ខេត្តកំពតត្រៀមដាក់ឱ្យដំណើរការឆ្នេរខ្សាច់ថ្មីមួយនៅឆ្នាំ២០២១ខាងមុខ

ដោយវុត្ថា

កំពតៈ រដ្ឋបាលខេត្តកំពតបាន និងកំពុងត្រៀមដាក់ឱ្យដំណើរការឆ្នេរខ្សាត់ថ្មីមួយសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលម្ហែកំសាន្ត ដែលស្ថិតភូមិសាស្ត្រស្ថិតនៅភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ខណៈបច្ចុប្បន្ននេះបាននឹងកំពុងពន្លឿនការរៀបចំ និងឈូសឆាយ កែលម្អឱ្យមានភាពទាក់ទាញ និងសោភណភាព។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៏ខេត្តកំពត នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅពេលដែលមានវត្តមានឆ្នេរថ្មីនេះ បានកើតឡើងឆាប់រហ័សនឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត និងជាពិសេសវាជាកម្លាំងទាក់ទាញភ្ញៀវទេសចរថ្មីមួយនៅក្នុងខេត្តកំពត។

លោកបន្តថា “ខេត្តកំពតនាពេលបច្ចុប្បន្ននេះ មិនទាន់មានឆ្នេរដូចបណ្តាខេត្តដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ហើយទីតំាងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងនៅជិតរមណីយដ្ឋានភ្នំបូកគោ  ព្រមទាំងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូ ពោលឆ្នេរថ្មីនេះ គឺមានទីតំាងល្អសម្រាប់ភ្ញៀវទេសចរមកកំសាន្ត”។

លោកសយ ស៊ីណុលបានបន្ថែមថា នៅពេលភ្ញៀវទេសចរមកលេងនៅក្នុងតំបន់ឆ្នេរនេះកាន់តែច្រើន នឹងផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋានឱ្យមានការរីកចំរើន ហើយម្យ៉ាងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តាមរយៈការផ្តល់ឱកាសការងារជូនពលរដ្ឋ និងសហគមន៍ទេសចរណ៍ នៅក្នុងមូលដ្ឋានបានកាត់តែច្រើន។

ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង៧៦គីឡូម៉ែត្រ ប៉ុន្តែខេត្តនៅពុំទាន់មានឆ្នេរខ្សាច់សម្រាប់ភ្ញៀវទេសចរមកកំសាន្តនៅឡើយ ដូច្នេះហើយទើបរដ្ឋបាលខេត្តរៀបចំឆ្នេរខ្សាច់នេះឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសម្រាកកំសាន្ត ក្នុងឱកាសនៃថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ ហើយការរៀបចំចាប់ដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ៕

រដ្ឋាភិបាលកំណត់សូចនាករចំនួន៣សម្រាប់វាស់ស្ទង់ដំណើរវិវត្តន៍ក្នុងវិស័យ ឧស្សាហកម្ម

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចកំណត់នូវសូចនាករចំនួន៣កម្រិត ដើម្បីតាមដាន និងវាយតម្លៃ ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលហៅកាត់ថា (IDP)។

តាមរយៈផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ឆ្លងកាត់ការប្រជុំពិភាក្សា លើសេចក្ដីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជារយៈពេល១០ឆ្នាំ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន ទទួលបន្ទុកបេសកកម្មពិសេស និងជាជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលទ្ធផលបានកំណត់នូវសូចនាករចំនួន៣ ជាគន្លឹះសម្រាប់តាមដាននូវគោលនយោបាយខាងលើនេះ។

សូចនាករសំខាន់ៗទាំង៣ ដែលត្រូវបានកំណត់សម្រាប់តាមដាន និងវាយតម្លៃសម្មភាពនៃការអនុវត្ត គោលនយោនបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា រយៈ១០ឆ្នាំ២០១៥-២០២៥ រួមមាន៣កម្រិត ទី១ កម្រិតយុទ្ធសាស្ត្រ ទី២ កម្រិតវិស័យ និងទី៣កម្រិតបច្ចេកទេស។

ជាមួយនឹងការសម្រេចកំណត់នូវសូចនាករទាំង៣នេះ អង្គប្រជុំក៏បានសម្រេចអនុញ្ញាតឱ្យលេខាធិការដ្ឋានIDP នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា រៀបចំកិច្ចប្រជុំកម្រិតបច្ចេ​កទេសជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្ដីព្រាងនានា សម្រាប់តាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមានលក្ខណៈប្រាកដនិយម និងសមស្របទៅនឹងការអនុលោម តាមការណែនាំរបស់គណៈកម្មាធិការ គោលនយោនបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សាបច្ចេកទេសនេះ នឹងត្រូវរាយការណ៍ជូនកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងគោលដៅទទួលបានប្រសិទ្ធភាពលើការអនុវត្ត៕

រដ្ឋបាលខេត្តព្រះសីហនុព្រមានចាត់វិធានការចំពោះការទិញ-លក់ដីរដ្ឋខុសច្បាប់ក្រុង-ស្រុកចំនួន ៥

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុព័ទ្ធកាន់កាប់លក់-ទិញ និងការបញ្ជាក់លើការលក់-ទិញ ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃ កោងកាង និងដីក្នុងតំបន់ការពារធម្មជាតិ រឺតំបន់គំរបព្រៃឈើ ដោយខុសច្បាប់ នៅក្នុងមូលដ្ឋានក្រុងស្រុកចំនួន ៥នៃខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅក្នុងពិធីផ្សព្វផ្សាយស្តីវិធានការច្បាប់កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំឲ្យអភិបាលក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុធ្វើការទប់ស្កាត់ជាបន្ទាន់ នូវរាល់សកម្មភាពកាប់ទន្ទ្រានព្រៃដុត ព្រៃហ៊ុព័ទ្ធដីព្រៃឬទិញលក់ដោយខុសច្បាប់។

លោកបន្តថា កន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញ ពីសកម្មភាពនៃការឈូសឆាយ កាប់រាន គ្រៀវដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុព័ទ្ធកាន់កាប់ លក់-ទិញ និង ការបញ្ជាក់លើការលក់-ទិញ ដែលពាក់ព័ន្ធទៅនឹងដីសាធារណៈរបស់រដ្ឋដូចជា ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ នៅតែបន្តកើតមានដើម្បីយកទៅធ្វើជាកម្មសិទ្ធិ និងធ្វើការ លក់បន្តទៅតតិយជន។

ដើម្បីធានាឱ្យបាននូវការការពារ ការគ្រប់គ្រង និងការអភិរក្សដីរដ្ឋ និង រក្សាបាននូវនិរន្តរភាពនៃផលប្រយោជន៍សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
១. ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវរាល់សកម្មភាព ឈូសឆាយ កាប់រាន ត្រៀវដើមឈើដុត ក្នុងតំបន់ការពារធម្មជាតិ ព្រៃឈើ ទន្ទ្រាន ហ៊ុព័ទ្ធកាន់កាប់ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិត ទិញ និងការបញ្ជាក់លើឯកសារលក់-ទិញ ដីរបស់រដ្ឋ
២.ណែនាំដល់មន្ត្រីមូលដ្ឋានជាពិសេស ភូមិ និង ឃុំ សង្កាត់ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់-ទិញ និងការបញ្ជាក់លក់-ទិញ ដីរដ្ឋ
៣.ក្នុងករណីរកឃើញមានបុគ្គលដែលពាក់ព័ទ្ធនឹងសកម្មភាពខុសច្បាប់ដូចរៀបរាប់ខាងលើមន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីព្រៃ ឈើ មាត្រា៩៧ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅ ដប់(១០)ឆ្នាំ និងរឹបអូសវត្ថុតាង ទាំងអស់ជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ ដីព្រៃ គ្រៀវ បំពុល កាប់បំផ្លាញ ។

យោងតាមច្បាប់ស្ដីពីជលផល ត្រា៩៨៖ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី បី(៣)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបាន កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធ -ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦២៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និង ទោសពិន័យជាប្រាក់ពីដប់ប្រាំលាន (១៥.០០០.០០០)រៀល ដល់មួយរយហាសិបលាន (១៥០.០០០.ooo)រៀល ចំពោះជនដែលបានកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ៕

ក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់ប្រទេសថៃគ្រោងឈានជើងចូលទីផ្សារកម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន BCPG Public Co ជាសហគ្រាសថាមពលកកើតឡើងវិញឈានមុខគេរបស់ប្រទេសថៃបានឱ្យដឹងថា ខ្លួនកំពុងត្រៀមចូលក្នុងអាជីវកម្មថ្មី នៃប្រព័ន្ធ DCS សម្រាប់អគារនៅក្នុងទីក្រុង ដែលកំពុងរីកចម្រើនថ្មីរបស់ប្រទេសខ្លួន ហើយគ្រោងនឹងឈានចូលជើងក្នុងប្រទេសកម្ពុជា។

លោកBundit Sapianchai ប្រធាននិងជានាយកប្រតិបត្តិរបស់ BCPG ត្រូវបានដកស្រង់សម្តីពីគេទំព័រAsia News Network នៅដើមសប្តាហ៍នេះ ដោយលោក បាននិយាយថា DCS ជាប្រព័ន្ធធ្វើឱ្យត្រជាក់នៅអគារណាមួយ) គឺជាអាជីវកម្មថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមថាមពលបៃតង ដែលមានទីផ្សារសក្តានុពល នៅក្នុងអគារការិយាល័យ ផ្សារទំនើ បមជ្ឈមណ្ឌលសន្និបាត ផ្សារសហគមន៍ អាកាសយានដ្ឋានសាកលវិទ្យាល័យ ឧស្សាហកម្ម និងអគារប្រើប្រាស់ចម្រុះ

លោកបានបន្ថែមថា ប្រទេសថៃមានអតិថិជនសក្តានុពលជាច្រើន នៅក្នុងតំបន់ទីក្រុង ដែលកំពុងរីកចម្រើន ហើយយើងក៏មានបំណងជ្រៀតចូលទីផ្សារ នៅក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

ថ្មីៗនេះ ក្រុមហ៊ុនBCPG បានចាប់ដៃគូជាមួយក្រុមហ៊ុនKeppel DHCS Pte Ltd  របស់សឹង្ហបូរី និងក្រុមហ៊ុនTeamGroup Pte Ltd ហើយឈ្នះការដេញថ្លៃរួមគ្នា នៃការអភិវឌ្ឍន៍ប្រព័ន្ធDCS  ក្នុងគម្រោងទីក្រុងឆ្លាតវៃ Chula

លោកBundit បាននិយាយថា គម្រោងនេះ នឹងគ្របដណ្តប់តំបន់ពាណិជ្ជកម្មនៅតំបន់ Suan Luang និង Sam Yan នៃទីក្រុងបាងកក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យជូឡាឡុងកន

លោកបានបន្ថែមទៀតថា ទីក្រុងឆ្លាតវៃChula នឹងក្លាយជាគម្រោងសាកល្បងមួយក្នុងការអភិរក្សថាមពល ដែលមានថាមពលកកើតឡើងវិញ និងការប្រើប្រាស់ការច្នៃប្រឌិតថ្មី ក្នុងការគ្រប់គ្រងថាមពល៕ Asia News Network

អ្នកជំនាញអះអាងថា ទីផ្សារខុនដូអាចនឹងមានតម្រូវការកើនឡើងខ្ពស់នៅឆ្នាំក្រោយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថានៅក្នុងអំឡុងឆ្នាំ២០២១ទីផ្សារខុនដូកម្រិតមធ្យមនៅរាជធានីភ្នំពេញអាចនឹងមានសន្ទុះខ្ពស់ជាងទីផ្សារលំនៅដ្ឋានតម្លៃសមរម្យដោយសារតែស្ថានភាពនៃតម្លៃមានការប្រែប្រួលរួមជាមួយនឹងយន្តការថ្មីនៃការផ្តល់កម្ចីពីធនាគារលើការទិញខុនដូកាន់តែមានភាពធូរស្រាល។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់អចលនទ្រព្យ CBRE Cambodia លោកស្រីអានសុធីតាបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ថាពេលនេះប្រជាជនខ្មែរបានជ្រាបពីអត្ថប្រយោជន៍ពីការវិនិយោគក្នុងវិស័យខុនដូបានច្រើនជាងមុនហើយមួយចំណែកទៀតក៏មានអ្នកដែលមានតម្រូវការស្នាក់នៅក្នុងខុនដូពិតប្រាកដផងដែរដែលផ្ទុយកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនមានតែជនបរទេស។

លោកស្រីបានបន្តថា កំណើននៃតម្រូវការទីផ្សារខុនដូកើនឡើង ដោយសារមានធាតុជាច្រើនចូលរួម ដែលក្រៅពីតម្រូវការស្នាក់ពិតប្រាកដ គឺនៅមានបម្រែបម្រួលតម្លៃ ភាពងាយស្រួល ក្នុងការទិញដោយបង់រំលោះ ជាពិសេសការផ្លាស់ប្ដូរនូវយន្តការថ្មីរបស់បណ្តាធនាគារឯកជនមួយចំនួន ដែលអាចផ្តល់កម្ចីសម្រាប់ទិញ

លោកស្រីអាន សុធីតា បានបញ្ជាក់ថា កាលពី២ ទៅ៣ឆ្នាំមុន លំនៅដ្ឋាននៅតាមតំបន់ជាយក្រុងភាគច្រើន មានតម្លៃមិនលើសពី៥៦ម៉ឺនដុល្លារនោះទេ ប៉ុន្តែបច្ចុប្បន្នតម្លៃផ្ទះត្រឹម៧៨ម៉ឺនដុល្លារស្ទើរតែរកមិនមាន ហើយបើមានគឺស្ថិតនៅឆ្ងាយពីក្រុងបន្តិច ហើយបើចំពោះវីឡាឃ្វីន នៅតាមគម្រោងមួយចំនួន គឺតម្លៃតម្លៃទាបបំផុតក៏២០ម៉ឺនដែរ ប៉ុន្តែលុយត្រឹម ៧៨ម៉ឺនដុល្លារដដែលអាចទិញខុនដូនៅក្នុងតំបន់ទី២នៃរាជធានីភ្នំពេញបានហើយមានជម្រើសច្រើនទៀត។

ហេតុផលផ្សេងទៀត ដែលជម្រុញឱ្យកំណើននៃតម្រូវការខុនដូកើនឡើងផងដែរនោះត្រូវបានលោកស្រី អាន សុធីតា បញ្ជាក់ប្រាប់ថា ក្រៅពីការប្រែប្រួលនៃតម្លៃលំនៅ    ដ្ឋានកម្រិតមធ្យមនៅតាមតំបន់ជាយក្រុងភាពមានតម្រូវការជាក់ស្ដែងក្នុងការរស់នៅក្នុងក្រុងនិងការទទួលបានឱកាសចំណេញពីការវិនិយោគគឺនៅមានធាតុដ៏សំខាន់មួយទៀតចូលរួមផងដែរ។វាជាយន្តការថ្មីនៃការផ្ដល់កម្ចីពីធនាគារសម្រាប់ទិញខុនដូដែលកម្ចីទាំងនេះកាលពីមុនមានតែចំពោះការទិញលំនៅដ្ឋានតែប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នមានធនាគារមួយចំនួនបានចាប់យកចំណែកទីផ្សារអតិថិជនដោយការផ្តល់កម្ចីទិញខុនដូ។

បច្ចុប្បន្ន មានប្រជាជនខ្មែរប្រមាណ១០២០ភាគរយ កំពុងរស់នៅក្នុងខុនដូកម្រិតខ្ពស់ និងប្រមាណ៣០ភាគរយ កំពុងរស់នៅក្នុងខុនដូកម្រិតសមរម្យ ហើយក្នុងនោះភាគច្រើន គឺស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ និងជាបណ្តុំពាណិជ្ជកម្ម ដូចជាតំបន់ទួលគោកជាដើម។

តម្លៃជួលប្រភេទខុនដូកម្រិតខ្ពស់ ស្ថិតនៅក្នុងរង្វង់១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប្រភេទខុនដូកម្រិតមធ្យម ស្ថិតនៅក្នុងរង្វង់១២ដុល្លារក្នុងមួយម៉ែត្រ ហើយសម្រាប់កម្រិតក្រោមមធ្យម អាចស្ថិតនៅក្នុងរង្វង់៨ដុល្លារក្នុងមួយម៉ែត្រការ៉េ (រយៈពេលគិតជាខែ) ដែលតម្លៃទាំង៣ប្រភេទនេះ បើប្រៀបធៀបទៅនឹងតម្លៃអាផាតមិន តម្លៃជួលខុនដូមានភាពសមរម្យជាង ដោយសារតែអាផាតមិនផ្តោត ទៅលើសេវាច្រើនជាងខុនដូ ដែលមានតែតម្លៃបន្ទប់ និងតម្លៃនៃសេវាគ្រប់គ្រង់តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia

ផ្លូវជាតិសំខាន់ៗចំនួន៤ខ្សែនៅក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញលើការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៤ខ្សែ នៅក្នុងផ្លូវជាតិផ្សេងទៀត នៃមូលដ្ឋានខេត្តកំពុងស្ពឺនាពេលបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងផុលផុស ស្របពេលដែលអាជ្ញាធរ បានកំពុងជំរុញឱ្យរោងចក្រ សហគ្រាស ឃ្លាំង និងតំបន់សេដ្ឋកិច្ចពិសេសទៅបោះទីតាំងនៅទីនោះ។

) កំណាត់ផ្លូវជាតិលេខ៤

ផ្លូវជាតិលេខ៤នៅតែត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ដែលបានភ្ជាប់តំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅ។ផ្លូវជាតិនេះត្រូវបានតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណាត់ផ្លូវជាតិលេខ៤ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងការ៉ាសសាំងម៉ាតផ្សារមន្ទីរពេទ្យអន្តរជាតិនិងក្នុងស្រុកសាលារៀនព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ។

) ផ្លូវជាតិលេខ៤១

តំបន់ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤១ ចាប់ពីចំណុចផ្លូវបំបែកថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ភាគច្រើនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ លើវិស័យឧស្សាហកម្ម សិប្បកម្ម រោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរក៏បានចាប់ផ្តើមនៅតំបន់នេះ។

នៅតំបន់ផ្លូវ៤១ ភាគច្រើនគឺមានគម្រោងពុះដីឡូតិ៍ ច្រើនជាងគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ហើយវិសាលភាពនៃផ្ទៃដីក៏នៅទំនេរច្រើន ជាការពិតតំបន់នេះ ត្រូវបានកំណត់ជាទីតាំងសម្រាប់អនុគ្រោះ និងបម្រើដល់វិស័យឧស្សាហកម្មបន្ទាប់ពីតំបន់ផ្លូវជាតិលេខ៤ ។

) ផ្លូវជាតិលេខ ៥១

ផ្លូវជាតិលេខ៥១មានចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង) បានក្លាយជាផ្លូវក្រវ៉ាត់ក្រុង ដែលបណ្តុំដោយរោងចក្រ និងសហគ្រាសខ្នាតធំជាច្រើននាំគ្នាទៅវិនិយោគ ដែលជំរុញឱ្យមានសក្តានុពលខ្ពស់លើការវិនិយោគលើវិស័យអចលនទ្រព្យផ្សេងៗ។

ផ្លូវជាតិលេខ៥១នេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសក្ដានុពលអភិវឌ្ឍ និងភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងកត្តាប្រជាសាស្រ្ត ភូមិសាស្រ្តរួមទាំងគម្រោងអភិវឌ្ឍន៍នានាជាច្រើន។

)ផ្លូវជាតិលេខ៤៤

រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងជំរុញក្រុមហ៊ុនរោងចក្រសហគ្រាសទៅបោះទីតាំងនៅតាមបណ្តោយផ្លូជាតិលេខ៤៤ដែលកំណាត់ផ្លូវនេះមានប្រវែង៤៨គីឡូម៉ែត្រពីទីរួមក្រុងកំពង់ស្ពឺឆ្ពោះទៅកាន់ស្រុកឱរ៉ាល់ដែលមូលដ្ឋានជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែម។

ផ្លូវជាតិលេខ៤៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៤៤ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ រួមមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩៕

ចិនកំណត់ជោគវាសនាប្រទេសខ្លួនឱ្យក្លាយជាតួឯកនៅក្នុងតំបន់អាស៊ីកណ្តាល

ដោយ ហ្សូលី

ប៉េកាំងៈ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានចាក់ឬសរបស់ខ្លួន ឱ្យក្លាយទៅជាតួឯកនៅក្នុងតំបន់អាស៊ី។ នេះគឺជាជោគវាសនា ដែលរដ្ឋាភិបាលបានសម្រេចកំណត់ទិសដៅ និងប្រឹងប្រែងរៀបចំវិថីរបស់ប្រទេស ដើម្បីក្លាយជាមហាអំណាចប្រចាំតំបន់អាស៊ីនិងពិភពលោក។


ចិនមានការជម្រុញចិត្ត នៅក្នុងការបង្កើតបណ្តាញទំនាក់ទំនង នៅក្នុងតំបន់នាំចូលថាមពលពីគ្រប់ប្រភពចម្រុះ ការពារទឹកដីភាគខាងលិចរបស់ខ្លួន និងបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និ ពាណិជ្ជកម្មក្នុងតំបន់អាស៊ីក  ណ្តាល។

ជាក់ស្តែងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ បានបង្កើតឡើងនៅឆ្នាំ២០១៣ បានប្រែក្លាយទៅជាសសរស្តម្ភយ៉ាងលេចធ្លោ នៃអំណាចរបស់ចិនក្នុងតំបន់។ ជំងឺរាតត្បាត Covid-19 ស្ទើរតែបញ្ចប់សេដ្ឋកិច្ចប្រទេសជាច្រើននិងបានផ្តល់ឱកាសឱ្យចិនវាយតម្លៃយុទ្ធសាស្រ្តរបស់ខ្លួនសារជាថ្មី។ផែនការរបស់ចិនសម្រាប់តំបន់អាស៊ីកណ្តាលក្រោយជំងឺនេះបានបញ្ចប់នឹងត្រូវការមិនត្រឹមតែសមត្ថភាពនៅក្នុងការជម្រុញគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយតែមួយមុខឡើយប៉ុន្តែត្រូវវាយបកនឹងឧបសគ្គដែលមករារាំងការរីកចម្រើនរបស់ប្រទេសនៅក្នុងរយៈពេលថ្មីៗនេះ។

ក្នុងសម័យក្រោយជំងឺរាតត្បាតចិនបានជះឥទ្ធិពលនៅក្នុងតំបន់អាស៊ីកណ្តាលដោយគ្មានប្រទេសឬអំណាចពិភពលោកណាដែលស័ក្តិកសមនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់ចិនលើសមត្ថភាពចំណាយទុនវិនិយោគនៅក្នុងតំបន់ឡើយ។

ចិនបានរងផលប៉ះពាល់យ៉ាងធំធេងទៅលើសេដ្ឋកិច្ច ជាពិសេសនៅលើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលចិនបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។ អង្គការហិរញ្ញវត្ថុអន្តរជាតិ និងរដ្ឋាភិបាលនីមួយៗបាន និងកំពុងផ្តល់ជំនួយនៅអាស៊ីកណ្តាលដូចជាកម្មវិធី៣,៤លានដុល្លារ ជំនួយរបស់សហភាពអ៊ឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19


ខណៈសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ ប្រទេសចិននៅតែជារដ្ឋមួយ ក្នុងចំណោមរដ្ឋមួយចំនួនតូច ដែលមានសមត្ថភាពវិនិយោគទ្រង់ទ្រាយធំ។  ក្នុងសន្និសីទវីដេអូកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់មួយ និងផ្លូវមួយ នៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ លើគម្រោងBRIជាច្រើននៅក្រៅប្រទេស និងបានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រទេសចិន ក្នុងការទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញ។ 

លើសពីនេះ រដ្ឋាភិបាលចិនតាំងចិត្តរក្សា ឱ្យបានឆាប់នូវចង្វាក់ផលិតកម្ម ឧស្សាហកម្ម និងការផ្គត់ផ្គង់ឱ្យមានស្ថេរភាព ដើម្បីផ្តល់នូវការគាំទ្រដ៏រឹងមាំ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់លើពិភពលោក៕

ចំណេះដឹង !តើអ្វីជាអង្គការពាណិជ្ជកម្មពិភពលោក (WTO)?

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization)ក្នុងឆ្នាំ១៩៩៤។  ក្រោយពីមានការបន្ទូរបន្តយការរិតត្បិតលក្ខខណ្ឌសមាជិកភាព ប្រទេសមានការអភិវឌ្ឍតិចតួចរបស់អង្គការនេះ ក្រោមសេចក្ដីថ្លែងការDoha Declaration ក្នុងខែវិច្ឆិកា ឆ្នាំ២០០១។

ប្រទេសកម្ពុជាបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងខែកញ្ញា ឆ្នាំ២០០៣ នៅឯសន្និសិទថ្នាក់រដ្ឋមន្ត្រី Cancun Ministerial Conference ប៉ុន្តែសមាជិកភាពនេះ មិនត្រូវបានចាប់អនុវត្តនៅឡើយមកទល់មួយឆ្នាំក្រោយ ដោយភាពជាប់គាំងនយោបាយក្រោយខែកក្កដាឆ្នាំ២០០៣ បានរារាំងមិនអោយមានការធ្វើសច្ចាប័នសមាជិកភាពនេះ។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥ ក្រោយពីបញ្ចប់ការចរចានៅកិច្ចប្រជុំនៅយូរ៉ូហ្គាយ (ឆ្នាំ១៩៨៦១៩៩៤) និងជាអង្គការ ដែលប្រតិបត្តិដោយប្រើវិធាន និងកិច្ចព្រមព្រៀងជាគោល។ អង្គការ WTO មានលេខាធិការដ្ឋាននៅ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដែលមានមន្រ្តីបម្រើការងារប្រមាណ ៦៥០នាក់ និងថវិកាចំនួន១៩៧លានហ្រ្វង់ស្វីស នៅឆ្នាំ២០១៨ ដែលទទួលបានពីការបង់វិភាគទាន។

WTO បានចាប់កំណើតចេញពីកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធ និងពាណិជ្ជកម្ម ឬហៅកាត់ថាGATT ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧។ GATTមានគោលដៅ កាត់បន្ថយពន្ធ ដើម្បីជួយសម្រួលដល់ការពាណិជ្ជកម្មនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ១៩៩៥ កិច្ចព្រមព្រៀង GATTត្រូវបានជំនួស ដោយស្ថាប័នអន្តរជាតិមួយ នោះគឺអង្គការពាណិជ្ជកម្មពិភពលោក ឬគេស្គាល់ថាWTO ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋ។

បច្ចុប្បន្នអង្គការ WTO មានសមាជិកពេញសិទ្ធិចំនួន១៦៤ តំណាងឲ្យ៩៨ភាគរយនៃពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៦ ជាសមាជិក។ មានរដ្ឋាភិបាលចំនួន២៣ទៀត កំពុងសុំចូលជាសមាជិក ដែលក្នុងនោះ៨រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ៕

អភិបាលខេត្តកំពតជំរុញការសិក្សាគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ព្រែកកំពង់បាយឱ្យចប់នៅខែក្រោយនេះ

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលខេត្តកំពត បានជំរុញពន្លឿនការសិក្សាគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត ខេត្តកំពត ជំនួសស្ពានឥន្ធនូរ ឲ្យបានចប់ឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ ដើម្បីដាក់សំណើគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល។

លោក ជាវ តាយ អភិបាលខេត្តកំពតនៅក្នុងពិធីចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត ខេត្តកំពត(ស្ពានឥន្ធនូរ)នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ

លោកបន្តថា បច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។លោកអភិបាលខេត្តបន្ថែមថា ការសាងសង់ស្ពានថ្មីនេះ បន្ទាប់ពីទទួលបានគោលការណ៍សម្រេចពីសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី រួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ ។

លោក ឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ បានប្តេជ្ញាថា នឹងដឹកនាំក្រុមការងារជំរុញការសិក្សាឱ្យចប់តាមផែនការឆ្លើយតបសំណើនិងសំណូមពរ លោជាយ តាយអភិបាលខេត្តកំពត។
លោកថ្លែងថា ក្រុមការងារនឹងធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស។

បើតាម លោក ជាវ តាយ បានបញ្ជាក់ថា ការសាងសង់ស្ពាននេះក្នុងគោលបំណងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន និងការកើនឡើងចំនួនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ម្យ៉ាងទៀតដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដែលតែងកើតមានឡើងជាប្រចាំ៕

ជប៉ុន នឹងកៀងគរក្រុមអ្នកវិនិយោគរបស់ខ្លួនមកកាន់ខេត្តព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រដ្ឋាភិបាលរបស់ជប៉ុនតាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានសន្យាជួយផ្សព្វផ្សាយ និងកៀងគរក្រុមអ្នកវិនិយោគនៅប្រទេសជប៉ុនមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ និងជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក MIKAMI MASAHIRO បានមានប្រសាសន៍នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អក្នុងនាមជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះប្រជាពលរដ្ឋរវាងប្រទេសទាំង២ក៏មានភាពស្និទ្ធស្នាលស្អិតល្មួតផងដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍយ៉ាងកំហុក ថ្វីត្បិតតែពិភពលោកកំពុងមានជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយ។
លោក MIKAMI បានមានប្រសាសន៍បញ្ជាក់ថា “កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែពេលនេះសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែងកំពុងមានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តដែលបានសហការសម្របសម្រួលក្នុងការចូលចតរបស់នាវាកងទ័ពជើងទឹកជប៉ុន និងនាវាជាច្រើនទៀត ដែលគ្រោងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅពេលខាងមុខនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ហើយក៏ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។ តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្តមានគម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។

លោកអភិបាលខេត្តក៏បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ៕