ដោយគង់ សូរិយា
ភ្នំពេញៈ តំបន់ភ្នំប្រសិទ្ឋ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍយ៉ាងលឿនជាមួយនឹងកំនើនតម្លៃដីធ្លី ដោយសារផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនបានផ្តោតកាន់តែច្រើននៅតំបន់នេះ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ វិច្ឆិកាកន្លងមកថា ដោយសារការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋ កំនើនប្រជាសាស្ត្រ និងការលេចចេញនូវព៌តមានពីគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឲ្យតំបន់ខាងលើនេះមានការរីកចម្រើនលឿន ហើយតម្លៃដីធ្លីកំពុងកើនឡើងផងដែរ។
លោកបន្តថា “ដោយសារមានទីតាំងកៀកនឹងរាជធានីភ្នំពេញ បានធ្វើឲ្យអ្នកសាងសង់បុរី សំណង់ផ្ទះល្វែងជាច្រើនឆ្ពោះទៅកាន់តំបន់នេះ ដោយសារដីតំបន់នេះទោះបីឡើងថ្លៃ ប៉ុន្តែស្ថិតនៅក្នុងកម្រិតសមស្របនៅឡើយ” ។ លោកបន្តថា “នាពេលអនាគតខាងមុខនេះ តំបន់នេះអាចនឹងកាត់ចូល ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ ដែលវាជាចក្ខុវិស័យរបស់រដ្ឋាភិបាល ដើម្បីពង្រីកការអភិវឌ្ឍកាន់តែឆាប់រហ័ស” ។
លោកយិន លាងគង់ បានបន្តថា ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំតំបន់ភ្នំប្រសិទ្ឋ និងភ្នំរាបជាតំបន់ទេសចរណ៍បៃតង ដើម្បីផ្តល់ចំណូលដល់ប្រជាជននៅមូលដ្ឋាន ក៏ដូចជា ជំរុញឲ្យមានតំបន់ទេសចរណ៍ កាន់តែសម្បូរបែបនៅតំបន់ជាយក្រុង។
ជាមួយគ្នានេះលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ធ្លាប់បានមានប្រសាសន៍ថា ការវិនិយោគដីធ្លីគួរធ្វើឡើងនៅតំបន់ជុំវិញរាជធានីភ្នំពេញ ចម្ងាយចន្លោះពី២០ទៅ៣០គីឡូម៉ែត្រ ព្រោះវាជាតំបន់ដែលងាយរងឥទ្ឋិពលពីកណ្តាលរាជធានី ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ប្រជាជនរស់នៅច្រើន និងងាយចូលមកកាន់ទីក្រុង។
ការពិតតំបន់ភ្នំប្រសិទ្ឋ ប្រសិនជាធ្វើដំណើរចេញពីរដ្ឋបាលរាជធានីភ្នំពេញ គឺចំណាយពេលវេលាត្រឹមប្រមាណ៥នាទីប៉ុណ្ណោះ ដែលតំបន់នេះមានរមណីយដ្ឋានធម្មជាតិដូចជាភ្នំប្រសិទ្ឋជើង ត្បូង តំបន់ភ្នំរាប ដែលមានប្រាសាទសាងសង់ឡើងនៅដើមសតវត្សរ៍ទី២១ដ៏ស្រស់ស្អាត និងមានក្បូរក្បាច់រចនារសរវើក ដែលនឹងក្លាយជាបេតិកភ័ណ្ឌជាតិនាពេលខាងមុខផងដែរ៕