ចំណេះដឹង! តើ​អ្វី​ទៅជា​កម្មសិទ្ធិ ហើយ​កម្មសិទ្ធិករ​មាន​សិទ្ធិ​កម្រិតណាចំពោះ​ទ្រព្យ​របស់ខ្លួន?

ដោយ ​វុត្ថា

ភ្នំពេញៈ កម្មសិទ្ធិ​សំដៅ​ដល់​សិទ្ធិ នៃ​ភាព​ពេញលេញ​ជា​ម្ចាស់​លើ​ទ្រព្យ ដែល​មិនមែន សំដៅ​តែ​ដីធ្លី​ប៉ុណ្ណោះ​ទេ គឺ​សំដៅ​ទៅលើ​ប្រភេទ​វត្ថុ​ទាំងអស់ ទាំង​ចលនវត្ថុ និង​អចលនវត្ថុ។ កម្មសិទ្ធិ​អាច​រាប់បញ្ចូល​ទាំង​សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល និង​សិទ្ធិ​ចាត់ចែង​លើ​វត្ថុ​ទាំងនេះ។

យោងតាម​ផ្លូវច្បាប់​កម្ម​សិទ្ធិ កើតចេញពី​ការកាន់កាប់​ស្របច្បាប់ ឬ​ការ​បានមក​តាមផ្លូវ​ច្បាប់​ដូចជា​តាមរយៈ​ការទិញ​ការដូរ ឬ​ការ​ឲ្យ​ដែល​ស្របតាម​ច្បាប់។ ការ​បានមក​នូវ​ទ្រព្យ​ណាមួយ​ដែល​មិន​ស្របតាម​ច្បាប់ គឺ​មិនអាច​កើតជា​កម្មសិទ្ធិ​ទេ។

ជាទូទៅ​ច្បាប់​កំណត់​អំពី​លក្ខណៈ​នៃ​ការទិញ ការដូរ​ឬ​ការ​ឲ្យ​ដែល​ស្របច្បាប់​ក្នុង​គោលបំណង​ការពារ​អ្នក​ផលិត អ្នកទិញ អ្នក​ដូរ​ឬ​អ្នក​ឲ្យ។ ឧទាហរណ៍ អ្នក​បាន​ទិញ​ដី​ពី​គេ ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​លើដី​នោះ។

ជាទូទៅ​នៅពេលដែល​បុគ្គល​ណាមួយ មានឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យ​ណាមួយ​នោះ វា​ក៏​បង្កើតបាន​នូវ​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ នោះ​ដល់​កម្មសិទ្ធិករ​ផងដែរ។ តាមន័យ​ច្បាប់ សិទ្ធិ​គឺជា​អំណាច​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​សកម្មភាព ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់ចែង​លើ​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​នោះ។

ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិ​លើដី គឺជា​អំណាច​តាមផ្លូវ​ច្បាប់ ក្នុងការ​ប្រើប្រាស់ អាស្រ័យ​ផល ចាត់ចែង​លើដី​ដែលជា​កម្មសិទ្ធិ នោះ​ពេញលេញ​ស្របតាម​ច្បាប់ ឬ​អាច​និយាយថា ជា​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​ជា​ម្ចាស់​នៃ​ទ្រព្យ។ ម្យ៉ាងទៀត​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មួយ ត្រូវបាន​ទទួលស្គាល់​ក្នុង​មាត្រា៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​ប្រទេស។

យោងតាម​មាត្រា៤៤ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ជន​ណាក៏ដោយ ទោះជា​បុគ្គល​ក្ដី ជា​សមូហភាព​ក្ដី មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី។ កម្មសិទ្ធិឯកជន​ស្របច្បាប់ ស្ថិតនៅក្រោម​ការ​គាំពារ​នៃ​ច្បាប់។ ដែល​នឹង​ដកហូត​កម្មសិទ្ធិ​ពី ជន​ណាមួយ​បាន​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ តម្រូវ​ឲ្យ​ធ្វើ​ក្នុងករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្ដល់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌៕

អាជ្ញាធរខេត្តកណ្តាលក្រើនរំលឹកប្រជាពលរដ្ឋឱ្យពិនិត្យមើលទិន្នន័យក្បាលដី

ដោយៈ រ៉ាណេត

កណ្តាលៈអាជ្ញាធរខេត្តកណ្តាល បានធ្វើការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលទិន្នន័យក្បាលដី របស់ខ្លួនឱ្យបានច្បាស់លាស់ជៀសវាងខុសកម្មសិទ្ធិ និងអាចខាតបង់ដោយប្រការណាមួយ។

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្តាល លោក ព្រំ ឆាត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានអំពាវនាវឱ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាងខុសកម្មសិទ្ធិរួមជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយខុសឈ្មោះ  ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួ​លឲ្យមន្ត្រីជំនាញ  ធ្វើការកែសម្រួលឡើងវិញឲ្យបានត្រឹមត្រូវ មានមានតម្លាភាព និងពន្លឿ​នដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។

នៅក្នុងឱកាស លោកបានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យ ដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ  ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថា មានកំហុ​សណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឱ្យមន្ត្រីជំនាញធ្វើការងារ កែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឱ្យឡើងនៅភូមិព្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងឱកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធចំនួន៦៧១ក្បាលដី។

ការចុះបញ្ជីរក្បាលដីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួ លក្នុងការទិញលក់។

ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការនៃការបិទផ្សាយទិន្នន័យ ចុះបញ្ជីរក្បាលដីនេះមានភាពរលូន អាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការ ឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕

សំណង់អគារចាស់ៗចំនួន២៤៤ទីតាំងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញកំពុង ប្រឈមហានិភ័យខ្ពស់

ដោយវត្ថា

ភ្នំពេញៈ នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ។នេះ បើយោងតាមការចុះផ្សាយ លើគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលខរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីកើតឡើង។

ការណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះសំណង់ ដែលមានអាយុកាលចាស់ទ្រុឌទ្រោមនេះ លោកថ្លែងថា “កុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់”។

លោកបន្តថា  ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្ត របស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់ ។

តែយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មិនបានគូសបញ្ជាក់ជុំវិញសំណង់ចាស់ៗ ហើយមានសភាពទ្រុឌទ្រម នេះ នៅតំបន់ណានៅក្នុងរាជធានីភ្នំពេញនោះទេ ខណ

កាលពីសប្តាហ៍មុននេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋដែលកំពុងស្នាក់នៅក្នុង សំណង់អគារដែលមានទីតាំងស្ថិត ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម(ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមករា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអគារនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង។

យោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ កាលពីយប់មិញនេះបានប្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មដែលកំពុងស្នាក់នៅលើអគារខាងលើនេះថា មានស្ថានភាពទ្រុឌទ្រោម ហើយបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ កន្លងមកនេះ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវផ្ទុកសម្ភារៈធ្ងន់លើសទម្ងន់ និង ស្នើឱ្យមានការជួសជុលបន្ទាន់ ចំពោះផ្ទះដែលកំពុងស្នាក់នៅមានសភាពប្រេះស្រាំ ខូចខាតខ្លាំង ដោយត្រូវជ្រើសរើសក្រុមហ៊ុន ឬវិស្វករ ដែលមានជំនាញច្បាស់លាល់។

រដ្ឋបានរាជធានីភ្នំពេញបញ្ជាក់ទៀតថា ក្នុងករណីដែលផ្ទះមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវផ្លាស់ប្តូរទៅលំនៅឋានថ្មី ដែលមានសុវត្ថិភាពឱ្យបានឆាប់៕

កោះចំនួន៣ ក្នុងខេត្តព្រះសីហនុ កំពុងទទួលបានទុនវិនិយោគរាប់ពាន់លានដុល្លារ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ នៅក្នុងចំណោមកោះទាំង៣២ ដែលស្ថិតនៅក្នុងដែនសាគរនៃខេត្តព្រះសីហនុ បច្ចុប្បន្នមានកោះចំនួន៣ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ទេសចរចម្រុះជាតិសាសន៍ឱ្យទៅកម្សាន្តលំហែរកាយ ស្របពេលដែលក្រុមហ៊ុនឯកជនជាច្រើនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។

កោះចំនួន៣ ដែលកំពុងបង្ហាញសក្ដានុពលអន្ទងចិត្តទេសចរឱ្យទៅកម្សាន្តរួមមាន ៖

១. កោះរ៉ុង ៖ ជាកោះធម្មជាតិដែលមានផ្ទៃ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានទេសភាពស្អាតប្លែកបើប្រៀបធៀបនឹងកោះមួយចំនួននៅលើទឹកដីខេត្តព្រះសីហនុ ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅឥណ្ឌូចិនថែមទៀតផង។ កោះនេះមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុមាន ផ្ទៃដីគ្របដណ្តប់៧៨ គីឡូម៉ែត្រការ៉េមានបណ្តោយប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រមាណ៩គីឡូម៉ែត្រនិងមានចំណុចខ្ពស់បំផុតរបស់កោះមានកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរ៉ុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីនឹងបានទៅដល់កោះរុងជាមិនខាន។ បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេ ក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកោះនេះ មានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរជារៀងរាល់ថ្ងៃរួចទៅហើយ។ កោះនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ROYAL GROUP។

២. កោះរ៉ុងសន្លឹម ៖ នៅក្បែរកោះរ៉ុង ក៏មានកោះដែលមានខ្សាច់សក្បុស នៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹម គឺជាឆ្នេរខ្សាច់សដ៏វែង ជាមួយនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យទៅលម្ហែកាយនៅទីនោះ។ មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយ សម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។

៣. កោះពស់ ៖ មិនខុសពីកោះខាងលើនោះឡើយ កោះពស់ក៏ជាកោះដែលមានសក្តានុពលក្នុងការអភិវឌ្ឍ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ។ ប៉ុន្តែវាពិសេសជាងកោះដទៃត្រង់ថា វានៅជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផង ឆ្លងទៅកោះនេះ។ លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួនអភិវឌ្ឍន៍រួចរាល់យ៉ាងស្អាត។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួន ធ្វើឱ្យកោះនេះអាក់ខានមិនមានការអភិវឌ្ឍអ្វីបន្ថែមទៀត ហើយសូម្បីតែអ្នកទេសចរក៏មិនអាចចូលទៅបាន។ ពេលអនាគត ប្រសិនជាមានអ្នកដែលអាចយកតំបន់នេះ មកដំណើរការអភិវឌ្ឍន៍បន្ថែម វាពិតជាក្លាយជាទីទាក់ទាញមួយដ៏ល្បីជាក់ជាមិនខាន។

ក្រៅពីនេះ ក៏មានកោះផ្សេងៗទៀតដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ ដែលវិនិយោគពីវិស័យឯកជន និងសហគមន៍ផងដែរ ដូចជាកោះដែកគោល កោះឫស្សី កោះឋានសួគ៌ កោះក្របី និងកោះប្រឺស កោះទោល ជាដើម៕

ប្រធានCVEA៖កម្ពុជានៅតែខ្វះភ្នាក់ងារជំនាញផ្តល់សេវាលើវិស័យអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញៈ បច្ចុប្បន្ននេះប្រទេសកម្ពុជា នៅតែមានកង្វះខាតលើភ្នាក់ងារជំនាញផ្តល់សេវាកម្មប្រកប ដោយវិជ្ជាជីវៈផ្នែកវិស័យអចលនទ្រព្យនៅឡើយ បើធៀបជាមួយនឹងចំនួនប្រជាពលរដ្ឋខ្មែរមានចំនួនច្រើន  និងបើទោះវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការរីកចំនរើនយ៉ាងណាក្តី។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកបំរើសេវាកម្មផ្នែកអច​លនទ្រព្យប្រកប ដោយវិជ្ជាជីវៈជាផ្លូវការមានប្រមាណជាង៣០០០នាក់  ខណៈដែលអ្នកប្រើប្រាស់ សេវានេះមានប្រមាណ៧ពាន់នាក់ ក្នុងចំណោមដល់១៥.៥លាននាក់ នៅទូទាំងប្រទេស។

លោកថ្លែងថា “បើប្រៀបធៀបទៅនឹងចំនួនប្រជាពលរខ្មែរ នៅទូទាំងប្រទេសគឺនៅខ្វះច្រើនណាស់។ ដូច្នេះកម្ពុជាត្រូវការភ្នាក់ងារ ក្នុងការផ្តល់សេវាកម្មផ្នែកអចលនទ្រព្យនេះ កាន់តែច្រើនបន្ថែមទៀត ខណៈដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេ​សមានការរីកចំរើនជាលំដាប់”។

លោកបន្ថែមទៀតថា “ដោយមើលឃើញពីចំណុចខ្វះខាតនេះ ហើយទើបសមាគ​ម ក្នុងអាណត្តិរបស់លោកជាប្រធាន តែងតែបណ្តុះណ្តាលភ្នាក់ងារ ឱ្យមានជំនាញនិងវិជ្ជាជីវៈខ្ពស់ ក្នុងការប្រកបមុខរបរលើវិស័យអលចលនទ្រព្យ ដែលរហូតមកដល់ពេលនេះ មានចំនួនប្រមានជាង១៦០០នាក់”។

លោកបញ្ជាក់ទៀតថា  ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែរីកចំរើន និងមានភ្នាក់ងារកាន់តែច្រើន សមគមគ្រោងនឹងបង្កើតសាលាមួយទៀត ដែលមានឈ្មោះថា Diploma of Real Estate ដើម្បីបណ្តុះជំនាញ និងវិជ្ជាជីវៈវិស័យអចលនទ្រព្យដំបូងគេនៅកម្ពុជា សម្រាប់ផលប្រយោជន៍សង្គម និងជាតិ៕

វិស័យអចលនទ្រព្យនៅកម្ពុជានឹងទទួលបានប្រយោជន៍ពីការបន្តងើបឡើងវិញ នៃសេដ្ឋកិច្ចចិន

ដោយៈប៊ី

ភ្នំពេញៈ ទិន្នន័យថ្មីមួយបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តងើបឡើងវិញ ជាមួយនឹងកំណើនឡើងនៅក្នុងខែកក្កដា ខណៈអ្នកជំនាញអចលនទ្រព្យក្នុងស្រុកអះអាងថា វាជាសញ្ញាក៏ល្អសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម(PMI) សម្រាប់ខែកក្កដាមានចំនួន ៥១,១ ដោយសន្ទស្សន៍ខ្ពស់ជាង៥០,០ បង្ហាញពីកំណើនផលិតកម្មរបស់រោងចក្រ។ នេះបើយោងតាមចុះផ្សាយរបស់South China Morning Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

នេះល្អប្រសើរជាងកំណើន នៅខែមិថុនាចំនួន ៥០.៩ ហើយវាប្រសើរជាងការរំពឹងទុករបស់អ្នកវិភាគ ខណៈលទ្ធផលជាមធ្យម នៃការស្ទង់មតិរបស់Bloomberg មានចំនួន ៥០,៨។

សន្ទស្សន៍ PMI គឺជាសន្ទស្សន៍មួយ ដែលធ្វើឡើងតាមរយៈការស្ទង់មតិពីម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងការទិញ។ វាផ្តល់នូវរូបភាព នៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានកំណើននៅខែក្រោយបន្តទៀត។

ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានប្រាប់គេហទំព័រPropertyarea.asia ថា ចិនបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈវិនិយោគចិនមានភាពវ័យឆ្លាត និងដឹងច្បាស់ពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “មុននឹងវិនិយោគក្នុងវិស័យអ្វីមួយ អ្នកវិនិយោគបរទេស មិនថាតែចិននោះទេ ពួកគេសុទ្ឋតែបានសិក្សាច្បាស់លាស់ជាមុនសិន។ ដូចបានឃើញគម្រោងជាច្រើន ដែលវិនិយោគដោយជនជាតិចិននៅកម្ពុជា ជាគំរោងដែលផ្តល់ផលប្រយោជន៍ និងចំណេញយ៉ាងច្រើននាពេលអនាគត”។លោកបានថ្លែងថា “ នៅពេលអ្វីៗត្រឡប់មក រកសភាពធម្មតាឡើងវិញ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងកំណើនកាន់តែខ្លាំងជាងមុនទៅទៀត” ។

លោកបានបន្តថា “ការងើបឡើងវិញសេដ្ឋកិច្ចចិន គឺជារឿងល្អមួយសម្រាប់អចល​នទ្រព្យនៅកម្ពុជា ព្រោះគាត់នឹងមកបន្តការវិនិយោគនៅកម្ពុជា”។

ចិនឈរក្នុងលំដាប់ទី១ ដែលបានចាក់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទុនវិនិយោគរបស់ចិនមានប្រមាណជាង១០០០ពាន់ប៊ីលានរៀល ស្ថិតនៅនាំមុខក្នុងចំណោមប្រទេសធំៗចំនួន៤ផ្សេងទៀត ដែលកំពុងវិនិយោ​គលើវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីដើមខែនេះ។

ជាមួយគ្នានេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការងើបឡើងសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងផ្តល់ផលវិជ្ជមាន ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈបច្ចុប្បន្នវិបត្តិការ COVID-19 ធ្វើឱ្យមានផលប៉ះពាល់ជាសកល មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ។

លោកស្រីបានបន្តថា “ការបើកសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងផ្តល់ប្រយោជន៍ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែវាទាមទាររយៈពេលទៅខាងមុខ សម្រាប់កម្ពុជាទទួលបានចំហាយកំណើនសេដ្ឋកិច្ចរបស់ចិន” លោកបានលើកឡើងថា “យើងដឹងហើយ ចិនឈរនៅលំដាប់កំពូលនៃអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។

ជាក់ស្តែង វិនិយោគិន និងប្រជាជនចិន បានត្រឡប់ចូលមកខេត្តព្រះសីហនុវិញ ដើម្បីបន្តការអភិវឌ្ឍន៍គម្រោងរបស់គេ។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ​បានឱ្យដឹងដែរថា វិនិយោគិនចិន និងប្រជាជនចិនដែលធ្លាប់បំរើការ​ងារនៅក្នុងខេត្តព្រះសីហនុ បានបន្តធ្វើដំណើរមកកាន់ខេត្តជាបន្តបន្ទាប់ ជាមួយគ្នានេះ ក៏មានជនជាតិចិនចាកចេញផងដែរ ។

លោកបានថ្លែងថា “ ប្រជាជនចិនមកពីទីម៉ាកាវ  ហ្គង់ចូវ  គួនមិញ ជាដើម ច្រើនគួរសម ប៉ុន្តែកុំអរពេកមានចេញទៅវិញ ក៏ច្រើនដែរ  ដូច្នេះថ្លៃឈ្នូលផ្ទះ -ជួលដី ។ ល។  គួរបន្ធូរបន្ថយសម្រួលបានសម្រួលខ្លះទៅ”។ លោកបន្តថា “បុគ្គលជាច្រើនតែងសួរខ្ញុំថា កា​លណាបានតំលៃដី  និងការជួលផ្ទះបានថ្លៃដូចឆ្នាំមុន? សំណួរនេះសួរខ្លួនឯង  ឆ្លើយខ្លួនឯងទៅ”៕

ស្ពានឆ្លងកាត់ទន្លេសាបភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនៅកម្ពុជានៅតែស្ថិតក្នុងគម្រោងអភិវឌ្ឍន៍អាទិភាពរបស់រដ្ឋាភិបាល

ដោយវុត្ថា

ភ្នំពេញៈ ស្ពានឆ្លងកាត់ទន្លេសាបដែលវែងជាងគេនៅកម្ពុជា តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ នៅតែស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ និងសងសង់របស់រដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្តគម្រោងហេដ្ឋារចនាម្ព័ន្ធមួយចំនួនផ្សេងទៀត។

លោក វ៉ាស៊ីម សូរីយ៉ា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០នេះថា គម្រោងសាងសង់ស្ពានតភ្ជាប់ពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ អាចនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២៣ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអនុវត្តគម្រោងអាទិភាពរបស់ខ្លួនមួយចំនួន។

លោកបញ្ជាក់ថា រដ្ឋាភិបាលនៅតែសាងសង់គម្រោងស្ពាននេះ មិនបោះបង់ចោលទេ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាអនុវត្តន៍ លើគម្រោងអាទិភាពមួយចំនួនដូចជាផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ ៧០C  និង ផ្លូវជាតិ៤១ ជាដើម មុននឹងចាប់ផ្តើមអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ

លោកបន្តថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ឆ្នាំទៅខេត្តកំពង់ធំនេះអាចនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ខាងមុខនេះ។រដ្ឋាភិបាលអនុវត្តន៍ទៅតាមដំណាក់កាលឬកញ្ចប់អាទិភាពរបស់ខ្លួនគឺមិនអាចអនុវត្តបានគម្រោងទាំងអស់នៅក្នុងពេលតែមួយបាននោះទេព្រោះត្រូវចំណាយថវិកាច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងកន្លងលមកនេះថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអាទិភាព និងជាជំរើសទី១របស់ក្រសួង សម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ  តែយ៉ាងណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកដាក់ជាគម្រោងអាទិភាពឬយ៉ាងណាងសម្រាប់សាងសង់នាពេលខាងមុខ។

បើតាម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល  គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះមានប្រវែងប្រមាណ៤គីឡូម៉ែត្រ ឆ្លងពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំងក្រសួងបរិស្ថាន បានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ ក្នុងការសាងសង់ស្ពាននេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចបន្តថា ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះមានប្រវែងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ

សម្តេចបន្តទៀតថា គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕

រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី៥ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺCovid-19

ដោយៈប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេទំព័រ Propertyarea.asia ទទួលនៅទី៣១ខែកក្កដាឆ្នាំ២០២០។

នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់ ដោយស្ថិតក្នុងស្មារតី បុរសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៤ជុំជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្មធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

គិតមកដល់ពេលនេះ កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមាន គួរជាទីកត់សម្គាល់ ។ ជាក់ស្តែង ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវ៥១៩ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាម បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសនិងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតនិងបំពេញសកម្មភាពអាជីវកម្មធុរកិច្ចជាបណ្តើរៗឡើងវិញ។

ទោះជាយ៉ាងនេះក្តី វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ។ ជាមួយគ្នានេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយ ចំនួនធំក៏កំពុងបន្តប្រឈម នឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងបរិការណ៍នេះ ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍ នៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង (). បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩ និង () បន្តជួយសម្រាល បន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធ រួមមាន ទី១ ធានាការបន្តជួយវិស័យកាត់ដើរវាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរកាបូបនិងវិស័យទេសចរណ៍។

.. រាជរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបម្រើការងារនៅតាមរោង ចក្រ សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេវ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ  កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជី ផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្មក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ច សន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ(Criteria) និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌដែលបានអនុវត្តក្នុងជុំកន្លងមករាជរដ្ឋាភិបាលកម្ពុជានឹង៖

ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត១នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដើរវាយនភណ្ឋា ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល២ខែបន្តទៀត រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២០។ រោងចក្រ សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករនិយោជិត ០១ នាក់ (ជាសរុបកម្មករនយោជិត១ នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ)

ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតម្នាក់ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ដូចជា៖សណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាននិងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល២ខែបន្តទៀតរហូតដល់ដំណាច់ខែកញ្ញាឆ្នាំ២០២០។សហគ្រាសនិងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្តនិងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

.. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមាន សកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល២ខែ បន្ថែមទៀត ចាប់ពីខែសីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ។

បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០២ ខែបន្តទៀត ចាប់ពី ខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ

បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩សម្រាប់រយៈពេល២ខែទៀតគឺខែសីហានិងខែកញ្ញាឆ្នាំ២០២០។

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវសេចក្តីណែនាំនេះទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលនឹងបន្តតាមដាន ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩៕

ផ្លូវចូលទៅកាន់គម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគីរីត្រូវបានបើកសម្ពោធការដ្ឋានសាងសង់

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សាលម្អិតលើគម្រោងសាងសង់ព្រលានយន្ដហោះនៅឡើយការដ្ឋានសាងសង់ផ្លូវមួយខ្សែចូលទៅកាន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមួយនេះត្រូវបានអាជ្ញាធរខេត្តសម្ពោធបើកដំណើរការចាប់ផ្ដើមសាងសង់ហើយ។

នៅត្រឹមព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះអជ្ញាធរខេត្តមណ្ឌលគីរីក្រោមវត្តមានរបស់លោកស្វាយសំអាងអភិបាលខេត្តរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់តំណាងលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រកាសបើកសម្ពោធការដ្ឋានសាងសង់ផ្លូវមួយខ្សែចូលទៅកាន់គម្រោងសាងសង់ព្រលានយន្តហោះដែលស្ថិតនៅក្នុងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគីរី។

លោកស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ គឺជាជំហានដំបូងដែលស្ថិតនៅក្នុងគម្រោងធំ និងដើម្បីបង្កភាពងាយស្រួលដល់អ្នកជំនាញបច្ចេកទេស ដើម្បីចូលទៅសិក្សាលម្អិត ដែលគ្រោងនឹងបញ្ចប់នៅក្នុងពេលខាងមុខនេះ

រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេ ខណៈដែលទំហំនៃថវិការវិនិយោគត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រហូតមកដល់ពេលនេះគម្រោងនៃការសាងសង់ព្រលានយន្តហោះ ស្ថិតនៅខេត្តមណ្ឌលគីរី នៅមិនទាន់កំណត់ថាអាចចាប់ផ្តើមដំនើរការនៅពេលណាឱ្យប្រាកដនោះទេ ដោយពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

លោកបានបញ្ជាក់ថា ការសិក្សាពីគម្រោងសាងសង់ អាចចំណាយពេលប្រហែល១ឆ្នាំ ហើយបន្ទាប់មកយើងSubmit ឱ្យរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចថា តើការអភិវឌ្ឍអាកាសយានដ្ឋាន ព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះ គួរធ្វើរដ្ឋឬគួធ្វើដោយរដ្ឋជាមួយឯកជន ឬធ្វើដោយឯកជនផ្ទាល់ ដែលជាជម្រើសផ្សេងទៀតបន្ទាប់ពីការសិក្សា

លោកបានបន្តទៀតថា ការសិក្សារបស់យើងនេះ ក៏ផ្តោតទៅលើផលប៉ះពាល់ និងវិភាគពីកត្តាសេដ្ឋកិច្ចផងដែរ ថាតើការសាងសង់អាកាសយានដ្ឋាននេះ មានផលជាវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងម៉េច និងអវិជ្ជមានយ៉ាងម៉េច ចឹងទាល់តែការសិក្សាទៅលើចំណុចទាំង៣នេះចប់ បានគេសម្រេចចិត្តបាន

ដោយឡែកពាក់ព័ន្ធ ទៅនឹងខ្ទង់ចំណាយទៅលើការអភិវឌ្ឍ និងសាងសង់ព្រលានយន្តហោះនេះ បើតាមខ្ញុំស្មានប្រមាណ៦០លានដុល្លារ៕

ក្រុមហ៊ុន SUNDOOR ផ្គត់ផ្គង់ផលិតផលទ្វារ និងពិដានបែបទាន់សម័យ ផ្តើមពង្រីកទីផ្សារក្នុងវិស័យសំណង់នៅកម្ពុជា

អត្ថបទ ៖ ក្រុមហ៊ុន

ភ្នំពេញ ៖ SUNDOOR ដែលជាក្រុមហ៊ុនផលិតពិដាន និងទ្វារប្រភេទ PVCសម្រាប់បម្រើនៅក្នុងវិស័យសំណង់ ចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួននៅកម្ពុជាឱ្យកាន់តែទូលាយ បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់អតិថិជន និងអ្នកអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ក្រោយការបង្ហាញវត្តមានក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារៈសំណង់ដែលផ្តោតសំខាន់ទៅលើទ្វារ និងពិដាន សម្រាប់បំពាក់នៅតាមសំណង់អាគារចំរុះដូចជា ខុនដូ អាផាតមិន ការិយាល័យ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពខ្ពស់ ទំនើបទាន់សម័យស្របតាមកម្រិតស្ដងដា និងមានគ្រប់ទំហំទៅតាមតម្រូវការ ចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួនកាន់តែទូលាយនៅក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការឱ្យដឹងពីសំណាក់អ្នកតំណាងក្រុមហ៊ុននាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទ្វារ ពិដាន SUNDOOR មានក្រុមអ្នកជំនាញដែលពោរពេញទៅដោយសមត្ថភាព និងភាពម៉ឺងម៉ាត់ ដោយមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលប្រឡូក ប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា ដែលជាស្ថាប័នធំៗមានស្រាប់។ ក្រុមហ៊ុនមានក្ដីរំពឹង និងជឿជាក់យ៉ាងច្បាស់ក្នុងកិច្ចដំណើរការរបស់ខ្លួន ដែលនឹងឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា “នៅក្នុងដំណើរការដំបូងនេះ យើងមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់ ដែលគោលបំណងចម្បងរបស់យើង។ ក្នុងរយៈពេលនេះ យើងចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលចង់បាន ដែលធ្វើយ៉ាងណា អាចពង្រីកវិសាលភាព និងចែកចាយផលិតផលនៅលើទីផ្សារសំណង់គ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា”។

ក្រុមហ៊ុន SUNDOOR មានគោលដៅយ៉ាងមុតមាំដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្គត់ផ្គង់ទ្វារ និងពិដាន ដែលមានលក្ខណៈទំនើប ទាន់សម័យ ប្រកបដោយគុណភាព ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន SUNDOOR បាន និងកំពុងរៀបចំគោលនយោបាយក្នុងការក្លាយខ្លួនជាស្ថាប័នដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស រួមជាមួយនឹងការដាក់គោលដៅចម្បងក្នុងការស្វែងរកផលចំណេញជូនអតិថិជន ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168