ដោយ ៖ រ៉ាណេត
សៀមរាប ៖ រហូតមកដល់ពេលនេះ ក្រោមយុទ្ធនាការផ្ទះ១ អំពូល១ របស់អភិបាលស្រុកបន្ទាយស្រី អំពូលសូឡាជិត៣០០០អំពូលត្រូវបានបំពាក់ ហើយអំពូលទាំងអស់នេះបានមកពីការចូលរួមឧបត្ថម្ភ និងថវិការៃអង្គាសពីសប្បុរសជនទាំងស្រុង។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រនិកនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មកដល់ពេលនេះ យុទ្ធនាការផ្ទះ១ អំពូល១ បានឈានដល់ទី១១ហើយ ខណៈដែលអំពូលសូឡាត្រូវបានប្រើអស់ជិត៣០០០ ទៅលើលំនៅដ្ឋានជិត៣០០០ខ្នងអំពូលរួចទៅហើយនោះ។
លោកបានបញ្ជាក់ថា “ភូមិទី១១នៃយុទ្ធនាការផ្ទះ១អំពូល១ ពិតមែនតែមិនភ្លឺស្មើនឹងភ្លើងបំភ្លឺសាធារណៈ តែសម្រាប់ទីជនបទដូចជាភូមិអូរទទឹងនេះ ពន្លឺតូចៗដែលលេចចេញដោយស្វ័យប្រវត្តិនៅតាមមុខផ្ទះនីមួយៗនៅរៀងរាល់ក្រោយពេលព្រះអាទិត្យអស្តង្គត បានប្រែក្លាយទីដែលធ្លាប់តែងងឹតសូន្យឈឹងនាពេលរាត្រី ឱ្យទៅជាភូមិដ្ឋានមួយដែលមានពន្លឺពេញមួយយប់ទល់ភ្លឺបាន”។
លោកបន្តថា “ប្រយោជន៍សំខាន់នៃពន្លឺទាំងនេះ មិនបានផ្តោតទៅលើសោភ័ណភាពនោះទេ បើទោះជាវាពិតជាបានបង្កើតភាពទាក់ទាញថ្មីក៏ដោយ។ ភាពប្រសើរឡើងនៃសុវត្ថិភាពនៅក្នុងភូមិ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ទើបជាគោលដៅពិតប្រាកដនៃយុទ្ធនាការនេះ។ អ្នកភូមិមុនៗធ្លាប់បានប្រៀបធៀបប្រាប់ខ្ញុំពីបទពិសោធន៍មុន និងក្រោយពេលមានយុទ្ធនាការផ្ទះ១អំពូល១ថា ឥឡូវនេះ ដើរក្នុងភូមិ ឆ្កែមិនសូវព្រុស លែងមានចោរលួចមាន់លួចទា ហើយក្មេងៗតូចៗដើរមកពីសាលានៅពេលយប់ក៏មិនសូវពិបាកដូចពីមុនដែរ ព្រោះទៅទីណាក៏ភ្លឺគ្រប់ផ្ទះ”។

ល្បឿននៃការអនុវត្តយុទ្ធនាការនេះយឺតជាងផែនការគ្រោងទុក ដោយហេតុតែរដ្ឋបាលស្រុកបានលុបចោលគម្រោងរៀបចំបុណ្យផ្កាទ្រង់ទ្រាយធំមួយដោយសារស្ថានភាពនៃកូវីដ១៩ និងជៀសវាងការរៃអង្គាសថវិកាក្នុងកាលៈទេសៈមិនអំណោយផលនៃការមានផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកក៏នៅបន្តទទួលបានការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យគម្រោងនេះនៅតែអាចបន្តនិរន្តភាពរបស់ខ្លួនជាប់ជានិច្ច។
ជួសមុខឱ្យប្រជាពលរដ្ឋទាំង៣០០០គ្រួសារ ដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងមានអត្ថន័យក្នុងការជួយផ្លាស់ប្តូរមុខមាត់ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទនៃស្រុកបន្ទាយស្រី។ “សុខចិត្តយឺតបន្តិចតែមិនបោះបង់” ហើយក្នុងនាមអភិបាលស្រុក ខ្ញុំប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងរហូតដល់គ្រប់ផ្ទះទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡាជូន និងយុទ្ធនាការនេះត្រូវបានបញ្ចប់ទាំងស្រុង៕






