ហ្វីលីពីនសម្រេចអនុញ្ញាតឱ្យជនបរទេសអាចជួលដីរយៈពេល៩៩ឆ្នាំ ដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យរយៈពេលវែង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីនបានសម្រេចអនុញ្ញាតឱ្យជនបរទេសអាចជួលដីរយៈពេល៩៩ឆ្នាំ ខណៈប្រទេសអាស៊ានមួយនេះព្យាយាមទាក់ទាញបណ្តាវិនិយោគិនឱ្យបណ្តាក់ទុនរយៈពេលវែងលើទីផ្សារអចលនទ្រព្យ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានចុះហត្ថលេខាលើច្បាប់ស្តីពីសេរីភាវូបនីយកម្មលើការជួលដីឯកជនដោយបណ្តាអ្នកវិនិយោគបរទេស។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

វិធានការនេះមានគោលបំណងលើកទឹកចិត្តឱ្យបណ្តាអ្នកវិនិយោគបរទេសបោះទុនដើម្បីសាងសង់តំបន់អចលនទ្រព្យឧស្សាហកម្ម ព្រមទាំងគម្រោងទេសចរណ៍ និងកសិកម្មនៅក្នុងប្រទេសហ្វីលីពីន។

ការណ៍នេះនឹងធ្វើឱ្យប្រទេសហ្វីលីពីនអាចប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់អាស៊ានដើម្បីទាក់ទាញការវិនិយោគ។នេះបើយោងតាមលោក David Leechiu ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu ។

លោក Leechiu បានលើកឡើងថា វិធានការនេះនឹងបើកចំហឱ្យមានលំហូរដើមទុនវិនិយោគយ៉ាងច្រើនពីបរទេស។ ការណ៍នេះនឹងជំរុញតម្រូវការអចលនទ្រព្យនានា ដូចជា សណ្ឋាគារ និងឧស្សាហកម្ម។

យោងតាមទិន្នន័យពីធនាគារកណ្តាលហ្វីលីពីនបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅកាន់ប្រទេសហ្វីលីពីនបានដាំក្បាលចុះ២៦,៩ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារអាមេរិកគិតចាប់ពីខែមករាដល់ខែឧសភា៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here