ផ្សារ​ហ៊ុន​ជប៉ុន​ហក់​ឡើង​ខ្ពស់​បន្ទាប់​មាន​ក្តី​សង្ឃឹមលើ​ការផលិត​វ៉ាក់សាំង​និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច

ដោយ ប៊ី

ភ្នំពេញៈ ផ្សារ​ហ៊ុន​របស់​ជប៉ុន បាន​កើនឡើង​នៅ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ ដែលជា​កំណើន​រយៈពេល៥សប្តាហ៍​ជាប់​គ្នា ដោយ សារ​មាន​ក្តី​សង្ឃឹមលើ​ការផលិត​វ៉ាក់សាំង និង​សុទិដ្ឋិនិយម​អំពី​ការរំពឹងទុក និង​ការ​កំណើនសេដ្ឋកិច្ច​លឿន​រហ័ស។

អ្នកវិភាគ​សេដ្ឋកិច្ច​បាន​រំពឹងថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន នឹង​កើនឡើង​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំនេះ។

ស​ន្ទ​ស្សន៍​ក្រុមហ៊ុន Nikkei បាន​កើនឡើង​ខ្ពស់១,៥៩ភាគរយ បន្ទាប់ពី​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី១០ ខែមិថុនា។

ភាគហ៊ុន​មាន​កើនឡើង បន្ទាប់ពី​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា របស់​សហរដ្ឋអាមេរិក​ឈ្មោះថា Moderna Inc បាន​លើកឡើងថា វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ តាម​ការពិសោធ​របស់​ខ្លួន​បាន​បង្ហាញថា វា​មាន​សុវត្ថិភាព និង​បង្កឱ្យមាន​ការបង្កើន​ភា​ព​ស៊ាំ នៅក្នុង​ការសិក្សា​ដំណាក់កាល​ដំបូង។

លោក Kiyoshi Ishigane ប្រធាន​មូលនិធិ​នៅ​ក្រុមហ៊ុន Mitsubishi UFJ Kokusai Asset Management បាន​មានប្រសាសន៍ថា“ ភាគហ៊ុន​របស់​ប្រទេស​ជប៉ុន កំពុង​ចាប់  ផ្តើម​តាម​ការកើនឡើង” ។

លោក​បាន​បន្តថា “នៅក្នុង​រូបភាព​ធំ​ជាង​នេះ ការរំពឹងទុក​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅតែ​រឹងមាំ។ ឥឡូវនេះ​យើង​មាន​វិធីសាស្ត្រ​ល្អប្រសើរ​ជាង​មុន ដើម្បី​តាមដាន​ជំងឺ​នេះ ហើយ​មានការ​វិវឌ្ឍន៍​បន្ថែម​ទៀត​ក្នុងការ​អភិវឌ្ឍ​ថ្នាំ ដើម្បី​ព្យាបាល​វា” ។

ទិន្នន័យថ្មីៗពី​ប្រទេស​សេដ្ឋកិច្ចធំៗជាច្រើន បានបង្ហាញ​សញ្ញា​ថា សកម្មភាព​សាជីវកម្ម និង​ការចំណាយ​របស់​អតិថិជន កំពុង​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ។

ទន្ទឹមនឹង​នេះដែរ ធនាគារកណ្តាល​ជប៉ុន បាន​រក្សា​គោលនយោបាយ​រូបិយវត្ថុ​ឱ្យមាន​ស្ថេរភាព​នៅ​ថ្ងៃ​ពុធ និង​រក្សា​ទស្សនៈ​របស់ខ្លួន​ថា សេដ្ឋកិច្ច​នឹង​ងើបឡើង​បន្តិចម្តង៕

ចំណេះដឹង! អ្វី​ជា​នីតិវិធី​និង​ការធ្វើ​បែបបទ​ដាក់​ទំនិញ​តាម​យន្តហោះ?

ដោយ ​វុត្ថា

ភ្នំពេញៈ យន្តហោះ​ចេញចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​នៃ​កម្ពុជា ហើយ​ពេល​ហោះហើរ​ក្នុង​ដែនអាកាស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ទម្លាក់​ទំនិញ​ខុសពី​តម្រាយ​ផ្លូវ​ឡើយ។

លើកលែងតែ​ករណី ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ដែល​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​សមត្ថកិច្ច​គយ ដែល​នៅ​ជិត​បំផុត​នៅនឹងកន្លែង​ចុះចត។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹង​ទៀតថា  ការលើកដាក់​ទំនិញ ឥ​វ៉ាន់​អ្នកដំណើរ​ចុះឡើង​ពី​យន្តហោះ ត្រូវមាន​ការអនុញ្ញាត និង​ការត្រួតពិនិត្យ​ពី​មន្ត្រី​គយ និង នៅពេល​មន្ត្រី​គយ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​យន្តហោះ អាកាសយានិក ឬ អ្នកតំណាង​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងពេល​បំពេញភារកិច្ច។

ក្នុងករណី​យន្តហោះ​ដែលមាន​គ្រោះថ្នាក់ ឬ​មានការ​ចៀសវាង​គ្រោះថ្នាក់ រួច​មានការ​ចុះចត នៅ​ចំណត​អាកាសយានដ្ឋាន​ណាមួយ ដែល​គ្មាន​មន្ត្រី​គយ ក្នុងករណីនេះ​អាកាសយាន​និក ឬ​អ្នកតំណាង​ត្រូវ​រាយការណ៍ ឲ្យ​រដ្ឋអំណាច​មូលដ្ឋាន​ទីនោះ ធ្វើការ​ត្រួតពិនិត្យ​ជំនួស​មន្ត្រី​គយ៕

រដ្ឋាភិបាលចេញអនុក្រឹត្យជាផ្លូវការឱ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សម្រាកការងាររយៈពេល៥ថ្ងៃនៅខែសីហាខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជាផ្លូវការ អនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧- ២១ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ បានពិភាក្សាជាមួយនឹងបភាគីពាក់ព័ន្ធនានា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០នេះ តំណាងវិស័យឯកជន បានស្នើសុំរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាកជំនួស​ ឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណីខ្មែរនៅថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ ២០២០។

ការអ​នុញ្ញាត្តឲ្យឈប់់សំរាកនេះ ដោយផ្អែកលើហេតុផល និងគោលបំណងសំណ​ងសំខាន់ៗមួយចំនួនដូចជា ទី១) ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រោងចក្រសហគ្រាស ជាពិសេសវិស័យកាត់ដេរ និងស្បែកជើង ក្នុងការបញ្ចប់ច្រវាក់ផលិតកម្ម និងការនាំចេញទំនិញតាមការបញ្ជាទិញដែលមានស្រាប់ ឱ្យបានមុនថ្ងៃ ១២ ខែសីហា ឆ្នាំ ២០២០ ដែលជាកាលបរិច្ឆេទនៃការចូលជាធរមាននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)របស់សហភាពអឺរ៉ុប។

ទី២) ជាកាលបរិច្ឆេទមួយដែលមានគម្លាតសមរម្យ (មួយខែ) ពីធីបុណ្យភ្ជុំបិណ្យដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យប្រជាជនចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការចំណាយ២ដងក្នុងកំឡុ​ងពេលឈប់សម្រាកដាច់ពីគ្នា។ ទី៣) អាចអនុញ្ញាតឱ្យម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់នៅតាមតំបន់ទេសចរណ៍សំខាន់ៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តក្នុងអំឡុងពេលឈប់សម្រាក។

ទី៤ កម្មករ-និយោជិតទទួលបានប្រាក់បៀវត្សរ៍ មុនពេលឈប់សម្រាក ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកំសាន្ត និងចំណាយនានា៕

គម្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចទេសចរណ៍ស្ថិតនៅក្នុងសភាពទ្រឹង

ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញមើលឃើញថា វិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូង និងរមណីយដ្ឋានជាដើមនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មាននៅឡើយទេ ខណៈដែលវិនិយោគិនក្នុងស្រុក និងក្រៅស្រុក រងចាំមើលស្ថានភាពស្ងប់ស្ងាត់នៃជំងឺ Covid-19។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កន្លកនេះ សកម្មភាពនៃការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានច្រើននៅតាមតំបន់ភាគ ឦសានប្រទេស មានដូចជាខេត្តរតនគិរី និងមណ្ឌលគិរីជាដើម និងតំបន់ខេត្តជាប់មាត់សមុទ្រ តែ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 កន្លងមកនេះ (ឆ្នាំ ២០២០) មិនមានសកម្មភាពវិនិយោគនោះទេ។

លោកស្រីបន្តថា “សកម្មភាពវិនិយោគលើវិស័យបដិសណ្ឋារកិច្ចហាក់មានស្ថានភាពនៅទ្រឹង ទាំងអ្នកវិនិយោគនៅក្នុងស្រុក និងក្រៅស្រុក មិនហានបោះទុនិយោគនោះទេ ដោយរងចាំមើលពីស្ថានភាពនៃជំងឺ Covid-19 ដែលកំពុងរាតត្បាតជាសកលផុតរលត់ទៅវិញ”។

តែយ៉ាងណាក៏ដោយ លោកស្រីថា “បើទោះបីមិនមានការវិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចក៏ដោយ ក៏វិស័យនេះ នៅតែអាចមានលទ្ធភាពទទួលភ្ញៀវទេសចររនៅក្នុងស្រុកបានដែរ នៅគ្រប់គោលដៅទេសចរណ៍ ក្នុងពេលនៃការឈប់សំរាកនាពេលខាងមុខនេះដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សំរាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ”។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងកន្លងមកនេះ ថា វិស័យទេសចរណ៍ផ្នែកសេវាកម្មបានធ្លាក់ចុះយ៉ាងគំហុកដោយសារវិបត្តិនៃជំងឺ Covid-19 កាលពីពេលកន្លងទៅនេះ ប៉ុន្តែសម្រាប់ឆមាសទី២ ឆ្នាំ ២០២០នេះ វិស័យទេសចរណ៍ផ្នែកសេវាកម្មបដិសណ្ឋារកិច្ចនឹងមានកំណើនឡើងវិញបន្តិចដោយសារសកម្មភាពទេសចរក្នុងស្រុក ចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ។
លោកស្រីបន្តទៀថា “បើទោះបីជា តម្រូវការទីផ្សារក្នុងវិស័យបដិសណ្ឋារកិច្ចមានកំណើនឡើងវិញក៏ដោយ ប៉ុន្តែសម្រាប់ការវិនិយោគគម្រោងថ្មីអាចនៅមិនទាន់មាននោះទេ យ៉ាងហោចណាស់រហូតដល់ដើមឆ្នាំ ២០២១ ឬ យូរជាងនេះទើបមានឡើងវិញក្រោមការវិនិយោគពីអ្នកក្នុងស្រុក និងមកពីក្រៅប្រទេស ក្រោយពីវិបត្តិជំងឺ Covid-19 ត្រូវបានគ្រប់គ្រង”។

លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន បានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺCovid-19 កន្លងមកនេះ មិនមែនប៉ះពាល់ដល់ការវិនិយោគថ្មីលើវិស័យបដិសណ្ឋារកិច្ចនោះទេ ពោលគឺវាប៉ះពាល់ដល់វិស័យជាច្រើនផ្សេងៗទៀត ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ធំៗក៏ទទួលរងផលប៉ះពាល់ដែរ។

លោកបន្តថា “គ្មានក្រុមហ៊ុនណាហ៊ានដាក់ទុនវិនិយោគបន្ថែមសម្រាប់ប្រកួតប្រជែងជាមួយដែគូររបស់ខ្លួនទេនៅក្នុងអំឡុងពេលនេះ ដោយរងចាំមើលពីស្ថានភាពស្ងប់ស្ងាត់នៃជំងឺ Covid-19 ហើយបានធ្វើឱ្យការធ្លាក់ចុះចំណូលយ៉ាងខ្លាំងនៅក្នុងវិស័យនេះ អាចនិយាយបានថា ជំងឺនេះ កូរគ្រប់រឿង”៕

ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សិក្សាអំពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស) ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាទៅលើគម្រោងនៃការបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មប្រចាំប្រទេស ដើម្បីជំរុញ និងធ្វើកាលានុវត្តភាពវិស័យមួយនេះ។

លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានទទួលជួប និងបើកកិច្ចប្រជុំរួមជាមួយសមាជិក ស.អ.ក រួមជាមួយអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស) ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។

តំណាងឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងឱ្យការយល់ឃើញពីវិស័យស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានមានប្រសាសន៍គាំទ្រពេញទំហឹងលើគំនិតក្នុងការបង្កើតឱ្យមាននូវតំបន់ពិសេស សម្រាប់វិស័យកសិ-ឧស្សាហកម្មនេះ ដែលស្រូវអង្ករកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងនេះវិស័យកសិកម្ម និងជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់។

នៅក្នុងជំនួបប្រឹក្សាយោបល់នេះ លោកឧកញ៉ា ចាន់ សុឃាំង ក៏បានលើកឡើងនូវការយល់ឃើញនានា ក៏ដូចជាផ្តល់នូវធាតុចូលទាក់ទងនឹងបញ្ហាប្រឈមកាលានុវត្តភាព និងសំណើផ្សេងៗ តបទៅតាមកម្រងសំណួរដែលខាងក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានសាកសួរ ដើម្បីអាចឱ្យក្រុមការងារយកទៅវាយតម្លៃ និងជាគោលគំនិតសិក្សាបន្ថែមពីលទ្ធភាពក្នុងការបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។

គោលបំណងនៃការសិក្សាខាងលើនេះ គឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ការសិក្សានេះ នឹងសិក្សាលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្តានុពលក្នុងការបង្កើតតំបន់ពិសេស យន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកចិត្ត រួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានាពីបណ្តាប្រទេសដទៃទៀត។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំប្រឹក្សាយោបល់នេះ ជាជំហានបន្ទាប់ ក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងបន្តធ្វើការស្រាវជ្រាវលម្អិត និងស៊ីជម្រៅបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាប្រមូលព័ត៌មាន មតិយោបល់ ធាតុចូលពីភាគីពាក់ព័ន្ធនានា ដែលមិនមែនត្រឹមតែវិស័យស្រូវអង្ករ តែរួមទាំងវិស័យកសិកម្មទាំងមូល។

ខេត្តកំពតនៅតែរក្សាបាននូវកំណើនសកម្មភាពទិញលក់ដីធ្លី

ដោយ៖ ប៊ី

ភ្នំពេញ ៖ ខេត្តកំពតនៅតែរក្សាបានសកម្មភាពទិញលក់ដីធ្លីជាបន្តបន្ទាប់ ដែលមានកំណើនតម្រូវការទាំងប្រភេទដីធ្លីអាជីវកម្ម ដីឡូត៍លំនៅឋាន និងដីកសិកម្ម ទោះបីជាសកម្មភាពនៃការទិញលក់ដីធ្លីនៅតំបន់ផ្សេងៗ ហាក់មានភាពស្ងប់ស្ងាត់ និងនៅទ្រឹងបន្តិចក៏ដោយ។

លោក សុខ គែន អគ្គនាយកក្រុមហ៊ុន Kampot Trip Real Estate បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា ការទិញលក់ដីធ្លីនៅខេត្តកំពតសព្វថ្ងៃនេះ គឺនៅតែមានសកម្មភាព និងបន្តកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ បានធូរស្រាល តែភាគច្រើននៃអ្នកស្វែងរកទិញដីធ្លីក្នុងខេត្តនេះជាវិនិយោគិនក្នុងស្រុក ខណៈស្ងប់ស្ងាត់សម្រាប់វិនិយោគិនបរទេស។

លោកថា ៖ “អ្នកទិញដីធ្លីនៅកំពតភាគច្រើនជាអ្នកចង់មានផ្ទះទី២ ដែលសំដៅលើផ្ទះបែបលំហែកាយ សម្រាកការកម្សាន្ត និងលំហែនៅពេលពួកគេទំនេរពីការងារ។ ប៉ុន្តែទោះបីជាមួយរយៈនេះសកម្មភាពទិញលក់មានការកើនឡើងក្ដី តែតម្លៃដីធ្លីហាក់មិនមានការប្រែប្រួលនោះទេ ពោលគឺនៅតែរក្សាតម្លៃដដែល”។

លោក វិន ឈុនហ៊ាត នាយកគម្រោងពុះដីឡូត៍ TH Land ក្នុងខេត្តកំពត បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ សម្រាប់ការទិញលក់ដីធ្លីក្នុងខេត្តកំពតនៅតែមានសកម្មភាពជាធម្មតា ដោយមានភ្ញៀវខ្មែរ និងភ្ញៀវបរទេសខ្លះដែលមានជនជាតិខ្មែរជាអ្នកឈរឈ្មោះបានមកដល់កំពត និងស្វែងរកទិញដី ជាពិសេសប្រភេទដីសម្រាប់សង់លំនៅឋានលំហែកាយ ដោយសារតែខេត្តកំពតជាគោលដៅទេសចរណ៍មួយដ៏មានសក្ដានុពលនាពេលបច្ចុប្បន្ន និងអនាគត។

លោកបានឱ្យដឹងទៀតថា “អ្នកវិនិយោគ ឬអ្នកមានទ្រព្យមួយចំនួននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗ តែងចង់បានដីធ្លីសម្រាប់សង់លំនៅឋានទុកលំហែកាយពេលសម្រាកពីការងារ និងអាជីវកម្មរបស់ពួកគេ។ និយាយជារួម សព្វថ្ងៃគេឃើញថាវិនិយោគបរទេស ក៏ដូចជាវិនិយោគិនជនជាតិចិនមួយចំនួន បានត្រឡប់មកកម្ពុជាម្ដងទៀត បន្ទាប់ពីបានចាកចេញពីកម្ពុជាកាលពីពេលកន្លងទៅ ក្រោយការបិទល្បែងអនឡាញ។ ប៉ុន្តែ ការវិលត្រលប់មករបស់ជនជាតិចិនទាំងនោះ ភាគច្រើនជាអ្នកវិនិយោគ មិនមែនជាអ្នកលេងល្បែងដូចកាលពីមុននោះឡើយ ហើយបើមានក៏មានតិចតួចដែរ”៕

ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងចូលរួមអភិវឌ្ឍផលិតកម្មកសិកម្មកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មកសិកម្មសុវត្ថិភាពនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស ទៅតាមជំនាញនីមួយៗរបស់ក្រុមហ៊ុន។

លោក Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green Co., Ltd នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ”នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្រុមហ៊ុនទាំង ១០នេះ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ។

ជាមួយគ្នានេះ លោកបានស្នើសុំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឲ្យបានពេញលេញដើម្បីកាអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់។

យោងលើខ្លឹមសារសំខាន់ៗនៃឯកសារអនុស្សរណនេះមានជាអាទិ៍ដែលបានចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖

ទី១- ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយតបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។
ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ព្រឹត្តិការនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា ជាក់ស្តែង គោលបំណងសំខាន់ៗទាំង ៤ ខាងលើបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ” វិញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ឯកសារ MOU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបន្ថែមថា គម្រោងវិនិយោគនេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា ” Product of Cambodia” ហើយនេះគឺជាមោទនភាពជាតិយើង៕

អ្នកជំនាញ ៖ ទោះកំណើនលំនៅដ្ឋានថ្មីកើនឡើងច្រើន ប៉ុន្តែតម្លៃមិនស្រុតចុះនោះទេ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងបរិបថដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពប្រឈមយ៉ាងក៏ដោយ ប៉ុន្តែសម្រាប់សកម្មភាពនៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅកម្ពុជាមិនបានទ្រុឌទ្រោមនោះទេ ផ្ទុយទៅវិញវិស័យមួយនេះ បាន និងកំពុងបន្តដំណើរយ៉ាងមមាញឹកស្របតាមផែនការរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារជាក់ស្ដែង។

អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្នបានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពនាពេលនេះក៏ដោយ សម្រាប់ដំណើរការនៃការសាងសង់លំនៅដ្ឋាន ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានគម្រោងច្បាស់លាស់ និងមានទីផ្សារនៅតែបន្តដំណើរការរបស់ខ្លួនដោយមិនអាចឈប់ពាក់កណ្តាលទីបាននោះទេ។

លោក ម៉ាន់ ចាន់ឌី បានបញ្ជាក់ថា “គ្រប់ការសាងសង់ក៏ដូចជាការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងអស់ គឺសុទ្ធតែធ្វើឡើងទៅតាមផែនការ ហើតភាគច្រើននៃគម្រោងដែលបានចាប់ផ្តើមសាងសង់ក៏សុទ្ធតែមានអតិថិជនក្នុងដៃ ដូច្នេះ ក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនមិនមានភាពប្រឈមខ្ពស់ទៅនឹងស្ថានភាពសព្វនេះនោះទេ ដែលវាខុសពីផ្នែកដទៃនៃវិស័យអចលនទ្រព្យផ្សេងទៀត”។ លោកបន្តថា “យើងទទួលស្គាល់ថា ក្នុងដំណាក់កាលនេះមានគម្រោងអភិវឌ្ឍន៍ជាច្រើន បានបន្តដំណើរការសាងសង់ ដែលធ្វើឱ្យកើនឡើងនូវកំណើនលំនៅដ្ឋានថ្មីក្នុងរាជធានីភ្នំពេញ និងតាមតំបន់ជាយក្រុងកាន់តែច្រើន ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្ដែងនោះទេ បើប្រៀបធៀបទៅនឹងលំហូរនៃចំនួនប្រជាជនចូលមករស់នៅ និងប្រកបមុខរបរនៅទីក្រុងភ្នំពេញ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Land Station លោក កាង សុធី បានមានប្រសាសន៍ថា “នៅក្នុងដំណាក់កាលដែលបញ្ហាជំងឺឆ្លងកំពុងផ្ទុះឡើង ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើងស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ”។

លោក កាង សុធី បានបន្តទៀតថា “ភាពនៅទ្រឹងនៃតម្លៃលំនៅដ្ឋានគឺបណ្តាកមកពីហេតុផលមួយចំនួន ដែលក្រៅពីធ្វើការអភិវឌ្ឍនៅលើដីដែលមានតម្លៃថ្លៃស្រាប់ គឺនៅមានការចំណាយបូកបញ្ចូលទៅក្នុងថ្លៃដើមនៃលំនៅដ្ឋានដូចជាការថែមជូននូវសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ វត្ថុអនុស្សាវរីយ៍ រូមជាមួយការផ្តល់ជូននូវកម្មវិធីផ្សេងៗមួយចំនួន ដើម្បីអាចដណ្ដើមបានចំណែកទីផ្សារដែលកំពុងមានការប្រកួតប្រជែងគ្នា”។

ទោះជាយ៉ាងណាក៏ដោយ លោក កាង សុធី បានលើកឡើងថា ក្នុងខណៈពេលដែលមានកំណើននៃចំនួនលំនៅដ្ឋានថ្មីកាន់តែច្រើន វាក៏ជាការផ្ដល់ឱកាសកាន់តែល្អសម្រាប់អ្នកដែលមានតម្រូវការលំនៅដ្ឋានស្នាក់នៅពិតប្រាកដ ដែលក្រៅពីទទួលបានកម្មវិធីបញ្ចុះតម្លៃ និងសម្ភារៈផ្សេងៗ ថែមទាំងមានជម្រើសច្រើនសម្រាប់ការសម្រេចចិត្តទៀងផង៕

វិស័យផលិតកម្មសម្លៀកបំពាក់នៅកម្ពុជានឹងទទួលប្រយោជន៍ ខណៈកម្លាំង ពលកម្មនៅចិនបន្តឡើងថ្លៃ

ដោយៈ ប៊ី

ភ្នំពេញៈ តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងនៅតែជាអ្នកឈានមុខគេក្នុងផលិតកម្មសម្លៀកបំពាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ទោះបីប្រទេសចិនកំពុងកាត់បន្ថយប្រតិបត្តិការផលិតកម្មសម្លៀកបំពាក់ និងបង្កើនសង្វាក់តម្លៃក៏ដោយ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគFitch Solutions កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ។

ចក្ខុវិស័យសម្រាប់វិស័យវាយនភណ្ឌ បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដែលផ្តល់កម្លាំងពលកម្មតម្លៃទាប និងទីផ្សារក្នុងស្រុកធំ អាចនឹងខាតបង់ ដោយ​សារតែកង្វះលក្ខខណ្ឌអំណោយផល។

ទោះបីជាប្រទេសចិនបង្កើនសង្វាក់តម្លៃក៏ដោយ ក៏ប្រទេសជាច្រើនទៀតនៅអាស៊ីទទួលបានផលចំណេញ ពីសក្ដានុពលទីផ្សារការងារសម្រាប់ផលិតកម្ម សម្លៀកបំពាក់ ដែលមានការតភ្ជាប់ផ្នែកដឹកនាំជញ្ជួនគ្រប់គ្រាន់ ដើម្បីបម្រើដល់ពាណិជ្ជកម្មខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលធានាបាននូវការអនុគ្រោះ ដល់ទីផ្សារអ្នកប្រើប្រាស់សំខាន់ៗ និងទីតាំងភូមិសាស្ត្រជាប់ ដល់អ្នកវត្ថុធាតុដើមនៅក្នុងប្រទេសចិន និងឥណ្ឌា។

ក្រុមហ៊ុនFitch Solutions បានឱ្យដឹងថា “យើងចាប់ផ្តើមឃើញវៀតណាមទទួលបានផលប្រយោជន៍ពីនិន្នាការទាំងនេះ ហើយរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតចូលក្នុងប្រទេស។ លើសពីនេះ យើងរំពឹងថាបង់ក្លាដែស កម្ពុជា និងមីយ៉ាន់ម៉ានឹងទទួលបានផលចំណេញកាន់តែច្រើននៅឆ្នាំខាងមុខ នៅពេលដែលថ្លៃចំណាយផ្សេងៗនៅប្រទេសវៀតណាមក៏កើនឡើងផងដែរ”។

មានការកំណត់ថា ឥណ្ឌា និងឥណ្ឌូណេស៊ី ជាអ្នកទទួលសក្តានុពលនៃការផ្លាស់ប្តូរផលិតកម្ម និងកំណើនទាក់ទងនឹងចំណែក នៃការនាំចេញសម្លៀកបំពាក់សកល។

ទោះយ៉ាងណា បើយោងតាមរបាយការណ៍ អត្រាកំណើនប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ នឹងមើលទៅមិនគួរឱ្យចាប់អារម្មណ៍ទេ បើប្រៀបធៀបជាមួយប្រទេស៤ផ្សេងទៀតរួមមានប្រទេសវៀតណាម បង់ក្លាដែស កម្ពុជា និងមីយ៉ាន់ម៉ា។

របាយការណ៍បានឱ្យដឹងថា “ប្រជាជន ដែលមានចំនួនប្រជាជនច្រើនជាងគេ១,៤ ពាន់លាននាក់នៅក្នុងប្រទេសឥណ្ឌា និង២៧៤លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យពួកគេក្លាយជាប្រទេស ដែលមានប្រជាជនច្រើនបំផុតទី២ និងទី៤លើពិភពលោក និងបង្ហាញសក្តានុពលកំណើនដ៏រឹងមាំ សម្រាប់ការប្រើប្រាស់ក្នុងស្រុក”។

ទោះយ៉ាងណា កង្វះខាតនៃការធ្វើពាណិជ្ជកម្ម ក្រោមការអនុគ្រោះទៅទីផ្សារអាមេរិក និងអឺរ៉ុប ក៏ដូចជាថ្លៃដើមពលកម្មខ្ពស់នឹងជាឧបសគ្គសម្រាប់ទីផ្សារទាំងនេះ។

របាយការណ៍បានបន្ថែមថា “យើងនៅឯ Fitch Solutions រំពឹងថា ការកើនឡើងថ្លៃដើមកម្លាំងពលកម្ម នៅក្នុងប្រទេសចិននឹងបន្តជំរុញឱ្យការផលិតទាប និងមធ្យម ទៅតំបន់ដែលមានតម្លៃទាបនៅទូទាំងអាស៊ី។

របាយការណ៍នេះបានបន្តទៀតថា “ទោះយ៉ាងណាយើងជឿជាក់ថា វានឹងកាន់តែមានភាពធ្ងន់ធ្ងរ ដោយការកើនឡើងនូវការគាំពារនិយមពាណិជ្ជកម្មសកល និងហានិភ័យភូមិសាស្ត្រនយោបាយ ដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលទំនាក់ទំនងរវាងចិន និងលោកខាងលិចកាន់តែយ៉ាប់យ៉ឺន។ និន្នាការនេះបានកើតឡើងរួចហើយយ៉ាងហោចណាស់មានរយៈពេលកន្លះទសវត្សរ៍”។

របាយការណ៍បានប៉ាន់ប្រមាណ ពីសក្តានុពលកំណើនខ្ពស់សម្រាប់ផលិតកម្មវាយនភណ្ឌ នៅក្នុងប្រទេសជិតខាង ដូចជា កម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដែស និងវៀតណាម ដែលត្រូវបានគាំទ្រដោយប្រជាជនសកម្មច្រើន និងកំពុងកើនឡើង និងតម្លៃពលកម្មទាប៕

ក្រុមហ៊ុនអាកាសចរណ៍ANA បន្តផ្អាកជើងហោះហើរមកកាន់កម្ពុជារហូត ដល់ថ្ងៃទី៣១ ខែសីហា

ដោយវុត្ថា

ជប៉ុនៈ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា ដោយសារការរីករាលដាលជំងឺCovid-19  ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន  ALL NIPPON AIRWAYS (ANA) បានប្រកាសផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះបានបញ្ជាក់ថា ក្រុមហ៊ុនរហូតដល់ថ្ងៃទី៣១ខែសីហា នឹងប្រកាសអំពីហោះហើរឡើងវិញ របស់ខ្លួននៅពេលសមស្របណាមួយ។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជា កាលពីកន្លងមកនេះគ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ -ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ស្ដីពី ការពន្យាររយៈពេលផ្អាកជើងហោះហើរត្រង់ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលនេះអាចនឹងជះឥទ្ធិពលអវិជ្ជមាន មួយចំនួននាពេលពេលអនាគត ដល់ការធ្វើដំណើរទៅវិញទៅមក របស់មនុស្សជាច្រើនដែលពាក់ព័ន្ធ ជាមួយប្រទេសទាំងពីរនិងអាចផ្ដល់ផលលំបាកផ្សេងៗ ចំពោះជីវភាពប្រចាំថ្ងៃ រួមទាំងការងាររបស់ពួកគេ។

ក្រុមហ៊ុន ANA បានប្រកាសកាត់បន្ថយទិសដៅហោះហើរ មួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដែលតម្រូវការមានការថយចុះយ៉ាងគំហុក ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃជំងឺប្រភេទថ្មី COVID-19 ។

នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានឱ្យដឹងថាជប៉ុនមានបំណងចាប់ផ្តើម​ពិភាក្សា នៅពាក់កណ្តាលខែកក្កដាស្តីពី ការបន្តអាជីវកម្មជើងហោះហើរ ជាមួយប្រទេសចំនួន១០បន្ថែមទៀត រួមមាន ចិនដីគោក កូរ៉េខាងត្បូង នតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងម៉ុងហ្គោលីផងដែរ។

ប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាស្រដៀងគ្នានេះរួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលហ្សេឡង់ ហើយបានទទួលអ្នកដំណើរជាអ្នកជំនួញជនជាតិជប៉ុនប្រមាណ៤៤០នាក់នៅចុងខែមិថុនា។

ផែនការរបស់ទីក្រុងតូក្យូ សម្រាប់ការបើកឡើងវិញនូវការធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេស ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសជប៉ុន ហើយមានការគ្រប់គ្រងបានល្អចំពោះការរីករាលដាលនៃជំងឺ Covid-19។ កោះតៃវ៉ាន់ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងចំណោមប្រទេសដំបូង ដែលយល់ព្រមនឹងការហោះហើរជាមួយជប៉ុន៕