ធនាគារ​បានផ្តល់​ឥណ​ទាន​លំនៅដ្ឋាន​កើន​ដល់​ជាង ៣០០០លាន​ដុល្លារក្នុង​ឆមាស​ទី១ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញៈ ឥណទាន​លំនៅដ្ឋាន ដែល​ផ្តល់ឱ្យ​ដោយ​គ្រឹះស្ថាន​ធនាគារ​មាន​ចំនួន ១១,៦ភាគរយ នៃ​ទំហំ​នៃ​ការផ្តល់​ឥណទាន​អតិថិជន របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី១ឆ្នាំ២០២០នេះ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា។

របាយការណ៍​បានឱ្យដឹងថា កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន មាន​ចំនួន១១,៦ ភាគរយ ស្មើនឹង​ប្រមាណ៣០៩៧លាន​ដុល្លារ នៃ​ទំហំ​លើ​ការផ្តល់​ឥណទាន​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប២៦,៧ ពាន់​លាន​ដុល្លារ។

លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី១ ឆ្នាំ ២០២០នេះ​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នេះហើយ​ក៏ដោយ ក៏​ផល​អវិជ្ជមាន​មួយចំនួន​បាន និង​កំពុង​កើត​រួចមកហើយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា។

លោក​បាន​ថ្លែងថា “ហានិភ័យចម្បងៗ ដែល​អាច​កើតមាន​ពី​ការបន្ត​អូសបន្លាយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ មានដូចជា ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​អាជីវកម្ម ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការថយចុះ​នៃ​លំហូរ​មូលធន​ពី​ក្រៅប្រទេស​មក​ក្នុង​វិស័យ​ធនាគារ” ។

លោក​ជា ចាន់តូ​បាន​លើកឡើងថា “បើទោះបី​កម្ពុជា​បាន​ចាត់វិធានការ​គ្រប់គ្រង ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ក៏ដោយ វិស័យ​សំណង់​នៅ​កម្ពុជា​ក៏​ប្រឈមមុខ​នឹង​ការថយចុះ​ផងដែរ ដោយសារតែ​ប្រភព​ទុន១ផ្នែក​ទទួល​បានមកពី​ក្រៅប្រទេស” ។

លោក​បន្ថែមថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹងមាន​អត្រាកំណើន​អវិជ្ជមាន ក្នុង​ឆ្នាំ២០២០នេះ ដែលជា​កំណើន​ទាប​បំផុត​ចាប់ពី​ឆ្នាំ១៩៩៥ មក ប៉ុន្តែ​បើ​ជំងឺ​កូ​វីដ១៩ អាច​ទប់ស្កាត់បាន​ត្រឹម​ចុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ ២០២១ អាច​នឹង​ងើប​ឡើងវិញ​ក្នុង​ទម្រង់​ជា​អក្សរ «V» ។

ទោះបីជា​យ៉ាង​ក៏ដោយ ក៏​វិស័យ​អចលនទ្រព្យ នៅតែ​បន្ត​មាន​វិជ្ជមាន​ក្នុង​ឆមាស​ទី១ ឆ្នាំនេះ។ ទំហំ​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ នៅ​ទូទាំងប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៣៤០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង២១%  នៅលើ​គម្រោង​វិនិយោគថ្មីៗប្រមាណ២ពាន់​គម្រោង ដែល​កំណើន​នេះ​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង នៃ​កំណើន​សំណង់​ប្រភេទ​ពាណិជ្ជកម្ម លំនៅឋាន ជាពិសេស​ផ្ទះល្វែង និង​ខុន​ដូ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ពី​និន្នាការ​សេដ្ឋកិច្ចសង្គម តាម​ប្រភព​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រចាំ​ខែឧសភា ឆ្នាំ២០២០ ក្នុងនោះ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​លើ​សំណើសុំ​សាងសង់ សរុប​ទូទាំងប្រទេស​ចំនួន២ ១០៧ គម្រោង កើនឡើង៤៩៥ គម្រោង ដោយមាន​ផ្ទៃក្រឡា​ប្រមាណ៧,៨លាន​ម៉ែត្រការ៉េ កើនឡើង​ជាង៣១% ដែល​ស្មើនឹង​តម្លៃ​វិនិយោគ​សរុប​ប្រមាណ៣៤៨៣ លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង២១% បើ​ធៀប​និង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន៕

ហេតុអ្វី​លំហូរ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ខេត្តបាត់ដំបង​នៅមានកម្រិត?

ដោយ​ វុត្ថា

ភ្នំពេញៈ ​ខេត្តបាត់ដំបង​រហូតមក​ដល់ពេលនេះ មិនទាន់​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផុលផុស​ខ្លាំង ដូច​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​របស់​កម្ពុជា​នោះទេ ខណៈដែល​កន្លងមកនេះ មាន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ចុះទៅ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យផ្សេងៗជាច្រើន​នៅក្នុង​ខេត្ត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងា​អចលនវត្ថុ​កម្ពុជា ច្រឹ​ក សុខ​នី​ម ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៦ កក្កដា​កន្លងមក​ថា ខេត្តបាត់ដំបង ហាក់​មិនទាន់មាន​ការចាប់អារម្មណ៍ ពី​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យធំៗនោះទេ ខណៈដែល​ខេត្ត​មួយ​នេះ មិនទាន់​មានការ​អភិ​ឌ្ឍ​ខ្លាំង ដែល​ត្រូវ​តាម​ការទាមទា​ពេល​យូរ​បន្ថែមទៀត។

លោក​ថ្លែងថា “ខេត្ត​បាត់បង​នេះ គឺ​ទាមទារ​ពេល​យូ​ទៅមុខទៀត បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ  តែ​អាចមាន​គម្រោង​វិនិយោគ​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​លក្ខណៈ​ទ្រង់ទ្រាយ​តូច ហើយ​ក្នុងស្រុក” ។

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ នៅក្នុង​ក្រុង​បាត់ដំបង​មាន​ភាព​រីកចំរើន និង​អភិវឌ្ឍន៍​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​ក្រៅពី​ការសាងសង​សង់​លំនៅឋាន​បែប​ឯកជន ក៏មាន​ការវិនិយោគ​លើ​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ខណៈពេលដែល​រដ្ឋបាល​ក្រុង​បាន និង​កំពុង​ជំរុញ​កិច្ច​អភិ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាន។

លោក​បន្តថា “ពាក់ព័ន្ធ​នឹង​ទិន្ន័យ​នៃ​ចំនួន​គម្រោង​សាងសង់​អគារ​ថ្មី លោក​មិនទាន់​ក្តាប់បាន​ទិន្ន័យ​ច្បាស់លាស់​នោះទេ ប៉ុន្តែ​សង្កេតឃើញ​មាន​សកម្មភាព​សាងសង់​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ” ។

លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឱ្យដឹង​កន្លងមក​នេះ​ថា ខេត្តបាត់ដំបង​កាលពី​កន្លងមកនេះ បាន​ទាក់ទាញ​ចំពោះ​ការធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​មាន​គម្រោង​មួយចំនួន​បាន​អនុវត្តន៍ បំពាន​លើ​ច្បាប់​ដែនដី ដូចជា ការចាក់ដី​លុប​ស្ទឹង លុប​ប្រឡាយ​របស់​រដ្ឋ​ជាដើម ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់ ដែល​សកម្មភាព​នេះ​ត្រូវតែ​ជៀសវាង​ជាដាច់ខាត។

លោក​បញ្ជាក់ថា“អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ មុននឹង​ចង់​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន ត្រូវ​សិក្សា​ស្វែងយល់​ពី​តំបន់នីមួយៗ ឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ទុន​វិនិយោគ ជៀសវាង​មាន​ផលប៉ះពាល់។ លោក​បន្តថា “អាជ្ញាធរខេត្ត​នឹង​ផ្ដល់​លទ្ធភាព លើកទឹកចិត្ត ឱ្យមាន​ការវិនិយោគ​ផ្នែក​អចលនា​ទ្រព្យ​ក្នុង​ខេត្ត តាមរយៈ​ការផ្ដល់​ឯកសារ​រដ្ឋបាល​ដោយមាន​គណនេយ្យភាព តម្លាភាព លឿន​រហ័ស ប៉ុន្តែ​ខាង​ម្ចាស់​អាជីវកម្ម ក៏ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ បណ្ដាញ​អគ្គិសនី ទឹក និង​ផ្លូវ​ជាដើម ដោយ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ផ្នែក​ច្បាប់” ។

ចាប់តាំងពី​ឆ្នាំ២០១២ រហូត​ដើមឆ្នាំ២០២០កន្លងទៅ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្តបាត់ដំបង ការរៀប​ចំពុះ​ដី​ឡូ​តិ៍ សំណង់​បុរី​លំនៅដ្ឋាន រោងចក្រ​សហគ្រាស​ជាដើម មាន​សរុប​រហូតដល់ ៨៣៩គម្រោង ស្មើនឹង​ប្រមាណ ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជា​ទិន្នន័យ​បង្ហាញ​ពី​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​មួយ​នេះ៕

ចំណេះដឹង! តើ​ការបើក​ធនាគារពាណិជ្ជ​មាន​និតិ​វិធី​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញៈ ធនាគារពាណិជ្ជ​ជា​ធនាគារ​ដែល​ធ្វើ​ប្រតិបត្តិការ៣យ៉ាង គឹ​ប្រតិបត្តិ​ការទទួលប្រាក់​ប​ញ្ញើ​រ ផ្តល់​ឥណទាន និង​មធ្យោបាយ​ទូទាត់​ប្រាក់ ។

ធនាគារពាណិជ្ជ​ត្រូវ​ចុះ​ក្នុង​បញ្ជី​ពាណ​ណិ​ជ្ជ​កម្ម ។ ដើម្បី​បង្កើត​ធនាគារពាណិជ្ជ​គឺ​ត្រូវ​មានការ​អនុ​ញ្ញា​ពី​ធនាគារកណ្តាល មានន័យថា​ត្រូវ​ទទួលបាន​អាជ្ញាប័ណ្ណ ពី​ធនាគារកណ្តាល​សិន ទើប​អាច​បើក​ជា​ធនាគារពាណិជ្ជ​បាន។

ដើម្បី​ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​នេះ ធនាគារពាណិជ្ជ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា៖

១ ត្រូវមាន​ការព្រមព្រៀង​ពី​អ្នកចូលហ៊ុន

អ្នកចូលហ៊ុន​ទាំងអស់ ត្រូវមាន​ការព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រចិត្ត មានន័យថា​ត្រូវ​ព្រមព្រៀង​ដោយ​គ្មាន​វិកា​រៈ (គ្មាន​ការ​ភ័ន្ត​ច្រ​លំ គ្មាន​ការបន្លំ​បោកប្រាស់ និង​គ្មាន​អំពើហិង្សា)។

២ ត្រូវមាន​ដើមទុន​តាម​ការកំណត់​របស់​ធនាគារកណ្តាល

យោងតាម​សេចក្តីប្រកាស​លេខ ៧០៨-១៩៣ប្រ.ក ចុះ​ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០០៨ស្តីពី ការកំណត់​ជាថ្មី​នូវ​ដើមទុន​ចុះ​ក្នុង​បញ្ជី និង​លក្ខខណ្ឌ​សុំ​អាជ្ញាប័ណ្ណ​ចំពោះ​គ្រឹះស្ថាន​ធនាគារ​បាន​កំណត់ថា ត្រូវមាន​ដើមទុន​អបប្បរមា១៥០ពាន់​លាន​រៀល ដោយ​ត្រូវ​តំកល់ទុក​នៅ​ធនាគារជាតិ១០% មិន​ឲ្យ​ដក តែ​អាច​ដក​បាន​ករណី​ធនាគារពាណិជ្ជ​នោះ​ជំ​រះ​បញ្ជីរ។

ចំពោះ​ធនាគារពាណិជ្ជ​ដែលមាន​ជំនាញ២០% ហើយ​ត្រូវមាន​ដើមទុន​អប្បបរមា​ស្មើនឹង៥០ពាន់​លាន​រៀល។រីឯ​ចំពោះ​ធនាគារពាណិជ្ជ ដែលមាន​ភាគ​ទុ​និក​ជា​វិនិយោគិន​ដែលជា​ឯកត្តជន ឬ​ក្រុមហ៊ុន​ដែល​គ្មាន​ជំនាញ ត្រូវមាន​ដើមទុន​អប្បបរមា​ស្មើនឹង១៥០ ពាន់​លាន​រៀល​តាមច្បាប់​កំណត់។

៣ ត្រូវមាន​ភាគ​ទុ​និក

ភាគ​ទុ​និក​ចាប់ពី៥% ឡើង​ធនាគារជាតិ​ត្រូវ​សិក្សា​ប្រវត្តិរូប​ពិសេស​សីលធម៌ គុណ​វឌ្ឍន៍ គណនី និង​ប្រភព​ទុនផ្សេងៗទោះបីជា​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ក៏ដោយ ។ ត្រូវមាន​ភាគ​ទុ​និក​មាន​ឥទ្ធិពល (ភាគហ៊ុន​ចាប់ពី២០%ឡើង) ដែលមាន​តួនាទី​ប​ង្គ្រា​ប់​មូលនិធិ ករណី ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​មាន​បញ្ហា​ខ្វះខាត។ បើ​ភាគ​ទុ​និក​មិន​អនុវត្តតាម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១ឆ្នាំ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់៥ ទៅ២៥០លាន​រៀល។

៤ ត្រូវ​ចុះបញ្ជី​ពាណិជ្ជ

មុននឹង​ចុះបញ្ជី​ពាណិជ្ជកម្ម ត្រូវបំពេញ​លក្ខខណ្ឌ​ខាងលើ​សិន ហើយ​ការចុះបញ្ជី​ពាណិជ្ជកម្ម គឺ​ធ្វើ​នៅ​ក្រសួងពាណិជ្ជកម្ម​តាមច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​ដូច​ក្រុមហ៊ុន​ទូទៅ​ដែរ ព្រោះ​ធនាគារ​នេះ​ក៏​ជា​ក្រុមហ៊ុន​ពាណិជ្ជ​ដែល តែ​គ្រាន់​តែមាន​ធ្វើ​ប្រតិបត្តិការ​ពិសេស​ខុសពី​ក្រុមហ៊ុន​ធម្មតា។

៥ ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ

ការដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ត្រូវធ្វើ​នៅ​ធនាគារកណ្តាល។ សោហ៊ុយ​សិក្សា​ឯកសារ ៣,៥០លាន​រៀល បន្ទាប់ពីនោះ​ធនាគារកណ្តាល​ត្រូវ​ចេញ​អាជ្ញាប័ណ្ណ ឲ្យ​ក្នុង​រយៈពេល៦ ខែ​ចាប់​ពីថ្ងៃ​ទទួលបាន​ពាក្យសុំ​អាជ្ញាប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗទៀត។

៦ បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ហើយ​ធនាគារពាណិជ្ជ​ត្រូវមាន​កាតព្វកិច្ច​ដូចជា

  • អាជ្ញាប័ណ្ណ​ដែល​ធនាគារជាតិ​ចេញ​ឲ្យ​មាន​សុពលភាព៣ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ ហើយ​អាច​បន្តទៀត​បាន។
  • ធនាគារពាណិជ្ជ​ត្រូវ​បង់​សោហ៊ុយ​អាជ្ញាប័ណ្ណ​ប្រចាំឆ្នាំ ចំពោះ​ទីស្នាក់ការ​ចំនួន៧លាន​រៀល និង​ចំពោះ​សាខា​ចំនួន៥៦លាន​រៀល។
  • រាល់​ការផ្ទេរ​ភាគហ៊ុន ត្រូវ​ជូនដំណឹង​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​ធនាគារពាណិជ្ជ​ត្រូវ​បង់​សោហ៊ុយ១% លើ​ចំនួន​ប្រាក់​ភាគហ៊ុន​ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​ធនាគារជាតិ​កម្ពុជា។
  • បើ​ចង់​បន្ថយ ឬ​បង្កើន​ដើមទុន ត្រូវ​បង់ប្រាក់១% នៃ​ប្រាក់​ដែល​ចង់​បន្ថយ ឬ​បន្ថែម​នោះ​ទៅ​ធនាគារជាតិ ។ ភាគ​ច្រើ​គឺ​បន្ថែម (ហាម​បន្ថយ​ក្រោម ១៥០ពាន់​លាន​រៀល)។
  • បើ​ធនាគារពាណិជ្ជ​ចង់​កែប្រែ​លក្ខន្តិកៈ ធនាគារ​ត្រូវ​បង់​សោហ៊ុយ១លាន​រៀល​ក្នុង​មួយ​ទំព័រ​ទៅ​ធនាគារជាតិ៕

ការយកធនធានរ៉ែម៉ាសខេត្តមណ្ឌលគីរី អាចនឹងទទួលបានលទ្ធផលនៅ ដើមឆ្នាំ២០២១

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ក្រុមហ៊ុនចំនួន២ ក្នុងចំណោម១០ដែលទទួលបានអាជ្ញាប័ណ្ណសិក្សា និងរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី កាលពីពេលកន្លងទៅនោះបានបង្ហើបប្រាប់ថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ លទ្ធភាពនៃការយកធនធានរ៉ែមាសនឹងត្រូវទទួលបានយ៉ាងប្រាកដ។

លោកអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សម្រាប់ធនធានរ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី ដែលមានក្រុមហ៊ុនជាតិនិង​អន្តរជាតិជាច្រើនកំពុងសិក្សា នឹងត្រូវបង្ហាញលទ្ធផល និងអាចទាញយកបាននៅត្រឹមចុងឆ្នាំ២០២០ ឬយ៉ាងយូរនៅដើមឆ្នាំ២០២១។

លោកបានបញ្ជាក់ថា “នៅក្នុងចំណោមក្រុមហ៊ុនចំនួន១០ ដែលទទួលបានអជ្ញារបណ្ណក្នុងការសិក្សា និងរុករករ៉ែមាស មានក្រុមហ៊ុនអន្តរជាតិចំនួន២ ដែលអាចមានលទ្ធភាពក្នុងយកយលរ៉ែមាស រួមមានក្រុមហ៊ុន រឺនីសង់ របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុន រ៉ុងឆេង របស់ប្រទេសចិន ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនទាំងនេះកំពុងតែរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយសុវត្ថិភាពខ្ពស់”។

នៅខេត្តមណ្ឌលគិរី មានសក្ដានុពលរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណរ បុកស៊ីត។ល។ រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជំរករ៉ែចំនួន ១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ។ តាមរយៈក្រុមហ៊ុនដែលកំពុងមានវត្តមាន និងដំណើរការរុករករ៉ែមាសទាំងអស់នេះ បាននាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់តាមរយៈការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន អណ្ដូងទឹក ការជីកប្រឡាយរំដោះទឹកភ្លៀង ដែលជាការជួយដោះស្រាយបញ្ហា នៅតាមមូលដ្ឋានមួយចំនួនផងដែរ៕

ប្រធានសមាគCVEA កំពុងមើលឃើញពីឱកាសវិនិយោគអចលនទ្រព្យនៅកោះរ៉ុង

ដោយវុត្ថា

ភ្នំពេញៈប្រធានសមាគមនភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានមើលឃើ​ញ​ពីឱកាសវិនិយោគលើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍគម្រោងផ្សេងៗ នៅតំបន់កោះរ៉ុង បន្ទាប់ក្រុមហ៊ុន  Royal Group របស់អ្នកឧកញ៉ាគិត ម៉េង បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់កោះនេះ។

លោកច្រឹក សុខនីម ប្រធានសមាគមនភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបា​ន​ប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា បន្ទាប់មានការចុះហត្ថលេខារវាងក្រុមហ៊ុន Royal Group និងក្រុមហ៊ុនចិនអភិវឌ្ឍន៍នៅតំបន់កោះរ៉ុងកាលពីពេលថ្មីៗនេះ គឹជាឱ្យឱកាសថ្មីមួយទៀត សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅទីនោះ។

លោកបន្តថា “តំបន់កោះរ៉ុងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេអភិឌ្ឍន៍ឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ដែលទើបត្រូវបានចុះអនុស្សារណៈថ្មីៗនេះ រវាងក្រុមហ៊ុនពីរកន្លងមកនេះ ហើយតំបន់នេះ នឹងក្លាយជាតំបន់សម្រាកលម្ហែកាយ ដ៏ទាក់ទាញបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរនៅរៀងរាសល់ចុងសប្តាហ៍នីមួយៗ”។

លោកបន្ថែមថា តំបន់កោះរ៉ុងបច្ចុប្បន្នមានឆ្នេរច្រើន និងកោះក៏ច្រើនដែរ ដែលមានទេសភាពស្រស់ស្អាត ហើយនេះនឹងឆ្លុះបញ្ចាំងពីការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ទៅកាន់ទីនោះជាពិសេសនៅតំបន់កោះរ៉ុងនេះ  ហើយនឹងបន្តទាក់ទាញគម្រោងវិនិយោគបន្តិចម្តងៗចាប់ពីពេលនេះតទៅមុខ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ៣៥លានដុល្លារអាមេរិក។

អភិបាលខេត្ដព្រះសីហនុ លោកគួច ចំរើនបានថ្លែងថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នៅថ្ងៃនេះរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី និងនិងក្រុមហ៊ុនស៊ីណូ ហៃដ្រូខនស្ដ្រាក់សិន នឹងចូលចំណែ​កអភិវឌ្ឍកោះរ៉ុង ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។

លោកបានថ្លែងថា “ក្រុមហ៊ុនស៊ីណូហៃដ្រូ ខនស្ដ្រាក់សិននឹងត្រូវការបទពិសោធន៍ពីរដ្ឋបាលខេត្ត ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើនៅក្រុងព្រះសីហនុ ដើម្បីជំរុញការសាងសង់ផ្លូវនៅលើកោះរ៉ុង ហើយការសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នឹងចំណា​យពេល១៦ខែដើម្បីបញ្ចប់”៕

កូរ៉េខាងត្បូងដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី១៣៣ពាន់លានដុល្លារ ដើម្បីបង្កើត ការងារ១,៩លានកន្លែង

ដោយៈ ប៊ី

អន្តរជាតិៈ ប្រធានាធិបតីកូរ៉េខាងត្បូងមូន ជេអ៊ីន(Moon Jae-in) បានដាក់ចេញផែនការលើកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីរបស់កូរ៉េ ដែលវិនិយោគទឹកប្រាក់ជាង១៦០ ពាន់ពាន់លានវ៉ុន (១៣៣ពាន់លានដុល្លារ) និងបង្កើតការងារ១,៩លានកន្លែង សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទីបួននៅអាស៊ីមួយនេះ បានបង្កើតកញ្ចប់ថវិកានេះ ដើម្បីងើបចេញពីវិបត្តិCovid-19 និងក៏ដូចជាចាកចេញពីកំណើនយឺតនៅទូទាំងពិភពលោក។

លោក Moon បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនៅក្នុងសប្តាស៍នេះថា “កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់កូរ៉េនេះ គឺជាផែនការគោលថ្មីមួយរបស់យើង ក៏ដូចជាការផ្លាស់ប្តូរគំរូ ដើម្បីឈានឆ្ពោះទៅរកគំរូសេដ្ឋកិច្ច ដែលមានល្បឿនលឿន”។លោកបានបន្តថា “ជាមួយនឹងជំងឺរាតត្បាត ដែលមានឥទ្ធិពលមកលើយើង យើងនឹងមិនអាចពន្យារពេលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រទាំងនេះទៀតបានទេ”។

លោកបានមានប្រសាសន៍ថា កញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីមានសសរស្តម្ភពីរ គឺឌីជីថល និងគោលនយោបាយ Green New Deal ដែលគម្រោងរបស់លោក Moon ក្នុងជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

ការផ្លាស់ប្តូរចុងក្រោយបានកើតឡើងជិត៣ខែ បន្ទាប់ពីលោកបានស្នើឱ្យមានក្រប​ខ័ណ្ឌគោលនយោបាយកិច្ចព្រមព្រៀងថ្មីរបស់កូរ៉េ ដើម្បីបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច អំឡុងពេលការរីករាលដាលនៃជំងឺរាតត្បាត។

ដោយតាមដានលើផែនការរបស់ប្រធានាធិបតី ប្រធានគោលនយោបាយសារពើពន្ធមិនបង្ហាញពីបញ្ជីតួលេខគោលដៅលម្អិត និងផែនការសកម្មភាពទេ។

លោក Hong Nam-ki ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ផែនការថ្មីរបស់កូរ៉េគឺខុសគ្នាពីផែនការថ្មី របស់សហរដ្ឋអាមេរិក ដែលផ្តោតច្រើនលើការអភិវឌ្ឍន៍កំពង់ផែ និងគម្រោងសាងសង់ផ្សេងៗ”។

លោកបន្តថា “ផ្ទុយទៅវិញយើងនឹងផ្តោតលើការកសាង “ប្រព័ន្ធទិន្នន័យ”ដើម្បីប ង្កើ​តហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលងាយស្រួលនិងរៀបចំមូលដ្ឋានសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព បន្ទាប់ពី Covid-19”៕ KOREA HERALD / ASIA News NETWORK៕

រដ្ឋាភិបាលបានកំណត់ប្លង់គោលអភិវឌ្ឍន៍គម្រោងវិនិយោគធំៗចំនួន៣ នៅខេត្តព្រះសីហនុ

ដោយៈរ៉ាណេត

ព្រះសីហនុៈ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការវិភាគទិន្នន័យ និងកំណត់សេណារីយូប្លង់ គោលប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងការអភិរក្សតំបន់បឹងកង្កែប មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ នៅក្នុងខេត្តព្រះសីហនុ។

រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ប៉ែន សុផល បានមានប្រសាសន៍នៅក្នុងបើកសិក្ខាសាលានាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុថា គម្រោងអភិវឌ្ឍន៍ទាំង៣ទីតាំងរួមមាន ទី១ គម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទី២ គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍នាគរាជ និងទី៣គម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ។

លោកបានបន្តថា “ការអភិវឌ្ឍបឹងបង្កែប អភិវឌ្ឍន៍ប្រកបដោយភាពឆ្លាតវៃ ដោយធ្វើការអភិវឌ្ឍត្រឹមត្រូវសម្រាប់កូនចៅជំនាន់ក្រោយ និងបរិយាបន្ន ការចូលរួមប្រកប​ដោ​យភាពរីកចម្រើនទាំងអស់គ្នានៅជុំវិញបឹងកង្កែប”។លោកបន្តថា “ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ និងឯកជនក្នុងការអភិវឌ្ឍ អភិរក្ស ការសាងសង់ ធានាតុល្យភាពនៃការអភិវឌ្ឍ និងអភិរក្សព្រមទាំងទំនាក់ទំនងរវាងបឹងកង្កែប និងតំបន់ជុំវិញ”។

ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងលក្ខណៈពិសេសក្នុងតំបន់ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អការអភិវឌ្ឍ និងការអភិរក្ស ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់ និងជុំវិញ ដោយកំណត់ទិសដៅច្បាស់លាស់អំពីការអភិវឌ្ឍ និងការអភិរក្ស តំបន់បឹងកង្កែបនៅពេលអនាគតប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ លោកគង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែបមានទំហំ១៦១ហិកតា ស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយក្របខ័ណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន ។

លោកថា “រាល់ការអនុវត្តនូវគម្រោងទាំងអស់ គឺត្រូវធានាបាននូវការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងអភិរក្សនគរូបនីយកម្មប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន”។

ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ បានធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញជាប៉ូលទី១ ខេត្តសៀមរាបជាប៉ូលទី២ ខេត្តព្រះសីហនុជាប៉ូលទី៣ និងប៉ូលទី៤ តំបន់ភូមិភាគឥសាន្ត និងការសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុ៕

ប្រធានាធិបតីចិនបន្តផែនការពន្លឿនកំនើនសេដ្ឋកិច្ច ខណៈពេលកោះតៃវ៉ាន់កំពុងផ្គើន

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញ​ថា ផែនការ និង កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង មិនមានការប្រែប្រួល ខណៈកោះតៃវ៉ាន់បានផ្គើនតាមរយៈការធ្វើសមយុទ្ឋបាញ់គ្រាប់ពិត។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលបានចេញផ្សាយនៅរសៀលថ្ងៃព្រ​ហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា ប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងពង្រីកការបើកទូលាយ ព្រមទាំងផ្តល់បរិយាកាសអាជីវកម្ម ល្អប្រសើរជាងនេះ សម្រាប់វិនិយោគិន និងការអភិវឌ្ឍសហគ្រាសចិន និងបរទេសផងដែរ។

លោកបន្តថា “នេះជាការឆ្លើយតបទៅកាន់ តំណាងសមាជិកក្រុមប្រឹក្សាCEOs សកល”។

បន្ថែមពីនេះលោកស៊ី ជិនពីង ក៏បានកោតសរសើរ ចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់គ្រប់គ្នា ក្នុងការបន្តចាក់ឫសគល់អាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសចិន និងការផ្តល់យោបល់ដ៏មានតម្លៃក្នុងន័យស្ថាបនា ដើម្បីរុញច្រានឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច របស់ប្រទេសចិនតទៅមុខទៀត។ ប្រទេសចិននឹងបន្តអនុវត្ត គោលនយោបាយអាទិភាពចំនួន ០៦ រួមមាន បង្កើនឪកាសការងារ ជម្រុញជីវភាពរស់នៅរបស់ប្រជាជន ពង្រីកទីផ្សារ រក្សាសន្តិសុខស្បៀងនិងថាមពល រក្សាស្ថេរភាពនៃសង្វាក់ផលិតកម្ម នៅកម្រិតសហគមន៍ និងធានាឱ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគនៅបរទេស និងក្នុងស្រុកផងដែរ។

ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានបញ្ជាក់ថា “សាកលភាវូបនីយកម្មនឹងផ្តល់
ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ហើយកិច្ចសហប្រតិបត្តិការឈ្នះៗនេះទៀតសោត នឹងជួយជំរុញឱ្យអរិយធម៌មុនស្សជាតិ មានការរីកចម្រើនខ្លាំងជាងនេះទៅទៀត”។ លោកបន្តថា “ជុំវិញបញ្ហានេះដែរ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ខ្ជួន នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងធ្វើឱ្យមានសមាហរណកម្មសេដ្ឋកិច្ចពិភពលោកកាន់តែបើកចំហ”។

ជាមួយនឹងការដាក់ចេញផែនការនេះ កោះតៃវ៉ាន់ ដែលមានទំនោរស្វែងរកឯករាជភាពហាក់ផ្គើននឹងអ្វីជាផែនការរបស់ប្រធានាធិបតីចិន ដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាសកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដ៏ធំសម្បើមមួយ ដែលត្រូវបានលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen)ចាត់ទុកថា ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនកោះរបស់ខ្លួន ពីការឈ្លាន​ពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

សមយុទ្ធយោធាខាងលើ មានឈ្មោះថា ហានគួង «Han Kuang» ត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរក្បែរទីក្រុង តៃជុង (Taichung) ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់ និងមានការចូលរួមពីកងទ័ព ៨,០០០នាក់ ព្រមទាំងយន្ដហោះចម្បាំង F-16 និងយន្ដហោះចម្បាំងផលិតនៅក្នុងស្រុក ឈីកូវ (Ching-kuo) រួមទាំងរថក្រោះជាច្រើនគ្រឿង ដែលបានបាញ់គ្រាប់ពិត កម្ទេចចំគោលដៅយ៉ាងល្អឥតខ្ចោះ។

លោកស្រីប្រធានាធិបតី Tsai Ing-wen ក៏បានថ្លែងទៅកាន់កងទ័ព ដូច្នេះថា”Han Kuang គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលផ្ដល់ឱកាសកងទ័ពទាំងអស់វាយតម្លៃ និងអភិវឌ្ឍសមត្ថភាប្រយុទ្ធរបស់ខ្លួន ក៏ដូចជាបង្ហាញការបង្ហាញពីការប្ដេជ្ញាចិត្ត ការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ

ទោះបីជាមិនបានបញ្ជាក់ចំៗថា កងកម្លាំងខាងក្រៅគឺជានរណា តែគេដឹងថាលោក​ស្រីTsai ចង់និយាយសំដៅទៅលើចិន។

សមយុទ្ធយោធា Han Kuang របស់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២០នេះ កើតមានឡើងចំពេលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនសកម្មភាពយោធា កាន់តែច្រើនឡើង នៅជុំវិញដែនកោះមួយនេះ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ហើយថែមទាំងព្រមានជាច្រើនលើកផងដែរថា ចិននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយ ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន៕

 

ខេត្តមណ្ឌលគិរីត្រៀមដីប្រមាណ៦០០ហិកតាដើម្បីសាងសង់ព្រលានយន្តហោះថ្មី

ដោយគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាងបានថ្លែងថា ខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ប្រមាណ៦០០ហិចតា ក្នុងការសងសាង់ព្រលានយន្ដហោះថ្មីនេះ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។

ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។

លោកអភិបាលខេត្ត នៅពេលរាជរដ្ឋាភិបាលសាងសង់ ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។

លោកស្វាយ សំអ៊ាង បានថ្លែងថា ខេត្តបានទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យប្រមាណជាង២០គីឡូម៉ែត្រ។លោកបន្តថា ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ឋ

អភិបាលខេត្តមណ្ឌលគីរីបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។

យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានបង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។

សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕

កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្មមេគង្គ – ជប៉ុនលើកទី១៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែក

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបានបើកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម មេគង្គ – ជប៉ុនលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម មេគង្គ – ជប៉ុនលើកទី១៣ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ នឹងផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្ម និងវិនិយោគ ឱ្យមានដំណើរការឡើងវិញ បន្ទាប់ពីអាក់ខានដោយសារវិបត្តិនៃការផ្ទុះឡើងនូវជំងឺ Covid-19 ។

លោកឧកញ៉ាបន្តថា “ទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ព្រមទាំងការដឹកដញ្ជូន នឹងត្រូវលើក យកមកពិភាក្សានៅក្នុងកិច្ចសន្ទានានេះ ព្រោះថា កន្លមកនេះ យើងមានការតភ្ជាប់ដឹកជញ្ជូនខ្លះហើយ ។ ជាមួយគ្នានេះ ក៏នឹងពិភាក្សាលើការតភ្ជាប់ខ្សែរថភ្លើងផងដែរដែលកន្លងមកនេះ ខាងភាគីចិនក៏បានជួយខ្នះខ្នែង និងជប៉ុនក៏បានជួយលើបញ្ហានេះ យើងសង្ឃឹមថា នឹងមានការតភ្ជាប់ដឹកជញ្ជូនផ្លូវដែកនេះ”។

លោកឧកញ៉ាបន្ថែមថា “ម្យ៉ាងទៀត ក៏មានគម្រោងបង្កើតតំបន់ឧស្សាហកម្មផលិតផលកសិកម្មនៅក្នុងតំបន់មេគង្គនេះ សម្រាប់ធ្វើការនាំចេញទៅកាន់តំបន់ និងពិភពលោក ។ បន្ថែមពីនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីគម្រោងនេះ តាមរយៈការទិញវត្ថុធាតុដើមពីកម្ពុជា និងបោះទីតាំងរោងចក្រសហគ្រាសផ្សេងផងដែរ”។

មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងក្រោមកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ជាធ្វើជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ តំបន់មេគង្គនេះ ក៏ត្រូវបង្កើតទំនាក់ទំនង មេគង្គ-កូរ៉េ មេគង្គ-ជប៉ុ និងមេគង្គ-អាមេរិក។

មហាអនុតំបន់ទន្លេមេគង្គបានអនុម័ត នូវយុទ្ធសាស្ត្រចំនួន ៣រួមមាន៖
១) ពង្រឹងការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច។
២) លើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើសមាហរណកម្មទីផ្សារ និងការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន។
៣) ការកសាងស្មារតីជាសហគមន៍មួយតាមរយៈការ ដោះស្រាយបញ្ហាសង្គម និងបរិសា្ថនរួមគ្នា៕