រដ្ឋភិបាលព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥

ដោយវុត្ថា

ភ្នំពេញ៖រដ្ឋាភិបាលបាននឹងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥ ខណៈវិស័យទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថ្វីត្បិតវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយផ្អែកលើភាពខ្លាំងដែលជាឧត្តមភាពប្រកួតប្រជែងកន្លងមកនេះ ក៏វិស័យនេះ នៅតែជួបនឹងបញ្ហាប្រឈមមួយចំមួនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥ នេះ ជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ដោយយុទ្ធសាស្ត្រនេះ បានកំណត់ចក្ខុវិស័យប្រែក្លាយវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានភាពឆ្លើយតប មានតម្លៃបន្ថែមខ្ពស់ មានមូលដ្ឋានគំាទ្រពិពិធកម្ម និងមានភាពប្រកួតប្រជែង មុនបំណាច់ឆ្នាំ ២០២៥ ហើយដែលវិស័យនេះ អាចចូលរួមចំណែកសកម្មក្នុងការអភវិឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

យុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ ពង្រឹងភាពប៉ាន់ស្មានបាន និងស្ថិរភាពនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យ យុទ្ធសាស្ត្របានកំណត់គោលដៅដូចខាងក្រោម៖១) បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករ-និយោជិត ២)បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនិងសុខុមាលភាពរបស់កម្មករ-និយោជិត ៣) លើកម្ពស់ការវិនិយោគក្នុងស្រុក និងអន្តរជាតិដោយផ្តោតលើផលិតផលមានបន្ថែមតម្លៃខ្ពស់ ៤) ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រវិស័យនេះ និង ៥)ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប៕

ជប៉ុនសម្តែងការសោកស្តាយចំពោះអង្គការ WTO ជុំវិញជម្លោះជាមួយកូរ៉េខាងត្បូង

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងការបង្កើតគណៈកម្មាធិការមួយ ដើម្បីគ្រប់គ្រងលើការនាំចេញរបស់តូក្យូលើវត្ថុធាតុដើមបច្ចេកវិទ្យាមួយចំនួនទៅកាន់ប្រទេសកូរ៉េ នៅក្នុងបង្កើនជម្លោះ ដែលកើតឡើងពីប្រវត្តិសាស្ត្រសង្គ្រាម។

កាលពីខែកក្កដាឆ្នាំ ២០១៩ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ខ្លួននឹងបញ្ឈប់ការអនុគ្រោះសម្រាប់ការដឹកជញ្ជូនទៅប្រទេសកូរ៉េខាងត្បូងនូវវត្ថុធាតុដើមចំនួន៣ ដែលក្រុមហ៊ុនដូចជាក្រុមហ៊ុនស Samsung ដើម្បីផលិតបន្ទះឈីបស្មាតហ្វូន និងអេក្រង់។

កូរ៉េខាងត្បូងដែលបានដាក់ពាក្យបណ្តឹង បានឱ្យដឹងថា អង្គការពាណិជ្ជកម្មពិភពលោកបានបង្កើតស្ថាប័នដោះស្រាយវិវាទនៅថ្ងៃពុធ ទោះបីមានការប្រឆាំងពីទីក្រុងតូក្យូក៏ដោយ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនគ្រោងនឹងបង្ហាញថា វិធានការរឹតត្បិតការនាំចេញរបស់ជប៉ុនគឺ “បំពាន និងរើសអើង” និងដើម្បីជំរុញឱ្យរដ្ឋាភិបាលទីក្រុងតូក្យូដកវិធានការនេះចេញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ក្រុងសេអ៊ូល បានឱ្យដឹងថា ជាធម្មតា វាត្រូវចំណាយពេល ១០ ទៅ ១៣ ខែ សម្រាប់ស្ថាប័នដោះស្រាយវិវាទអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ។
មន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន បានឱ្យដឹងដែរថា ប្រទេសជប៉ុនជឿជាក់ថា បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ហើយខ្លួនគួរឱ្យសោកស្តាយ ដែលប្រទេសកូរ៉េខាងត្បូងបានធ្វើតាមរបៀបមួយ ដែលអាចធ្វើឱ្យខូចដល់កិច្ចពិភាក្សារវាងប្រទេសទាំងពីរ។

ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការរឹតបន្តឹងការនាំចេញរបស់ជប៉ុន ប៉ុន្តែទីក្រុងសេអ៊ូលកាលពីខែវិច្ឆិកាបានផ្អាកដំណើរការនេះ។
ទោះយ៉ាងណានៅខែមិថុនា កូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងលើកឡើងនូវវិធានការរបស់អង្គការពាណិជ្ជកម្មពិភពលោក ដោយលើកឡើងពីវឌ្ឍនភាពតិចតួចនៅក្នុងកិច្ចពិភាក្សាជាមួយជប៉ុន៕ Reuters

កិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១ នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដើម្បីជម្រុញការវិនិយោគ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) នឹងរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១នៅចុងសប្ដាហ៍ក្រោយនេះរយៈពេល៣ថ្ងៃ ដើម្បីផ្សព្វផ្សាយ និងស្វែងរកក្រុមហ៊ុនសហការជាដៃគូវិនិយោគរួមគ្នា។

តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) នឹងរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១ រយៈពេល៣ថ្ងៃនៅចុងសប្ដាហ៍ក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ការរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចខាងលើនេះ នឹងត្រូវធ្វើឡើងតាមរយៈវេទិកាអេឡិចត្រូនិក ដោយអ្នកចូលរួមអាចធ្វើការទំនាក់ទំនងជាលក្ខណៈឌីជីថល។

ពិព័រណ៍ និងកិច្ចប្រជុំមួយនេះ គឺជាជំនួបត្រីភាគីដំបូងបង្អស់របស់ប្រទេសឥណ្ឌា ដែលមានការចូលរួមពីបណ្តាប្រទេសលេចធ្លោមកពីអាស៊ាន និងតំបន់មហាសមុទ្រ ក៏ដូចជាការចូលរួមពីរដ្ឋាភិបាល សហគ្រាសធំៗមកពីបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ ដោយមានការផ្តោតសំខាន់ទៅលើវិស័យចំនួន៦ រួមមានដូចជា វិស័យជីវបច្ចេកវិទ្យាឱសថ និងសុខភាព វិស័យកសិ-និងផលិតផលសម្ព័ន្ធ វិស័យថាមពល(ថាមពលកកើតឡើងវិញ) វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផលិតកម្ម វិស័យទូរគមនាគមន៍ និងឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យខ្សែច្រវ៉ាក់តម្លៃផលិតកម្ម។

សម្រាប់កម្មវិធីពិព័រណ៍ និងកិច្ចប្រជុំធុរកិច្ចកំពូលលើកដំបូងខាងលើនេះ ម្ចាស់សហគ្រាស ផលិតករ ពាណិជ្ជករ សេវាករ និងម្ចាស់ក្រុមហ៊ុនវិនិយោគ ដែលមានបំណងចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន ក៏ដូចជាគម្រោងផ្សេងៗក្នុងការស្វែងរកដៃគូពាណិជ្ជកម្មអាចបំពេញបែបបទនៃការចុះឈ្មោះបានតាមរយៈគេហទំព័រ www.cii.in ៕

ភូមិគ្រឹះបិតាស្ថាបត្យកម្ម លោក វណ្ណ មូលីវណ្ណ ដាក់លក់ក្នុងតម្លៃ ៧លានដុល្លារ

Realestate.com.kh


ប្រសិនជាលោកអ្នកធ្វើដំណើរតាមបណ្តាយមហាវិថីម៉ៅសេទុង លោកអ្នកប្រាកដជាបានឃើញ និងចាប់អារម្មណ៍ភូមិគ្រឹះមួយដែលមានលក្ខណៈពិសេសជាងគេ ប្រៀបធៀបនឹងផ្ទះ ក៏ដូចជាសំណង់ផ្សេងៗដែលនៅក្បែរនោះ។អមទៅដោយសិល្បៈនៃស្ថាបត្យកម្មខ្មែរទំនើប ភូមិគ្រឹះនេះគឺជាភូមិគ្រឹះរបស់បិតាស្ថាបត្យកម្ម ដែលប្រជាជនខ្មែរ និងជនបរទេសបានស្គាល់រន្ទឺនោះគឺ លោក វណ្ណ មូលីវណ្ណ។

តួយ៉ាងដូចជាភូមិគ្រឹះដ៏ល្បីល្បាញរបស់លោកមួយនេះ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ និងនៅតែបន្តឈរយ៉ាងរឹងមាំនៅក្នុងទីប្រជុំជនមមាញឹក បើទោះជាមានអគារខ្ពស់ៗថ្មីបានរំលេចខ្លួននៅជុំវិញនោះក្តី។

នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតងសមត្រដងជាមួយគ្នា ដែលបង្កើតអារម្មណ៍ស្រស់ស្រាយចំពោះអ្នកដែលស្នាក់នៅក្នុងនោះ។

ចំពោះទីតាំងភូមិគ្រឹះទៀតសោត គឺងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងនានា ដូចជា ផ្សារទួលទំពូង ផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបដឹ ផញ ម៉ល សាលារៀន ធនាគារ និងភោជនីយដ្ឋានជាច្រើន។កាន់តែពិសេសជាងនេះទៅទៀត ភូមិគ្រឹះនេះកំពុងដាក់លក់នៅក្នុងតម្លៃត្រឹមតែ ៧លានដុល្លារ តែប៉ុណ្ណោះ។

ស្របជាមួយនឹងសន្ទុះនៃអចនលទ្រព្យនៅកម្ពុជា ជាពិសេសខណៈដែលភូមិគ្រឹះរបស់ លោក វណ្ណ មូលីវណ្ណ ស្ថិតនៅកណ្តាលទីក្រុងតែម្តង វាបានបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនៃទីតាំង និងប្រវត្តិសំណង់ ចំពោះអតិថិជនគ្រប់គ្នាដែលមានបំណងចង់ក្លាយជាម្ចាស់ភូមិគ្រឹះពិសេសនេះ មិនថាលោកអ្នកទិញសម្រាប់រស់នៅ ឬ សម្រាប់ទុកវិនិយោគនៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក វណ្ណ មូលីវណ្ណ បានចែកឋានរួចទៅហើយក្តី ប៉ុន្តែស្នាដៃរបស់លោកនៅតែបន្តធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់ ដោយស្នាដៃទាំងនោះបានបន្សល់ទុកយ៉ាងច្បាស់តាមរយៈសំណង់សាធារណៈល្បីៗ ដូចជា កីឡដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ និងវិមានឯករាជ្យជាដើម ដោយស្នាដៃទាំងនេះសុទ្ធតែបានធ្វើឱ្យពិភពលោកខាងក្រៅស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

ចំណុចពិសេសនៃស្នាដៃដែលលោកបង្កើតកន្លងមក ត្រូវបានគេស្គាល់ថាជាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបខ្មែរទំនើប និងខ្មែរបុរាណបូកបញ្ចូលគ្នា ដើម្បីរក្សាភាពជារបស់ខ្មែរប៉ុន្តែក៏សមស្របជាមួយនឹងសម័យទំនើប ដោយគេឱ្យឈ្មោះថាជា ស្ថាបត្យកម្មខ្មែរទំនើប។

សម្រាប់លោក លោកស្រី ដែលមានបំណងចង់ក្លាយជាម្ចាស់ថ្មីនៃភូមិគ្រឹះនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងារដើម្បីធ្វើការណាត់ជួបតាមរយៈលេខទូរស័ព្ទ+855 77 959 861 ឬ តាមអាសយដ្ឋានអ៉ីមែល[email protected]

សម្រាប់ព័ត៌មានបន្ថែមអំពីភូមិគ្រឹះ សូមចុចលើតំណភ្ជាប់នេះ៖ https://www.realestate.com.kh/buy/toul-svay-prey-1/mao-ze-dong-blvd-141836/

 

រដ្ឋាភិបាលលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសនានាត្រូវចុះបញ្ជី ដើម្បីអាចទទួលបានការទំនុកបម្រុងទុន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានទទូច និងលើកទឹកចិត្តដល់បណ្តាម្ចាស់អាជីវកម្មនានា គម្បីត្រូវចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ដើម្បីបានដំណើរការអាជីវកម្មដោយស្របច្បាប់ និងមានភាពងាយស្រួលក្នុងការទទួលបានទំនុកបម្រុងទុនបន្ថែមពីសំណាក់រាជរដ្ឋាភិបាលក្នុងកំឡុងពេលកំពុងជួបវិបត្តិសេដ្ឋកិច្ច។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូចនិងមធ្យមនៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះឧបសគ្គដ៏ធំរបស់ម្ចាស់អាជីវកម្មមួយចំនួនក្នុងការទទួលបានឥណទានពីធនាគារ ក្រៅពីគ្មានវត្ថុបញ្ចាំ ថែមទាំងមិនមានចុះបញ្ជីនោះទេ។

លោក ផែ ស៊ីផាន បានបញ្ជាក់ថា “លទ្ធភាពដែលអាចទទួលបានឥណទានពីធនាគារឯកជន ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារ SME ដែលគាំទ្រដោយរាជរដ្ឋាភិបាល ទាល់តែសហគ្រាសទាំងនោះជាសហគ្រាសស្របច្បាប់ដែលមានការចុះបញ្ជីត្រឹមត្រូវ។ ដូច្នេះសម្រាប់សហគ្រាស ឬអាជីវកម្មណាដែលស្របច្បាប់គឺមានអាទិភាពខ្ពស់ក្នុងទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលជាមួយកញ្ចប់ថវិការរហូតដល់ ៥០០លានដុល្លារដែលបានត្រៀមទុក”។

តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៥០០លានដុល្លារ សម្រាប់ទ្រទ្រង់ និងលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម ឬ វិស័យ SMEs ក្នុងរូបភាពផ្តល់កម្ចីឥណទានដោយធនាគារ SME ធនាគារអភិវឌ្ឍន៍ជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតដែលធ្វើការពាក់ព័ន្ធវិស័យមួយនេះ។

លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានត្រៀម និងរៀបចំកញ្ចប់ថវិកាចំនួន៥០០លានដុល្លារសម្រាប់ជួយទ្រទ្រង់ និងលើកកម្ពស់ដល់បណ្តាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងកំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច។ នៅក្នុងកំឡុងពេលនេះ មានបណ្តាសហគ្រាសជាច្រើនដែលតម្រូវសាច់ប្រាក់ដើម្បីអាចបន្តដំណើរការអាជីវកម្មរវបស់ខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហាគឺភាគច្រើនសហគ្រាសទាំងនោះមិនមានវត្ថុបញ្ចាំ សមត្ថភាពនៃការសងត្រឡប់មកវិញគឺមានកម្រិត ជាពិសេសអាជីវកម្មមិនមានការចុះបញ្ជី ដែលទាំងអស់នេះជារបាំងនៃការទទួលបានឥណទាន៕

ខេត្តកំពតទាក់ទាញក្រុមហ៊ុនធំៗចំនួន៣៥កំពុងវិនិយោគលើវិស័យជាច្រើននៅក្នុងខេត្ត

ដោយវុត្ថា

កំពត៖ ខេត្តកំពតទាក់ទាញក្រុមហ៊ុនធំៗ ចំនួន៣៥ដែលបាននឹងកំពុងវិនិយោគលើវិស័យជាច្រើនរួមមាន វិស័យកសិឧស្សហកម្មចំនួន៤ កំពង់ផែខ្នាតតូចចំនួន៥ ឧស្សហកម្ម៩ ទេសចរណ៍សណ្ឋាគារចំនួន១០ ភោជនីយដ្ឋានចំនួន១ ថាមពលចំនួន៣ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ផលិតនិងកែច្នៃផលិតផលសមុទ្រចំនួន១។

លោក ជាយ តាយ អភិបាលខេត្តកំពតនៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០នេះ ឱ្យដឹងថា ខេត្តកំពតមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍១៧កន្លែង សហគមន៍ និងគោលដៅទាក់ទាញចំនួន៨កន្លែង។

លោកបន្តថា “ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពតក្នុងឆមាសទី១ឆ្នាំ២០២០នេះ មានលក្ខណៈល្អប្រសើរ សកម្មភាពបទល្មើសផ្សេងៗមានការថយចុះ និងដោយសារកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយធានាបាននូវផ្លូវច្បាប់គ្រប់គ្រាន់ពេញលេញសម្រាប់អ្នកវិនិយោគនានាទាំងក្នុង និងក្រៅស្រុកមកដាក់ទុនរកស៊ីនៅក្នុងខេត្តនេះកាន់តែច្រើន។

ដោយឡែក ចំពោះការងារគ្រប់គ្រងដីធ្លីក្នុងខេត្តកំពត លោកអភិបាលខេត្តថា គិតចាប់ពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្នអនុវត្តការចុះបញ្ជីជាប្រព័ន្ធបាន៨ក្រុង ស្រុក ស្នើនឹង៦៧ឃុំ/សង្កាត់ លើ៩៣ឃុំ/សង្កាត់ ស្មើនឹង៣៤៧ភូមិ លើ៤៨៨ភូមិ ស្មើ៧០% ក្នុងនោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធចេញប័ណ្ណបានចំនួន៥៣៥.៩៨៦ប័ណ្ណ។ ការចុះបញ្ជីអនុវត្តតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលចេញប័ណ្ណបានចំនួន៤៨.០៣៥ប័ណ្ណ៕

រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ៥០០លានដុល្លារ សម្រាប់ទ្រទ្រង់វិស័យ SMEs

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៥០០លានដុល្លារ សម្រាប់ទ្រទ្រង់ និងលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម ឬ វិស័យ SMEs ក្នុងរូបភាពផ្តល់កម្ចីឥណទានដោយធនាគារ SME ។

លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានមានប្រសាសន៍ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានត្រៀម និងរៀបចំកញ្ចប់ថវិកាចំនួន៥០០លានដុល្លារសម្រាប់ជួយទ្រទ្រង់ និងលើកកម្ពស់ដល់បណ្តាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងកំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច។

នៅក្នុងកំឡុងពេលនេះ មានបណ្តាសហគ្រាសជាច្រើនដែលតម្រូវសាច់ប្រាក់ដើម្បីអាចបន្តដំណើរការអាជីវកម្មរវបស់ខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហាគឺភាគច្រើនសហគ្រាសទាំងនោះមិនមានវត្ថុបញ្ចាំ សមត្ថភាពនៃការសងត្រឡប់មកវិញគឺមានកម្រិត ជាពិសេសអាជីវកម្មមិនមានការចុះបញ្ជី ដែលទាំងអស់នេះជារបាំងនៃការទទួលបានឥណទាន។

លោក រស់ ស៊ីលវ៉ា បានមានប្រសាសន៍ថា នៅក្នុងកញ្ចប់ថវិកាទាំង៥០០លានដុល្លាររបស់រដ្ឋាភិបាល គឺត្រូវបានបែងចែកសម្រាប់អនុវត្តជាជំហាន និងដំណាក់កាលផ្សេងគ្នាតាមរយៈធនាគារ SMEs ធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងបណ្តាធនាគារនានាដែលធ្វើការពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍ស្តីពីវិធានការចំនួន២ដែលជំរុញសហគ្រាសធុនតូច និងមធ្យម។

វិធានការណ៍ទី១ ផ្តោតលើការអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាក់ទងនឹងការពិនិត្យលទ្ធភាព ដើម្បីផ្តល់ការគាំទ្ររួមមានទីប្រឹក្សាអាជីវកម្ម មេធាវី អ្នកប្រឹក្សាច្បាប់ ការចុះឈ្មោះអាជីវកម្ម គណនេយ្យ ទីផ្សារ និងទិដ្ឋភាពបច្ចេកទេស។ ជំរុញឱ្យមានការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅកម្ពុជា ។

វិធានការណ៍ទី ២ នឹងគាំទ្រដល់ប្រព័ន្ធអេកូនៃសហគ្រាសធុនតូច និងមធ្យមដូចជា បន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ និងការអនុវត្ត លើកកម្ពស់សេវាកម្មអាជីវកម្ម ការគាំទ្រថវិកា ជំរុញធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងលើកកម្ពស់គំនិតនៃជំនាញសហគ្រិនភាព។

វិធានការទាំង២ខាងលើនេះ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងដោះស្រាយបញ្ហា ដែលតម្រូវឱ្យមានការសម្របសម្រួល និងដំណោះស្រាយពីអ្នកពាក់ព័ន្ធ និងការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចចូលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ចជាតិ ៕

អភិបាលរាជធានីភ្នំពេញព្រមានចាត់វិធានការធ្ងន់ៗចំពោះសំណង់ដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់ខុសបច្ចេកទេស

ដោយវុត្ថា

ភ្នំពេញ៖ ជាថ្មីម្តងទៀត អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានចាត់វិធានការធ្ងន់ៗ ចំពោះសំណង់ទាំងឡាយណាដែលបានសាងសង់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេស។

ការព្រមានរបស់លោក ឃួង ស្រេងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និង បន្ទាប់ពីមានឧបទវហេតុធ្លាក់សម្ភារៈសំណង់ទៅលើអ្នកធ្វើដំណើរ និង ខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនាពេលកន្លងមក។

លោកអភិបាលបានថ្លែងថា “គ្រប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងមានច្បាប់អនុញ្ញាតសាងសង់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់”។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ធ្លាប់បានចេញបញ្ជាឲ្យអាជ្ញាធរខេត្តក្រុងរាជធានី ចាត់វិធានការឱ្យបានតឹងរឹងតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ណាដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រុញឱ្យក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ស្ថាបត្យករ និងវិស្វករគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសមានការទទួលខុសត្រូវ និងត្រួតពិនិត្យការដ្ឋានសាងសង់ឱ្យបានហ្មត់ចត់ និងចៀសវាងការធ្វេសប្រហែសដែលអាច បង្កគ្រោះថ្នាក់ជាយថាហេតុ៕

កម្ពុជា-ជប៉ុន បើកជំហទីផ្សារ ដើម្បីធានាលំហូរស្បៀងក្នុងតំបន់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា-ជប៉ុន បានបន្តកិច្ចសហប្រតិបត្តិការរក្សាការបើកចំហរទីផ្សារ និងធានានូវលំហូស្បៀងក៏ដូចជាផ្គត់ផ្គង់ទំនិញនានារវាងប្រទេសទាំង២ ក៏ដូចជាជ្រៀតចូលក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចូលរួមនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ដើម្បីឆ្លើយតបទៅនឹងកូវីដ-១៩ តាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះបានលើកឡើងពីភាពប្រឈមនានារបស់កម្ពុជាពាក់ព័ន្ធទៅនឹងវិបត្តិសាកលមួយនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

នៅក្នុងកិច្ចប្រជុំមួយនេះក៏បានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានបង្ហាញពីគោលបំណងរបស់កម្ពុជាក្នុងការជ្រៀតចូលក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់តាមតែលទ្ធភាពអាចធ្វើទៅបាន។

សម្ដេចតេជោ បានមានប្រសាសន៍ថា “ Covid-19 មិនអាចផ្តាច់ដង្ហើម ជីពចរសេដ្ឋកិច្ច ដែលចិញ្ចឹមប្រជាជនឱ្យរស់គឺវិស័យកសិកម្ម។ ពេលនេះកម្ពុជា មិនមានខ្វះខាតស្បៀងនោះទេ ហើយថែមទាំងមានលទ្ធភាព សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀត”។សម្តេចបានបន្ថែមថថា “កម្ពុជាអាចចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក។ ក្នុង១ឆ្នាំៗ កម្ពុជាមានសមត្ថភាពសល់ស្រូវជាង៦លានតោន ដែលគិតជាអង្ករមានជាង៤លានតោន បន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុករួច”។

សម្តេចតេជោបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ស្រូវអង្កររបស់យើង កំពុងនាំចូលទៅអឺរ៉ុបទោះបីជាត្រូវបង់ពន្ធក៏ដោយ។ ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ យើងបាននាំអង្ករ ( អង្ករក្រអូប ) ទៅទីផ្សារប្រទេសអឺរ៉ុបបានជាង១៣៨ ០០០តោន ស្មើនឹង៣៤ភាគរយនៃការនាំចេញសរុប។ នាំទៅចិនមានជាង១៤៨,០០០តោន នាំចេញទៅអាស៊ានជាង៥៤,០០០តោន។ នាំទៅកាន់ទិសដៅទីផ្សារផ្សេងៗបានជាង៦៣,០០០តោន សរុបក្នុងពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករជាង៤០ម៉ឺនតោន៕

កូរ៉េខាងត្បូង និងកម្ពុជា ចាប់ផ្តើមបើកកិច្ចចរចាពាណិជ្ជកម្មសេរីជុំទី១ នៅថ្ងៃនេះ

¹® ´ëÅë·É°ú įº¸µð¾Æ ÃѸ® (¼­¿ï=¿¬ÇÕ´º½º) ÀÌÁø¿í ±âÀÚ = ¹®ÀçÀÎ ´ëÅë·ÉÀÌ 4ÀÏ ¿ÀÈÄ Ã»¿Í´ë¿¡¼­ ÈÆ¼¾ įº¸µð¾Æ ÃѸ®¿Í ¸é´ã¿¡ ¾Õ¼­ ±â³äÃÔ¿µÀ» Çϰí ÀÖ´Ù. 2020.2.4 [email protected]/2020-02-04 18:25:15/

ដោយ៖ ប៊ី

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការចរចារពាណិជ្ជកម្មសេរីជុំទី១ ជាមួយប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណង ដើម្បីជ្រៀតចូលកាន់តែជ្រៅទៅក្នុងទីផ្សារកម្ពុជា និងជម្នះរាល់រាល់ប៉ះពាល់សេដ្ឋកិច្ច ដែលបង្កដោយជំងឺកូវីដ១៩។

ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងអំឡុងពេល ២ ថ្ងៃនៃការចរចារជាក់ស្តែង ក្រុងសេអ៊ូល និងក្រុងភ្នំពេញនឹងពិភាក្សាលម្អិតអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលរួមមានការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

សម័យប្រជុំនេះបានកើតឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើធ្វើឱ្យមានការរៀបចំសម្រាប់កិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន នៅរាជធានីភ្នំពេញកាលពីខែមីនាឆ្នាំ ២០១៩។

ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេលំដាប់ទី ៥៨ សម្រាប់ប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចធំទី ៤ នៅអាស៊ី។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុត ១០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។

ការនាំចេញរបស់កូរ៉េខាងត្បូងមកកាន់កម្ពូជាបានឈានដល់ ៦៩៧ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៥.៥ ភាគរយ។ អតិរេកពាណិជ្ជកម្មឈានដល់ ៣៦១ លានដុល្លារ។

ប្រទេសនេះភាគច្រើននាំចេញរថយន្តដឹកទំនិញ ភេសជ្ជៈ និងវាយនភ័ណ្ឌប៉ាក់មកកាន់ប្រទេសកម្ពុជា ខណៈពេលដែលនាំចូលសម្លៀកបំពាក់ និងស្បែកជើង។

នៅពេលចុះហត្ថលេខារួច ប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នគ្របដណ្តប់លើប្រទេសវៀតណាម និងសិង្ហបុរី។

កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាស៊ាន ប៉ុន្តែប្រទេសនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយសមាជិកនីមួយៗដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនីមួយៗកាន់តែមានភាពស៊ីជម្រៅ៕