ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រោមវត្តមានរបស់អ្នកឧកញ៉ាផ្ទាល់ និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះក៏មាននូវវត្តមានចូលរួមរបស់ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា “ថ្ងៃនេះជាថ្ងៃ ដ៏វិសេសវិសាលដែលនឹងនាំឲមានភាពកាន់តែប្រសើរឡើងនៃការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសែលកាត មានផែនការយ៉ាងមុតមាំ ក្នុងការដាក់អោយប្រើប្រាស់នូវប្រព័ន្ធ 5។ នេះជាផែនការវិនិយោគដែលគួរអោយកត់សម្គាល់របស់យើង ដូចជា ផ្នែកហិរញ្ញវត្ថុ និង ធនធានមនុស្ស”។
អ្នកឧកញ៉ាបានបន្តថា “ពួកយើងមានធនធានមនុស្សដែលមានជំនាញ និង សមត្ថភាពខ្ពស់ ព្រមទាំងយុទ្ធសាស្រ្តល្អៗ ដែលអមជាមួយផែនការរៀបចំ ហេដ្ធារចនាសម្ព័ន្ធ ក្នុងការប្រតិបត្តិការ ផលិតផល និង សេវាកម្ម ក៌ដូចជា ផែនការទីផ្សារផងដែរ ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងបោះជំហានក្នុងការដឹកនាំ និងការអភិវឌ្ឍន៏វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រយ៉ាងពេញទំហឹង និងសំរេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងឧស្សាហកម្ម ៤.០”។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ផងដែរថា “ខ្ញុំបាទមានក្តីសោមន្សរីករាយដ៏ពន់ពេក ដែលមានដៃគូរសម្ព័ន្ធ ពោលគឺក្រុមហ៊ុន ZTE Corporation ដែលនឹងជួយយើងឲសំរេចបាន នូវចក្ខុវិស័យផ្សេងៗ ក្នុងការធ្វើឲប្រព័ន្ធ 5G មានរូបរាងពិតប្រាកដនៅប្រទេសកម្ពុជាយើង ។ ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះលោក Song Chaojun ដែលតំនាង ក្រុមហ៊ុន ZTE Southeast Asia ក៏ដូចជាអរគុណចំពោះ ក្រុមការងារ ZTE Cambodia ក្រុមការងារ រ៉ូយ៉ាល់គ្រុប និងសែលកាត ដែលមានវត្តមាននៅថ្ងៃនេះ”៕






