ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២០កន្លងទៅនេះ ចំនួននៃអ្នកធ្វើដំណើរតាមជើងហោះហើរចេញ ចូលកម្ពុជា មានត្រឹមជាង ២លាននាក់តែប៉ុណ្ណោះ ដែលចំនួននេះមានការធ្លាក់ចុះប្រមាណ៨០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។

របាយការណ៍ផលប៉ះពាល់នៃកូវីដ១៩ លើវិស័យអាកាសចរស៊ីវិលកម្ពុជា រៀបចំដោយលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបញ្ជាក់ថា នៅរយៈពេល១០ ខែឆ្នាំ២០២០នេះ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានចំនួន ២ ០៩៩ ៨១២នាក់ ធ្លាក់ចុះ៧៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានរហូតដល់ ៩ ៦៨៩ ៩៣៤នាក់។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ដោយជំងឺកូវីដ១៩។ ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន១ ២៧១ ២៤៥នាក់ ធ្លាក់ចុះ ៧៤ភាគរយ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរ ៦១៨ ៤៥៩នាក់ ធ្លាក់ចុះ៨១ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើរចំនួន ២១០១០៨នាក់ ធ្លាក់ចុះ៨៦ភាគរយ។
កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល ជាង១១លាននាក់មកពី បណ្ដាគ្រប់ប្រទេសនានាលើសកលលោកជាមួយនឹងអត្រាកំណើន១៣ភាគរយ។ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ តាមស្តង់ដារអន្តរជាតិចំនួន៣ និងបានទទួលការវិនិយោគ អាកាសយានដ្ឋានអន្តរជាតិថ្មី២ បន្ថែមទៀត៕







