ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ ក្រៅពីតំបន់សំខាន់ៗមួយចំនួនដែលស្ថិតនៅផ្លូវសេដ្ឋកិច្ចពិសេសដូចជាផ្លូវជាតិលេខ៤ លេខ៥១ លេខ៤១ និង៤៤ បច្ចុប្បន្ននេះវិស័យឯកជន បាន និងកំពុងបោះទុនវិនិយោគជិត១០គម្រោងដែលមានទុនរាប់សិបលានដុល្លារ នៅក្នុងស្រុកឱរ៉ាល់ ដែលធ្លាប់តែជាតំបន់សង្គ្រាម មកជាតំបន់ឧស្សាហកម្មពិសេស។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបង្ហើបប្រាប់គេហទំព័រ www.properyarea.asia នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះនៅក្នុងតំបន់ឱរ៉ាល់កំពុងមានក្រុមហ៊ុនជាតិ និងអន្តរជាតិកំពុងដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនចំនួន៧ ដែលក្នុងនោះផ្តោតសំខាន់ទៅលើវិស័យកសិ-ឧស្សាហកម្ម រួមមានរោងចក្រផលិតស្ករស រោងចក្រកែច្នៃផ្លែស្វាយសម្រាប់នាំចេញ និងរោងចក្រផលិតកេសគូតុង។
លោកអភិបាលបានមានប្រសាសន៍បន្តថា “បច្ចុប្បន្នគឺមានក្រុមហ៊ុនក្នុងស្រុក និងមកពីក្រៅប្រទេសរួមមានចិន និងកូរ៉េ កំពុងតែមានដំណើរការផលិតកម្មនៅក្នុងការផលិត និងកែច្នៃផលិតផលកសិកម្ម ដូចជាដំណាំស្វាយសម្រាប់ធ្វើការនាំចេញ ដំណាំអំពៅសម្រាប់ផលិតជាស្ករស ហើយក៏មានរោងចក្រផលិតកេសគូតុងសម្រាប់វេចខ្ចប់ផងដែរ”។
លោកបានបន្តថា “គ្រប់សកម្មភាពវិនិយោគទាំងអស់ គឺសុទ្ធតែជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទ្រទ្រង់សេដ្ឋកិច្ចតាមរយៈការបង់ពន្ធ ការផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចតំបន់មានការកើនឡើង ហើយអាចកែប្រែផ្ទៃដីដែលធ្លាប់តែជាព្រៃ ក្លាយជាតំបន់ដាំដុះ និងអភិវឌ្ឍន៍។ កាលពីមុន ស្រុកឱរ៉ាល់ជាតំបន់សង្គ្រាម ប៉ុន្តែក្រោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលក្រៅពីលុបបំបាត់នូវសង្គ្រាមក្រោមម្លប់នៃសន្តិភាព ថែមទាំងជំរុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងតំបន់យ៉ាងខ្លាំងក្លា។ បន្តិចទៀតនឹងមានវត្តមានក្រុមហ៊ុនចិនដ៏ធំមួយបន្ថែមទៀតនឹងបង្ហាញខ្លួននៅក្នុងតំបន់នេះក្នុងនាមជារោងចក្រកែច្នៃផលិតផលកសិផល”។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត ដែលជាឈ្មួញទិញ-លក់ដីនៅក្នុងតំបន់នេះបានមានប្រសាសន៍ថា វិស័យដីធ្លីនៅក្នុងស្រុកឱរ៉ាល់ដែលកំពុងមានគម្រោងវិនិយោគផ្នែកកសិឧស្សាហកម្មជាច្រើននេះ គឺនៅមានវិសាលភាពធំទូលាយនៅឡើយ ហើយតម្លៃក៏នៅទាបដែរ។
លោកបានបញ្ជាក់ថា “ដីនៅក្នុងស្រុកឱរ៉ាល់តាមផ្លូវជាតិលេខ៤៤ ចាប់ពីគីឡូម៉ែត្រ២២ តម្លៃគឺនៅទាបនៅឡើយ ដោយក្នុងមួយម៉ែត្រការ៉េប្រមាណ៥-៦ដុល្លារតែប៉ុណ្ណោះ (ប្រភេទចំការស្វាយដែលមានទំហំធំចាប់ពី១០០ហិកតាឡើង) ប៉ុន្តែក៏មានដីចំការខ្លះអាចខ្ពស់ជាងនេះបន្តិចដែលវាអាស្រ័យទៅតាមទំហំ និងស្ថានភាពជាក់ស្ដែងនៃដី”។
លោកបានបន្តឱ្យដឹងថា បច្ចុប្បន្ន ដីដែលមានតម្រូវការ និងទីផ្សារនៅពេលនេះភាគច្រើនស្ថិតនៅជាប់ផ្លូវជាតិលេខ៤៤ តែប៉ុណ្ណោះ ដោយឡែកដីដែលស្ថិតនៅខាងក្នុងជ្រៅនៅមិនទាន់មានតម្រូវការនោះទេ រហូតដីទំនេរខ្លះ និងមានព្រៃតូចៗត្រូវបានគេដាក់លក់ត្រឹមតែ១ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មានដែរ៕






