ខេត្តកោះកុង​នៅតែ​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យសំខាន់ៗចំនួន២

0

ដោយ ​វុត្ថា

កោះកុងៈ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ រហូតមកដល់​ពល​នេះ ខេត្តកោះកុង​ហាក់​មាន​ស្ថានភាព​ស្ងាប​ស្ងាត់​បន្តិច ចំពោះ​វិនិយោគិន​ដែលមាន​ចំណាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ ក៏ប៉ុន្តែ​សម្រាប់​គម្រោង​វិ​ន​និ​យោគ​លើ​វិស័យ​វិស័យ​កសិកម្ម និង​កំពង់ផែ​នៅតែមាន​កំណើន​ខ្ពស់​នៅ​ទទួលបាន​ការចាប់អារម្មណ៍។

លោកស្រី​មិថុនា  ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​កន្លងមក​បានឱ្យដឹង​ថា សម្រាប់​ខេត្តកោះកុង គឺមាន​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​មាន​វិនិយោគិន​នៅក្នុង​អំឡុង​ពេលនេះ ចាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​ដំណាំ​កសិកម្ម និង​កំពង់ផែ​នៅក្នុង​ខេត្ត។

លោកស្រី​ថ្លែងថា “បើ​ទោះ​មាន​អ្នកវិនិយោគ ចាប់អារម្មណ៍​លើ​វិស័យ​ទាំងពីរ​នេះ  ប៉ុន្តែ​សម្រាប់​ខេត្តកោះកុង គឺ​ចង់បាន​វិនិយោគិន​វិនិយោគ​លើ​វិស័យ​អេកូ​ទេសចរណ៍​ច្រើនជាង ព្រោះ​ខេត្ត​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​មួយ​នេះ” ។

លោកស្រី​ប្តេជ្ញា​បន្ថែមថា  “នៅពេល​បញ្ចប់​ស្ថានភាព​កូ​វីដ១៩នៅ​ក្នុ​ង្រ​ទេស ខេត្តកោះកុង នឹង​បង្កើន​ការ​ការ​ទាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​កាន់​ច្រើន​ថែមទៀត ខណៈដែល​ខេត្ត​បាន និង​កំពុង​ត្រៀម​រួចរាល់​ហើយ នូវ​កិច្ចសហការ​ទាំង​ផ្នែក​ច្បាប់ និង​សម្របសម្រួល​ធ្វើយ៉ាងណា ឱ្យ​ទទួលបាន​ផលប្រយោជន៍​ទាំង​វិនិយោគិន និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​កម្ពុជា​ដូចជា​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​កោះកុង  បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​ជាច្រើន ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ ១៩ បានធ្វើឱ្យ​មានការ​ធ្លាក់​ចុះ​លើ​ការវិនិយោគ​ពី​ក្រៅ​ស្រុក។

លោក​យល់ឃើញថា “ខេត្តកោះកុង​នៅតែមាន​សក្តានុពល​ខ្ពស់ ចំពោះ​សេដ្ឋកិច្ច និង​ទៅខាង​មុខ​ទៀត ដោយសា​តែ​ខេត្ត​នេះ នឹងមាន​ព្រលានយន្តហោះ​អន្តរជាតិ និង​គម្រោងធំៗជាច្រើន​បាន​នឹង​កំពុង​កើតឡើង​នៅ​ទីនោះ” ។

លោក​ច្រឹ​កសុខ នី​ម បញ្ជាក់ទៀតថា នៅពេលណា​លំហូរ​វិនិយោគ​បរទេស​ចូលមក​កាន់​ខេត្តកោះកុង​នេះ​កាន់តែច្រើន នឹង​ជំរុញឱ្យមាន​ចរន្ត​នៃ​ការទិញ លក់​ដីធ្លី​កាន់តែច្រើន ហើយ​តម្លៃ​ដី​ក៏មាន​តម្លៃ​ថ្លៃ​ដូច​ខេត្ត​ព្រះសីហនុ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here