ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានសហការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេរភាគីឱ្យកាន់តែធំ ក្នុងគោលបំណងស្ដារនូវសេដ្ឋកិច្ចប្រទេសជាតិដែលបង្កដោយវិបត្តិសាកលឡើងវិញ។
នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បា៉ន សូរស័ក្ដិ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។
កិច្ចប្រជុំពិសេសមួយនេះ បានធ្វើឡើងដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុក្រុមស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដោយបានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។
កិច្ចពិភាក្សានេះក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុក្រុមនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ៕






