ដោយ ហ្សូលី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

-->
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ដូច្នេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ខណៈពេលអមដំណើរ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ ត្រៀមផែនការបែងចែកភារកិច្ច រៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ។
មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់- ស្រុកក្រូចឆ្មារ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពាននេះ មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់។
ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗនៅពេល មិនយូរខាងមុខនេះ ៕

