ស្ពានថ្មឆ្លងស្ទឹងសង្កែថ្មីក្រុងបាត់ដំបង់សាងសង់សម្រេចបានប្រមាណ៨៥ភាគរយហើយ

ដោយ ៖ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ ដែលត្រូវបានសាងសង់ទន្ទឹមស្ពានថ្មចាស់ មានអាយុកាលជាង១០០ឆ្នាំ បន្សល់ទុកតាំងពីសម័យអាណានិគមនបារាំង រហូតមកដល់ពេលនេះសម្រេចបានលទ្ធផល៨៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា គិតត្រឹមពាក់កណ្តាលខែកក្កដានេះ លទ្ធផលនៃការសាងសង់ស្ពានថ្មថ្មី ស្របនឹងស្ពានថ្មចាស់ ទល់មុខសាលារដ្ឋបាលខេត្តបាត់ដំបង សម្រេ​ចបានប្រមាណ៨៥ភាគរយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅត្រឹមដំណាច់ខែសីហា ខាងមុខនេះ។

លោកបានបញ្ជាក់ថា “ពេលនេះ កម្រាលស្ពានត្រូវបានចាក់ក្រាលបេតុង ដែលមានគុណភាពរួចរាល់ និងបន្តសាងសង់បង្កាន់ស្ពានយ៉ាងមមាញឹក ពីសំណាក់អ្នកជំនាញបច្ចេកទេស ហើយឈានទៅការរៀបចំលម្អដោយការលាបពណ៌តួស្ពាន និងបង្កាន់ដៃស្ពានដើម្បីប្្ជប់ការសាងសង់”។ លោកបន្តថា “ក្រោយពេលសាងសងរួច ស្ពាននេះនឹងដាក់ឱ្យប្រើប្រាស់ជាស្ពានឯកទិស សម្រាប់ធ្វើដំណើរចេញពីក្រុង ហើយស្ពានសម្ដេចតេ​ជោហ៊ុន សែន ដែលស្ថិតនៅទល់មុខសាលាខេត្តថ្មីក្បែរគ្នានោះ ក៏នឹងដាក់ឱ្យប្រើជាស្ពានឯកទិសក្នុងទិសដៅចូលមកក្រុងបាត់ដំបង”។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ស្ពានថ្មថ្មីដែលត្រៀមនឹងបញ្ចប់ការសាងសង់ក្នុងដ៏ពេលដ៏ខ្លីខាងមុខនេះ មានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថាបនាតាមរចនាបថសំណង់ស្រដៀងគ្នាទៅនឹងស្ពានថ្មចាស់ ប៉ុន្តែខុសគ្នាត្រង់លក្ខណៈនៃបច្ចេកទេសក្នុងការសាងសង់សំណង់ថ្មីផ្នែកគ្រឹះបាតនៃស្ពាន ដែលអាចធានាបាននូវការទ្រទ្រង់ទម្ងន់យានយន្តនៅពេលឆ្លងកាត់ និងរក្សាបានភាពស្ថិតស្ថេរយូរអង្វែង។ តាមគោលបំណងរបស់លោកអភិបាលខេត្ត លោកចង់ឱ្យមានការស្ដា និងជួសជុលស្ពានថ្មចាស់ឱ្យរួចរាល់ឡើងវិញ និងបញ្ចប់ការកែលម្អ ទាំងភាពទ្រុឌទ្រោមនៃបាតស្ពាន បង្កាន់ដៃ រួមជាមួយនឹងការលាបពណ៌ឱ្យមានសោភ័ណភាពរួចរាល់ ស្របគ្នាទៅនឹងស្ពានថ្មីផងដែរ។

កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរទាំងអស់ ឲ្យរក្សាទុកនូវរាល់សមិទ្ធផល ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង ដោយមិនត្រូវធ្វើការរុះរើ ឬបំផ្លាញចោលនោះទេ?។

ជាមួយគ្នានេះផងដែរ សម្ដេចក៏បានឲ្យរក្សាទុកនូវស្ពានថ្មចាស់ ខេត្តបាត់ដំបង ដែលបន្សល់ ក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅខាងមុសាលាខេត្តបាត់ដំបង ហើយស្ពានមួយនេះមានអាយុកាលប្រមាណ១០៣ ឆ្នាំមកហើយ ៕

រដ្ឋាភិបាលអនុម័តវិធានការចំនួន២ដើម្បីលើកស្ទួយSMEs នៅក្នុងវិបត្តិសេដ្ឋកិច្ចសកល

ដោយវុត្ថា

ភ្នំពេញៈ គណៈកម្មការធិការសកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និងធម្យមបានបើកិច្ចប្រជុំលើកទី១ ដើម្បីពិនិត្យ និងអនុម័តលើសំណើរវិធានការ ក្នុងការលើកស្ទួយសហគ្រាសធុនតូច និងធម្យម (SMEs) សម្រាប់រយៈពេលបន្ទាន់ ខ្លី និងធម្យ នៅក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចសកល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងធម្យមលើកទី១ បានឯកភាពជាគោលការ​ណ៍លើវិធានការ SMEs ដោយបានរៀបចំជាពីរដំណាក់កាល ទី១ វិធានការរយៈពេលបន្ទាន់ដោយផ្តោតលើ ចំណុចមួយចំនួនដូចជា ក) ការកាត់បន្ថយ និងសម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងធម្យម។

ខ)ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មគាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច សេវាមេធាវី និងប្រឹក្សាច្បាប់ ការចុះបញ្ជីរ គណនេយ្យ ទីផ្សារនិងបច្ចេកទេស និងគ)ជំរុញការគាំទ្រ ការផ្តល់ហិរញ្ញប្បទានដល់ SMEs  តាមរយៈធនាគារសហគ្រាសធុនតូច និងធម្យកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ទី២ វិធានការរយៈពេលខ្លី និងធម្យម ផ្តោតលើ ការគាំទ្រជាប្រព័ន្ធអេកូឡូសស៊ី រួមមាន ការបន្តកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញាត្តិ និការអនុវត្ត ការលើកកម្ពស់សេវាគាំទ្រធុរកិច្ច ការគាំទ្រហិរញ្ញវត្ថុ ការលើកម្ពស់ទីផ្សារ សម្រាប់SMEs ជំរុញនិងលើកកម្ពស់ធនធា​នមនុស្សនិង R &D និងលើកម្ពស់ផ្នត់គំនិតសហគ្រិនភាព។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការជួយគាំទ្រSMEs និងការដោះស្រាយបញ្ហាប្រឈមSMEs ត្រូវការម្របស​    ម្រួល និងការដោះស្រាយជាប្រព័ន្ធ និងស្មារតីចូលរួមចំណែករស់រវើក ជាលក្ខណៈអន្តរក្រសួង ស្ថាប័ន ដើម្បី SMEs អាចមានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទាន ដល់កំណើនសេដ្ឋកិច្ច បង្កើតកាងារ និងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ក៏ដូចជាលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដើម្បីធានាបានប្រសិទ្ធិភាពអនុវត្តិន៍ ជាកិច្ចការបន្ត ត្រូវធ្វើការសិក្សាឱ្យបានជាក់លាក់ តាមរយៈការកំណត់នូវនិយមន័យ វិសាលភាព ក៏ដូចជាផលរបរ នៃ SMEs លទ្ធភាព ជ្រោមជ្រែងហិរញ្ញវត្ថុ រៀបចំលិខិតបតដ្ឋានគតិយុត្តិដែលប្រទាក់ក្រឡា ក៏ដូចជា រៀបចំសូចនាករវាស់វែង និងការតាមដានការអនុវត្តន៍ជាអនុវិស័យ និងស្ថាប័ន៕

ADB គ្រោងនឹងផ្តល់ឥណទានជាង១៥00លានដុល្លារដល់កម្ពុជាដើម្បីជំរុញ កំណើនសេដ្ឋកិច្ច

ដោយ៖ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងស្នើសុំផ្តល់ថវិកាថ្មីចំនួន១,៥២0 លានដុល្លារអាមេរិកនៅក្នុងគម្រោងប្រតិបត្តិការ និងផែនការអាជីវកម្មនៅប្រទេសកម្ពុជារបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-២០២៣។

គម្រោងប្រតិបត្តិការ និងផែនការអាជីវកម្មនៅប្រទេសកម្ពុជា ដែលបានស្នើសុំនេះ មានគម្រោងអភិវឌ្ឍន៍សរុបចំនួន២១ ក្នុងរយៈពេល៣ឆ្នាំ ដែលរួមមានប្រាក់កម្ចីសម្បទានចំនួន១.២៥ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណងចំនួន៧០,៤លានដុល្លារ និងសហហិរញ្ញប្បទានចំនួន១៩៣លានដុល្លារ។

យោងតាមនាយកប្រចាំប្រទេសនៃធនាគារABD លោក Sunniya Durrani-Jamal បាននិយាយថា ផែនការថ្មីត្រូវគិតពិចារណាពីផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ១៩ ហើយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីថ្មីៗ ដើម្បីគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេ​សកម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០២០ ប្រទេសកម្ពុជាបាន កម្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ១,៤ ពាន់លានដុល្លារ ដែលបច្ចុប្បន្ននឹងកើនឡើងដល់២,៦ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

ប្រទេសចិនមាន៤៧ភាគរយ នៃបំណុលសរុបរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលទឹកប្រាក់ប្រមាណ៣,៦ពាន់លានដុល្លារ៕

រដ្ឋបាលខេត្តកោះកុងសម្រេចមោឃៈភាពលើការទិញ-លក់ដី ក្នុងតំបន់ការពារធម្មជាតិ

ដោយ ៖ វុត្ថា

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង ចាត់ទុកជាមោឃៈភាព និងបដិសេធចោលរាល់ការទិញ-លក់ដី ក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ខណៈរដ្ឋបាលខេត្តមើលឃើញពីសកម្មភាពទិញ-លក់យ៉ាងណាអធិបតេយ្យ នៅក្នុងតំបន់មួយចំនួនរបស់ខេត្ត និងមិនមានការចូលរួមត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។​

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងចេញផ្សាយនៅពញរឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ដីក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់ព្រៃឈើយ៉ាងអណាធិបតេយ្យ។

សេចក្តីជូនដំណឹងដដែលបានបន្តទៀតថា “ការទិញ-ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើមិនស្របច្បាប់”។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈភាព និងបដិសេធចោលនូវរាល់ការទិញ-លក់ដីធ្លីទាំងអស់ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តបញ្ជាក់ទៀថា ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីធ្លីមិនស្របតាមផ្លូវច្បាប់បែបនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហានៃការកាប់ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ រួមជាមួយនឹងការចូលរួមខុបឃិតគ្នាពីសំណាក់អ្នកមានធនធាន និងអ្នកមានអំណាចនៅតាមមូលដ្ឋានមួយចំនួនបានកើតមានស្ទើរគ្រប់ខេត្តក្រុង ជាក់ស្ដែងដូចជាករណី ដែលទើបតែកើតមាននៅក្នុងខេត្តបាត់ដំបង រវាងលោកឧកញ៉ាម្នាក់ និងអភិបាលរងខេត្ត ដែលរាជរដ្ឋាភិបាលបានចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរឹង ស្របតាមការដាក់ចេញនូវវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សេដ្ឋវិទូ​អង់គ្លេស​ខកចិត្ត​ដោយសារ​សេដ្ឋកិច្ច​ខ្លួន​បាន​ស្ទុះ​ងើបឡើង​វិញ​យឺត​ជាងការរំពឹងទុក

ដោយៈ ប៊ី

អង់គ្លេសៈ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស បាន​ស្ទុះ​ងើបឡើង​វិញ​យឺត​ជាង​ការរំពឹងទុក​ក្នុង​ខែឧសភា ដែល​កើនឡើង​ត្រឹមតែ១,៨ ភាគរយ​ពី​ខែ​មុន ដោយសារ​ការបន្ធូរបន្ថយ​ការបិទទ្វារ​ប្រទេស​ជាបណ្តើរៗ មាន​ផលប៉ះពាល់​តិចតួច។

ផលិតកម្ម និង​អគារ​លំនៅដ្ឋាន បានបង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​វិញ នៅ​ខែឧសភា ដោយសារ​ក្រុមហ៊ុន​ខ្លះ​មាន​បុគ្គលិក​វិលត្រឡប់​មក​ធ្វើការ​វិញ។

ប៉ុន្តែ​ការិយាល័យ​ស្ថិតិ​ជាតិ​បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​ស្ថិតក្នុង “ស្ថានភាព​លំបាក” ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បន្ថែមថា ជា​លទ្ធផល​នៃ​ធ្លាក់ចុះ​ខ្លាំង នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​មាន​ទំហំ​តូច​ជាង នៅ​ខែកុម្ភៈ​ជាង ២៤,៥ ភាគរយ។

ការ​ងើប​ឡើងវិញ នៃ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ខែឧសភា ត្រូវបាន​ពិពណ៌នា​ថា ជាការ​ខកចិត្ត​សម្រាប់​អ្នកសេដ្ឋកិច្ច ដែល​បាន​រំពឹងថា​នឹងមាន​ការ​កើន ឡើង​ពី៥ភាគរយ​ឡើងទៅ។

ការ​កើន​ងើបឡើង​វិញ​នេះ បាន​កើតឡើង​បន្ទាប់ពី​ការធ្លាក់ចុះ៦,៩ភាគរយ នៅក្នុង​ខែមីនា និង​ការធ្លាក់ចុះ ២០,៤ ភាគរយ​កាលពី​ខែមេសា។

ការិយាល័យ​ស្ថិតិ​ជាតិ​បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៣ ខែ​ដល់​ខែឧសភា សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ ១៩,១ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល៣ខែ​មុន។

លោក Jonathan Athow ជា​អ្នក​ស្ថិតិ​ប្រចាំ​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​មានប្រសាសន៍ថា “សេដ្ឋកិច្ច​នៅតែ​តូច​ជាង​មួយ​ភាគ​បួន​ក្នុង​ខែឧសភា ធៀប​នឹង​ខែកុម្ភៈ​មុន ពេល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ រីក​រាលដាល​ខ្លាំង” ។

លោក​បាន​បន្តថា “នៅក្នុង​ផ្នែក​សេវាកម្ម​សំខាន់ យើង​ឃើញ​មានការ​កើនឡើង​នៃ​ការលក់​រាយ តាមរយៈ​ការលក់​តាម​អន​ឡាញ” ។ លោក​បន្តថា “ទោះយ៉ាងណា​ជាមួយនឹង​ការ​រឹតបន្តឹង​បិទទ្វារ​ប្រទេស នៅមាន​កន្លែង​សេវាកម្ម​ជាច្រើន​ទៀត នៅតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក​នៅឡើយ ដោយមាន​តំបន់​មួយចំនួន​កំពុង​ធ្លាក់ចុះ” ៕

កម្ចី​ពី​ធនាគារ​លើ​វិស័យ​អចលនទ្រព្យ សំណង់ និង​លំនៅដ្ឋាន​នៅ​កម្ពុជា​កើន​ទឹកប្រាក់ ៧,៦៨ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១

ដោយ ប៊ី

ភ្នំពេញៈ ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ដល់​ជាង៧,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី១ របស់​ធនាគារជាតិ​នៃ​កម្ពុជា។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ សំណង់​និង​លំនៅដ្ឋាន​បានរួម​ចំណែក ២៨,៨ ភាគរយ នៃ​ប្រាក់កម្ចី​ពី​ធនាគារ​សរុប​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ២៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ ។  ការរួមចំណែក២៨,៨ ភាគរយ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង ៧,៦៨៩លាន​ដុល្លារ។

លោក​ជា ចាន់តូ អភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពីដើម​សប្តាហ៍​នេះ​ថា ទោះបី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើនសេដ្ឋកិច្ច​ក៏ដោយ ក៏​ឧស្សាហកម្ម​ធនាគារ​នៅតែមាន​ការរីកចម្រើន​រឹងមាំ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច។

លោក​បាន​ថ្លែងថា “នៅក្នុង​វិស័យ​ធនាគារ ហានិភ័យ​ចំបង ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត ដែលមាន​រយៈពេល​យូរ រួមមាន​ការធ្លាក់ចុះ​នូវ​ប្រាក់ចំណូល​របស់​ប្រជាជន និង​អាជីវកម្ម អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​នៃ​កំណើន​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ការធ្លាក់ចុះ​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការធ្លាក់ចុះ​នៃ​មូលធន​បរទេស​ហូរ ចូលក្នុង​វិស័យ​ធនាគារ” ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា សកម្មភាព​នៃ​ការទិញ លក់​ក្នុង​ពេលនេះ មាន​ភាពស្ងប់ស្ងាត់​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​ដើមឆ្នាំ ឬ​អំឡុងពេល​ត្រីមាស​ទី១ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោកស្រី​បញ្ជាក់ថា “រាល់​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងដំណាក់កាល​នេះ មិន​ថា​ផ្នែក​សំណង់​លំនៅដ្ឋាន​ឬ​ផ្នែក​ដីធ្លី​នោះទេ គឺមាន​ឱកាស​ចំណេញ​ដូចគ្នា ប្រសិនបើ​រាល់​អចល​ទ្រព្យ​វត្ថុ​ទាំងអស់នោះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ” ។ លោកស្រី​បន្តថា “នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ តម្លៃ​ទីផ្សារ​អាច​នឹងមាន​ភាព​ល្អប្រសើរ​ឡើងវិញ​បន្តិចបន្តួច ក្រោម​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឱ្យ​ផ្នែក​មួយចំនួន​បើក​ដំណើរការ​ឡើងវិញ” ។

ទោះជា​យ៉ាងណា ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​អាច​វិលត្រឡប់ ទៅរក​សភាព​ដើម​ដូច​ចុងឆ្នាំ២០១៩ អាច​ត្រូវការ​ពេល វេលា​យូរ​បន្តិច​យ៉ាង​ហោ​ស​ណាស់១ឆ្នាំ ឬ​អាច​លើសពីនេះ” ៕

ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កើន​ដល់​ទំហំ​ទឹកប្រាក់ជាង ៥៤ពាន់​លាន​ដុល្លារ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ទំហំ​ទឹកប្រាក់​ដល់ ៥៤,១ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០ កើនឡើង១៧,៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ជាមួយគ្នា​នឹង​ការបញ្ចេញ​ឥណទាន​បាន​កើន​ទឹកប្រាក់​ដល់៣៤,៤ ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​មាន៣០,៥ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ប្រចាំឆមាស​ទី១ ឆ្នាំ២០២០នេះ។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ស្ថាប័ន​នេះ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ត្រួតពិនិត្យ​សុខមាលភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ។ ជា​លទ្ធផល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ស្ថិតក្នុង​ស្ថាន​ភាពល្អ។

របាយការណ៍​ខាងលើ ដែល​គេ​ទំព័រ Cambodiabanknews.com ទទួលបាន​កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍនភាព​ប្រក​ដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាង​យ៉ាង​កម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដោយ​ឥណទាន​បាន​បន្ត​កើន ១៩,៦ ភាគរយ ហើយ​ប្រាក់​បញ្ញើ​កើន១២,៣ភាគរយ។

របាយការណ៍​បានឱ្យដឹងថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សុខភាព​រឹងមាំ ហើយ​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ​ជា​លំដាប់ និង​បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កើនឡើង ប្រកបដោយ​ចីរភាព។

ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង់​ប្រាក់​ត្រូវបានធ្វើ​ទំនើបកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ដោយបាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ទាំង​ការទូទាត់​តម្លៃ​រាយ និង​ដុំ ជាពិសេស​ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​រី​ថែ​ល​ថេ ដែល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ក្នុងពេល​ខាងមុខឆាប់ៗខាងមុខ ហើយ​ស្តង់ដា​QR កូដ រួម​នឹង​បង្កើតឡើង​ក្នុង​គោលដៅ សម្រួល​ដល់​ការទូទាត់​ឆ្លង​គ្នា​រវាង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់ និង​ការអនុវត្ត​គម្រោង​ភ្ជាប់​ការទូទាត់ ជាមួយ​ប្រទេស​ក្នុង​តំបន់។

ធនាគារជាតិ​នៃ​កម្ពុជា បាន​គ្រប់គ្រង​ចរាចរណ៍​សាច់ប្រាក់ ប្រក​ដ​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​ទូទាំងប្រទេស។ ការប្រើប្រាស់​ប្រាក់រៀល បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០នេះ ដែល​ឆ្លុះបញ្ចាំង ដោយ​កំណើន​រូបិយវត្ថុ​ក្នុង​ចរ​ចរណ៍ (៣៦,៤ភាគរយ) និង​កំណ​ន​សមាមាត្រ​ឥណទាន​ជា​រៀល​ដល់១៣ភាគរយ នៃ​ឥណទាន​សរុប៕

ចំណេះដឹង! តើ​គួរ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬទេ?

ដោយៈ វុត្ថា

ភ្នំពេញៈ ចំណុច​ដែល​លោក អ្នក​គួរ​យកមក​ធ្វើការ​ពិចារណា​ថា តើ​គួរ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬ​យ៉ាងណា​នោះ ជា​កិច្ច​ចាប់ផ្តើម​លោក អ្នក​ត្រូវតែ​សួរ​សំណួរ​មួយចំនួន​ដូចជា។

ក. តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ តែងតែ​លើសពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់ខ្ញុំ​ឬទេ? ឧ​ទា​ហរ​ណ៏ ប្រសិនបើ​លោកអ្នក​ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដល់​ការនាំចេញ​សេវា ដែល​ជាប់​អាករ​តាម​អត្រា​សូន្យ​ភាគរយ លោកអ្នក​អាច​ពិចារណា​បាន​ថា អ្នកនឹង​មានបំណង​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ និង​ចំណាយ​នានា។

ខ. តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ជាប់​អាករ ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ? ប្រសិនបើ​លោក អ្នក​មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ លោក អ្នក​មិនអាច​ចេញ​វិ​ក្ក័​យ​ប័ត្រ​អាករ លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន ដែល​បាន​ចុះបញ្ជី​របស់​អ្នក​បានទេ។ ពេលនោះ​អតិថិជន​របស់​អ្នក មិនអាច​ស្នើសុំ​ឥណទាន​អាករ លើ​ធាតុ​ចូល​បានទេ។ ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ អតិថិជន​របស់​អ្នកនឹង​ត្រូវ​គិតថ្លៃ​ខ្ពស់ជាង​សព្វដង។

ក្នុងករណីនេះ គាត់​អាច​នឹង​ជ្រើសរើស​ការធ្វើ​អាជីវកម្ម ជាមួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត ហើយ​អ្នកនឹង​បាត់បង់​មុខរបរ​របស់ខ្លួន។

គ. តើ​ខ្ញុំ​ធ្វើ​អាជីវកម្ម​ជាសំខាន់​ជាមួយ​បុគ្គល​ជាប់​អាករ ដែល​មិនបាន​ចុះបញ្ជី​ឬទេ? ក្នុងករណីនេះ វា​ហាក់ដូចជា​គ្មាន​ផលប្រយោជន៍​អ្វី​ដល់​អ្នក ដើម្បី​ចុះ​ច​ញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ រហូតដល់​ពេលណា​ដែល​អ្នកមាន​ផលរបរ ដល់​កំរិត​ត្រូវ​ចុះ​ច​ញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ។

ឃ. លោក អ្នក​គួរ​យកមក​ពិចារណា​ផងដែរ​នូវ​កាតព្វកិច្ច នៃ​ការចុះបញ្ជី ៖ នៅពេលដែល​បាន​ចុះបញ្ជី​រួច អ្នក​ត្រូវ​គណនា​អាករ​លើ​ធាតុ​ចេញ លើ​ការផ្គត់ផ្គង់​ជាប់​អាករ​ទាំងអស់។ អ្នក​អាច​ស្នើសុំ​ឥណទាន​បានតែ​ចំពោះ​អាករ​លើ​ធាតុ​ចូល ដែល​អាចបែងចែក​បាន​ចំពោះ​ការផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ។

លោក អ្នក​ត្រូវដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ឱ្យបាន​ទៀងទាត់ ហើយ​និង​កាន់​រក្សា​បញ្ជី​កា​គណនេយ្យ ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដា រ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា។ ប្រសិនបើ​អ្នកសម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត ត្រូវ​ភ្ជាប់​មក​ជាមួយនឹង​ទម្រង់​ពាក្យ ស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត​នៃ​អាជីវកម្ម​របស់​អ្នក និង​មូល​ហេតុដែល​មានបំណង​ចុះបញ្ជី ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការស្នើសុំ​ចុះបញ្ជី​ផង។

ប្រសិនបើ​លោក អ្នក​មិនមាន​បំណង​ចុះបញ្ជី​ក្នុងពេល​បច្ចុប្បន្ន​ទេ អ្នក​ក៏ត្រូវ​បញ្ជាក់​ពី​ហេតុផល។ ប្រសិនបើ​អ្នក​ត្រូវ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត នោះ​អ្នកនឹង​ស្ថិតក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង​រយៈពេល២ឆ្នាំ ដោយ​មិន​គិតពី​តម្លៃ​នៃ​ផលរបរ​ជាប់​អាករ នៃ​អាជីវកម្ម​នោះឡើយ៕

ព្រែកកំពត នឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅចុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត
កំពត ៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍ និងប្រែក្លាយតំបន់ឆ្នេរ និងមាត់ព្រែកឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏សែនមនោរម្យរបស់គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកំពត បាន និងកំពុងជំរុញការកែលម្អសោភ័ណភាព និងបង្កើតតំបន់កម្សាន្តក្នុងខេត្តជាច្រើន។

ក្រោមកិច្ចដឹកនាំប្រជុំនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា រដ្ឋបាលខេត្តត្រូវតែបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំកែលំអរ តាមបណ្ដោយមាត់ព្រែកកំពង់បាយខេត្តកំពត ឱ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលប្រកបដោយភាពទាក់ទាញ។

លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា “បច្ចុប្បន្ន តាមបណ្ដោយព្រែកកំពតមានទឹកហូរនៅកន្លែងខ្លះ តម្រូវឱ្យមានការរៀបចំឱ្យបានល្អស្អាតឡើងវិញ និងដោយផ្ដើមចេញពីការប្រុងប្រយ័ត្នពីទឹកជំនន់នៅរដូវវស្សាចូលក្រុងកំពត ។ ដូច្នេះកិច្ចប្រជុំពេលនេះរដ្ឋបាលខេត្ត នឹងផ្ដើមរៀបចំគណៈកម្មការមួយ ដើម្បីស្ដារព្រែកកំពង់បាយនេះ ឱ្យបានកាន់តែល្អស្អាតបន្ថែមទៀត ស័ក្ដិសមជាខេត្តគោលដៅទេសចរណ៍ ដើម្បីធ្វើឱ្យខេត្តមានការទាក់ទាញ”។

នៅក្នុងកិច្ចប្រជុំ រដ្ឋបាលខេត្ត បានលើកឡើងពីគម្រោងផែនការស្ដារព្រែកកំពត និងកែលំអរសោភ័ណភាពតាមដងព្រែកឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយអនាម័យបរិស្ថាន ធានាបានសុខមាលភាពសាធារណៈ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពតឱ្យបានកាន់តែច្រើនឡើងថែមទៀត។

ដោយឡែក អភិបាលខេត្តកំពត លោក ជាវ តាយ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពតបាន និងខិតខំរៀបចំកែលម្អរសោភ័ណភាពនៅទូទាំងខេត្ត ជាពិសេសតាមតំបន់កម្សាន្តធម្មជាតិនានា ឱ្យបានល្អស្អាតនៅត្រឹមដំណាច់ចុងឆ្នាំ២០២០ខាងមុខនេះ សម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំសាកល ជាពិសេសកែលម្អសោភ័ណភាពតាមបណ្ដោយមាត់ព្រែកកំពតនេះសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពតមកទស្សនាកំសាន្តផងដែរ៕

ការព្យាករណ៍ ៖ ឆមាសទី២ ឆ្នាំ២០២០ តម្រូវការជួលតូបក្នុងផ្សារទំនើប នឹងមានកំណើនទាបបំផុត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដោយបន្សល់ទុកពីការធ្លាក់ចុះនៅក្នុងឆមាសទី១ សម្រាប់ទីផ្សារនៃការជួលទីតាំងលក់រាយក្នុងផ្សារទំនើបនៅឆមាសទី២ ឆ្នាំ២០២០ នេះត្រូវបានក្រុមហ៊ុនជំនាញធ្វើការព្យាការណ៍ថា អាចនឹងមានកំណើនឡើងវិញតិចបំផុត បើជាទោះរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យផ្នែកកម្សាន្តខ្លះចាប់ដំណើរការឡើងវិញក៏ដោយ។

យោងតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញបន្តិចបន្តួចនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០។

របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក ១៩ភាគរយ ក៏ដោយ សម្រាប់ឆមាសទី២ នៃឆ្នាំដដែលនេះ តម្រូវការជួលតូបនឹងអាចមានកំណើនឡើងវិញមានប្រមាណ ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សារជាបណ្ដើរៗ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា ផ្អែកតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញថា មនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាព និងចេញដើរឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ ជាពិសេស បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តមួយចំនួនចាប់ដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកស្រីបានបន្តទៀតថា “នៅក្នុងឆមាសទី១ ក្រៅពីវិស័យឧស្សាហកម្ម គឺវិស័យសណ្ឋាគារ (Hotel) និងវិស័យផ្សារទំនើប (Retail) ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងឆមាសទី២នៃឆ្នាំនេះ យើងរំពឹងថានឹងមានកំណើនឡើងវិញបន្តិច”។ លោកស្រីបន្តថា “ការអនុញ្ញាតឱ្យចាប់បើកដំណើរការឡើងវិញនូវអាជីវកម្មផ្នែកកម្សាន្ត និងសេវាកម្មមួយចំនួនរបស់រាជរដ្ឋាភិបាលពិតជាបានចូលរួមជួយធ្វើវិស័យទាំង២ខាងលើនេះមានភាពល្អប្រសើរ ប៉ុន្តែកំណើននៃតម្រូវការទីផ្សារគឺនៅមានកម្រិតនៅឡើយ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រី អាន សុធីតា បានធ្វើការព្យាករណ៍ថា សម្រាប់វិស័យ Retail នៅក្នុងឆមាសទី២នេះ ការផ្គត់ផ្គង់នឹងមានការកើនឡើង ដោយសារមានការបើកសម្ភោធផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall នៅតំបន់បឹងកក់ ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១ ភាគរយ ឬស្មើនឹងប្រមាណ ២៤ភាគរយ នៃបរិមាណការផ្គត់ផ្គង់លើផ្សារបែបសហគមន៍ ប៉ុន្តែសម្រាប់កំណើននៃតម្រូវការជួលហាក់មានកម្រិតទាប។ ដោយឡែកសម្រាប់វិស័យសណ្ឋាគារ (Hotel) គឺមានភាពល្អប្រសើរជាង ដែលផ្តើមចេញពីតម្រូវការក្នុងស្រុកបន្ទាប់ពីទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមចេញដើរកម្សាន្តឡើងវិញនៅតាមតំបន់កម្សាន្តឡើងវិញជាបណ្ដើរៗ ៕