ដោយ គង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្កែងថា “ការអភិវឌ្ឍសេដ្ឋកិច្ច” អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង «ការធ្វើឲ្យប្រជាជន មានបាន» វាជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុត នៃការអភិវឌ្ឍប្រទេសតាមទស្សនវិស័យរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឳកាសចុះចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងមក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចគឺផ្សាភ្ជាប់ជានិច្ច រវាងទិន្នន័យនៃការរីកចម្រើន ទៅនឹងការរីកចម្រើនជាក់ស្តែង នៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំ បានដោយសារប្រជាពលរដ្ឋ ដូច្នេះសូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឲ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។
លោកបណ្ឌិតបន្ដទៀតថា “គោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាង ណាកុំឲ្យមានប្រជាជនស្លាប់ដោយសារការអត់បាយ”។ លោកបន្តថា “ដូច្នេះនៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឲ្យលឿន និងឲ្យទាន់ពេលវេលាដោះស្រាយ បញ្ហាចំពោះមុខឲ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ”។
លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា កិច្ចការនេះសម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហមក៏ដូចជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសហើយកន្លងមកប្រទេសជាមិត្តជាច្រើនក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះនេះតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

លោកបញ្ជាក់ថា “អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរ គឺនៅពេលដែលលំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់នៃសន្តិភាពដូចសព្វថ្ងៃនេះ”។ លោកបន្ថែមថា “សមិទ្ធផលសន្តិភាព បានបង្កលក្ខណៈ និងផ្តល់លទ្ធភាព ឲ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នា ដោយអាចធ្វើដំណើរជិតឆ្ងាយ ទៅគ្រប់ទីកន្លែងដោយសុវត្ថិភាពដើម្បី កិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ”។
លោកបន្តថា “នេះគឺជាសារៈសំខាន់ នៃការថែរក្សាសុខសន្តិភាព ហើយទោះតិច ឬច្រើន លឿនឬយឺត ប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការដ៏មានតម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាតទៅមុខដោយឥតរុញរា”។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្នុងកាលកន្លងទៅ និងសូមអរគុណ ចំពោះការផ្តល់តម្លៃដល់អ្នក ដែលបានខិតខំធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេចគឺចង់បានណាស់ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ៕






