ទីក្រុបរណបធំៗចំនួន៣និងគំរោងធំៗចំនួនពីរនៅតំបន់ផ្លូវជាតិលេខ៦កំពុង ជម្រុញការអភិវឌ្ឍន៍តំបន់នេះ

0

       ដោយគង់ សូរិយា

       ភ្នំពេញ ទីក្រុងរណបចំនួន៣ និងសមិទ្ឋិផលជាតិធំៗចំនួនពីរ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦អា កំពុងជំរុញការអភិវឌ្ឍន៍នៅតំបន់នេះ ខណៈការរៀបចំធ្វើម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ២០២៣ត្រូវបានរៀបចំជាបណ្តើរៗ។

ទីក្រុងរណបជ្រោយចង្វារ

ក្នុងចំណោមទីក្រុងរណបទាំងបី ទីក្រុងរណបជ្រោយចង្វារ ដែលមានផ្ទៃដីជាង១០០ហិកតា និងគ្រោងបោះទុនវិនិយោគ៣៦០០លានដុល្លារអាមេរិក បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈល្បឿននៃការសាងសង់អាគារខ្ពស់ៗជាច្រើន នៅក្នុងគំរោងនេះត្រូវបានពន្យាពេល ដោយសារវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីមេរោគCovid-19

បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងទីក្រុងរណបនេះ ត្រូវបានរៀបចំផែនការមេជាទីក្រុងឆ្លាតវៃ(Smart City) និងរៀបចំទស្សនទានអភិវឌ្ឍន៍ដូចគ្នា នឹងតំបន់ពាណិជ្ជកម្មស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

ទីក្រុងរណបបូតានិកស៊ីធី

ទីក្រុងរណបនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ផងដែរ ដែលមានផ្ទៃដីប្រមាណ១០០ហិកតាផងដែរ ដែលទស្សនទាននៃការអភិវឌ្ឍ គឺផ្តោតលើបណ្តុំលំនៅដ្ឋាន មជ្ឈមណ្ឌលកំសាន្ត កីឡាជាដើម។

គំរោងនេះបាននិងកំពុងដំណើរការផងដែរ ដែលវិនិយោគដោយម្ចាស់បុរីអ័រគីដេ ដែលជាបុរីផ្តោតលើប្រណីតភាព និងចាប់អតិថិជនគោលដៅជាអ្នកមានធូរធារ។

គំរោងទីក្រុងរណបតេជោមរកត

ទីក្រុងរណបនេះ មានទំហំផ្ទៃដីរាប់រយហិកតា ដែលអភិវឌ្ឈន៍ដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប។ បច្ចុប្បន្នគំរោងនេះ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនបណ្តើរៗហើយ តាមរយៈការបើកដំណើរការនូវសួនសត្វសាហ្វារី វើលដ៏ និងតំបន់កំសាន្តស្តង់ដាអន្តរជាតិដែលមានអាងទឹកធំជាងគេលំដាប់ទី៣នៃតំបន់អាស៊ាន ហើយបានបើកសម្ភោធជាផ្លូវការ​ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះ។

ក្រៅពីការអភិវឌ្ឍតំបន់កំសាន្តជាច្រើន ទីក្រុងរណបនេះក៏មានក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងរៀបចំជាទីក្រុងចិន(China Town) ប៉ុន្តែគួរឲ្យសោកស្តាយគំរោងនេះត្រូវបានផ្អាកសកម្មភាពទៅវិញ ដោយគ្មានមូលហេតុច្បាស់លាស់។

វិមានឈ្នះ ឈ្នះ 

ដោយរំលឹកពីគុណបំណាច់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន​នាយកលរដ្ឋមន្រ្តីនៃកម្ពុជា និងសំរាប់គុណតម្លៃនៃការចងចាំមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា រដ្ឋាភិបាលកម្ពុជាបានកសាងវិមានឈ្នះ ឈ្នះនៅក្នុងតំបន់ទីក្រុងរណបតេជោមរកត ដែលវិមានឈ្នះ ឈ្នះ ត្រូវបានរៀបចំសម្ភោធយ៉ាងអធិកអធមបំផុត កាលពីរាត្រីឆ្លងឆ្នាំ២០១៩ ២០២០កន្លងមក។

ដោយសារមាននូវទីធ្លាដ៏ធំទូលាយ និងតម្លៃនៃបេតិកភ័ណ្ឌវប្បធ៌ម ប្រវត្តិសាស្រ្តនៃដើមសតវត្សរ៍ទី២១នេះ បច្ចុប្បន្នទីតាំងនេះបានក្លាយជារមណីយដ្ឋាន ដែលប្រជាពលរដ្ឋ​មកពីគ្រប់ទិសទីទៅទស្សនាកំសាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ឋនៅពេលសាយ័នចូលមកដល់។

ពហុកីឡាដ្ឋានមរតកសម្តេចតេជោ

នេះជាសំណង់ប្រវត្តិសាស្រ្តថ្មីមួយសំរាប់កម្ពុជា និងក៏ជាសំណង់ប្រវត្តិសាស្រ្តសំរាប់ចំណងមិត្តភាព និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសកម្ពុជា និងមហាមិត្តចិនផងដែរ។

សំណង់ប្រវត្តិសាស្រ្ត ដែលចំណាយប្រាក់ជាង២០០លានដុល្លារអាមេរិក ដើម្បីសាងសង់នេះបានលេចរូបរាងបណ្តើរៗហើយ ខណៈពហុកីឡាដ្ឋានជាតិមរតកសម្តេចតេជោ នឹងបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០២១ខាងមុខនេះ។

ពហុកីឡាដ្ឋានថ្មីនេះ នឹងជាកន្លែងរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងប្រវត្តិសាស្រ្តជាង៤០ឆ្នាំកន្លងមកនេះ។

បន្ទាប់ពីពហុកីឡាដ្ឋាននេះទទួលកីឡាស៊ីហ្គេម តំបន់នេះនឹងក្លាយជាតំបន់ពេញនិយម ឬនឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយសំរាប់កម្ពុជា ដែលតំបន់នេះ សំណង់​ប្រវត្តិសាស្រ្តនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនទៅទស្សនា។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ទន្ទឹមនឹងមានក្រុមហ៊ុនជាតិ អន្តរជាតិកំពុងវិនិយោគច្រើននៅតំបន់នេះរួចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិជាច្រើនបាន និងកំពុងចាប់អារម្មណ៍ និងត្រៀមបោះទុនវិនិយោគនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវនេះកំពុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងនាពេលអនាគត។

អ្នកនាងបន្តថា “តាមខ្ញុំដឹងគឺមានក្រុមហ៊ុនជាច្រើន កំពុងត្រៀមចូលវិនិយោគនៅតំបន់នេះបន្ថែមទៀត ហើយវាជាក្រុមហ៊ុនវិនិយោគធំៗមកពីក្រៅប្រទេស”។អ្នកនាងបន្តថា “តំបន់នេះមានភាពអំណោយផលបំផុតលើលក្ខខ័ណ្ឌអាកាសធាតុ ដោយសារមានទន្លេពីរអមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here