ដោយ គង់ សូរិយា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបាននិងកំពុងដាក់ចេញយុទ្ឋសាស្រ្តថ្មីដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិបន្ថែមទៀតតាមរយៈការចូលផ្សារហ៊ុនកម្ពុជាដែលជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យក្រុមហ៊ុននេះមានតម្លាភាព។

លោក ឈិន ជាំងកាង (CHEN JIANGANG) ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹង ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំឯកសារចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ដើម្បីបង្កើនការទាក់ទាញវិនិយោគបន្ថែមពីអន្ដរជាតិ ពិសេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក សំដៅប្រមូលធនធានអន្ដរជាតិ យកមកកសាងអភិវឌ្ឍបន្ថែម។
លោកក៏បានស្នើសុំឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួយគាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនកម្ពុជានេះផងដែរ ដើម្បីជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុក្លាយទៅជាឧទ្យានអន្តរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកឈិនបានបន្តថា បន្ទាប់ពីចុះបញ្ជីក្នុងផ្សារភាគហ៊ុនកម្ពុជា រួចរាល់ហើយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តរៀបចំចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ថែមទៀតផង។
លោកឈិន ជាំងកាង បានថ្លែងឲ្យដឹងផងដែរថា រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់ នាពេលខាងឆាប់ៗខាងមុខ ហើយលោកថែមទាំងបានអញ្ជើញឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចូលរួមក្នុងពិធីសម្ពោធរោងចក្រនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបង្ហាញការជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងកាន់តែមានការអភិវឌ្ឍខ្លាំង នាពេលខាងមុខ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជា និងនៅហុងកុង។ លោកបន្តថា លោកនឹងចូលរួមពិធីសម្ពោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីកុំឱ្យរាំងស្ទះដំណើការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ។
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគសរុបទាំងអស់១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារដល់កម្មករ និយោជិតប្រមាណ ៣០,០០០កន្លែង។ ក្រុមហ៊ុនក៏បានកសាងអគារស្នាក់នៅចំនួន៦ខ្នង សម្រាប់ឱ្យកម្មករនិយោជិតប្រមាណ៣,០០០ នាក់ស្នាក់នៅផងដែរ។
យោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសនេះ ចាប់ពីខែមករាដល់ខែតុលាក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប ១,៣០០ លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕






