CDC អនុម័តគម្រោងវិនិយោគរោងចក្រថ្មីមួយតម្លៃ ១០,៣ លានដុល្លារនៅតាមបណ្តោយផ្លូវជាតិលេខ ៦

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រថ្មីមួយទៀតមានទំហំទឹកប្រាក់ ១០,៣ លានដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងផ្តល់ឱកាសការងារជូនពលរដ្ឋរាប់ពាន់កន្លែង ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Cambodia ធ្លាប់បានបដឹងតាមទូរស័ព្ទកន្លងមកនេះថា នៅតាមតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦នេះ បច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិជាច្រើនបាន និងកំពុងចាប់អារម្មណ៍ និងត្រៀមបោះទុនវិនិយោគនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យតំបន់ស្ថិតនៅជាប់ផ្លូវនេះកំពុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងនាពេលអនាគត។

លោកស្រីបន្តថា “តាមខ្ញុំដឹង គឺមានក្រុមហ៊ុនជាច្រើន កំពុងត្រៀមចូលវិនិយោគនៅតំបន់នេះបន្ថែមទៀត ហើយវាជាក្រុមហ៊ុនវិនិយោគធំៗមកពីក្រៅប្រទេស។តំបន់នេះមានភាពអំណោយផលបំផុតលើលក្ខខណ្ឌអាកាសធាតុ ដោយសារមានទន្លេ២ អមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៦A កាលពីកន្លងមកនេះបានថ្លែង ថា ផ្លូវជាតិលេខ ៦នេះគឺជាផ្លូវដែលមមាញឹកបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្នែកនៃផ្លូវនេះតភ្ជាប់រាជធានីភ្នំពេញទៅខេត្តនានា ហើយរដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ផ្លូវនេះឡើងដើម្បីជួយដល់ការតាំងទីលំនៅរបស់ប្រជាជន និងបោះទីតាំងរោងចក្រសហគ្រាស៕

ខេត្តមណ្ឌលគីរី មានតំបន់ទាក់ទាញវិស័យទេសចរណ៍ចំនួន៣៦ទីតាំង

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន ៣៦កន្លែង ដោយក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់ជាដើម។

អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណរដ្ឋមន្ត្រី ថា នៅទូទាំងខេត្តគឺមានតំបន់ទេសចរណ៍កម្សាន្តជាច្រើនទីតាំង ដែលសុទ្ធតែមានភាពទាក់ទាញ និងមិនរីងស្ងួតនៅឡើយ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា “ ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់”។

សេវាកម្មទេសចរណ៍ជាច្រើន ដែលក្នុងនោះ មានសណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ , បឹងកាឡូ ០១កន្លែង ស្មើនឹង ០៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង ស្មើនឹង ៣២០តុ និង ១.៧០១កៅអី និងខារ៉ាអូខេ ១៣កន្លែង ស្នើនឹង ៥៧បន្ទប់ ម៉ាស្សា ០៤កន្លែង ស្មើនឹង ០៧បន្ទប់ និងមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។ ក្រៅពីនេះ នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។

ថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលដៅ និងផែនការអភិវឌ្ឍន៍ខេត្តកែប និងខេត្តមណ្ឌលគិរី ផែនការនេះ ត្រូវបាន និងកំពុងសិក្សាដោយក្រុមការងារ ក្រសួងទេសចរណ៍ នឹងត្រូវបានអនុវត្តនាពេលខាងមុខនេះ៕

ក្រុមហ៊ុនអចលនទ្រព្យ PAPA &MAMA បញ្ជាក់ពីភាពល្អប្រសើរនៃទីផ្សារ Condo និងផ្សារទំនើបនៃគម្រោង Morgan Group ជ្រោយចង្វារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយកិច្ចដំណើរការភាពជាដៃគូលើការលក់គម្រោងមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានសហកម្មសិទ្ធិបែបទំនើបនៃគម្រោង Morgan Group ក្នុងរយៈពេល១មួយកន្លងទៅនេះ ជាល្ធផលទទួលបានការគាំទ្រពីសំណាក់អ្នកវិនិយោគ ក៏ដូចជាអតិថិជនដែលមានតម្រូវការជាក់ស្ដែងគួរជាទីមោទន។

មានប្រសាសន៍នៅក្នុងពិធីអបអរសាទរនៃកិច្ចសហការលើការលក់រយៈពេលពេញមួយឆ្នាំ លោក ថេង ចាន់ថន បានមានប្រសាសន៍ថា តាមរយៈសមិទ្ធផលដែលទទួលបានក្រោយកិច្ចខិតខំរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង២ រួមទាំងបុគ្គលិកជំនាញ គឺជាការបង្ហាញពីមោទនភាពរួមគ្នាមួយនៅក្នុងគម្រោងដ៏ធំអស្ចារ្យមួយនេះ។

លោក ថេង ចាន់ថន បានមានប្រសាសន៍បន្តទៀតថា “គម្រោងមណ្ឌលពាណិជ្ជកម្ម (ផ្សារទំនើប New city Walk) និងអគារស្នាក់នៅសហកម្មសិទ្ធិ Morgan Group គឺជាគម្រោងដ៏ធំ និងអស្ចារ្យលើកដំបូងប្រចាំនៅក្នុងតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងតែបង្ហាញនូវភាពទាក់ទាញ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ”។

លោកបានបន្តទៀតថា “ក្នុងរយៈពេលពេញមួយឆ្នាំនៃកិច្ចដំណើរការលក់ជាដៃគូយ៉ាងជិតស្និទ្ធកាលពីពេលកន្លងទៅនេះ ជាលទ្ធផល ក្រៅពីបានធ្វើការពង្រីកផ្សព្វផ្សាយពីសក្ដានុពល និងអត្ថបរយោជន៍យ៉ាងច្រើនរបស់គម្រោងមណ្ឌលពាណិជ្ជកម្ម និងអាគារលំនៅដ្ឋានសហកម្មសិទ្ធិបែបទំនើបលើកដំបូងប្រចាំនៅតំបន់ជ្រោយចង្វារ តាមរយៈក្រុមហ៊ុនអចលនទ្រព្យ PAPA & MAMA ដែលមានជំនាញ និងបទពិសោធន៍នៅលើការគម្រោងនានាជច្រើនប្រកបដោយភាពជោគជ័យ សម្រាប់តែគម្រោងរបស់ Morgan Group ក្រុមហ៊ុនបានជម្រុញនូវភាពទាក់ទាញ និងអត្ថប្រយោជន៍ពីគម្រោងទៅដល់ដៃអតិថិជនយ៉ាងច្រើន”។

ជាមួយនឹងការទទួលបាននូវលទ្ធផលល្អលើទីផ្សារនៃការលក់គម្រោងខាងលើនេះ លោក ថេង ចាន់ថន បានបង្ហាញពីភាពជឿជាក់ក្នុងការជម្រុញល្បឿននៃការលក់ឱ្យកាន់តែមានភាពលេចធ្លោរនៃគម្រោងទាំងមូលក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានសហកម្មសិទ្ធិ Morgan Group លោក ជូ បានបង្ហាញពីក្ដីសាទរចំពោះលទ្ធផលដែលទទួលបានពីការលក់គម្រោងតាមរយៈក្រុមហ៊ុនអចលនទ្រព្យ PAPA & MAMA ហើយលោករំពឹងថា គម្រោងមួយនេះនឹងទទួលបានភាពជោគជ័យខ្ពស់ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនទាំង២នេះ ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group នឹងមិនបញ្ចប់ការវិនិយោគ និងអភិវឌ្ឍន៍នៅត្រឹមគម្រោងមួយនេះនោះទេ ពោលគឺនៅមានគម្រោងផ្សេងទៀតដែលនឹងលេចរូបរាងថ្មីបន្ថែមទៀតនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោង Morgan Group តំបន់ជោយចង្វារត្រូវបានបញ្ចប់។

នៅក្នុងឱកាសនៃការអបអរសាទរនូវកិច្ចសហការភាពជាដៃគូលើការលក់គម្រោងខាងលើនេះ គ្រប់បណ្តាភ្ញៀវកិត្តិយស និងអតិថិជនដែលបានចូលរួម គឺសុទ្ធតែទទួលបានការចាប់ឆ្នោតផ្សងសំណាងទទួលយករង្វាន់ជាវត្ថុអនុស្សាវរីយ៍យ៉ាងច្រើន រួមជាមួយនឹងការទទួលបាននូវការបញ្ចុះតម្លៃរហូតដល់១៥ភាគរយ បន្ថែមពីលើសម្ភារៈប្រើប្រាស់នៅក្នុងយូនីតនីមួយៗផងដែរ។ ដោយឡែកសម្រាប់អតិថិជនដែលជួលស្តង់លក់នៅក្នុងផ្សារទំនើប New City Walk ក្រៅពីទទួលបានការបញ្ចុះតម្លៃ ថែមទាំងទទួលបានសេវាថែទាំ និងគ្រប់គ្រងសន្តិសុខពេញមួយឆ្នាំផងដែរ៕

ផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្លៃជាង១៥លានដុល្លារ កំពុងដាក់ដំណើរការនៅក្នុងខណ្ឌចំការមន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានតម្លៃជាង១៥លានដុល្លារ ក្រោមជំនួយបដិភាគរបស់រដ្ឋាភិបាលបារាំង និងអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានកំណត់ជាគម្រោងក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ដំណើរការសាកល្បងនៅក្នុងខណ្ឌចំការមន ជាមួយបច្ចេកទេសបែបទំនើប។

លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងដំណើរចុះត្ួតពិនិត្យសកម្មភាពនៃដំណើរការរបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយនេះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក និង ជិត ០៨ លានអឺរ៉ូ ។

គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage) ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយ៌ភូមិព្រែក មានសមត្ថភាពផលិតបាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌ជ្រោយចង្វារមានសមត្ថភាពផលិត ១៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌និរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងស្ថានីយ៌រោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

ក្នុងដំណើចុះពិនិត្យស្វែងយល់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ប្រកបដោយជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខ័ណ្ឌចំការមន ដែលកំពុងមានការរីកដុះដាលយ៉ាងព្រោងព្រាតនូវសំណង់អគារ ធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាន ៕

សម្ដេចតេជោ ណែនាំម្ចាស់អាជីវកម្មនានាឱ្យអនុវត្តវិធានអនាម័យ ដើម្បីទប់ស្កាត់ជំងឺ Covid-19

ដោយ ៖ ប៊ី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងអស់ ទាំងរបស់រដ្ឋ និងឯកជន ត្រូវតែអនុវត្តនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។

សម្តេចតេជោ បានបង្ហោះសារបែបនេះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ដោយជំរុញដល់បងប្អូនជនរួមជាតិ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល សម្លាប់មេរោគ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាសការពារឲ្យបានល្អ កុំធ្វេសប្រហែសចំពោះជំងឺ Covid-19 ឱ្យសោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំ ឱ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ជំងឺឆ្លងរាតត្បាតកូវីដ១៩ មកទល់ថ្ងៃនេះ នៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ។ នៅក្នុងប្រទេសកម្ពុជាយើងវិញមកទល់ថ្ងៃនេះ មានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ទេ”។
វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុត ចៀសវាងការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារឲ្យបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថា កំណើនឆ្លងរោគនៅប្រទេសយើងទាប ។
ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាល ចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ សូមជូនពរបងប្អូនបានចៀសផុត ពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ទាំងអស់គ្នា»។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។
គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ១,២៧២ លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលជាង ៥,១៥២.៦ប៊ីលានរៀល ស្មើនឹងប្រមាណជា១,២៧២.២លានដុល្លារអាមេរិក មានការថយចុះ ១៦.២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក គុណ ញឹម បានលើកឡើងថា “ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ ១៦.២% ដែលក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧%, គ្រឿងសំណង់ថយចុះ ២៨.២%, នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង ៥.៥% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១%”។

លោកអគ្គនាយក បញ្ជាក់ថា ការនាំចូលមុខទំនិញយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់ មានការធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។ ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមាន ពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយថយចុះ ១៩.៨%, អាករពិសេសធ្លាក់ចុះ ២១.៦% ហើយ VAT ថយចុះ ៩.៦%។

តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានការប្រែប្រួលដូចតទៅ៖ តម្លៃនាំចូលសរុបថយចុះ ៩.៤% ហើយតម្លៃនាំចេញសរុបថយចុះ ០.៧% ក្នុងនោះ តម្លៃផលិតផលកាត់ដេរនាំចេញថយចុះ ៧.៥% ប៉ុន្តែតម្លៃផលិតផលស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត សរុបកើនឡើង ១៤.៥%។
លោកបន្តថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិ និងចំណូលពន្ធ-អាករគយ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់គឺ ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យ ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិ រងផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រភពចំណូលពន្ធ និងអាករសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណ ៤២.៤%នៃចំណូលសរុប), ប្រេងឥន្ធនៈ (ត្រូវជាប្រមាណ ២១.៦%នៃចំណូលសរុប) និងទំនិញចម្រះនិងគ្រឿងសំណង់ (ដើរតួនាទីប្រមាណជា ៣៤.៧% នៃចំណូលសរុប)៕

លោក ង៉ែត ជូ៖ ដើមទុន៣ប្រភេទ​ដែល​មនុស្ស​ភាគច្រើន​មាន​ក្នុងសង្គម

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​និយាយ​ពី​ដើមទុន មនុស្ស​ភាគច្រើន​តែង​គិត និង​ផ្តោតអារម្មណ៍​ទៅនឹង​ប្រាក់កាស ដោយ​ភ្លេច​គិត​ទៅលើ​ធនធាន​មួយចំនួន ដែល​ខ្លួន​មាន​ជាប់​ប្រាណ និង​មានតម្លៃ​សមស្រប​នៅក្នុង​សង្គម។

អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ង៉ែត ជូ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​លើកឡើងថា មនុស្ស​ស្ទើ​តែ​គ្រប់រូប សុទ្ធ​តែមាន​ដើមទុន៣ប្រភេទ ដោយ​មិន​មែនមាន​ត្រឹមតែ​បាតដៃ​ទទេ​នោះទេ។

នៅក្នុង​សំណេរ​ដែល​បង្ហាញ ពី​គោលបំណង​ជំនួយស្មារតី លោក ង៉ែត ជូ បាន​លើកឡើងថា ការដែល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ មិនមែន​មានន័យថា គ្មាន​ដើមទុន​នោះទេ។ អ្នក​ត្រូវ​ដឹងថា ដើមទុន​គឺមាន​ចំនួន៣ប្រភេទ​រួមមាន ទី១) ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ ឬ​សេដ្ឋកិច្ច (Economic or Financial Capital) ដូចជា​សាច់ប្រាក់ អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ដទៃទៀត។

ទី២ ដើមទុន​ជា​ធនធានមនុស្ស (Human Capital) រូបអ្នក​ក៏​ជាដើម​ទុន​ដែរ អ្នក​អាច​យកចំណេះ-ជំនាញ ទៅ​បំរើ​ការឱ្យ​អ្នកដទៃ​ដោយ​ប្តូរ​យក​ជា​ប្រាក់ខែ ហើយ​សន្សំ ដើម្បី​ធ្វើជា​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម ហើយ​បើ​ខ្វះ អ្នក​អាច​ខ្ចី​អ្នកដទៃ​បន្ថែម ដូចជា​ក្រុមគ្រួសារ ឬ​មិត្តភក្ដិ​ខ្លះទៅ។

ទី៣ ដើមទុន​សង្គម (Social Capital) ក្រុមគ្រួសារ មិត្តភក្ដិ និង​មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​ជាដើម​ទុន​ដែរ។ ឧទាហរណ៍ ក្រុមគ្រួសារ​ផ្គត់ផ្គង់​ឱ្យ​អ្នក​បាន​រៀនសូត្រ ដើម្បី​សន្សំ​ចំណេះ-ជំនាញ រួច​ក្លាយខ្លួនជា​ធនធានមនុស្ស​ក្នុងសង្គម នោះ​ហើយ​គឺជា​ដើមទុន។

ដូច្នេះ នៅពេល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម សូមកុំ​ទាន់​និយាយថា ខ្លួន​មាន​ត្រឹមតែ​បាតដៃ​ទទេ។ អ្នកមាន​ដើមទុន​ទី៣ (ដើមទុន​សង្គម) ដើម្បី​ឈានទៅ​កសាង​ដើមទុន​ទី២ (ដើមទុន​ជា​ធនធានមនុស្ស) និង​សន្សំ​ជាដើម​ទុន​ទី១ (ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ)។ អ្នក​មិនមែន​បាត​ដៃទទេ​នោះទេ គ្រាន់តែ​អ្នកត្រូវការ​ការព្យាយាម ការខិតខំ និង​ប្រើ​ពេលវេលា​ឱ្យមាន​តម្លៃ​ប៉ុណ្ណោះ ៕

ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន​បាន​កើន​ឡើងដល់២៩៩ពាន់​លាន​ដុល្លារ

ដោយ៖ ប៊ី

ភ្នំពេញៈ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ចិន​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដែល​ស្មើនឹង១៤,៧ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្ម​បរទេស​សរុប​របស់​ប្រទេស​ចិន ចំពេល​មានការ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ពិធីសារ​តំបន់​ពាណិជ្ជកម្ម​សេរី និង​កិច្ចសហប្រតិបត្តិការ​ខ្សែសង្វាក់​ផ្គត់ផ្គង់។

ពាណិជ្ជកម្ម​ចិន ជាមួយ​អាស៊ាន​មាន​ទំហំ​ទឹកប្រាក់​ចំនួន២,០៩ ពាន់​ពាន់​លាន​យន់ (ប្រហែល ២៩៩ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល៦ខែ​ដំបូង កើនឡើង៥,៦ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំមុន។ ទិន្នន័យ​ពី​រដ្ឋបាល​គយ​ទូទៅ (GAC) បានបង្ហាញ​កាលពីពេលថ្មីៗថា ការនាំចេញ​ទៅកាន់​អាស៊ាន​បាន​កើនឡើង៣,៤ ភាគរយ​ដល់ ១,១៥ ពាន់​ពាន់​លាន​យន់ ខណៈ​ការ​នាំចូល​បាន​កើនឡើង ៨,៥ ភាគរយ ឬ​មាន​ទំហំ​ទឹកប្រាក់៩៣៨,៥៧ ពាន់​លាន​យន់។

ការកើនឡើង​នេះ ត្រូវបាន​ជំរុញ​មួយផ្នែក ដោយសារ​ការធ្វើ​ពាណិជ្ជកម្ម​កសិផល​ជាមួយ​សមាជិក​អាស៊ាន ក្រោម​ពិធីសារ​ដែល​បានធ្វើឱ្យ​ប្រសើរឡើង នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន – អាស៊ាន ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែតុលា ឆ្នាំ២០១។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់ GAC លោក Li Kuiwen។ ពាណិជ្ជកម្ម​កសិផលរ​វាង​ភាគី​ទាំងពីរ​បាន​កើនឡើង ១៣,២ ភាគរយ​នៅក្នុង​ឆមាស​ទី១ ។

លោក Li បាន​មានប្រសាសន៍ថា ការជំរុញ​ពាណិជ្ជកម្ម​មួយទៀត រវាង​ភាគី​ទាំងពីរ​គឺ​ការទាក់ទង​គ្នា​ទៅវិញទៅមក នៅក្នុង​ផលិតកម្ម​អេឡិចត្រូនិក​រវាង​ចិន និង​បណ្តា​ប្រទេស ដូចជា​វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី​តាម​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក។

ក្នុង​រយៈពេល​ដូចគ្នា ពាណិជ្ជកម្ម​ចិន​ជាមួយ​វៀតណាម​បាន​កើនឡើង១៨,១ ភាគរយ​ដែល​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឈានដល់​ចំណុចកំពូល ក្នុងចំណោម​សមាជិក​អាស៊ាន ខណៈ​ពាណិជ្ជកម្ម​ជាមួយ​ថៃ​កើនឡើង៩,២ ភាគរយ៕

ការព្យាករណ៍៖ វិស័យ​សំណង់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ងើបឡើង​វិញ​នៅឆ្នាំ២០២១ខាងមុខ

ដោយ ហ្សូ​លី

អាស៊ីៈ ឧស្សាហកម្ម​សំណង់​នៅ​អាស៊ីអាគ្នេយ៍ បាន​ថយចុះ​ក្នុង​ឆ្នាំ ២០១៩ ដែលនាំឱ្យ​មានការ​ធ្លាក់​ចុះ នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទូទាំង​តំបន់ ច្រើនជាង ៥០ភាគរយ​នៃ​សកម្មភាព​វិនិយោគ​សំណង់​ក្នុង​តំបន់។

មុនពេល​ការចាប់ផ្តើម​នៃ​ការរីក​រាលដាល​នៃ COVID-19 តំបន់​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​សន្ទុះ​កំណើន​ខ្លះ​របស់ខ្លួន​នៅ​ឆ្នាំ២០២០ ដើម្បី​ពង្រីក​ការកើនឡើង ៦%។ទោះយ៉ាងណា ដោយ​មើលឃើញ​ពី​ការរំខាន ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់ បច្ចុប្បន្ន​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់ចុះ៤,៣%។ នេះ​បើ​យោងតាម​ក្រុមហ៊ុន GlobalData ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​ទិន្នន័យ​និង​វិភាគ។

មាន​សញ្ញា​នៃ​ភាពទន់ខ្សោយ នៅក្នុង​ទីផ្សារ​មួយចំនួន​ផ្សេងទៀត នៅក្នុង​តំបន់​គឺ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី វៀតណាម​និង​ថៃ ពិសេស​នៅក្នុង​ផ្នែក​អចលនទ្រព្យ។

វិស័យ​លំនៅដ្ឋាន នឹង​បន្ត​តស៊ូ​នៅពេល​សកម្មភាព​សេដ្ឋកិច្ច​ចុះខ្សោយ មាន​ហានិភ័យ​ខ្ពស់ គួរឱ្យកត់សម្គាល់​នៅក្នុង​វិស័យ​ទាំងនេះ។ វា​នឹងត្រូវ​លុបចោល ឬ​យ៉ាងហោចណាស់​ត្រូវបាន​ពន្យា​ពេល​មកវិញ បើ​មាន​គម្រោងថ្មីៗពីរ​បី ចាប់ផ្តើម​នៅ​ពាក់កណ្តាល​នៃ​ឆ្នាំ ២០២០ ខណៈ​ក្រុមហ៊ុន​ពិនិត្យឡើងវិញ​នូវ​ផែនការ​ពង្រីក​របស់​ពួកគេ។

លោក Dhananjay Sharma អ្នកវិភាគ​ផ្នែក​សំណង់​នៅ​ក្រុមហ៊ុន GlobalData បាន​មានប្រសាសន៍ថា ការបិទ​ប្រទេស​នេះ​បាន​ប៉ះពាល់ ដល់​ឧស្សាហកម្ម​សំណង់​នៅក្នុង​តំបន់​រួចហើយ។ មានកំ​រិតខុសៗគ្នា ជាមួយនឹង​ភាព​ធ្ងន់ធ្ងរ​បំផុត នៅក្នុង​ប្រទេស​សឹង្ហ​បូរី​និង​ម៉ាឡេស៊ី ដែល​ក្នុងកំឡុងពេល​នោះ​គំរោង​ជាង៩៥% នៃ​ឧស្សាហកម្ម​សំណង់​ត្រូវបាន​បញ្ឈប់​ទាំងស្រុង ដោយ​ការងារ​ត្រូវបាន​ដំណើរការ​តែ​លើ​គំរោងសំខាន់ៗប៉ុណ្ណោះ។

ជា​លទ្ធផល​ទិន្នន័យ​ត្រីមាស​ទី១ ប្រទេស​ជាច្រើន​ក្នុង​តំបន់​បានបង្ហាញ សញ្ញា​នៃ​ការរំខាន ដែល​ប្រទេស​ថៃ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង៩,៩% បន្ទាប់មក គឺ​ម៉ាឡេស៊ី​ដែលមាន​ការធ្លាក់ចុះ ៧,៧%, សិង្ហ​បុរី ៤%, ហ្វីលីពីន៣,៤% ។

ទោះជា​យ៉ាងណា​នៅមាន​កំណើន​វិជ្ជមាន ដោយ​ទិន្នន័យ​តម្លៃ​ប្រចាំត្រីមាស​កើន​បាន​ឡើង២,៩% នៅ​ឥណ្ឌូណេស៊ី និង៤,៤% នៅ​វៀតណាម។

លោក Sharma បាន​សន្និដ្ឋានថា ទោះយ៉ាងណា​សក្តានុពល​ជា​មូលដ្ឋាន នៅក្នុង​តំបន់​មានន័យថា វិស័យនេះ​អាច​នឹង​មានការ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២១ បន្ទាប់មក​នឹងមាន​ការពង្រីក​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។

បញ្ហា​នេះ​នឹងត្រូវ​ជំរុញ​ដោយ​ស្ថានភាព​សេដ្ឋកិច្ច ដែល​រីកលូតលាស់​និង​ការកើនឡើង​នៃ​ប្រជាជន​វណ្ណៈ​កណ្តាល ការជំរុញ​កំណើន​ការប្រើប្រាស់ និង​ឈានទៅរក​ការវិនិយោគ​លើ​លំនៅដ្ឋាន​និង​ហេដ្ឋារចនាសម្ព័ន្ធ ៕

ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​ត្រៀម​លក់​កញ្ចប់​ទេស​ចរណ៍​របស់ខ្លួន​នៅ​ថ្ងៃឈប់សំរាក​ខាងមុខនេះ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន បាន​នឹង​កំពុង​ផ្សព្វផ្សាយ និង​ត្រៀម​លក់​កញ្ចប់​ទេសចរ​ណ៍​របស់ខ្លួន ទៅកាន់​ភ្ញៀវទេសចរ​ក្នុងស្រុក អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​អនុញ្ញាតឱ្យ​ឈប់សំរាក់​រយៈពេល៥ថ្ងៃ នៅក្នុង​ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ ២០២០កន្លងមក​ថា រៀងរាល់​ចុង​សប្តាហ៍​មាន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញទៅ​ដើរលេង​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កាលពីពេលថ្មីៗ រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យមាន​ការឈប់​សំរាក​ក្នុង​ខែសីហា​នា​ខាងមុខនេះ ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​ត្រៀម​ផ្សព្វផ្សាយ និង​លក់​កញ្ចប់​ទេសចរណ៍រ​បស់​ខ្លួន។

លោកស្រី​បន្តថា“ថ្ងៃ​ឈប់សំរាក់​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឱ្យ​ឈប់​នៅក្នុង​ខែសីហា ខាងមុខនេះ  ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​ភា្ន​ក់​ងារ​ទេសចរណ៍​ជាច្រើន​បាន​នឹង​កំពុង​ត្រៀម​នៅក្នុង​ការផ្សព្វផ្សាយ ដើម្បី​ផ្តល់​សេវាកម្ម​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ឈប់សំរាក​នេះ​បាន​ដើរ​កំសាន្ត” ។

លោកស្រី​បន្ថែមថា “កន្លងមកនេះ បើទោះបី​មានការ​រៀបចំ​កញ្ចប់​ទេស​ចរណ៍ តែ​ប្រជាពលរដ្ឋ​ខ្មែរ យើង​មិនមាន​ពេលវេលា​ច្រើន​ដូចជា​ពេល​លើក​នេះ​នោះទេ ហើយ​ភាគច្រើន​ពួកគាត់​ដើរលេង​ដោយ​ខ្លួនឯង” ។

ក្រុមហ៊ុន​ទេសចរណ៍​បាន​សិក្សា​ពី​តម្លៃ និង​គោលដៅ​ទេសចរណ៍ និង​សកម្មភាព​កម្សាន្តផ្សេងៗ ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ទាក់ទាញ និង​មានតម្លៃ​ធូ​ថ្លៃ​ជាង។

លោកស្រី​ឆាវ ស៊ីវ​លីន​បាន​បន្តថា កញ្ចប់​ទេសចរណ៍​ដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​ផ្សព្វផ្សាយ​ដាក់លក់​នៅពេលនេះ គឺ​នៅតាម​តំបន់ភ្នំ (តំបន់​ឦសាន​ប្រទេស) ខណៈដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ធម្មជាតិ និង​ការដើរ​ឡើង​ភ្នំ​ជាដើម ក្រៅពីនេះ ក៏មាន​តំបន់ឆ្នេរ និង​កោះផ្សេងៗ ផងដែរ។

ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​ទេសចរណ៍​វិញ លោកស្រី​រំពឹងថា នឹងមាន​ការកើនឡើង ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ទេសចរណ៍​ក្នុងស្រុក​ជាច្រើន បាន​ទាក់ទង​មក​ក្រុមហ៊ុន ដើម្បី​ចង់ដឹង​ពី​គោលដៅ​ទេសចរណ៍​នានា នៅក្នុង​ប្រទេស ហើយ​និង​ជួយ​ជំរុញឱ្យមាន​កំណើន​នូវ​សេវាកម្មផ្សេងៗ ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ។

លោក​ហូ វណ្ឌី  សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​បានឱ្យដឹងថា ការអនុញ្ញាតឱ្យ​មានកា​រ​ឈប់សំរាក របស់​រដ្ឋាភិបាល​នាពេល​ខាងមុខនេះ ឆ្លុះបញ្ចាំង​ពី​មិនមាន​ការភ័យខ្លាច ចំពោះ​ការមិន​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ Covid-19  នៅក្នុង​សហគមន៍។

លោក​បន្តថា “ការឈប់​សំរាក​នេះ នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​សង្គម តាមរយៈ​ការចាយវាយ​របស់​ពល​រដ្ឋ​ទៅលើ​ប្រេង​ឥន្ទ​នៈ (ដឹកជញ្ជូន)ពិសារ​អាហារ(ចំណីអាហារ) និង​សេវាកម្ម​ស្នាក់នៅ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់” ។លោក​បន្តថា “បន្ថែម​ពីនេះ ក៏មាន​ចំណូល​ចូលដល់​រមណីយដ្ឋាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកទទួលផល​ដោយ​ប្រយោល​ជាដើម” ។

លោក​ហូ វណ្ឌី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន ដើរ​ទៅលេង​កម្សាន្ត នៅតាម​សហគមន៍​ទេសចរណ៍​មានដូចជា​តំបន់ឆ្នេរ និង​ភូមិភាគ​ឦសាន​ប្រទេស ប៉ុន្តែ​យ៉ាងណា​យើង​សង្ឃឹមថា ពួកគាត់​នឹង​ត្រឡប់​ទៅលេង​កម្សាន្ត នៅ​ខេត្ត​សៀម​រាម​វិញ ដើម្បី​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ​ឡើងវិញ។

រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃ​ឈប់សម្រាក ជំនួស​ឱ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រណី​ខ្មែរ​រយៈពេល៥ចាប់ពី​ថ្ងៃទី ១៧ ដល់២១ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ  ដែល​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​ចូលរួម ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក តាមរយៈ​ការ ក្នុងអំឡុងពេល​ឈប់សម្រាក​ដាច់ពីគ្នា៕