ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ជិតបញ្ចប់ការសាងសង់ហើយ

ដោយ ៖ រ៉ាណេត

កំពង់ចាមៈ ស្ពានមិត្តភាពកម្ពុជា ចិន ឆ្លងកាត់ទន្លេមេគង្គរវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណជិត៩០ភាគរយហើយ នៅឡើយតែភ្ជាប់ផ្នែកកណ្តាលនៃតួស្ពានតែប៉ុណ្ណោះ។

អភិបាលរងខេត្តកំពង់ចាម លោក កែវ នាឬទ្ធិ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សំណង់ស្ពានមិត្តកម្ពុជា – ចិន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រេចបានសម្រេចបានជិត៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ។

ស្ពាននេះមានប្រវែងសរុប១១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ មានកម្ពស់ពីផ្ទៃទឹក១៥ម៉ែត្រ ចំណាយថវិកាសរុបប្រមាណ៥៧លានដុល្លារ និងបានចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោកបន្តថា ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នៅត្រើយខាងលិចស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានផ្លូវតភ្ជាប់ពីក្បាលស្ពាន ត្រូវបានពង្រីកធំទូលាយក្រាលកៅស៊ូ និងមានរង្វង់មូលតភ្ជាប់ដោយផ្លូវខ្វាត់ខ្វែងទៀតផង។ អាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់ បានចុះដោះស្រាយពីផលប៉ះពាល់នានា នៅតាមដងផ្លូវ ជាមួយនឹងប្រជាពលរដ្ឋរួចរាល់ និងផ្លូវត្រូវពង្រីកឱ្យធំជាងមុន តភ្ជាប់មកផ្លូវលេខ៧១ រហូតដល់ស្រុកចំការលើ។

តាមរយៈវត្តមាននៃស្ពានមួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាដង្ហើមសេដ្ឋកិច្ចមួយរវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងការដឹកកសិផល និងវិស័យផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាន់តែប្រសើរឡើង ដោយក្នុងនោះប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក៏អាចដឹកទំនិញឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិននេះបែងចែកទៅតាមបណ្តាខេត្តដទៃទៀត ក៏ដូចជាឆ្ពោះមកកាន់រាជធានីភ្នំពេញ បានយ៉ាងស្រួល៕

ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានស្ថានភាពមិនទាន់មានភាពប្រាកដប្រជា

ដោយវុត្ថា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Advance  លោកឡុង គឹមសួគ៌បានមើលឃើញពីស្ថានភាពទីផ្សារ អចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងភាពមិនប្រកដប្រជាតាមរយៈម្តងឡើង ម្តងចុះទៅតាមស្ថានភាពនៃការផ្ទុះឡើងនូវ ជំងឺ Covid-19។

លោកបានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានចាប់ផ្តើមកម្រើកឡើងវិញ នៅក្នុងខែឧសភា និងដើមខែមិថុនា  តែនៅចុងខែមិថុនា និង ខែកក្កដា នេះ ហាក់មានស្ថានភាពស្ងប់ស្ងាត់ទៅវិញបន្តិច ដោយសារតែកម្ពុជាបានរកឃើញករណីថ្មីនៃជំងឺ Covid-19 ។

លោកបន្តថា “ស្ថានភាពទីផ្សារឥឡូវនេះម្តងឡើង និងម្តងចុះ តែបើធៀបទៅនឹងកាលពីខែមិនា និងខែមេសា ស្ថានភាពទីផ្សារអចលនទ្រព្យនៅពេលនេះកំរើក តែមិនទាន់ខ្លាំងនោះទេ”។ លោកបន្ថែមថា “យ៉ាងណាក៏ដោយលោកថា ស្ថានភាពនាពេលនេះ ក៏អាស្រ័យទៅលើអាជីវកម្មផងដែរ ពោលបើអាជីវកម្មតូចៗ មិនសូវជាប៉ះពាល់ខ្លាំងនោះទេ គឺប៉ះតែអាជីវកម្មធំៗប៉ុណ្ណោះ”។

លោកពន្យល់ថា ចំពោះអាជីវកម្មធំៗ អតិថិជនមុននឹងសម្រេចចិត្តទិញ មានការប្រុងប្រយ័ត្នខ្លាំង តែដូចជាអាជីវកម្មហាងវិញ មិនសូវជាប៉ះពាល់នោះទេ ខណៈរដ្ឋាភិបាលបានទប់ស្កាត់ការរីករាលនៃជំងឺ Covid-19 មិនឱ្យកើតនៅក្នុងសហគមន៍។

លោកឡុង គីមសួគ៌បានបន្ថែមថា នៅតាមទីផ្សារទំនើប យើងឃើញមានមនុស្សចេញចូលច្រើន ភោជនីយដ្ឋានដំណើរការឡើងវិញ ប៉ុន្តែទាក់ទងទៅនឹងការទិញផ្ទះ លក់ផ្ទះវិញ នៅពេលដែលមានករណីផ្ទុះឡើងនូវជំងឺCovid-19 ខ្ញុំមើលឃើញអតិថិជនមានស្ថានភាពស្ងប់ស្ងាត់។

លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងដែរថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ៕

ជនបរទេសចុះបញ្ជីស្នាក់នៅកម្ពុជាមានចំនួនជាង១៦ម៉ឺននាក់

ដោយវុត្ថា

ភ្នំពេញៈ របាយការណ៍ចុងក្រោយរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍កម្ពុជា បានបង្ហាញថា  មកទល់ពេលនេះមានជនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមានជាង១៦ម៉ឺននាក់ ប៉ុន្ដែវត្តមានជាក់ស្តែង មានជនបរទេសស្នាក់នៅកម្ពុជាមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០បានឲ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២០នេះ មានបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យ​ជនបរទេសមកកម្ពុជាមានការថយចុះ ហើយកម្ពុជាទទួលជនបរទេសជាង១លាននាក់ បើប្រៀបធៀបរយៈពេលដូចគ្នានេះ ឆ្នាំ២០១៩គឺទទួលបានជាង៣លាននាក់។

លោកថ្លែងថា “តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលយើងបានបង្កើតឡើង ហើយយើងអនុញ្ញាតឲ្យម្ចាស់គោលដៅ និងម្ចាស់ទីតាំង ឬម្ចាស់លំនៅដ្ឋាន ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅក្នុងព្រះរាជណាចក្រកម្ពុជា ចុះវត្តមានជនបរទេសស្នាក់នៅលំនៅដ្ឋានរបស់ខ្លួន”។​លោកបន្តថា “មកដល់ម៉ោងនេះ យើងទទួលបានជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធក៏បានបញ្ជាក់ថាវត្តមានជាក់ស្ដែង ប្រហែលជាង១១ម៉ឺននាក់ប៉ុណ្ណោះ”។

លោកបបន្ថែមថា ប្រព័ន្ធព័ត៌មានវិទ្យាកំពុងតែតាមដានបន្ដទៀត ចំពោះជនបរទេ​សស្នាក់នៅកម្ពុជា ដូច្នេះជនបរទេសអាច នឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែអគ្គនាយកដ្ឋានអន្ដោប្រវរសន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានវិទ្យានេះ។

លោកបន្តថា ការចុះបញ្ជីជនបទេសតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងកាន់តែល្អបន្ថែមទៀត ព្រោះការងារនេះក៏ជាជំហានដំបូងនៅកម្ពុជា ហើយការងារនេះក៏បានជួបបញ្ហាមួយចំនួនផងដែរ។ លោក៏បានស្នើ ដល់ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យទទួលបានការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះក៏បានកំណត់ដោយច្បាប់ផងដែរ។

លោកបគៀត ច័ន្ទថារិទ្ធ បញ្ជាក់ឡើងថា ប្រសិនបើមានម្ចាស់ទីតាំងណាមួយឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការជាមួយសមត្ថកិច្ច នោះម្ចាស់ទីតាំងនឹងទទួលពិន័យតាមផ្លូវច្បាប់។

យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមា​សទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថា ជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។

ជាក់ស្តែងក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ៥៣,៨៦% អ្នកជំនួញ៦៦,១០%។ ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេសថយចុះ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%៕

ព្រលានយន្ដហោះថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ គម្រោងសាងសង់ព្រលានយន្តថ្មីមួយទៀត ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលវិនិយោគដោយវិស័យឯកជន គ្រោងនឹងបង្ហាញរូបរាងនៅពេលឆាប់ៗខាងមុខនេះ ស្របទៅតាមសេណារីយូដែលបានកំណត់របស់ក្រុមហ៊ុន។

តាមរយៈអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានបង្ហើបប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា គម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីមួយនេះ ស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុន Royal Group Koh Rong Development របស់អ្នកឧកញ៉ាគិត ម៉េង នៅលើកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបន្តបញ្ជាក់ថា “គម្រោងនៃការសាងសង់ព្រលានយន្តហោះនេះ វាជាផ្នែកនៃគោលដៅអភិវឌ្ឍ ដែលស្ថិតនៅក្នុងMaster Planនៃការវិនិយោគរបស់ក្រុមហ៊ុន Royal Groupប៉ុន្តែអ្វីដែលជាអាទិភាព គឺការស្ថាបនាផ្លូវបេតុងដែលមានប្រវែង៧០គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ”។លោកបន្តថា“ការស្ថាបនាផ្លូវនេះ ត្រូវចំណាតទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារ រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធរណបគម្រោងផ្សេងទៀត ដែលត្រូវបញ្ចប់ឱ្យបានមុន ហើយគម្រោងព្រលានយន្តហោះចាប់ផ្តើមធ្វើបន្ទាប់”។

លោកបានបន្តថា ពាក់ព័ន្ធទៅនឹងគម្រោង នៃការសាងសង់ព្រលានយន្តហោះនេះផងដែរ បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរង់ចាំការកែសម្រួល Master Plan ពីក្រុមហ៊ុន Royal Group Koh Rong Development ដែលទទួលបានសិទ្ធិក្នុងការវិនិយោគ និងអភិវឌ្ឍន៍ ដោយឡែកសម្រាប់ទំហំទុន នៃការសាងសង់ព្រលានយន្តហោះសម្រាប់ការដឹកជញ្ជូនក្នុងស្រុកមួយនេះ យើងនៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ហើយក៏មិនទាន់ទទួលបានការសម្រេច ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះដែរ។ ដូច្នេះគម្រោងនេះនៅមិនទាន់បានបង្ហាញជាផ្លូវការជាក់លាក់ថា នឹងត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំប៉ុន្មាន និងចំណាយទុនក្នុងការសាងសង់ក្នុងកម្រិតប៉ុណ្ណានោះដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ នៅលើកោះរ៉ុងក្រោមការវិនិយោគ ពីសំណាក់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងមួយនេះ ជាគម្រោងដ៏ធំលើកដំបូងនៃការអភិវឌ្ឍកោះនៅក្នុងខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងកម្សាន្ត និងទេសចរណ៍លំដាប់ពិភពលោក ដោយក្នុងនោះរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល កាស៊ីណូ តំបន់រីហ្សត ផែបណ្តែតទឹក ស្ពាន ប្រភេទផ្ទះវីឡាភ្ជាប់ជាមួយអាងហែលទឹក រួមជាមួយនឹងមណ្ឌលកម្សាន្តមួយចំនួនទៀត៕

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បន្តចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងបានសម្រេចចាក់បេតុងបាន ៩៩,៩២ភាគរយ ហើយនឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ រួមទាំងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ២០ភាគរយ និងទី២នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន១០ភាគរយ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕

World Bank អនុម័តហិរញ្ញប្បទាន១០០លានដុល្លារសម្រាប់ជួយគាំទ្រគម្រោង កែលម្អបណ្តាញផ្លូវគមនាគមន៍នៅកម្ពុជា

ដោយ ប៊ី

ក្រុងវ៉ាស៊ីនតោនៈក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះបានអនុម័តផ្តល់ឥណទាន១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រ គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement Project)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា គម្រោងនេះនឹងពង្រីកលទ្ធភាព សម្រាប់សហគមន៍ជនបទ ឱ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទ ឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។

ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃការរៀបចំគម្រោងនេះបង្ហាញថា ក្នុងរដូវទឹកជំនន់ជាង២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើប្រាស់ សម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។

ក្រៅពីនោះប្រជាជន១៨ភាគរយទៀត ត្រូវចំណាយពេល៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការជ្រើសរើសផ្លូវ សម្រាប់ការវិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ”។

លោកបានបន្តថា “គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជន ទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍ មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញទៀតផង”។

គម្រោងនេះ ក៏នឹងជួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ ក្នុងនោះមាន ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយដល់ក្រសួងទាំងពីរ ក្នុងការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ របស់ក្រសួងទាំងពីរ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើលទ្ធផលការងា រសម្រាប់ការថែទាំផ្លូវ ធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែមានចីរភាពល្អប្រសើរ៕

ការសិក្សាៈប្រទេសកម្ពុជាជាកន្លែងដ៏ល្អបំផុតក្នុងការទិញអចលនទ្រព្យនៅ អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន

ដោយៈ ប៊ី

ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានសក្តានុពលយ៉ាងខ្លាំង ហើយទទួលបានផលចំណេញខ្ពស់ពីការជួលជាង៦ភាគរយ និងជាកន្លែងដ៏ល្អបំផុត ក្នុងការទិញអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ។

ការសិក្សានេះបានគូសបញ្ជាក់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាបានបំពេ​ញតាមស្តង់ដារពិភពលោកយ៉ាងពិតប្រាកដ។

ទោះបីជាប្រទេសមានបញ្ហាកន្លងមកក៏ដោយ ប៉ុន្តែមិនមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលជាច្រើនទសវត្សរ៍។ កម្ពុជាក៏ជាកន្លែងចាប់អារម្មណ៍ សម្រាប់វិនិយោគបរទេស ដែលបានជួយជំរុញកំណើនគួរឱ្យចាប់អារម្មណ៍។

ការសិក្សានេះ បានធ្វើការសម្ភាសន៍អ្នកវិនិយោគអចលនទ្រព្យធំៗ ចំនួន១០រូបនៅកម្ពុជា ដោយពួកគេបាននិយាយថា បានការទិញទ្រព្យសម្បត្តិ គឺជាមធ្យោបាយដ៏ប្រសើរដើម្បីទាញយកអត្ថប្រយោជន៍ ពីសក្តានុពលសេដ្ឋកិច្ចនៅជួរមុខនេះ។ អចលនទ្រព្យនៅកម្ពុជាមានតម្លៃទាប ហើយវិនិយោគិនអាចទទួលបានផលមកវិញយ៉ាងច្រើន ដោយសារតម្លៃអចលនទ្រព្យកើនឡើង និងចំណូលជួលខ្ពស់។

លើសពីនេះទៅទៀត ប្រទេសកម្ពុជាពិតជាមានភាពងាយស្រួល សម្រាប់វិនិយោគិន។ ដំណើរការទិដ្ឋាការរបស់ប្រទេសកម្ពុជាគឺងាយស្រួល ហើយជនបរទេសប្រឈមនឹងការរឹតត្បិតតិចតួចលើភាពជាម្ចាស់លើអចលនទ្រព្យ។

អចលនទ្រព្យដែលមានតម្លៃទាប និងការវិនិយោគបរទេសរបស់កម្ពុជា បានទាក់ទាញអ្នកអភិវឌ្ឍន៍ទៅភ្នំពេញ និងជាយក្រុង។ ទោះយ៉ាងណា ដូចនៅតាមទីផ្សារជួរមុខភាគច្រើន គុណភាពរបស់ក្រុមហ៊ុនទាំងនេះអាចប្រែប្រួលយ៉ាងខ្លាំង។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលគុណភាពទាប ឬគ្មានបទពិសោធន៍នៅក្នុងប្រទេ​សកម្ពុជាជាច្រើន តែងបង្កើតបញ្ហាជាច្រើនសម្រាប់អ្នកទិញ។ ទាំងនេះរួមមានការពន្យារពេលបញ្ហារចនាសម្ព័ន្ធ និងគម្រោងមិនបានបញ្ចប់ទាន់ពេលវេលា។

អ្នកអភិវឌ្ឍន៍ ដែលអ្នកជ្រើសរើសអាចកំណត់ថា តើអចលនទ្រព្យរបស់អ្នកក្លាយជាការវិនិយោគដែលរកចំណូលបានឬបញ្ហា។ ដូច្នេះ អ្នកគួរតែស្វែងរកក្រុមហ៊ុន ក្នុងស្រុក ដែលមានគម្រោងមួយចំនួនដែលបានបញ្ចប់ ឬក្រុមហ៊ុនអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អ គ្រប់ទីកន្លែងក្នុងពិភពលោក ក៏គួរតែមានការពិនិត្យវិជ្ជមានពីភ្នាក់ងារអចលនទ្រព្យអ្នកទិញ និងអ្នកជួលផងដែរ។

ក្រុមហ៊ុនខាងក្រោមត្រូវនឹងលក្ខណៈវិនិច្ឆ័យរបស់យើង ក្នុងនាមជាក្រុមហ៊ុនអភិ​វ ឌ្ឍន៍អចលនទ្រព្យកំពូលទាំង១០នៅកម្ពុជា។

១, ក្រុមហ៊ុនUrbanLand

ក្រុមហ៊ុន UrbanLand Asia គឺជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា។ គម្រោង UrbanLand បានឈ្នះរង្វាន់ជាច្រើន សម្រាប់អចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់ខ្លួន។

២. បុរី ប៉េងហួត

ក្រុមហ៊ុនបុរីប៉េងហួត ជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានបង្កើតការអភិវឌ្ឍថ្មីៗជាច្រើន ហើយបានលក់ផ្ទះថ្មីជាង១ម៉ឺនខ្នង។

៣ ក្រុមហ៊ុន Creed Asia (កម្ពុជា)

ក្រុមហ៊ុនCreed Asia ជាអ្នកអភិវឌ្ឍន៍ជប៉ុន ដែលមានកំណត់ត្រារឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុនបានបញ្ចប់គម្រោងដោយជោគជ័យនៅក្នុងប្រទេសចំនួន៩ផ្សេងគ្នារួមមានកម្ពុជា វៀតណាម និងម៉ាឡេស៊ី។

៤ ក្រុមហ៊ុន Triple Gem

ក្រុមហ៊ុន Triple Gem Assets បានលេចចេញជារូបរាងនៅក្នុងឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ទ្រព្យសម្បត្តិឯកជន។ សព្វថ្ងៃនេះ ក្រុមហ៊ុនត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានមូលនិធិសាធារណៈ។

ចាប់តាំងពីត្រូវបានបង្កើតឡើង ក្រុមហ៊ុនបានបញ្ចប់ស្ពាន និងផ្លូវដែកផ្សេងៗគ្នា។ ក្រុមហ៊ុនក៏បានកែលម្អផ្នែកខ្លះ នៃសាកលវិទ្យាល័យភ្នំពេញផងដែរ។

  1. FURI Corporation

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនFURI Corporation បានរីកចម្រើន និងក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនបានដាក់ទុនលើទីផ្សារអចលនទ្រព្យ ដែលកំពុងផ្ទុះនៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងលក់អចលនទ្រព្យ ដើម្បីទាញយកវិនិយោគិនបរទេស។

  1. Prince Real Estate Group

ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប បានលេចចេញជារូបរាងនៅក្នុងឆ្នាំ២០១៥ ដោយមានបេសកកម្ម “កសាងជីវិតឱ្យកាន់តែប្រសើរឡើង” នៅទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ក្រុមហ៊ុននេះបានបញ្ចប់គម្រោងធំៗចំនួន៣ ជាមួយនឹងគម្រោងជាច្រើនទៀត ដែលកំពុងដំណើរការ។

៧ ក្រុមហ៊ុន Shukaku

បង្កើតឡើងក្នុងឆ្នាំ ២០០១ ក្រុមហ៊ុន Shukaku ឥលូវនេះ មានឈ្មោះលេចធ្លោជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះ តាមរយៈការអភិវឌ្ឍមជ្ឈមណ្ឌលភ្នំពេញស៊ីធីសេនធ័រ។

៨ ក្រុមហ៊ុន Star5 Developers

ក្រុមហ៊ុន Star5 Developers បានលេចមុខក្នុងឆ្នាំ២០១៥ ហើយក្លាយជាអ្នកអភិវឌ្ឍន៍កំពូលម្នាក់ ក្នុងទីក្រុងភ្នំពេញយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល៥ឆ្នាំក្រុមហ៊ុនបានបញ្ចប់ការអភិវឌ្ឍទ្រង់ទ្រាយធំចំនួន២រួចទៅហើយ រួមជាមួយគម្រោងតូចៗមួយចំនួន។

៩ ក្រុមហ៊ុន MCC Land

ក្រុមហ៊ុន MCC Land គឺជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដែលបានចូលមកទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៤។ នៅក្នុងទីផ្សាររបស់ខ្លួននៅប្រទេសសិង្ហបុរី ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាល្អបំផុត សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានប្រណីតរបស់ខ្លួន។

  1. R&F Cambodia

ក្រុមហ៊ុនR&F ជាក្រុមហ៊ុនចិនដ៏ល្បីមួយ ដែលមានជំនាញក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានគុណភាពខ្ពស់។ នៅក្នុងប្រទេសចិនតែមួយ ក្រុមហ៊ុនបានបញ្ចប់គម្រោងជាង២០០ហើយលក់អស់ជាងមួយលានផ្ទះ៕

ប្រភព៖ (Investasia)៕

សម្តេចតេជោ សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការកសាងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីភ្នំពេញ-បាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Railway International Group., Ltd ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម។

សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ ដែល មានសមាសភាព ១៧ រូប ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន និងមន្ត្រីក្រសួងស្ថាប័ន និងអភិបាលខេត្តពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ។

 

គណៈកម្មការនេះ មានភារកិច្ចពិនិត្យ និងផ្តល់យោបល់អំពីនិតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿននេះ ឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ- ក្រុងបាវិត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកនេះថា ក្រសួងបានចុះកិច្ចព្រមព្រៀង ក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកបន្តថា “ក្រុមការងារកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយ លោក ងៀន វ៉ាន់ថេ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ”។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ធ្លាប់ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវល្បឿនលឿន ជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

គម្រោងសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រា ប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋាន សម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធនធ្ងន់៕

រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ កម្ពុជាទទួលបានអ្នកដំណើរជិត២លាននាក់ ធ្លាក់ចុះ៦៨ភាគរយ ក្នុងរយៈ ៦ខែឆ្នាំនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា នៅក្នុងរយៈពេល៦ខែនៅឆ្នាំ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន ១,៩៥ លាននាក់ ធ្លាក់ចុះ៦៨ភាគរយ និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19) កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ។

លោកទេសរដ្ឋមន្ត្រីបន្តថា មិនត្រឹមតែកម្ពុជាទទួលរងនូវផលប៉ះពាល់នោះទេ ជំងឺ Covid-19 បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោក និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

លោកបន្តថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានកំណើនអវិជ្ជមាន ៥,៥ភាគរយ នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥ភាគរយនៅឆ្នាំក្រោយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគ Covid-19 ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ៕

ក្រុមហ៊ុន SUNDOOR ផ្គត់ផ្គង់​ផលិតផល​ទ្វារ និង​ពិ​ដាន​បែប​ទាន់សម័យ​ក្នុងវិស័យ​សំណង់​នៅ​កម្ពុជា

អត្ថ​ប​ទៈ​រ៉ា​ណេ​ត

ភ្នំពេញៈ SUNDOOR ជា​ក្រុមហ៊ុន​ផលិត​ពិ​ដាន និង​ទ្វារ​ប្រភេទ PVC សម្រាប់​ដាក់​បន្ទប់​គេង ខុន​ដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមាន​គុណភាព​ខ្ពស់​មិន​រីក​រួម ស្រក កុំ​ម្មង់​ទំហំ​ទៅតាម​តម្រូវការ បែប​ទំនើប​ទាន់សម័យ​ប្រកបដោយ​គុណភាព សោភ័ណភាព ដែល​បាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកមាន​ជំនាញ​មាន​សមត្ថភាព ទេពកោសល្យ​ខ្ពស់ និង​ពោរពេញ​ទៅដោយ​វិជ្ជាជីវៈ ដែលមាន​គោលដៅ​យ៉ាងច្បាស់​លាស់។


ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ទ្វារ ពិ​ដាន SUNDOOR មាន​ក្រុម​អ្នកជំនាញ​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ភាពម៉ឺងម៉ាត់ ដោយមាន​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលប្រឡូក ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា ដែលជា​ស្ថាប័នធំៗមាន​ស្រាប់។ ក្រុមហ៊ុន​មាន​ក្ដី​រំពឹង និង​ជឿជាក់​យ៉ាងច្បាស់​ក្នុង​កិច្ចដំណើរការ​របស់ខ្លួន ដែល​នឹង​ឈានទៅរក​ភាពជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

អ្នកតំណាង​ក្រុមហ៊ុន SUNDOOR បាន​បញ្ជាក់ថា “នៅក្នុង​ដំណើរការ​ដំបូង​នេះ យើង​ក៏​មិន​រំពឹងថា វា​អាច​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ១០០ភាគរយ​នោះទេ ប៉ុន្តែ​យើង​មានការ​តាំងចិត្ត ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ជំនះ​នូវ​រាល់​ឧបសគ្គ​ដែល​ប្រឈម ហើយ​ធ្វើការ​ដោះស្រាយ​ដោយ​សន្ដិវិធី ដើម្បី​ឈានទៅដល់​ការ​គោលដៅ នៃ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​គោលបំណង​ចម្បង​របស់​យើង” ។

ក្នុង​រយៈពេល​នេះ​យើង​ចាំបាច់​បំផុត ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ដែល​ចង់បាន ដែល​ស្របទៅនឹង​គោលដៅ​របស់​យើង ដែល​ធ្វើយ៉ាងណា ពង្រីក​វិសាលភាព និង​ចែកចាយ​នៅលើ​ទីផ្សារ គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា នៅ​ទូទាំងប្រទេស​កម្ពុជា។

ក្រុមហ៊ុន SUNDOOR មាន​គោលដៅ​យ៉ាង​មុតមាំ ដើម្បី​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុងការ​ផ្គត់ផ្គង់​ទ្វារ និង​ពិ​ដាន ដែលមាន​លក្ខណៈ​ទំនើប ទាន់សម័យ ប្រកបដោយ​គុណភាព ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា។ប​ច្ចុ  ប្បន្ន ក្រុមហ៊ុន SUNDOOR បាន និង​កំពុង​រៀបចំ​គោលនយោបាយ​ក្នុងការ​ក្លាយខ្លួនជា​ស្ថាប័ន​ដែលមាន​ការទទួលស្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស រួម​ជាមួយនឹង​ការដាក់​គោលដៅ​ចម្បង​ក្នុងការ​ស្វែងរក​ផលចំណេញ​ជូន​អតិថិជន ដោយ​ការផ្តល់ជូន​នូវ​ផលិតផលថ្មីៗប្រកបដោយ​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​កម្ពុជា ដែល​កំពុងមាន​កំណើន​សេដ្ឋកិច្ច និង​កាលានុវត្តភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​បេសកកម្ម​ពិសេស ដើម្បី​ធ្វើការ​ផ្តល់ជូន​នូវ​សេវាកម្ម រួម​ជាមួយនឹង​ផលិតផល​មានគុណ​ភាព ប្រកបដោយ​ក្រមសីលធម៌​របស់​បុគ្គ​លិ​ក​ជំនាញ មាន​សមត្ថភាព និង​ចំណេះដឹង​យ៉ាងពិត​ប្រាកដ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​គោលដៅ​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​ជាអាទិ៍ អតិថិជន​ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់ អ្នក​ចែកចាយ​បន្ត ក៏ដូចជា​ចែកចាយ​ទៅតាម​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស​ទៅតាម​តម្រូវការ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 077 555 554 / 077 783 168 / 087 783 168 ៕