ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្ស Thomson Medical Group របស់លោកមហាសេដ្ឋីសិង្ហបុរី Peter Lim បានចាប់ផ្តើមគម្រោងសាងសង់គម្រោងលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ក្រោមទុនវិនិយោគប្រមាណ៤,៣ពាន់លានដុល្លារអាមេរិកក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងឈ្មោះ“Johor Bay”នេះ លាតសន្ធឹងលើដីទំហំ១០,៥២ហិកតាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។
គម្រោង“Johor Bay”ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយនៅតំបន់អាស៊ាន ដោយរួមបញ្ចូលលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយ៥ និងតំបន់ពាណិជ្ជកម្ម។
ទន្ទឹមនឹងនោះ គម្រោងខាងលើក៏នឹងរួមបញ្ចូលផងដែរនូវមន្ទីរពេទ្យ “Thomson Iskandariah” បន្ទប់ឯកទេស មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។
ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងរដ្ឋ Johor កាលពីខែមករា ឆ្នាំនេះ ក្នុងគោលបំណងទាក់ទាញការវិនិយោគ និងសម្រួលលំហូរចរាចរណ៍ទំនិញ និងប្រជាជនរវាងប្រទេសទាំង២។
លើសពីនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មីមួយខ្សែ ដែលលាតសន្ធឹងកាត់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អាចនឹងបញ្ចប់ការសាងសង់ក្នុងដំណាច់ឆ្នាំ២០២៦ខាងមុខ៕ប្រភព: Vnexpress៕