អ្នកជំនាញ៖ ឆមាស​ទី២ ឆ្នាំនេះ​ផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅតែមាន​ភាព​វិជ្ជមាន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តាមរយៈ​របាយការណ៍​របស់​ក្រសួង​ដែនដី​បាន​បញ្ជាក់ថា នៅក្នុង​ឆមាស​ទី១ឆ្នាំ២០២០ វិស័យ​អចលនទ្រព្យ​នៅតែ​អាច​រក្សាបាន​នូវ​កំណើន ជាពិសេស​ផ្នែក​សំណង់ ហើយនឹង​តែ​បន្ត​ជំរុញ​ភាព​វិជ្ជមាន នៅក្នុង​ឆមាស​ទី២ឆ្នាំនេះ​ដដែល ដែល​វា​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Land Station លោក កាង សុធី បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា ផ្អែក​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង ជាពិសេស​យុទ្ធសាស្ត្រ​នៃ​ការលើកទឹកចិត្ត ដល់​បណ្តា​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​អាច​រក្សាបាន​នូវ​ស្ថាន​ភាពល្អ​ដដែល ឬ​អាច​កើនឡើង​លើសពី​ឆមាស​ទី១តិ​តតួ​ច។

លោក​បញ្ជាក់ថា “និយាយ​ជារួម​នៃ​វិស័យ​អចលនទ្រព្យ បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ដទៃទៀត គឺ​នៅតែមាន​ភាពល្អប្រសើរ ជាពិសេស ការវិនិយោគ​ទៅលើ​វិស័យ​ដីធ្លី ដែល​នៅតែ​ផ្តល់ឱកាស​ចំណេញ​ច្រើនជាង​វិស័យ​លំនៅដ្ឋាន” ។ លោក​បន្តថា“យើង​ទទួលស្គាល់ថា ទោះជា​ស្ថិតនៅក្នុង​ដំណាក់កាល​នេះ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​សាកល ប៉ុន្តែ​សម្រាប់​ការអភិវឌ្ឍ វិស័យ​លំនៅដ្ឋាន​នៅតាម​គម្រោង​បុរី​នានា ទាំង​នៅក្នុង​ក្រុង និង​នៅ​ជាយក្រុង គឺ​នៅតែ​បន្តសកម្មភាព​ដូចគ្នា ដើម្បី​បញ្ចប់​ទៅតាម​ផែនការ​របស់ខ្លួន​ដែល​បានគ្រោង​ទុក” ។

លោក​កាង សុធី​បាន​មានប្រសាសន៍ថា “ទីផ្សារ​លំនៅដ្ឋាន យើង​ឃើញថា​មាន​ភាព​ពុះ​ក​ញ្ច្រោ​ល​ខ្លាំង ប៉ុន្តែ​វា​ល្អ​សម្រាប់តែ​ចំពោះ​អ្នក ដែលមាន​តម្រូវការ​ស្នាក់នៅ​ជាក់ស្ដែង​តែប៉ុណ្ណោះ ព្រោះ​មាន​ជម្រើស​ច្រើន​ក្នុង​ការទិញ ប៉ុន្តែ​ចំពោះ​អ្នក​ដែលមាន​បំណង​ទិញ​ទុក​វិនិយោគ​យកចំណេញ ហាក់​មានឱកាស​តិច​រួច​បំផុត ដោយសារតែ​លំនៅដ្ឋាន​ភាគច្រើន​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍ តម្លើង​តម្លៃ​ដល់​កម្រិត​ទីផ្សារ​រួចទៅហើយ” ។

ក្នុងដំណាក់កាល​នេះ​ឬ​បន្តទៅ​ថ្ងៃ​ខាងមុខ អ្នកវិនិយោគ​ដែល​វៃឆ្លាត​គឺ​គេ​តម្រង់​ទិសដៅ​ទៅលើ​ការវិនិយោគ​ដីធ្លី ដែល​នៅតែ​មានឱកាស​ចំណេញ​ច្រើន។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា រាល់​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងដំណាក់កាល​នេះ មិន​ថា​ផ្នែក​សំណង់​លំនៅដ្ឋាន​ឬ​ផ្នែក​ដីធ្លី​នោះទេ គឺមាន​ឱកាស​ចំណេញ​ដូចគ្នា ប្រសិនបើ​រាល់​អចល​ទ្រព្យ​វត្ថុ​ទាំងអស់នោះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ។

លោកស្រី​បញ្ជាក់ថា “សកម្មភាព​នៃ​ការទិញ លក់​ក្នុង​ពេលនេះ មាន​ភាពស្ងប់ស្ងាត់​បន្តិច​បើ​ប្រៀបធៀប​ទៅនឹង​ដើមឆ្នាំ ឬ​អំឡុងពេល​ត្រីមាស​ទី១ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ។ លោកស្រី​បន្តថា“នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ តម្លៃ​ទីផ្សារ​អាច​នឹងមាន​ភាព​ល្អប្រសើរ​ឡើងវិញ​បន្តិចបន្តួច ក្រោម​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឱ្យ​ផ្នែក​មួយចំនួន​បើក​ដំណើរការ​ឡើងវិញ” ។

ទោះជា​យ៉ាងណា ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​អាច​វិលត្រឡប់ ទៅរក​សភាព​ដើម​ដូច​ចុងឆ្នាំ២០១៩ អាច​ត្រូវការ​ពេលវេលា​យូរ​បន្តិច​យ៉ាង​ហោ​ស​ណាស់១ឆ្នាំ ឬ​អាច​លើសពីនេះ” ៕

ក្រុមអ្នកវិភាគ​អន្តរជាតិ៖ សេដ្ឋកិច្ច​ចិន​បាន​វិលត្រឡប់​ទៅរក​កំណើន​ឡើងវិញនៅក្នុង​ត្រីមាស​ទី២

ដោយ៖ ប៊ី

អន្តរជាតិៈ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​វិលត្រឡប់ ទៅរក​កំណើន​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​ជំងឺ Covid-19 បានធ្វើឱ្យ​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ នៅលើ​ពិភពលោក​នេះ ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។ នេះ​បើ​យោងតាម​ការស្ទង់មតិ​នៃ​សារព័ត៌មាន AFP របស់​ក្រុមអ្នកវិភាគ​ជាច្រើនរូប។

ការស្ទង់មតិ​របស់​អ្នកវិភាគ​មកពី​ស្ថាប័ន​ចំនួន១១ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំនើនសេដ្ឋកិច្ច​របស់​ចិន ក្នុង​កម្រិត១,៣ភាគរយ ដែលជា​ការកើនឡើង​យ៉ាងខ្លាំង ហើយ​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​ជាង​បណ្តា​ប្រទេស​ដទៃទៀត ដែល​កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ។

ជំងឺ Covid-19 ដែល​កើតឡើង​ដំបូង នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ភាគ​កណ្តាល នៃ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន បានធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បិទទ្វារ និង​មនុស្ស​ជាច្រើន​លាន​គ្មាន​ការងារ​ធ្វើ។

ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ព្យាករណ៍​ថា ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​តែមួយគត់ ដែល​ទទួលបាន​កំណើន​វិជ្ជមាន​នៅ​ឆ្នាំនេះ ពីព្រោះ​ប្រទេស​នេះ​ត្រូវបាន​វាយប្រហារ​ខ្លាំង ដោយ​ជំងឺ Covid-19 ហើយ​ដូច្នេះ​ជា​ប្រទេស​ដំបូង បាន​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹងមាន​កំណើនសេដ្ឋកិច្ច១,៧ភាគរយ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ។ ទិន្នន័យ​កំណើន​សម្រាប់​ខែមេសា ដល់​ខែមិថុនា នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ។

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បិទទ្វារ​ប្រទេស អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ ដោយ​ផ្អាក​ដំណើរ​រោងចក្រ និង​រឹតបណ្តឹង​ការធ្វើដំណើរ។

ប៉ុន្តែ​សកម្មភាព​បានចាប់ផ្តើម​ឡើងវិញ នៅពេលដែល​ប្រទេស​ចិន​បាន​គ្រប់គ្រង​បាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បានបញ្ចប់​ការបិទទ្វារ​ទីក្រុង​ហ៊ូ​ប៉ី និង​ទីក្រុង​វូ​ហាន​របស់ខ្លួន​កាលពី​ខែមេសា។

អាជ្ញាធរ​ក៏​អាច​ក៏​គ្រប់គ្រង​បានការ​ផ្ទុះឡើង នៃ​ជំងឺ​នៅក្នុង​ទីក្រុង​ប៉េកាំង កាលពី​ខែ​មុន ដោយ​មានការ​រឹតត្បិត​តិចតួច​បំផុត។

លោក Xu Xiaochun អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Moody’s បាន​និយាយថា ការធ្វើតេស​ត្ត​រក​ជំងឺ​ទ្រង់ទ្រាយ​ធំ និង​ការបិទទ្វារ​តាម​គោលដៅ បានធ្វើ​ឱ្យមាន​ការរំខាន​តិច​តូច​បំផុត​ដល់​សេដ្ឋកិច្ច ដែល​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ទំនុកចិត្ត​ស្ងប់ស្ងាត់​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​រលក​ទី​ពីរ៕

ចំណេះដឹង! តើ​នីតិវិធី​នៃ​ការធ្វើ​បែបបទ​នាវា​ចូល​ត្រូវធ្វើ​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ការ​នាំចូល​ទំនិញ​តាមផ្លូវ​សមុទ្រ/ផ្លូវ​ទន្លេ ត្រូវអនុវត្ត​តាម​នីតិ​វិធី​មួយចំនួន ដូចជា​ការធ្វើ​បែបបទ​នាវា​ចូល​ការងារ​ឃ្លាំង និង​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។

នីតិវិធី​នៃ​ការធ្វើ​បែបបទ​នាវា​ចូល ដូចខាងក្រោម៖

១. ពេល​នាវា​មកដល់​ចំនុចសូន្យ ភ្នាក់ងារ​នាវាចរ ត្រូវ​ជូនដំណឹង​ដល់​មន្ត្រី​គយ​ទទួលបន្ទុក​ធ្វើ​បែបបទ​នាវា​ជាមុន។

២. ពេល​នាវា​ចូល​ចត​នៅ​កំពង់ផែ​ហើយ មន្ត្រី​គយ​ទទួលបន្ទុក​ធ្វើ​បែបបទ​នាវា និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន​កំពង់ផែ​ស្វយ័ត នគរបាល​អន្តោប្រវេសន៍ ច​ត្តា​ឡី​ស័​ក្ត ភ្នាក់ងារ​នាវាចរ និង​តំណាង​ក្រុមហ៊ុន ដឹកជញ្ជូន​ឡើង​ធ្វើ​បែបបទ​លើ​នាវា។

៣. ឯកសារ​ដែល​ត្រូវ​បង្ហាញជូន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ដែល​ឡើង​ធ្វើ​បែបបទ​លើ​នាវា​រួមមាន៖

  • របាយការណ៍​នាវា
  • និវេទន៍ប័ណ្ណ​ទំនិញ
  • និវេទន៍ប័ណ្ណ​សំភារៈប្រើប្រាស់​របស់​នាវិក
  • បញ្ជី​ឈ្មោះ​នាវិក
  • បញ្ជី​ផ្ទេរ​ទំនិញ
  • បញ្ជី​ឈ្មោះ​អ្នកដំណើរ
  • អ​ញ្ញត្តិ​ប័ណ្ណ
  • កិច្ចសន្យាជួល​នាវា
  • វិញ្ញាបនបត្រ​ចុះបញ្ជី​នាវា និង​ឯកសារ​ដទៃទៀត​តាម​ការតម្រូវ​របស់រ​ដ្ឋ​បាល​គយ ដើម្បី​អនុវត្ត​វិធានការ​គយ។

៤. នៅពេល​មន្ត្រី​គយ​ពិនិត្យ​រួច គ្មាន​ភាពមិនប្រក្រតី​ទេ មន្ត្រី​គយ​បញ្ចប់​ការធ្វើ​បែបបទ ដោយ​ការចុះ​ថ្ងៃខែ​ឆ្នាំ​ចុះហត្ថលេខា និង​បោះត្រា​លើ​និវេទន៍ប័ណ្ណ រួច​បញ្ជូនទៅ​ផ្នែក​ទទួល​និង​គ្រប់គ្រង​និវេទន៍ប័ណ្ណ​ទំនិញ៕

ខេត្តព្រះសីហនុ ប្រមូលពន្ធបានជាង ១៥លានដុល្លារ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ នៅត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២០កន្លងទៅនេះ តាមរយៈលទ្ធភាពនៃការប្រមូលពន្ធសរុបនៅទូទាំងខេត្តព្រះសីហនុ ទទួលបានចំនួន ៦១ពាន់លានរៀល ស្មើនឹងប្រមាណ ១៥ ២៥០ ០០០ ដុល្លារ ហើយនឹងអាចបង្កើនចំនួនសរុបប្រមាណ ១០០ពាន់លានរៀល ស្មើនឹងប្រមាណ ២៥ ០០០០០០ដុល្លារ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានលើកឡើងថា តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល ។

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានអនុវត្តស្របតាមចរាចរណ៍លេខ ០៤-០៥ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

លោក គួច ចំរើន បានបញ្ជាក់ថា “ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល”។

លោកបន្តថា “កិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៌ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រឱ្យចំគោលដៅ។ ម្យ៉ាងទៀតមកដល់ពេលនេះ ថវិកាឆ្នាំ២០២០មិនទាន់បានអនុវត្តបានពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នាជម្រុញផែនការប្រើប្រាស់ថវិការបស់យើងបំរើអត្ថប្រយោជន៍ និងគុណប្រយោជន៍ក្នុងខេត្តព្រះសីហនុរបស់យើង”។

ទន្ទឹមនេះលោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២១-២០២៣) ផងដែរ ៕

រដ្ឋាភិបាលបញ្ជាក់ពីមូលហេតុកំណត់ថ្ងៃឈប់សម្រាក់នៅថ្ងៃទី ១៧-២១ ខែសីហាជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអំពីការកំណត់ជ្រើសរើសថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពីពេលកន្លងទៅ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកំណត់យកសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលសំខាន់ៗចំនួន៤។

យោងតាមលទ្ធផលនៃកិច្ចប្រជុំដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងវិស័យឯកជនបានស្នើសុំរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរនៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ ២០២០ ដោយផ្អែកលើហេតុផល និងគោលបំណងសំណងសំខាន់ៗ មួយចំនួន ៤ ដូចតទៅ៖

ទី១) ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រោងចក្រសហគ្រាស ជាពិសេសវិស័យកាត់ដេរ និងស្បែកជើង ក្នុងការបញ្ចប់សង្វាក់ផលិតកម្ម និងការនាំចេញទំនិញតាមការបញ្ជាទិញដែលមានស្រាប់ ឱ្យបានមុនថ្ងៃ១២ ខែសីហា ឆ្នាំ ២០២០ ដែលជាកាលបរិច្ឆេទនៃការចូលជាធរមាននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) របស់សហភាពអឺរ៉ុប។

ទី២) ជាកាលបរិច្ឆេទមួយដែលមានគម្លាតសមរម្យ (មួយខែ) ពីធីបុណ្យភ្ជុំបិណ្យដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យប្រជាជនចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការចំណាយ២ដង ក្នុងអំឡុងពេលឈប់សម្រាកដាច់ពីគ្នា។

ទី៣) អាចអនុញ្ញាតឱ្យម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍សំខាន់ៗ មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរដែលមកកម្សាន្តក្នុងអំឡុងពេលឈប់សម្រាក។

ទី៤) កម្មករ-និយោជិតទទួលបានប្រាក់បៀវត្សមុនពេលឈប់សម្រាក ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកំសាន្ត និងចំណាយនានា៕

រដ្ឋាភិបាល កំពុងសិក្សាពីលទ្ធភាពក្នុងការបើកច្រកព្រំដែននៅរតនៈគីរី

ដោយ ៖ រ៉ាណេត

រតនៈគីរី ៖ ក្នុងគោលបំណង់បង្កើននូវកិច្ចទំនាក់ទំនង និងពង្រីកវិស័យពាណិជ្ជកម្មក្នុងតំបន់ បច្ចុប្បន្ន រដ្ឋបាលខេត្តរតនៈគីរី បានដាក់សំណើរជូនថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សិក្សាលម្អិតពីលទ្ធភាព ដើម្បីឈានទៅបើកច្រកទ្វារព្រំដែនកម្ពុជា-ឡាវថ្មីមួយទៀត ស្ថិតក្នុងខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ ខេត្តរតនគិរី មិនទាន់មានផ្លូវ ឬច្រកទ្វារព្រំដែនផ្លូវការជាមួយប្រទេសឡាវនោះទេ ហើយខេត្តកំពុងស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីបើកច្រកនេះ។

លោកបានបញ្ជាក់ថា “សម្រាប់ខេត្តរតនគិរី មិនទាន់មានផ្លូវណាមួយ ឬច្រករបៀងណាមួយ តភ្ជាប់ជាមួយ ប្រទេសឡាវនោះទេ ហើយកាលដែលស្នើសុំ ទៅកាន់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺចង់បាននូវការបើក ច្រកទ្វារទ្វេរភាគីមុន។ ដោយឡែក ខេត្តរតនគិរី មានផែនការដើម្បីបើកច្រកទ្វារទ្វេរភាគីមួយ ដែលកំពុងតែសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីសិក្សាមើល តើយើងនឹងរៀបចំច្រកណាមួយ ដែលផ្ដល់នូវសារសំខាន់ខេត្តទាំងពីរ ប្រជាជននៅជិតខាងប្រទេសទាំងពីរ”។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានបង្ហាញនូវក្ដីរំពឹងខ្ពស់ នៅពេលច្រកទ្វារព្រំដែនទ្វេរភាគីមួយនេះបើកដំណើរការ នឹងអាចចូលរួមលើកម្ពស់ និងពង្រីកពាណិជ្ជកម្មបានប្រសើរជាងសព្វថ្ងៃ ដោយហេតុថា ខេត្តរតនគិរី ជាខេត្តមួយដែលមានសក្ដានុពល អំណោយផលដល់ការដាំដុះដំណំា ពិសេសដំណំាកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ។ ម៉្យាងទៀត ប្រសិនបើច្រកទ្វារព្រំដែនមួយនេះបើកដំណើរការ ឬក៏ត្រឹមតភ្ជាប់ផ្លូវពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្រុកវ៉ើនសៃ ខេត្តរតនគិរី និងបន្ដមកក្រុងបានលុងនោះ នឹងផ្ដល់សារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្លូវដែលតភ្ជាប់ពីច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ដែលមានសក្ដានុពលខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច៕

លោកស្រី អាន សុធីតា ៖ វិបត្តិ Covid-19 មិនសូវប៉ះពាល់ដល់គម្រោងសាងសង់ខុនដូធ្ងន់ធ្ងរនោះទេ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ វិបត្តិនៃការរីករាលដាលនៃជំងឺ Covid-19 មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសាងសង់សំណង់គម្រោងខុនដូនៅក្នុងប្រទេសកម្ពុជាពេកនោះទេ ខណៈដែលខុនដូតម្លៃធម្យមបានក្លាយជាគោលដៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។

 

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ថា បើទោះបីមានវិបត្តិជំងឺ Covid-19 តែគេសង្កេតឃើញថា ការសាងសង់គ្រោងអគារខុនដូនៅក្នុងប្រទេសកម្ពុជាហាក់ពុំមានការធ្លាក់ចុះនោះទេ ពោលគឺសកម្មភាពសាងសង់គម្រោងជាច្រើននៅតែបន្តមាន ហើយក៏មានការដាក់បញ្ចូលទៅក្នុងទីផ្សារលក់ផងដែរ។

លោកស្រីថា “គម្រោងសាងសង់គឺមិនផលប៉ះពាល់ពេកនោះទេ តែមានគម្រោងមួយចំនួនត្រូវបានពន្យា ចាប់ពី ៦ខែ – ១ឆ្នាំ ហើយនេះជារឿងធម្មតា ដោយសារការនាំចូលនូវសម្ភារៈសំណង់មានភាពយឺតយ៉ាវ តែសម្រាប់វិបតិ្តនៃជំងឺ Covid-19 គឺមិនមានការប៉ះពាល់ទេដល់ការសាងសង់ ហើយពេលថ្មីៗនេះ មានគម្រោងថ្មីចំនួនបានបានដាក់លក់ក្រោយសាងសង់បានបញ្ចប់”។

ទោះជាយ៉ាងណា សម្រាប់ទីផ្សារលក់ត្រូវបានលោកស្រីថា “វិស័យខុនដូ គឺមានផលប៉ះពាល់បន្តិចបន្តួច បើធៀបទៅនឹងទីផ្សារជួលលក់រាយ និងសណ្ឋាគារ ដែលវិស័យទាំងពីរនេះ រងផលប៉ះពាល់ខ្លាំង ប៉ុន្តែអ្វីដែលយើងមើលឃើញ គឺមានការធ្លាក់ចុះនូវចំនួនអ្នកទិញ ចន្លោះពី ៣០ – ៤០ ភាគរយ វាអាស្រ័យទៅលើគម្រោង”។

លោកស្រីបន្ថែមថា “ចំពោះគម្រោងដែលបញ្ចប់ហើយ និងគម្រោងដែលកំពុងដាក់លក់ គឺមានលក្ខណៈខុសគ្នា ដោយសារគម្រោងដែលបានបញ្ចប់ គឺនៅតែមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ប៉ុន្តែសម្រាប់គម្រោងដែលបានដាក់លក់គឺមានការថយចុះ។ នៅក្នុងកាលទេសៈនៃវិបត្តិជំងឺ Covid-19 នេះ អ្នកអភិវឌ្ឍន៍ និងទិញ បានចាប់អារម្មណ៍ទៅលើគម្រោងដែលបាបញ្ចប់រួចហើយ ទី១ គឺពួកគាត់អាចទទួលបានកម្ចីពីធនាគារ តែសម្រាប់គម្រោងដែលកំពុងសាងសង់អាចទទួលបានកម្ចីពីធនាគារបន្តិចបន្តួចប៉ុណ្ណោះ ព្រោះក្នុងវិបត្តិនៃជំងឺ Covid-19 បានប៉ះពាល់ដល់ចរន្តសាច់ប្រាក់ ដោយមិនអាចយកសាច់ប្រាក់ទៅវិនិយោគបាននោះទេ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីក៏បានលើកឡើងផងដែរថា សម្រាប់ទីផ្សារជួលខុនដូទៅឱ្យជនបរទេសគឺមានការធ្លាក់ចុះប្រមាណ ៣០ – ៥០ ភាគរយ នៅក្នុងវិបត្តិនៃជំងឺ Covid-19 នេះ ដោយសារតែជនបរទេសមួយចំនួនបានវិលទៅកាន់ស្រុកកំណើតរបស់គាត់វិញ ហើយមិនអាចត្រឡប់មកកម្ពុជាវិញបាន ប៉ុន្តែទោះជាយ៉ាងណា តម្លៃនៃការជួលរបស់ខុនដូនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើន និងទទួលបានប្រាក់ចំណេញខ្ពស់ បើបៀបធៀបទៅការជួលខុនដូនៅតាមប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន”។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងសាងសង់ខុនដូនៅក្នុងប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ដោយសារមានការគាំទ្រពីប្រជាជននៅក្នុងស្រុក ជាពិសេសយុវជនជំនាន់ក្រោយ ឬប្រជាជនដែលទើបរៀបការថ្មីថ្មោងដែលបានទិញសម្រាប់ធ្វើការរស់នៅ។ យោងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា រហូតមកមកដល់ពេលនេះ កម្ពុជាមានបន្ទប់ខុនដូ ជាង ២ម៉ឺនយូនីត ដែលបានដាក់លក់នៅលើទីផ្សារ និងគម្រោងបញ្ចប់ ៦០ គម្រោង៕

ក្រុមប្រឹក្សាខេត្តស្រះកែវ ស្នើឱ្យបើកព្រំដែនកម្ពុជា-ថៃដើម្បីបន្តធ្វើពាណិជ្ជកម្ម ទ្វេរភាគីឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ អនុប្រធានក្រុមប្រឹក្សាខេត្តស្រះកែវ ប្រទេសថៃ បានស្នើឱ្យបើកច្រកព្រំដែនAranyapratheឡើងវិញ ដើម្បីធ្វើពាណិជ្ជកម្មតាមព្រំដែនឡើងវិញ។

លោកThongwara Maksakhon អនុប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ឲ្យដឹងថា លោកសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាបញ្ជាក់ឱ្យបានច្បាស់ថា តើពេលណាការឆ្លងដែននឹងបើកឡើងវិញ ពីព្រោះអាជ្ញាធរកម្ពុជាអនុញ្ញាត ឱ្យអាជីវករខ្មែរយកទំនិញរបស់ពួកគេពីភាគីថៃត្រឡប់ទៅទីក្រុងកម្ពុជាវិញ តាមច្រកប៉ោយប៉ែតនៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ។

លោកបានថ្លែងថា “កូវីដ១៩ បង្កការព្រួយបារម្ភ ប៉ុន្តែខេត្តក្បែរនោះដូចជា ខេត្តច័ន្ទបូរី ទទួលអាជីវករខ្មែរ ហើយពង្រាយមន្ត្រីជាច្រើននាក់ មកពិនិត្យសុខភាពរបស់ពួកគេ”។ លោកបន្តថា “យើងអនុញ្ញាតឱ្យប្រជាជនក្នុងតំបន់ ធ្វើអាជីវកម្មទាំងនៅលើដីថៃ និងកម្ពុជា។ ខ្ញុំចង់ឲ្យខេត្តស្រះកែវធ្វើតាមលំនាំនេះដែរ”។

លោកលោកThongwara Maksakhonបានបន្តថា “ទោះបីមានការបិទព្រំដែនជាផ្លូវការក៏ដោយ ក៏ប្រជាជនកម្ពុជាមូយចំនួន ឆ្លងដែនខុសច្បាប់ទៅស្រះកែវ ដោយមិនមានការត្រួតពិនិត្យទេ។ ប្រសិនបើច្រកព្រំដែនបើកទ្វារវិញ ប្រជាជននឹងត្រូវត្រួតពិនិត្យ។ ប្រកា​រនេះគួរអនុវត្តចំពោះខេត្តស្រះកែវ”។

លោកបាននិយាយថា ប្រជាជន និងអាជីវករខេត្តស្រះកែវ ដែលរកស៊ីទំនិញពីផ្សាររ៉ុងក្លឿ បានគាំទ្រការបើកច្រកព្រំដែននេះឡើងវិញ។ ខេត្តស្រះកែវ មិនមានសញ្ញាពីកូវីដ១៩អស់រយៈពេល២ខែមកហើយ។ ប្រសិនបើច្រកព្រំដែនបើកទ្វារវិញ ប្រជាជនអាចរកស៊ីចិញ្ចឹមជីវិតបាន៕

ខេត្តរតនគិរីទាក់ទាញក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន២៧

ដោយវុត្ថា

រតនគិរីៈ រហូតមកដល់ពេលនេះ ខេត្តរតនគិរី បានទាក់ទាញក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន នៅលើទំហំផ្ទៃដីសរុបចំនួន១២៤.៦៦៩ហិកតា ដោយបានអនុវត្តការដាំដុះចំនួន ៥៥.០៤ ហិកតា។

អភិបាលខេត្តរនគិរី លោកថង សាវុនបានមានប្រសាសន៍ឲ្យដឹងងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី” នៅថ្ងៃទី ១៣ ខែក្កដា ឆ្នាំ ២០២០នេះថា ក្នុងចំណោមដីសម្បទានសង្គមកិច្ចនោះ មានការវិនិយោគលើដំណាំកៅស៊ូ មានចំនួន២៥.០២១ ហិកតា ស្វាយចន្ទី១.៥០៦ ហិកតា ចេកអំបូងលឿង៨.៤៩៣ ហិកតា ស្រកានាក ៤៨០ ហិកតា ខ្នុរ ៧៦៣ ហិកតា ដូង ៥៥៥ ហិកតា ស្វាយ ៣.៨៤៨ ហិកតា និងប្រភេទឈើហូបផ្លែផ្សេងៗមានធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។

លោកបន្តថា “ក្នុងឆ្នាំ ២០១៩កន្លងមកនេះ បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន៦៧.៦០៤តោន គិតជាទឹកប្រាក់ប្រមាណ៣៧លានដុល្លារអាមេរិក”។លោកបន្ថែមថា “ជាមួយគ្នានេះ នៅក្នុងខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន៧ទីតាំង និងសិប្បកម្មកៅកៅស៊ូសន្លឹកមាន៩ទីតាំង ហើយបរិមាណជ័រកៅស៊ូក្រែបមានប្រមាណជាធម្យម៣០.៤៧៩ តោនក្នុងមួយឆ្នាំ និងរោងចក្រកែច្នៃដំឡូងមី១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចដើម្បីនាំចេញ”។

លោកថង សាវុនបានបន្ថែមថា ក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជនក្នុងខេត្តសរុបចំនួន២៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងរដល់បុគ្គលិក កម្មករប្រមាណ ១១.១៣៦នាក់  និងមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩ កំពុងប្រតិបត្តិការក្នុងខេត្ត”។

លោកបន្ថែមទៀតថា មន្ទីរការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈខេត្ត បានយកចិត្តទុក​ដាក់ចុះជាប់ជាប្រចាំ ដើម្បីពិនិត្យលើការអនុវត្តនូវរាល់សារាចរណ៍ សេចក្តីណែនាំ លិខិតបទដ្ឋាន គិតិយុត្តិនានា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញក្នុងគោលដៅធានាបាននូវផលប្រយោជន៍ និងអភិវឌ្ឍន៍លក្ខខណ្ឌការងារកាន់តែប្រសើរឡើង ជូនបងប្អូនបុគ្គលិក កម្មករ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន មានតម្រូវការកម្លាំងពលកម្មប្រ​មាណ២០០០នាក់បន្ថែមទៀត លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕

ការសិក្សាៈផ្លូវជាតិសំខាន់ៗចំនួន៣បានក្លាយជាមជ្ឈមណ្ឌលអចលនទ្រព្យបែប ឧស្សាហកម្ម និងដឹកជញ្ជួន

ដោយៈ ប៊ី

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្លូវជាតិសំខាន់ៗចំ​នួន៣បាននិងកំពុងក្លាយជា មជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យ បែបឧស្សាហកម្ម និងដឹកជញ្ជួន។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានបង្ហាញកាលពីសប្តាហ៍មុនថា តម្លៃដីបាននិងកំពុងកើនឡើងក្នុងទីក្រុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។ តម្លៃដីនៅដងផ្លូវ ២០០៤ និងវេងស្រេងមានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ ដូច្នេះ ទីតាំងឧស្សាហកម្មត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ។

របាយការណ៍ដដែលបានឱ្យដឹងថា “ទីតាំងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវក្រវ៉ាត់ទី៣ បានក្លាយជាមជ្ឈមណ្ឌល សម្រាប់ការវិនិយោគអចលនទ្រព្យ បែបឧស្សាហកម្ម និងដឹកជញ្ជួន។ ផ្លូវទាំងនេះផ្តល់ការតភ្ជាប់យ៉ាងល្អ ទៅកាន់មជ្ឈមណ្ឌលនាំចេញ និងនាំចូលក្នុងប្រទេស”។

ជាមួយគ្នានេះដែរ តម្លៃជួលខ្ពស់បំផុតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលតម្លៃចាប់ពី ២.៨០ ដុល្លារ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលទបបំផុតអាចរគជួលបានចាប់១.៨០ ទៅ ២.៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃឃ្លាំងជួល អាចរកជួលបានក្នុងតម្លៃ១.៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលរោចចក្រ ដែលមានគុណភាពលក្ខណៈអន្តរជាតិ អាចរកបានក្នុងតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សរុបមក តម្លៃដីនៅទីក្រុងភ្នំពេញ នៅតែមានតម្លៃថេរក្នុងត្រីមាសទី២ ខណៈការទិញលក់ដីធ្លីនៅក្នុងត្រីមាសនេះ មិនសូវមានជាចលនា ដោយសារកង្វះខាតនៃទីទំនេរនៅទីក្រុង៕