ដោយ វុត្ថា
សៀមរាបៈ បើមិនមានអ្វីប្រែប្រួលទេ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើករដ្ឋានស្ថាបនាផ្លូវទាំង៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនាថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២០ខាងមុខនេះ បន្ទាប់ពីពន្យាពេលនៃការបើករដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង នៅពិធីចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវ ខេត្តសៀមរាបនាថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងមកថា ក្រសួងបានបញ្ជូនគ្រឿងចក្ររួចរាល់ហើយ ដើម្បីស្វាគមន៍សម្តេចតេជោអញ្ជើញមកបើកដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ។
-->
លោកបន្តថា “គ្រឿងចកទាំងនេះត្រូវបានបញ្ជូនមកដល់ ហើយបានចាប់ផ្តើមស្ថាបនាបណ្តើរៗ ទំរាំដល់ថ្ងៃសម្តេចតេជោ មកប្លុំកញ្ឆែ អ្វីបានត្រៀមរួចរាល់ហើយ នឹងចាប់ផ្តើមទៅព្រមគ្នាតែម្តង” ។
លោកបន្តថា ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់លើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកស៊ុន ចាន់ថុល បានបន្តថា ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនា៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប និងបានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា។
គម្រោងស្ថាបនាផ្លូវវក្រុងទាំង៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ដែលនឹងត្រូវចំណាយថវិកា ប្រមាណ១៥០លានដុល្លារអាមេរិក ដែលប្រមុខរដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី៤ កញ្ញាកន្លងទៅនេះ៕