អាស៊ី ៖ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះដល់ ២៦ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ស្របពេលដែលវិស័យនេះមានការធ្លាក់ចុះ ៣៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
របាយការណ៍ស្រាវជ្រាវរបស់គេហទំពរ www.mingtiandi.com បានផ្សព្វផ្សាយកាលពីម្សិលមិញនេះថា សម្រាប់ ផ្នែកវិស័យឧស្សាហកម្មបង្ហាញពីភាពធន់ ហើយប្រទេសកូរ៉េខាងត្បូងឈរក្នុងចំណោមទីផ្សារសំខាន់ដែលមានកម្មភាពរឹងមាំលើប្រតិបត្តិការវិស័យអចលនទ្រព្យពាណិជ្ជម្មនៅក្នុងអំឡុងពេលនេះ។
គេហទំព័រនេះបានបន្តថា ការធ្លាក់ចុះយ៉ាងខ្លាំងលើការចុះកិច្ចព្រមព្រៀងវិស័យអចលនទ្រព្យពាណិជ្ជកម្មនេះ ក៏បានជំរុញឱ្យមានការធ្លាក់ចុះនៃការលក់ផលប័ត្រអចលនទ្រព្យផងដែរ ដោយបានធ្លាក់ចុះ ៧៨ ភាគរយនៅក្នុងត្រីមាសនេះ មកនៅត្រឹម ២,៤ ពាន់លានដុល្លារ ស្របពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។
លោក David Green-Morgan នាយកគ្រប់គ្រងនៅ RCA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តរារាំងដល់ការធ្វើកិច្ចព្រមព្រៀងប្រតិបត្តិការវិស័យអចលនទ្រព្យពាណិជ្ជកម្ម សម្រាប់វិនិយោគិនបរទេស ហើយវិស័យសេដ្ឋកិច្ចនៅតែបង្ហាញភាពមិនប្រាកដប្រជាដែលធ្វើឱ្យវិនិយោគិនជាច្រើននៅទន្ទឹងរង់ចាំ។
លោកបន្តថា ការបំរាមដល់ការធ្វើដំណើរ និង ធ្វើចត្តាឡីស័កសម្រាប់វិនិយោគិនអន្តរជាតិ បានបន្តរារាំងដល់ការចុះកិច្ចព្រមព្រៀងជាច្រើនចំពោះប្រតិបត្តិការវិស័យអចលនទ្រព្យពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានេះ គេរកឃើញថា វិនិយោគិននៅក្នុងស្រុកទទួលបានផលចំណេញខ្ពស់ចំពោះទីផ្សារដ៏ធំមួយនេះ ។
លោកបន្ថែមថា អ្នកអភិវឌ្ឍន៍នៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍នៅពេលនេះពីទីផ្សារធំៗ របស់វិនិយោគិនក្នុងស្រុកដូចគ្នា ដូចជានៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិនកំពុងតែមានស្ថានភាពល្អប្រសើរឡើងនៅក្នុងបរិយាកាសបច្ចុប្បន្ន៕