ដោយ ៖ ហ្សូលី
ភ្នំពេញ៖ វិស័យភស្តុភារកម្ម រួមទាំងវិស័យសេវកម្មដឹកជញ្ជូន ហាក់មានសភាពល្អប្រសើរឡើងវិញ បន្ទាប់ពីឆ្លងកាត់ការធ្លាក់ចុះយ៉ាងគំហុក ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចសកលដោយសារមេរោគរាតត្បាត។ នេះបើតាមការឱ្យដឹងពីប្រធានសមាគមភស្តុភារកម្ម។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ស្ថិតនៅក្នុង ការរីករាលដាលដោយសារជំងឺកូវីដ១៩នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសបានធ្លាក់ចុះស្ទើរស្មើសូន្យហើយការ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។
លោកឧកញ៉ាបន្តថា ដោយមានការបន្ទូរបន្ថយ និងរៀបចំឱ្យមានការដឹកជញ្ជូនឆ្លងកាត់ឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា ការដឹកជញ្ជូនតាមផ្លូវគោកបានងើបឡើងក្នុងរង្វង់ ១០% ទៅ ១៥%។ ការដឹកជញ្ជូននេះ នឹងមាន កំណើនកើនឡើងវិញជាបន្តបន្ទាប់ទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ–១៩ បានធូរស្រាល និងត្រឡប់មកវិញជា ប្រក្រតីផងដែរ។
វិស័យសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវគោកនៅប្រទេសកម្ពុជា ដែលបានធ្លាក់ចុះ ដោយសារការរឹតបន្តឹង ការឆ្លងកាត់ព្រំដែន ដើម្បីទប់ទល់នឹងការរាលដាលជំងឺកូវីដ១៩ បានចាប់ផ្តើមងើបឡើងវិញក្នុងរង្វង់ ១០% ទៅ ១៥% នៃការនាំចូលវត្ថុធាតុដើម។
គោលដៅក៏ដើម្បីបម្រើឲ្យវិស័យរោងចក្រ សហគ្រាស និងនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភស្តុភារកម្មបានរៀបចំគម្រោងស្តីពីការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុក បៃ ប៉ោយប៉ែត- អារញ្ញ ប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប ដើម្បីបម្រើដល់ការផ្លាស់ប្តូរទំនិញ និងនាំចេញ-នាំចូលឲ្យបានទាន់ពេលវេលា៕






