ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យនៅកម្ពុជា នៅតែបន្តកើនឡើងក្នុងឆ្នាំ ២០២០ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក៏ដោយ។
យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ការិយាល័យឥណទានកម្ពុជា (Credig Bureau of Cambodia – CBC) ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនឡើងដល់ ៤,៦ ពាន់លានដុល្លារ នៅចុងខែកញ្ញាឆ្នាំ ២០២០ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីទំហំទឹកប្រាក់ ៣,៩ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៩ ។
របាយការណ៍ដដែលបង្ហាញឱ្យឃើញថា ប្រាក់កម្ចីមានទ្រព្យបញ្ចាំគឺជាផ្នែកមួយនៃប្រាក់កម្ចីទូទៅដែលបានកត់ត្រាដោយ CBC ហើយគិតត្រឹមរយៈពេល ៩ ខែឆ្នាំ ២០២០ ប្រាក់កម្ចីដែលផ្តល់ដោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ៩,១១ ពាន់លានដុល្លារអាមេរិក។ ប្រាក់កម្ចីទូទៅរួមមានប្រាក់កម្ចីផ្ទាល់ខ្លួន កាតឥណទាន និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។
យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា មានគម្រោងលំនៅដ្ឋានចំនួន ២.៨១៩ គម្រោងស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុបចំនួន ៣.៣៥០ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា តម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ទោះបីជាវិបត្តិគ្របដណ្តប់ដោយ Covid-19 បណ្តាលឱ្យចុះខ្សោយមូលដ្ឋានសេដ្ឋកិច្ចដទៃទៀតក៏ដោយ៕