គម្រោងផ្សារទំនើបចំនួន៣បន្ថែមទៀតគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០

0

ដោយៈហ្សូលី

ភ្នំពេញៈ ការអភិវឌ្ឍលើគម្រោងផ្សារទំនើបកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់ ដោយហេតុថាសេដ្ឋកិច្ចកម្ពុជាមានសភាពរលូនល្អ រីកចម្រើនប្រកបដោយចីរភាព បន្ទាប់ពីឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីជំងឺរាតត្បាត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលគេហទំព័រ Propertyarea.asia ទទួលបានឱ្យដឹងថា មានគម្រោងផ្សារទំបនើបន្ថែមចំនួន៣បន្ថែមទៀតនឹងបញ្ចប់គម្រោងរបស់ខ្លួននៅចុងឆ្នាំ២០២០។ ដូច្នេះកំណើនទំហំផ្សារទំនើបបានឡើងដល់ប្រមាណជា២២,៧៤៨ ម៉ែត្រការ៉េ។

របាយការណ៍ដដែលបន្តថា គម្រោងផ្សារទំនើបចំនួន ២ គឺ The One Mall និង 313 Quayside ដែលសុទ្ធសឹងជាប្រភេទផ្សារសហគមន៍ បានដាក់បញ្ចូលនៅក្នុងការផ្គត់ផ្តង់ផ្សារសហគមន៍សរុប សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្នុងនាមជាផ្សារសហគមន៍ដែលបញ្ចប់គម្រោងរួចរាល់។

កញ្ញា គឹម គិនកេសា មន្ត្រីស្រាវជ្រាវជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា ជាការពិតទៅ យើងសង្កេតឃើញថា ចុងឆ្នាំ២០២០ ត្រីមាសទី៤នេះ ការផ្គត់ផ្គង់គម្រោងផ្សារទំនើបក៏មានត្រៀមបើកដំណើរការដែរ។

កញ្ញាបន្តថា “បើនិយាយពីទីផ្សារវិញ មានការប្រកួតប្រជែងច្រើនសម្រាប់ម្ចាស់ផ្សា​រ​ទំនើបក្នុងការស្វែងរកអ្នកជួល”។ ជាធម្មតា ការផ្គត់ផ្គង់មានកំណើនជារឿងទូទៅហើយ ប៉ុន្តែចំណែកឯតម្រូវការវិញ ហាក់ថមថយព្រោះអ្នកជួលមានការស្ទាក់ស្ទើរ ក្នុងការពង្រីកសាខា ឬក៏បើកហាងថ្មី”។ កញ្ញាបន្តថា “ទោះយ៉ាងណា ការពង្រីកនិងការបើកហាងថ្មីក៏នៅតែបន្តបើកបន្ថែមដដែល ទាំងហាងមួយចំនួននៅតែពង្រីកសាខា ចំណែកឯហាងប្រ៊េនថ្មីៗមួយចំនួន នៅតែឈានជើងចូលក្នុងទីផ្សារកម្ពុជា។ ជារួម សន្ទុះនៃតម្រូវការមិនបានកើនឡើងលឿនដូចជាការផ្គត់ផ្គង់នោះឡើយ”។

ចំណែកតម្លៃជួលក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២០វិញ នៅតែបន្តស្ថិតស្ថេរ ក្នុងផ្សារសហគមន៍តម្លៃធ្លាក់ចុះ នៅសល់២២.១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការប្រែប្រួលនេះគឺជាលទ្ធផលនៃកំណើនប្រកួតប្រជែង ដែលការផ្គង់ផ្គង់កើនឡើងប្រមាណ៥០ភាគរយក្នុងរយៈពេល ៦ខែឆ្នាំ ២០២០នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here