា បានបញ្ជាក់ទៀតថា ថវិកាដែលយើងមាន គឺជាកញ្ចប់ដែលមានស្រាប់ ដោយកន្លែងណាអាចថែរទាំបាន យើងធ្វើ ហើយកន្លែងណាដែលមានការខូចខាតខ្លាំង ត្រូវមានគណៈម្មការទៅមើល ដើម្បីស្នើសុំលុយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកមករៀបចំស្តារ។
ប៉ុន្តែយ៉ាងណាដោយ លោក វ៉ាស៊ីម សូរិយា មិនបានបញ្ជាក់ពីទំហំថវិកាដែលគ្រោងនឹងចំណាយ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ដោយគណៈកម្មការមិនទាន់បានបូកសរុបទិន្ន័យឱ្យបានច្បាស់លាស់នោះទេ ខណៈនៅតាមបណ្តាលខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ និងបន្ទាយមានជ័យនៅទឹកលិចនៅឡើយទេ។
យោងតាមរបាយការណ៍ចុងក្រោយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញរបាយការណ៍ចុងក្រោយថា ទាំងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ទទួលរងនូវប៉ះពាល់ និងខូចខាតមានចំនួន៦២៧គីឡូម៉ែត្រ ខណៈផ្លូវជនបទមានចំនួន ១,៦៨៥គីឡូម៉ែត្រ៕