ដោយ ៖ ប៊ី
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្រ្តីពាក់ពន័្ធត្រូវបំពេញការងារឱ្យបានម៉ត់ចត់ក្នុងការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ទៅតាមដំណាក់កាលនិមួយៗ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលត្រូវទទួលផលពីគម្រោងនេះ។

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ។
លោកឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នេះ មាន៥សមាសធាតុដែលត្រូវអនុវត្តគឺការបែងចែកដីសង្គមកិច្ច បញ្ហាចុះបញ្ជី ការរៀបចំដី កសិកម្មចិញ្ចឹមសត្វដាំដុះដែលម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦ និងតម្រូវឱ្យមានកម្មវិធីច្បាស់លាស់ ដើម្បីឱ្យការអនុវត្តគម្រោងមានប្រសិទ្ធិភាពឆាប់រហ័ស និងទាន់ពេលវេលា។
ក្នុងគោលដៅនេះលោកបានផ្តល់ការណែនាំដល់មន្រ្តីពាក់ពន័្ធត្រូវបំពេញការងារឱ្យបានម៉ត់ចត់ក្នុងការអនុវត្តគម្រោងទៅតាមដំណាក់កាលនិមួយៗ ស្របតាមនីតិវិធី និងរៀបចំផែនការឱ្យបានច្បាស់លាស់ ព្យាយាមកែប្រែរាល់ភាពខ្វះចន្លោះនានា ជាពិសេសលើការងារចុះបញ្ជីដី ការរៀបចំដី និងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលត្រូវទទួលផលពីគម្រោងនេះ។
ជាមួយនេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការងារជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគម្រោង ដោយបានផ្តល់នូវគំនិតមតិយោបល់ដល់សមាជិកនៃអង្គប្រជុំនិងបានជំរុញឱ្យមន្រ្តីជំនាញត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តគម្រោងនេះឱ្យបានរួចរាល់ឆាប់រហ័សទាន់ពេលវេលា។ ក្នុងន័យនេះគឺដើម្បីចៀសវាងកុំឱ្យមានការអូសបន្លាយ ឬមិនយកចិត្តទុកដាក់ធ្វែសប្រហែសក្នុងការបំពេញភារកិច្ចដែលនាំអោយការងារមានភាពយឺតយ៉ាវ ឬអសកម្មនោះឡើយ ដើម្បីអោយការអនុវត្តគម្រោងមានប្រសិទ្ធភាព បានទទួលជោគជ័យ និងជាកិត្តិយសរបស់មន្រ្តីខ្លួនឯងផង ជាកិត្តិយសរបស់ក្រសួងស្ថាប័នផង និងជាការបង្កើននូវជំនឿជឿជាក់ដល់ប្រជាពលរដ្ឋក្នុងសង្គមជាតិផង សំដៅផ្តល់ផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

កាលពីចុងខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។ គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំងនិងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិសុខភាព និងមណ្ឌលសហគមន៍។ អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។ គម្រោងនេះនឹងផ្តល់ជំនួយបច្ចេកទេសផងដែរដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ដល់សកម្មភាពផលិតកម្មនិងទីផ្សារ និងដើម្បីគ្រប់គ្រងមូលនិធិសហគមន៍ សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។
នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី អ៊ីនហ្គូណា ដូប្រាចា ធ្លាប់បានមានប្រសាសន៍ថា “លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវានិងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ”។ លោកស្រី បានបន្តថា “គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ”។
ចាប់តាំងពីឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។ គម្រោងទាំងនេះបានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិសុខភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។ តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាននិងធ្វើការដាំដុះ ដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ៕








លោកបន្ថែមថា មិនមានការរុះរើលំនៅដ្ឋានប្រជាពលរដ្ឋពីភូមិកោះតូច និងភូមិសុខសាន្ត ទៅភូមិព្រែកស្វាយនោះទេ គឺកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន គ្រួសារ ផ្អែកតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។ សង់ផ្លូវគ្រួសក្រហមទទឹង ១២ម៉ែត្រ និងប្រព័ន្ធលូបានប្រវែងជាង ៤០គីឡូម៉ែត្រ នៃប្រព័ន្ធផ្លូវមេប្រវែង ៧០គីឡូម៉ែត្រ ដែលបានអនុម័ត តភ្ជាប់ចរាចរណ៍រវាងភូមិទាំង៤ នៅលើកោះរ៉ុង ដោយបច្ចុប្បន្ន បន្តសាងសង់ផ្លូវចាក់បេតុងលើផ្លូវធ្វើហើយជាបន្តទៀត។














