ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសប្លែកពីវិស័យដទៃទៀតដែលនៅតែបន្តឱនភាព និងជួបវិបត្តិដោយសារតែការគំរាមកំហែងពីវិបត្តិសាកលនោះ សម្រាប់តែវិស័យអចលនទ្រព្យ ផ្នែកសាងសង់លំនៅដ្ឋានត្រូវបានអ្នកអភិវឌ្ឍន៍បញ្ជាក់ថា វាគឺជាឱកាសល្អក្នុងមានជំរុញការសាងសង់ សម្រាប់ដាក់លក់នៅលើទៅផ្សារ ក្រោយស្ថានការណ៍ប្រែមកជាល្អវិញនៅពេលខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រឹទ្ធី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានយ៉ាងសកម្មនៅតំបន់ក្បែរផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅក្នុងរយៈពេលដែលសាកលលោកកំពុងមានភាពប្រឈមនេះ វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់ ប៉ុន្តែវាជាចំណែកមួយតូចប៉ុណ្ណោះ បើធៀបទៅនឹងវិស័យដទៃ ។ មិនថាចំពោះតែអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍នោះទេ ពួកគេសុទ្ធតែបានផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រ ដើម្បីធ្វើយ៉ាងកែប្រែស្ថានការណ៍ប្រឈមឱ្យមកជាល្អវិញ។
លោកឧកញ៉ា នួន រឹទ្ធី បានមានប្រសាសន៍បន្តថា “សម្រាប់តែការសាងសង់ក្នុងវិស័យសំណង់លំនៅដ្ឋាននៅក្នុងរយៈពេលនេះ វាក៏ជាឱកាសល្អសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានធនធាន និងលំហូរទុនគ្រប់គ្រាន់ផងដែរ ជាពិសេសមានភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្មជំនាញ និងមានពេលគ្រប់គ្រាន់ក្នុងការសាងសង់ស្របទៅតាមផែនការដែលបានកំណត់ សម្រាប់ត្រៀមដាក់បញ្ចូលទៅក្នុងទីផ្សាររួមក្រោយពេលស្ថានភាពប្រែមកជាល្អក្នុងពេលដ៏ខ្លីខាងមុខនេះ”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទឌី ដែលលកំពុងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនៅតំបន់ជាយរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ផងដែរថា “ផលប៉ះពាល់ធ្ងន់ធ្ងរភាគច្រើនគឺកើតមានតែទៅលើអ្នកអភិវឌ្ឍន៍គឺមានតែចំពោះអ្នកដែលគាត់មានបញ្ហាចរន្តសាច់ប្រាក់ ឬជាប់កម្ចីជាមួយធនាគារ ដោយឡែកសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានលំហូរទុនគ្រប់គ្រាន់ និងមានផែនការច្បាស់លាស់គឺមិនមានអ្វីដែលកើតជាបញ្ហានោះទេ ព្រោះពួកគាត់ធ្វើការអភិវឌ្ឍលំនៅដ្ឋានក្រោមទុនបម្រុងគ្រប់គ្រាន់”។
លោកបានបន្តថា “សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងមានសកម្មភាពសាងសង់នៅពេលនេះ ហើយត្រៀមនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងទទួលបានលទ្ធផលលើការលក់ ព្រោះការលក់លំនៅដ្ឋានដែលមានរូបរាងច្បាស់លាស់ មានភាពងាយស្រួលជាងការលក់គម្រោងដែលទើបតែចាប់ផ្តើមសាងសង់ ឬសំណង់ស្ថិតនៅពាក់កណ្តាលសម្រេច។ ដូចនេះ ប្រសើនបើនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ ថ្នាំបង្ការនៃជំងឺឆ្លងត្រូវបានដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ នោះសេដ្ឋកិច្ចចាប់ផ្តើមកម្រើកឡើងវិញ ដែលវានឹងជួយជម្រុញឱ្យទីផ្សារនៃការលក់មានភាពប្រសើរ”៕