ក្រុមហ៊ុន​ចុះបញ្ជី​នៅ​អូស្ត្រាលី នឹង​បើក​ដំណើរការ​អាជីវក​ម្មកា​ស៊ី​ណូ​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Donaco International Limited ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អូស្ត្រាលី បានឱ្យដឹងថា ខ្លួន​រំពឹងថា​នឹង​ឆ្លងកាត់​ការវាយតម្លៃ​ដោយ​ក្រសួងសុខាភិបាល​របស់​ប្រទេស​កម្ពុជា មុនពេល​ការបើក​ដំណើរការ​កាស៊ីណូ Star Vegas នៅ​ប៉ោយប៉ែត “ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខនេះ” ។

នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​អាជីវកម្ម​ដែល​បានដាក់​ជូន​ផ្សារ​ហ៊ុន​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ  ក្រុមហ៊ុន​បានបញ្ជាក់​ថា ការបើក​កាស៊ីណូ​ឡើងវិញ​របស់ខ្លួន​នៅតែ​អាចទៅរួច​ក្នុង​ការទទួល​បានការ​យល់ព្រម​ពី​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធានការណ៍​ការពារ​ជាក់លាក់​ប្រឆាំងនឹង​កូ​វីដ១៩ ។

រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​អាជីវកម្ម​កាស៊ីណូ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នៅ​ដើមខែ​នេះ ដោយ​រង់ចាំ​ការយល់ព្រម​ពី​ក្រសួងសុខាភិបាល។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​កាស៊ីណូ​ពាសពេញ​ប្រទេស​ត្រូវបាន​ផ្អាក​អស់​រយៈពេល​ជិត​បី​ខែ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ។

ខណៈ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​កាស៊ីណូ Star Vegas ហាក់ដូច​ជិត​មកដល់ តែ​ក្រុមហ៊ុន Donaco បាន​កត់សម្គាល់ថា ប្រទេសជិតខាង​ថៃ​បាន​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ២០២០ ដែល​ទំនងជា​ប៉ះពាល់​ដល់​ការបន្ធូរបន្ថយ​សក្តានុពល​នៃ​ការ​រឹតត្បិត​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹងថា “ដោយសារ​ភ្ញៀវទេសចរ​ភាគច្រើន​របស់ Star Vegas មកពី​ប្រទេស​ថៃ ក្រុមហ៊ុន Donaco រំពឹងថា ចំនួន​ភ្ញៀវ​នឹងមាន​ទាប​នៅ Star Vegas រហូតដល់​ព្រំដែន​រវាង​ថៃ និង​កម្ពុជា​ត្រូវបាន​បើក​ឡើងវិញ” ។

ក្រុមហ៊ុន​មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​ជំងឺ​កូ​វីដ១៩ នឹង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​តំបន់ Star Vegas ដំណើរការ ហើយ​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​គឺជា​ជំហាន​វិជ្ជមាន​ឆ្ពោះទៅរក​ការបន្ត​ប្រតិបត្តិ​ការធម្មតា​វិញ។

ក្រុមហ៊ុន Donaco បាន​បើក​កាស៊ីណូ​វៀតណាម​របស់ខ្លួន​ដែលមាន​ឈ្មោះថា Aristo International កាល​ពាក់កណ្តាល​ខែឧសភា​កន្លងមកនេះ៕

ទោះបី​ស្ពាន​សាងសង់​មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់ ប៉ុន្តែ​ដីធ្លី​នៅ​អរិយ​ក្សត្រ​នៅតែមាន​តម្រូវការ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ បើទោះបី​គម្រោង​សាងសង់​ស្ពាន​ឆ្ពោះទៅកាន់​តំបន់​អរិយ​ក្សត្រ​មិនទាន់​ចេញ​ជា​រូ​បរាង្គ​ក៏ដោយ ក៏​បច្ចុប្បន្ន​ដីធ្លី​នៅក្នុង​នៅ​ក្នុ​តំបន់​នេះ​នៅតែមាន​តម្រូវការ​ខ្ពស់​ពី​ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន បុរី និង​ឈ្មួញ​អចលនទ្រព្យផ្សេងៗជាច្រើន​ផងដែរ។

លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បាន​ប្រាប់​គេហទំព័រ propertyarea.asia ថា តំបន់​អរិយ​ក្សត្រ​នាពេល​បច្ចុប្បន្ននេះ មាន​អ្នក​អភិវឌ្ឍន៍ និង​ឈ្មួញ​ដីធ្លី​ជាច្រើន​បាន​សម្រុក​ទៅកាន់​តំបន់​នេះ​ដើម្បី​ស្វែងរក​ទិញ​ដីធ្លី​សម្រាប់​អភិវឌ្ឍ និង​ទុក​លក់​យកចំណេញ ខណៈ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មាន​ស្ថានភាព​ធូ​ថ្លៃ។

ថ្លែង​ពី​តំបន់​អរិយ​ក្សត្រ លោកស្រី​តាំង ហួរ​បន្តថា “ភាគច្រើន​ដែល​អ្នកស្វែងរក​ទិញ​ដី​នៅ​តំបន់​នេះ គឺ​សម្រាប់ធ្វើ​ការអភិវឌ្ឍន៍​បុរី និង​លំនៅឋាន និង​មួយចំនួនទៀត គេ​ទិញ​ទុក​លក់​យកចំណេញ ដោយសារ​គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​បុក​ចូលទៅ​កាន់​តំបន់​នេះ​ដែលជា​ហេតុ​ធ្វើឱ្យមាន​ការទាក់ទាញ​កាន់តែខ្លាំង​លើ​ការវិនិយោគ​ដីធ្លី និង​ម្យ៉ាង​តំបន់​នេះ នៅ​ជិត​ក្រុងភ្នំពេញ” ។

លោកស្រី​បន្ថែមថា “សម្រាប់​ដីធ្លី​នៅ​តប​ន់​នេះ លែងមានទំហំៗហើយ មានតែតូចៗ ព្រោះ​គេ​ដើរ​ប្រមូល​ទិញ​អស់ហើយ  តែ​សម្រាប់​តម្លៃ​វិញ​គឺ​ទៅតាម​ទីតាំង និង​កន្លែង​ដែលមាន​សក្តានុពល និង ជាប់​គម្រោង តែ​យ៉ាង​បច្ចុប្បន្ននេះ មាន​ប្រជាជន​រស់នៅ​ច្រើន​នៅក្នុង​តំបន់​នេះ” ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹង​ដែរ​ថា ដែនដី​អរិយ​ក្សត្រ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​រាជធានី​ភ្នំពេញ គឺមាន​ភាពល្អប្រសើ​រដែ​ល​ទៅ​ថ្ងៃ​អនាគត​ខាងមុខនេះ អាច​ក្លាយទៅជា​ទីក្រុង​រណប​ថ្មី​មួយទៀត ។

លោក​ឧកញ៉ា បន្តថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន កម្រិត​មធ្យម​មួយចំនួន​កំពុងតែ​ធ្វើក​សកម្មភាព​សាងសង់ នូវ​គម្រោង​របស់ខ្លួន​ដែល​សកម្មភាព​ទាំងអស់នេះ បាន​ជំរុញឱ្យមាន​តម្រូវការ​ប្រើប្រាស់​ដីធ្លី និង​តម្លៃ​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​នៅ​តំបន់​ទីប្រជុំជន។

លោក​បញ្ជាក់ថា ” អ្វី​ជា​ឧបសគ្គ​សម្រាប់​តំបន់​អរិយ​ក្សត្រ​គឺ​រង់ចាំ​វត្តមាន​ស្ពាន​ចម្លង​ត​ភ្ជាប់​ពី​តំបន់​ស្វាយជ្រុំ​មកកាន់​តំបន់​ជ្រោយចង្វារ​ប៉ុណ្ណោះ” ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​កន្លងទៅនេះ បានប្រកាស​ពី​ការសាងសង់​ស្ពាន​ចំនួន ២កន្លែង ដើម្បី​ត​ភ្ជាប់​តំបន់​អរិយ​ក្សត្រ មកកាន់​រាជធានី​ភ្នំពេញ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ផងដែរ។

ស​ម្តេ​តេ​ជោ​ថ្លែងថា “ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ពិតប្រាកដ​មួយ យើង​ត្រូវ​សាងសង់​ស្ពាន​មួយ​ត​ភ្ជាប់​ពី​កំពង់ចម្លង​ជ្រោយចង្វារ ទៅ​ស្វាយជ្រំ ហើយ​មួយទៀត​ត្រូវ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម ដែល​ត​ភ្ជាប់​រវាង​តំបន់​អរិយ​ក្សត្រ និង​ក្តី​តា​កុយ។

ផែនការ​នៃ​ការសាងសង់​ស្ពាន​នេះ បាន​ក្លាយជា​ចលករ​មួយ​ក្នុងការ​រុញច្រាន​ទីផ្សារ​អចលនទ្រព្យ​ជាពិសេស​ដីធ្លី​នៅ​តំបន់​អរិ​ក្ស​ត្យ​នេះ​មាន​ភាពរស់រវើក បើទោះបី​មិនទាន់មាន​កាល​បរិ​ចេ្ច​ទ​ជាក់លាក់​ណាមួយ​ក្នុងការ​សាងសង់​ស្ពាន​ទាំងនោះ​នៅឡើយ៕

អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​ពី​ក្ដីបារម្ភ​នៃ​ការធ្លាក់ចុះ​ទីផ្សារ​ក្នុង​ឆមាស​ទី២ 

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ទើប​ទទួលបាន​ភាពល្អ​ប្រសើរ​ឡើងវិញ​នូវ​ទីផ្សារ​អចលនទ្រព្យ​ក្រោយ​ភាពស្ងប់ស្ងាត់​នៃ​ជំងឺឆ្លង​មិនទាន់បាន​ប៉ុន្មាន​ផង ពេលនេះ​បណ្តា​អ្នក​ដែល​ស្ថិតនៅក្នុង​វិស័យ​មួយ​នេះ​បានបង្ហាញ​ក្ដីបារម្ភ​សារជាថ្មី ខណៈដែល​រលក​នៃ​វិបត្តិ​ជំងឺឆ្លង​មួយ​នេះ​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Centurey21 Advance លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ​ថា បន្ទាប់ពី​មាន​កំណើន​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺឆ្លង​កាលពីពេលថ្មីៗនេះ បាន​ជះឥទ្ធិពល​សាជាថ្មី​មកលើ​ទីផ្សារ​អចលនទ្រព្យ​ស្ទើរ​គ្រប់​ប្រភេទ រាប់ទាំង​ផ្នែក​ទិញ-លក់​ដីធ្លី សំណង់​លំនៅឋាន ខុន​ដូ ក៏ដូចជា គម្រោង​នៃ​ការអភិវឌ្ឍ​នានា។

លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ថា “ជាមួយនឹង​សញ្ញា​ថ្មី​នៃ​រលក​ទី២របស់​វិបត្តិ​ជំងឺឆ្លង​នៅពេលនេះ តាម​ដែល​ខ្ញុំ​មើលឃើញ ផ្នែក​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​វិស័យ​ដីធ្លី ដោយសារតែ​ភាគច្រើន​ការវិនិយោគ​ទៅលើ​ដីធ្លី​គឺ​តម្រូវ​ចំណាយ​ទុន​ច្រើន ហើយ​ចំណាយពេល​យូរ ដូច្នេះ​អ្នកវិនិយោគ​ភាគច្រើន​សុទ្ធតែ​រក្សាទុក​នូវ​ថវិកា​ក្នុងតំណាក់កាល​នេះ រង់ចាំ​ដល់​ស្ថានការណ៍​ល្អប្រសើរ​ទើប​ចាប់​ផ្តើមធ្វើ​សកម្មភាព​វិនិយោគ​វិញ ឬ​ឃើញ​មាន​ដី​តំបន់​ណា​ដែលមាន​តម្រូវ​ថវិកា​ខ្ពស់ និង​លក់​ក្នុងតម្លៃ​ទាប​ខ្លាំង​ទើប​ពួកគេ​ទិញ” ។

លោក​បន្តថា “សម្រាប់​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន ក្នុងដំណាក់កាល​នេះ គម្រោង​ដែល​បម្រុង​នឹង​ចាប់​អនុវត្ត​មួយចំនួន​ក៏បាន​បន្ត​ផ្អាក​ទៅវិញ ដោយសារតែ​ក្ដីបារម្ភ​ពី​ស្ថានភាព​ទីផ្សារ​ដែល​កំពុង​ប្រឈម​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​ចំណូល​របស់​ប្រជាជន​ទូទៅ ដែលជា​អតិថិជន​គោលដៅ​របស់ខ្លួន។ នៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​កាលពីពេល​កន្ល​ង​ទៅនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាត់បង់​ប្រភព​ចំណូល ទើបតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុននេះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច​ក្រោម​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ពេលនេះ ស្ថានភាព​ប្រឈម​បាន​កើតឡើង​សារជាថ្មី ដែល​មិនទាន់​មានការ​អះអាងថា អាច​ល្អប្រសើរ​ឡើងវិញ​នៅពេលណា​ឱ្យ​ប្រាកដ​នោះទេ ដូច្នេះ​គម្រោងថ្មីៗមួយចំនួន​ក៏​បន្ត​ការផ្អាក​រង់ចាំ​ដល់​ឆ្នាំក្រោយ ឬ​យូរ​ជាង​នេះ” ។

អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម លោក ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា ពេលនេះ​តម្លៃ​លំនៅឋាន​មានការ​ប្រែប្រួល ជាពិសេស​លំនៅដ្ឋាន​ដែល​សាងសង់​រួចរាល់ និង​ដាក់លក់​បន្ត​ពី​សំណាក់​អ្នកទិញ​ទុក​វិនិយោគ។

លោក​បញ្ជាក់ថា “សម្រាប់​គម្រោង​លំនៅដ្ឋាន​ថ្មី​ដែល​កំពុង​សាងសង់ និង​កំពុង​ដាក់លក់ គឺ​មិនមាន​ការប្រែប្រួល​នោះទេ ពោលគឺ​តម្លៃ​នៅ​ទ្រឹង ប៉ុន្តែ​ក៏មាន​តម្រូវការ​ពី​សំណាក់​អតិថិជន​ដែលមាន​តម្រូវការ​ស្នាក់នៅ​ពិតប្រាកដ ប៉ុន្តែ​សម្រាប់​ប្រភេទ​លំនៅដ្ឋាន​ថ្មី​ដែរ ប៉ុន្តែ​បញ្ចប់​ការសាងសង់​ទាំងស្រុង និង​ត្រូវបាន​ដាក់លក់​បន្ត​ដោយ​អ្នកវិនិយោគ​មួយចំនួន​មានការ​ធ្លាក់ចុះ​តម្លៃ​ចាប់ពី ១០-២០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ” ។

លោក ម៉ាន់ ចាន់​ឌី បាន​មានប្រសាសន៍​បន្តទៀតថា “ការធ្លាក់ចុះ​នេះ មួយចំណែក​ធំ​គឺអាច​បណ្តាលមកពី​កំសួល​នៃ​ការកើនឡើង​វិញ​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កាលពីពេលថ្មីៗនេះ ដែល​ធ្វើឱ្យ​អ្នកជំនួញ​ក្នុង​វិស័យ​មួយ​នេះ​ភាគច្រើន​រក្សា​ភាពស្ងប់ស្ងាត់​រង់ចាំ​មើល​ឱកាសល្អ ប៉ុន្តែ​ប្រសិនបើ​មាន​លំនៅឋាន​ណា​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ខ្លាំង​ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ខ្ពស់ ពួកគេ​នឹង​ទិញ​ទុក​សម្រាប់​លក់​បញ្ចេញ​នៅ​ឆ្នាំក្រោយ” ។

ដោយឡែក​សម្រាប់​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia  លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា “តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ ទីផ្សារ​អចលនទ្រព្យ​ពិតជា​ទទួលរង​នូវ​ផលប៉ះពាល់​មែន ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប​តែប៉ុណ្ណោះ ព្រោះ​ពេលនេះ​សកម្មភាព​នៃ​ការទិញ-លក់​ក្នុង​ផ្នែក​មួយចំនួន​នៅតែ​បន្ត​មាន ហើយ​ក្នុង​ការសាងសង់ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​ក៏​នៅតែមាន គ្រាន់តែ​យឺត​ជាង​មុន​បន្តិច” ។

លោកស្រី​បាន​បន្តទៀតថា “ពេលនេះ​អ្នក​ដែល​ប៉ះពាល់​ខ្លាំង​គឺ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្រិត​មធ្យម ដោយសារតែ​ភាគរយ​នៃ​អតិថិជន​គោលដៅ​របស់​ពួកគាត់​ជួប​បញ្ហា​នៃ​ស្ថិរភាព​ចំណូល​ប្រចាំខែ ដោយសារតែ​ការបាត់បង់​ប្រភព​ចំណូល ឬ​ចំណូល​ប្រចាំខែ​តិចជាង​មុន ក្រោម​វិធានការ​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយចំនួន ដូច្នេះ​ចង់​មិន​ចង់ ពួកគាត់​ដែលជា​អ្នក​អភិវឌ្ឍន៍​គម្រោង​គឺ​ត្រូវ​ទទួលរង​ផលប៉ះពាល់​បន្ត​ជា​ចង្កោម ហើយ​ផលប៉ះពាល់​ទាំងអស់នេះ​អាច​នឹងត្រូវ​ចំណាយពេល​យូរ​បន្តិច ក្នុង​រយៈពេល១ឆ្នាំ ឬ​ច្រើនជាង​នេះ” ៕

ចំណេះដឹង! តើ​មហា​អនុតំបន់​មេគង្គ​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​សេដ្ឋកិច្ចកម្ពុជា?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ប្រទេស​កម្ពុជា​គឺជា​សមាជិក​ដ៏​សកម្ម​នៅក្នុង​កម្មវិធី​មហា​អនុតំបន់​មេគង្គ (Great Mekong Sub-Region; GMS)ចាប់តាំងពី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩២ ។ ស​និ្ន​សិទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១១ត្រូវបាន​ប្រារព្ធ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ក្នុង​ខែកញ្ញា ឆ្នាំ២០០២ ។

កិច្ចប្រជុំ​មហា​អនុតំបន់​មេគង្គ​បាន​ប្រារព្ធ​ទៅ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០០២ ។ កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ដែលមាន​សារៈសំខាន់​ក្នុងការ​ព​ង្រឺ​ង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ GMS ដោយហេតុថា​ប្រទេស​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​កណ្ដាល​ក្នុង​ផ្នែក​ខាងក្រោម​នៅ​ទន្លេមេគង្គ។

កម្ពុជា​ក៏​ជា​ប្រទេស​ដែល​ស្ថិតនៅ​កណ្ដាល​ក្នុង​តំបន់​សេដ្ឋកិច្ច GMS ខាងត្បូង ដែល​ដើរតួ​ជា​តំណ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ថៃ និង​វៀតណាម​តាមរយៈ​ផ្លូវ​ហាយវ៉េ​ក្នុង​តំបន់ និង​ផ្លូវ​រថភ្លើង​នាពេល​អនាគត។

ប្រទេស​កម្ពុជា​ក៍​ជា​អ្នកចូលរួម​សកម្ម​ក្នុង​កិច្ច​ផ្ដួចផ្តើម​តំបន់​អភិវឌ្ឍ​ត្រីកោណ​ជាមួយនឹង​ប្រទេស​ឡាវ និង​វៀតណាម និង ក្នុង​តំបន់ត្រីកោណ Emerald Triangle Initiative ជាមួយនឹង​ប្រទេស​ថៃ និង​ឡាវ។ កម្ពុជា​ជា​ភាគី​ចំបង​ក្នុងការ​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​ដំបូង​ក្នុង​ក្របខ័ណ្ឌ GMS ជាពិសេស​នៅតាម​តំបន់​ព្រំដែន អា​រ៉ា​ញ​យ៉ា​ប្រ៉ា​ថេត-ប៉ោយប៉ែត និង បា​វ៉ិ​ត-ម៉ុក​បៃ៕

សេដ្ឋីអចលនទ្រព្យហុងកុង គ្រោងសាងសង់ទីក្រុងថ្មីមួយនៅអៀរឡង់ សម្រាប់ប្រជាជនខ្លួន

ដោយ ៖ ប៊ី
ហុងកុង ៖ ប្រជាជនហុងកុង ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ អំឡុងពេលការបង្ក្រាបរបស់ចិន អាចនឹងមានកន្លែងថ្មីដើម្បីរស់នៅ នៅតំបន់ជនបទនៃប្រទេសអៀរឡង់។

លោក Ivan Ko ជាស្ថាបនិកក្រុមហ៊ុនវិនិយោគទីក្រុង Victoria Charb និងសេដ្ឋីអចលនទ្រព្យ បានបង្កើតគម្រោងសាងសង់ទីក្រុងគំរូថ្មីមួយ ដូចទៅនឹងទីក្រុងហុងកុង ដើម្បីធ្វើជាលំនៅដ្ឋានដល់អ្នកចំណាកស្រុកនៅជិតព្រលានយន្តហោះរបស់ទីក្រុង Dublin នៃប្រទេសអៀរឡង់។

ទីក្រុងថ្មីរបស់លោក Ko នឹងត្រូវបានគេហៅថាទីក្រុង Nextpolis នឹងមានលំនៅដ្ឋានផ្តល់ជួនអតីតអ្នករស់នៅហុងកុងចំនួន ៥០,០០០ នាក់នៅក្នុងតំបន់មួយ ដែលមានទំហំ ៥០ គីឡូម៉ែត្រក្រឡា (៣១.០៧ ម៉ែលការ៉េ) ដែលស្ថិតនៅចន្លោះទីក្រុង Dublin និង Belfast ដែល មានសាលាបង្រៀនភាសាចិនទៀតផង។
លោក Ko បានថ្លែងថា “យើងចូលចិត្តប្រទេសអៀរឡង់។ ពន្ធសាជីវកម្មគឺទាបណាស់ អ្នកមានក្រុមហ៊ុនផលិតកម្ម និងជីវសាស្រ្តខ្លាំង។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អឺរ៉ុបគឺមានទីស្នាក់ការនៅទីនោះ។ ជារួម យើងគិតថាអៀរឡង់ល្អណាស់”។

ដំបូងឡើយលោក Ko បានរៀបចំផែនការសម្រាប់ទីក្រុងដែលអាចមានមនុស្សរស់នៅ ៥០០.០០០ នាក់ និងមានពាក់កណ្តាលស្វ័យភាព ដូចជាហុងកុងកំណើតរបស់លោក ប៉ុន្តែបានបោះបង់ចោលផែនការនោះ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអៀរឡង់ដែលចាប់ផ្តើមនៅខែធ្នូឆ្នាំ២០១៩។

អ្នកនាំពាក្យនៃក្រសួងការបរទេសអៀរឡង់មួយរូបបានប្រាប់កាសែត The Guardian ថា មន្ត្រីអៀរឡង់បានណែនាំក្រុមការងាររបស់លោក Ko ដើម្បីយល់ច្បាស់អំពីប្រទេសអៀរឡង់បន្ថែមទៀត៕

ក្រុមហ៊ុនផលិតយន្ដហោះកូរ៉េ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យការពារ និងដឹកជញ្ជូនផ្លូវអាកាស

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េ Korea Aerospace Industries ដែលជាឧស្សាហកម្មថ្នាក់ជាតិផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាស នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើវិស័យការពារ និងដឹកជញ្ជូនតាមផ្លូវអាកាសនៅពេលឆាប់ៗខាងមុខនេះ។

តាមរយៈបណ្តាញសារអេឡិចត្រូនិច នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Korea Aerospace Industries ដែលជាឧស្សាហកម្មថ្នាក់ជាតិប្រចាំប្រទេសកូរ៉េ មានជំនាញផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាសមានគុណភាព ដំណើរការដោយបច្ចេកវិទ្យទំនើប បាន និងកំពុងសហការជាមួយស្ថានទូតកម្ពុជា ក្នុងការលើកស្ទួយទាំងកម្រិតជីវភាពពលករខ្មែរធ្វើការនៅតាមរោងចក្រសហគ្រាសនានាដែលផលិតគ្រឿងបង្គុំ និងបន្លាស់ សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនមួយនេះ។

លោកបានបញ្ជាក់ថា “ខ្ញុំនឹងរៀបកម្មវិធីទស្សនកិច្ចសិក្សាឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េយើងបានទៅពិនិត្យរោងចក្រមួយនេះ ដែលស្ថិតនៅតំបន់ Samcheon នៃខេត្ត Gyeongnam ដែលនៅភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ”។

លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា ក្រៅពីមានការចូលរួមជ្រោមជ្រែងផ្តល់ឱកាសការងារ និងចំណេះដឹងផ្នែកបច្ចេកទេសផលិតគ្រឿងបង្គុំ គ្រឿងបន្លាសយន្តហោះខាងលើនេះ ក្រុមហ៊ុន Korea Aerospace Industries គ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងវិស័យការពារ និងដឹកជញ្ជូនផ្នែកអាកាសនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ៕

តើស្ថានភាពតម្លៃលំនៅឋាននាពេលបច្ចុប្បន្នមានការប្រែប្រួលដូចម្តេច?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បានអះអាង ថា តម្លៃទីផ្សារលំនៅឋានពេលនេះស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលនៃជំងឺ Covid-19 រហូតបានធ្វើឱ្យតម្លៃលំនៅឋានមួយចំនួនមានការប្រែប្រួល។

លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Group បានឱ្យដឹងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះថា តម្លៃលំនៅឋានមានការប្រែប្រួល ពោលគឺគម្រោងលំនៅឋានថ្មីតម្លៃនៅថេរ ចំណែកឯគម្រោងលំនៅឋានចាស់ដែលសាងសង់រួចហើយ (ផ្ទះដាក់លក់វិញ) គឺមានការធ្លាក់ចុះប្រមាណ ២០ ភាគរយ បើធៀបទៅនឹងឆ្នាំចាស់។

លោកពន្យល់ថា “សម្រាប់គម្រោងសាងសង់លំនៅឋានថ្មី មិនមានការធ្លាក់ថ្លៃនោះទេ ដោយសារម្ចាស់គ្រោងមានកម្មវិធីក្នុងការផ្តល់ជូនដល់អតិថិជនរបស់ខ្លួន ដោយក្នុងនោះមានគម្រោងមួយចំនួនមិនតម្រូវឱ្យអតិថិជនលុយកក់នោះទេ ពោលគឺបង់រំលោះយកតែម្តង ហើយគម្រោងខ្លះទៀតបង់ដំបូងមិនមានការប្រាក់ផងដែរ”។

លោកបន្ថែមថា សម្រាប់លំនៅឋានដែលស្ថិតនៅក្នុងបុរីមួយចំនួន បានដាក់លក់វិញក្រោមតម្លៃទីផ្សារ ពោលមានការធ្លាក់ចុះប្រមាណ ២០ ភាគរយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ទីផ្សារលំនៅឋាន ខណៈដែលកម្ពុជានៅតែមានករណីជំងឺ Covid-19 ជាបន្តបន្ទាប់។

លោកបន្ថែមថា “ក្នុងករណីនេះ ទាមទារយៈពេលយូរបន្ថែមទៀតទើបឱ្យទីផ្សារលំនៅឋានងើបឡើងវិញ ខណៈកម្ពុជានៅតែនាំចូលនូវករណីថ្មីនៃជំងឺ Covid- 19 ជាបន្តបន្ទាប់ ហើយមិនដឹងពេលណាវានឹងបញ្ចប់ ខណៈពេលដែលពិភពលោកមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ” ។

ដោយឡែក លោក អុិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានយល់ឃើញថា តម្លៃលំនៅឋាននាពេលបច្ចុប្បន្ននេះ ហាក់មិនមានការធ្លាក់ចុះនោះទេ ទាំងគម្រោងចាស់ និងគម្រោងថ្មី ខណៈតម្រូវការនៅតែមាន បើទោះកម្ពុជាកំពុងឈមនឹងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ។

តែយ៉ាងណា លោកថា សកម្មភាពនៃការលក់នៅក្នុងពេលនេះ ហាក់មានស្ថានភាពយឺតយ៉ាងជាងឆ្នាំមុន ដែលមិនទានមានការផ្ទុះឡើងនៃវិបត្តិជំងឺ Covid-19 ។

ជាទូទៅ តម្លៃលំឋានសមរម្យនាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី៥ ម៉ឺន ទៅ ៧ ម៉ឺន ដុល្លារ ហើយតម្លៃលំនៅឋានកម្រិតខ្ពស់ (High-End) មានតម្លៃចាប់ពី ចន្លោះ ១៥ ម៉ឺន ទៅ ២០ម៉ឺន ប៉ុន្តែលំនៅឋានប្រភេទនេះអតិថិជនបង់រំលោះជាមួយនឹអត្រាការប្រាក់ធូថ្លៃជាងប្រភេទលំនៅឋានសមរម្យ៕

សហភាពអឺរ៉ុប និងចិនចាប់ផ្តើមស្វែងរកការរួបរួមគ្នាដើម្បីវិនិយោគទ្វេរភាគី ងាកចេញពីវិបត្តិសកល

ដោយៈប៊ី

ភ្នំពេញៈ ទីបំផុតសហភាពអឺរ៉ុប និងប្រទេសចិនបានបើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់ (HED) លើកទី៨ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីក្នុងគោលបំណងងាកចេញពីវិបត្តិសេដ្ឋកិច្ចសកល។

ការកិច្ចពិភាក្សានេះ ធ្វើឡើងក្នុងប្រជុំតាមរយៈដេអូ Conference រវាងលោកអនុប្រធានប្រតិបត្តិលោក Valdis Dombrovskis អមដំណើរដោយលោក Phil Hogan អ្នកទទួលបន្ទុកពាណិជ្ជកម្ម និងអនុប្រធានាធិបតីចិន លោក Liu He អមដំណើរដោយអនុរដ្ឋមន្រ្តីជាច្រើនរូប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលPropertyarea.asia ទទួលបាននូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

កិច្ចពិភាក្សា HED បានផ្តោតលើការឆ្លើយតបរួមគ្នា ចំពោះបញ្ហាកូវីដ១៩ និងបញ្ហាអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក បញ្ហាពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងការយកពន្ធ ខណៈពិភាក្សាបន្ទាប់នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប-ចិននឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមិថុនា។

លោក Dombrovskis អនុប្រធានប្រតិបត្តិបានមានប្រសាសន៍ថា “វិបត្តិនាពេលបច្ចុប្បន្ននេះ ផ្តល់ឱ្យយើងគ្មានជំរើសផ្សេងអ្វី ក្រៅពីធ្វើការជាមួយដៃគូជាច្រើន លើពិភពលោករបស់យើង រួមទាំងប្រទេសចិន”។ លោកបន្តថា “តាមរយៈការរួបរួមគ្នា យើងអាចងើបឡើងវិញ យ៉ាងឆាប់រហ័សផ្នែកសេដ្ឋកិច្ច និងធ្វើឱ្យមានការរីកចម្រើនលើវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ”។

លោកបានបន្ថែមថា “ទោះយ៉ាងណាក៏ដោយយើង ក៏ត្រូវដោះស្រាយចំណុចរសើប ដូចជាបដិភាព (ភាពមានទៅមានមក) ក្នុងរបៀបដែលក្រុមហ៊ុនរបស់យើង ត្រូវបានចាត់ទុកយ៉ាងម្តេច។  យើងនឹងត្រូវធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត លើបញ្ហាទាំងនេះ និងបញ្ហាផ្សេងទៀត នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំនៅរដូវស្លឹកឈើជ្រុះនេះ”។

លោកHogan បាននិយាយថា ទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្មអឺរ៉ុប-ចិនត្រូវតែផ្អែកលើគោលការណ៍សំខាន់ៗនៃបដិភាព និងវិស័យដែលផ្អែកលើកម្រិតជាក់ស្តែង និងអាចទស្សទាយបាន។

លោកបានបន្តថា “ថ្ងៃនេះខ្ញុំបានអំពាវនាវដល់ប្រទេសចិន ឱ្យចូលរួមធ្វើកំណែទម្រ​ង់ម៉ត់ចត់នៃប្រព័ន្ធពហុភាគី និងសៀវភៅក្បួនរបស់ខ្លួន និងដករបាំងដែលមានស្រាប់រារាំងការចូលទៅកាន់ទីផ្សារចិន របស់អ្នកនាំចេញទំនិញ និងសេវាកម្ម ក៏ដូចជាអ្នកវិនិយោគអឺរ៉ុប”។ លោកបន្តថា “វិធីសាស្រ្តបែបនេះរបស់ប្រទេសចិន នឹងបង្ហាញពីការទទួលខុសត្រូវមួយកម្រិត ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន”។

កិច្ចប្រជុំខាងលើ បានអនុញ្ញាតឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់ស្តីពីការចរចា ដែលកំពុងបន្តលើកិច្ចព្រមព្រៀង ដ៏ទូលំទូលាយស្តីពីការវិនិយោគ បន្ទាប់ពីការចរចារចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី ២០-២៤ ខែកក្កដា។

សហភាពអឺរ៉ុបមានវឌ្ឍនភាពគួរ ឱ្យកត់សម្គាល់លើបញ្ហាទាក់ទង នឹងវិស័យសំខាន់ ស្របពេលដែលគូសបញ្ជាក់ថា ការងារសំខាន់ស្មើភាពគ្នា នៅតែត្រូវធ្វើលើបញ្ហាសំខាន់ៗ ដូចជាការចូលក្នុងទីផ្សារ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

CPA Cafeនឹងចាប់ផ្តើមលក់អាហារពេលព្រឹកនិងថ្ងៃត្រង់ចាប់ពីថ្ងៃស្អែកនេះហើយ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ឆ្លើយតបនឹងសំណូមពរដ៏ទទូចរបស់អតិថិជន ហាងកាហ្វេCPA Cafeនឹងចាប់ផ្តើមលក់អាហារពេលព្រឹក និងថ្ងៃត្រង់ ដល់អតិថិជនចាប់ពីថ្ងៃទី៣០ កក្កដាស្អែកនេះហើយ។

ជាមួយនឹងចុងភៅមានថ្វីដៃ និងបទពិសោធន៍ខ្ពស់ CPA Cafeនឹងផ្តល់ជូនលោក អ្នកនូវរសជាតិអាហារប្រកប ដោយស្តង់ដាអនាម័យខ្ពស់ និងគិតគូពីសុខភាពអតិថិជនជាចម្បង ជាមួយតម្លៃសមរម្យអាចទទួលយកបាន និងមានលក្ខណៈប្រកួតប្រជែង។

 

CPA Cafeមានទីតាំងនៅផ្ទះលេខ៦២០A.B ស្ថិតនៅតាមផ្លូវ២៧១ ហួសច្រកចូលវត្តសន្សំកុសល២០០ម៉ែត្រឆ្ពោះទៅក្បាលថ្នល់ ឬជិតច្រកចូលវត្តដំបូកខ្ពស់់ ក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

កញ្ញាឡេង ម៉ាឡាអ្នកគ្រប់គ្រងទូទៅនៃហាងកាហ្វេCPA Cafeបានមានប្រសាសន៍ថា រសជាតិអាហារជាមួយបន្លែធម្មជាតិ និងសាច់ប្រកបដោយអនាម័យ ស្រស់ នឹងធ្វើឲ្យលោកអ្នក អាចទទួលបានបានប្រកបដោយទំនុកចិត្ត ពិសេសយើងផ្តល់នូវរសជាតិអាហារប្រកបដោយអនាម័យខ្ពស់ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែគិតពីការញុំាដើម្បីឆ្អែតតែម្យ៉ាងនោះទេ តែក៏គិតពីសុខភាពផងដែរ។

កញ្ញាបន្តថា “ការគិតពីសុខភាពអតិថិជន ជារឿងចម្បងដែលCPA Cafeបាននិងកំ​ពុងផ្តោតទាំងអាហារ និងរសជាតិកាហ្វេធម្មជាតិ ឈ្ងុយឆ្ងាញ់ជាប់ចិត្ត”។ កញ្ញាបន្តថា “ហេតុនេះហើយ ទើបយើងជ្រើសរើសបន្លែធម្មជាតិ និងសាច់ធម្មជាតិ ពិសេសយើងខ្ញុំជៀសវាងអាហារដែលមានលក្ខណៈផ្អាប់យូរ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពអអតិថិជន”។

កញ្ញាឡេង ម៉ាឡាបានបន្តថា ជាមួយរសជាតិអាហារ ចុងភៅជំនាញ សេវាកម្មប្រកប​ដោយភាពរួសរាយរាក់ទាក់ CPA Cafeរង់ចាំស្វាគមន៍អតិថិជន ដោយក្តីសោមនស្សរីករាយ ជាមួយនឹងរសជាតិអាហារមិនអាចបំភ្លេចបាន និងរសជាតិអាហារដែលគិតគូដល់សុខភាពអតិថិជនជាចម្បង។

អតិថិជនអាចសាកសួរព៌តមាន តាមរយៈលេខទូរស័ព្ទ ០៩៥ ៣៤ ៣៤ ៦៦, ០៨៦ ៣៤ ៣៤ ៦៦៕

តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនមានផលវិជ្ជមានច្រើនឬ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលនឹងចុះហត្ថលេខានៅត្រឹមពាក់កណ្តាលខែសីហា ខាងមុខនេះ ត្រូវបានសាធារណៈជនទូទៅ ក៏ដូចជារដ្ឋាភិបាលបង្ហាញពីក្ដីសាទរ ដែលអាចទទួលបានផ្លែផ្កាយ៉ាងច្រើន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។

ទន្ទឹមគ្នានេះ កម្ពុជាក៏អាចជួបភាពអវិជ្ជមានផងដែរ ប្រសិនបើគ្មានការពង្រឹងសមត្ថភាពលើការផលិតនៅកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា តាមគោលការណ៍ដែលចរចាកាលពីពេលកន្លងទៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា -ចិន ភាគីកម្ពុជាអាចមានសិទ្ធិ ក្នុងការនាំយកទំនិញចេញទៅកាន់ទីផ្សារប្រទេសចិន ច្រើនជាង ១០៣០០មុខ ដែលមានភាគរយខ្ពស់ជាងភាគីចិន នាំទំនិញចូលមកកាន់ទីផ្សារកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា “តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្ម នៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា”។ លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជា នៅក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។

វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជម្រុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកប​ដោ​យគុណភាពខ្ពស់។

ចំណែកលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវ​ជ្រាវបញ្ហាពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានបង្ហាញពីក្ដីបារម្ភ ចំពោះការត្រៀមខ្លួនមិនទាន់រួចរាល់របស់កម្ពុជា ដែលធ្វើឱ្យការផលិតមិនបានខ្លាំង ដែលនាំឱ្យកម្ពុជាទទួលបានប្រ​យោ​ជន៍តិចតួចពីពាណិជ្ជកម្មសេរីមួយនេះ។

លោកបណ្ឌិតបានបញ្ជាក់ថា “ក្រសួងពា់ព័ន្ធមួយចំនួន ត្រូវតែសហការធ្វើរួមគ្នា ដើម្បីធ្វើយ៉ាងណាជម្រុញការផលិតរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាពទាំងបរិមាណ និងគុណភាព ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារប្រទេសចិន”។ លោកបន្ថែមថា “អ្វីដែលជាបញ្ហារបស់កម្ពុជាកំពុងតែប្រឈម និងពិបាកទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរីមួយនេះ គឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មូលដ្ឋានផលិតកម្ម និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងប្រទេសជិតខាង កង្វះធនធានមនុស្សក្នុងឧស្សាហកម្មធុនធ្ងន់ និងមធ្យម ព្រមទាំងកង្វះខាតផ្នែកបច្ចេកទេស”។

លោកបន្តថា ក្រៅពីលទ្ធភាពនៃការផលិត និងនាំចេញដែលធ្លាប់ធ្វើទៅបានកាលពីពេលកន្លងទៅ កម្ពុជាគួរបង្កើនលទ្ធភាព ក្នុងការនាំចេញនូវប្រភេទសាច់សត្វ ត្រី ដែលទីផ្សារប្រទេសចិនមានតម្រូវការខ្ពស់ ជៀសវាងការជម្រុញនាំចេញប្រភេទបន្លែ ដែលទីផ្សារប្រទេសចិន មានច្រើនយ៉ាងសន្ធឹមសន្ធាប់ក្នុងស្រុករួមទៅហើយនោះ៕