ដោយវុត្ថា
ភ្នំពេញៈ ការលក់ឡាយឡុងអចលនទ្រព្យតាមផ្លូវតុលាការ សំដៅដល់ស្ថានភាពមួយដែលតុលាការ ចាត់ចែងលក់ដោយបង្ខំនូវអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត (អ្នកចាញ់) ទៅឱ្យសាធារណៈជន ដែលមានបំណងចង់ទិញអចលនវត្ថុនោះ មកធ្វើជាកម្មសិទ្ធិករ។
ចំពោះប្រាក់ដែលបានមកពីការលក់ឡាយឡុង អចលនទ្រព្យតាមផ្លូវតុលាការនឹងយកទៅចែកចំណែកឱ្យទៅម្ចាស់បំណុល់នៃការអនុវត្ត (អ្នកឈ្នះក្តី) និងម្ចាស់បំណុលដែលមានសិទ្ធិទទួលចំណែក។
ឧទាហរណ៍៖ លោកវិចិត្របានឱ្យលោក ម៉ារ៉ាខ្ចីប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយលោក ម៉ារ៉ាសន្យាថា នឹងសងវិញក្នុងអំឡុងពេល៦ខែ ប៉ុន្តែលុះដល់ពេលកំណត់ លោកម៉ារ៉ា មិនបានសងប្រាក់ទៅលោកវិចិត្រវិញទេ។
លោកវិចិត្រ ក៏បានប្តឹងទៅតុលាការ ដើម្បីឱ្យចេញសាលក្រមឱ្យលោកម៉ារ៉ា សងប្រាក់មកខ្លួនវិញ។ ក្រោយមកតុលាការបានទទួលពាក្យបណ្តឹង និងចាត់ការតាមនីតិវិធីរហូតចេញសាលក្រមតាមការទាមទាររបស់លោកវិចិត្រ។
លោកវិចិត្រដាក់ពាក្យសុំអនុវត្តសាលក្រមនេះ ដោយសុំលក់ដោយបង្ខំនូវអលចនវត្ថុជាដី និងផ្ទះរបស់លោក ម៉ារ៉ាមកតុលាការ។ ជាលទ្ធផល តុលាការចាត់ការនីតិវិធី ដោយរឹបអូសអចលនវត្ថុនេះ ហើយដាក់ការលក់ដោយការផ្សាយជាសាធារណៈ ទើបមានលោកបូរ៉ា ចូលខ្លួនមកដេញថ្លៃទិញយក ក្នុងតម្លៃ១៥ម៉ឺនដុល្លារអាមេរិក។ ករណីនេះ លោក បូរ៉ា ត្រូវបានគេទទួលស្គាល់ថាជាម្ចាស់សិទ្ធិលើអចលនវត្ថុនេះ៕