ដោយ ហ្សូលី
ភ្នំពេញៈកម្ពុជាកំពុងបង្កើនទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយជប៉ុន ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការ ការវិនិយោគ ពាណិជ្ជកម្ម ទីផ្សារ រួមទាំងលើកស្ទួយកំនើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ បន្ទាប់ពីកម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងស្តីពីភាពដៃគូសេដ្ឋកិច្ចទូលំទូលាយ (AJCEP)។

កម្ពុជារំពឹងថា នឹងអាចពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន និងទាក់ទាញឱ្យវិនិយោគិនជប៉ុន ចូលមកបណ្តាក់ទុនកាន់តែច្រើនពីផលប្រយោជន៍ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP – 1st Protocol) ដែលទើបត្រូវបានរដ្ឋសភាអនុម័ត កាលពីដើមសប្តាហ៍នេះ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជាបានមានប្រសាសន៍ថា ច្បាប់នេះនឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន ល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្ម សេវាកម្ម បំផ្លាស់ទី រូបវន្តបុគ្គល និងការវិនិយោគ។
ទន្ទឹមនេះ ក៏នឹងផ្ដល់នូវប្រយោជន៍ដល់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗបន្ថែម ហើយកម្ពុជាក៏អាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនចូលជាតិ ។
លោកបន្តថា “ក្រោយពីពិធីសារនេះចូលជាធរមាន នឹងជំរុញការទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចជប៉ុនមក វិនិយោគនៅកម្ពុជាកាន់តែច្រើន លំហូរបច្ចេកទេស និងបច្ចេកវិទ្យាកាន់តែប្រសើរ។ កម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើន”។
យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានឱ្យដឹងថា ក្នុងរយៈពេល៨ ខែនៃឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានតម្លៃសរុប១៣៤៦លានដុល្លារ ធ្លាក់ចុះ៧,៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុនមានតម្លៃ១០៤៥ លានដុល្លារ និងការនាំចូលវិញមានតម្លៃ ៣០០,៨៩ លានដុល្លារ៕






