ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសប្លែកពីវិស័យដទៃដែលមានភាពថមថយក្រោមឥទ្ធិពលនៃវិបត្តិសាកលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 នោះ សម្រាប់តែវិស័យលំនៅដ្ឋានៅតែបន្តមានកំណើន និងមានសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍បុរីកៀនស្វាយផាក បានមានប្រសាសន៍ថានៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លំនៅដ្ឋានគឺជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សទូទៅ ហើយកំណើននៃការអភិវឌ្ឍ សាងសង់លំនៅដ្ឋាននាពេលនេះក៏នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវនៅឡើយ។
លោកឧកញ៉ាបានមានប្រសាសន៍ថា “យើងឃើថា ការសាងសង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះគឺមានកំណើនច្រើន ប៉ុន្តែឆ្លើយតបទៅនឹងសំណួរសួរថា តើកំណើននៃការសាងសង់នៅពេលនេះច្រើនលើសតម្រូវការទីផ្សារហើយ ឬនៅ ខ្ញុំថានៅទេ ហើយតម្រូវការនៅមានច្រើនលើសពីនេះទៀត។ និយាយតែតំបន់ក្រុង ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាសាស្ត្រកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងពេលនេះប្រជាជនរស់នៅរាជធានីភ្នំពេញមានមិនក្រោម៣លាននាក់នោះទេ ដែលជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅ”។
លោកឧកញ៉ាបានមានប្រសាសន៍បន្តថា “កំណើននៃការសាងសង់លំនៅដ្ឋានរាប់ទាំងបុរី និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរី គឺកើតមាននៅតាមតំបន់ជាយក្រុងជាច្រើន ជាពិសេសនៅតំបន់ផ្លូវជាតិលេខ១ លេខ៦ លេខ៣ លេខ៤ គឺមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន។ ការអភិវឌ្ឍទាំងនេះនឹងនៅតែបន្តកើនឡើងបន្ថែមទៀតរហូតដល់ប្រមាណ៥ទៅ១០ឆ្នាំខាងមុខទៀត”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុន PREMUIM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអភិវឌ្ឍន៍លំនៅដ្ឋានផងដែរនោះបានមានសាសន៍ថា “ជាមួយនឹងកំណើនប្រជាសាស្ត្រនៅពេលនេះ ក្នុងមួយឆ្នាំតម្រូវការលំនៅដ្ឋានមានប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ ដូច្នេះកំណើននៃចំនួនលំនៅដ្ឋានដូចដែលបានឃើញនៅពេលបច្ចុប្បន្ននៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនោះទេ”។
លោកបានបន្តថា “លំនៅដ្ឋានដែលកំពុងមានតម្រូវការ និងមានទីផ្សារល្អ ជាប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យស្ថិតនៅក្នុងចន្លោះប្រមាណជាង៥ម៉ឺនដុល្លាររហូតទៅដល់១០ម៉ឺនដុល្លារ ហើយបើតម្លៃលើសពីនេះជាប្រភេទលំនៅដ្ឋានកម្រិតខ្ពស់ ដែលច្រើនមាននៅតំបន់គៀកក្រុង។ សម្រាប់លំនៅដ្ឋានដែលមាបតម្លៃសមរម្យភាគច្រើនមានការសាងសង់នៅតំបន់ជាយក្រុងដូចជា តំបន់ទំនប់កប់ស្រូវ នៅតំបន់ភាគខាងត្បូងក្រុងក្នុងខណ្ឌដង្កោក្បែរផ្លូវក្រវាត់ក្រុងទី៣ និងមួយចំនួនទៀតនៅតំបន់ផ្លូវជាតិលេខ៦A”៕
តាមរយៈរបាយការណ៍និន្នាកំណើនសេដ្ឋកិច្ចជាផ្លូវការណ៍ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែវិច្ឆិកា ឆ្នាំ2020នេះ បានបង្ហាញថា គិតត្រឹមតែរយៈពេល8ខែ ឆ្នាំ2020 កន្លងទៅនេះ ការស្នើសុំសាងសង់សំណង់ទូទៅនៅទូទាំងប្រទេសមានការកើនឡើងរហូតដល់ 3350 គម្រោង កើនឡើង 455គម្រោង លើផ្ទៃក្រឡា 11.4 លានម៉ែត្រការ៉េ ធ្លាក់ចុះប្រមាណ 4.8 ភាគរយ និងមានតម្លៃ 5,081លានដុល្លារអាមេរិក បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅមានការធ្លាក់ចុះប្រមាណ 15,1ភាគរយ៕