កម្ពុជានាំចេញចេកជាង ១,៤ ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ ៦៨លានដុល្លារក្នុងរយៈពេល៦ ខែឆ្នាំនេះ

ដោយវុត្ថា

កំពត៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបានធ្វើការនាំចេញចេកមានចំនួន ១៤.២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨ ៥៦២ ៧៩៣ ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។

នេះបើយោងតាមលទ្ធផលនៃការចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿងមួយកន្លែងបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសម្រាប់នាំចេញរបស់ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅស្រុកឈូក ខេត្តកំពត ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃសម្រាប់នាំចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញននេះ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិន បានធ្វើការវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី ៤ ០០០ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត និងចាប់ដំណើរការផលិតកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនៅខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុបានធ្វើការនាំចេញជាលើកដំបូងទៅទីផ្សារ។

លោករដ្ឋមន្ត្រីថ្លែងថា កសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតចេកអំបូងលឿង ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឱ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ។

តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩ ៣៣៦ ៨៥៤ ដុល្លារ ទៅកាន់ទីផ្សារអាស៊ី និងអូសេអានី។ រដ្ឋាភិបាលនៃប្រទេសចិនបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន៕

រដ្ឋាភិបាលមហាអនុតំបន់ទន្លេមេគង្គដាក់ចេញផែនការកសាងផ្លូវដែកនាពេលអនាគត

ដោយ ៖ វុត្ថា

ភ្នំពេញ៖រដ្ឋាភិបាលនៅតាមដងមហាអនុតំបន់ទន្លេងមេគង្គដាក់ចេញផែនការកសាងផ្លូវដែកតភ្ជាប់ប្រទេសក្នុងការជំរុញការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម និងបង្កើនការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតនាពេលអនាគតទៅមុខ ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកនេះថា តាមផែនការរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ នឹងរៀបចំឱ្យមានការតភ្ជាប់ផ្លូវដែកងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងបង្កើនពាណិជ្ជកម្ម និងវិនិយោគ ខណៈមានការជ្រោមជ្រែងពីប្រទេសដៃគូ។

លោកឧកញ៉ាបន្តថា “បើទោះបីកន្លងមកនេះ យើងមានការតភ្ជាប់ដឹកជញ្ជូនខ្លះហើយ តែមហិច្ឆិតារបស់រដ្ឋាភិបាលនៅតាមមហាទន្លេអនុតំបន់ទន្លេមេគង្គគឺចង់ឱ្យមានផ្លូវដែក។ ការតភ្ជាប់ខ្សែរថភ្លើងផងដែរដែលកន្លងមកនេះ ខាងភាគីចិនក៏បានជួយខ្នះខ្នែង និងជប៉ុនក៏បានជួយលើបញ្ហានេះ យើងសង្ឃឹមថា នឹងមានការតភ្ជាប់ដឹកជញ្ជូនផ្លូវដែកនេះ”។

លោកបន្ថែមថា “គម្រោងតភ្ជាប់ផ្លូវដែកជំរុញដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ព្រមទាំងការដឹកដញ្ជូន ត្រូវបានរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គលើកយកមកពិភាក្សានៅក្នុងកិច្ចសន្ទនានីមួយៗ រវាងភាគីពាក់ព័ន្ធផងដែរដើម្បីជំរុញធ្វើយ៉ាងឱ្យសម្រេចតាមផែនការ”។

លោកឧកញ៉ាបន្ថែមថា “ម្យ៉ាងទៀត ក៏មានគម្រោងបង្កើតតំបន់ឧស្សាហកម្មផលិតផលកសិកម្មនៅក្នុងតំបន់មេគង្គនេះ សម្រាប់ធ្វើការនាំចេញទៅកាន់តំបន់ និងពិភពលោក ។ បន្ថែមពីនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីគម្រោងនេះ តាមរយៈការទិញវត្ថុធាតុដើមពីកម្ពុជា និងបោះទីតាំងរោងចក្រសហគ្រាសផ្សេងផងដែរ”។

មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងក្រោមកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ជាធ្វើជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ តំបន់មេគង្គនេះ ក៏ត្រូវបង្កើតទំនាក់ទំនង មេគង្គ-កូរ៉េ មេគង្គ-ជប៉ុន និងមេគង្គ-អាមេរិកផងដែរ៕

ស្ថានីយបញ្ជូនអគ្គិសនីទី១ ខេត្តរតនៈគីរី ត្រូវបានបើកដាក់ឱ្យដំណើរការ

ដោយ ៖ រ៉ាណេត

រតនៈគីរី ៖ អនុស្ថានីយទី១ប្រចាំនៅក្នុងខេត្តរតនៈគីរី បញ្ជូនខ្សែរងប្រវែង១៥០គីឡូម៉ែត្រ ជាមួយកម្រិតតង់ស្យុង ៣៥គីឡូវ៉ុលថ្មី ត្រូវបានដាក់ឱ្យដំណើរការបណ្តោះអាសន្នមុនពេលខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីខេត្តក្រចេះទៅមណ្ឌលគីរី ដែលនឹងដាក់ដំណើរការនៅត្រឹមចុងឆ្នាំ២០២០នេះ។

តាមរយៈការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបតែទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺការដាក់ឱ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុលថ្មី ភ្ជាប់ពីខេត្តរតនគិរី និងមណ្ឌលគិរី។

លោកបញ្ជាក់ថា “ក្រោយពីខេត្តរតនគិរី បានភ្ជាប់បញ្ចូលមកក្នុងប្រព័ន្ធជាតិបញ្ជូនអគ្គិសនី កាលពីថ្ងៃទី២ ខែកក្កដា, អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុល បញ្ជូនទៅជួយផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរីជាបណ្តោះអាសន្ន មុនពេលដែលខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីក្រចេះទៅមណ្ឌលគិរី នឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។ បច្ចុប្បន្នការផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរី បានយកប្រភពអគ្គិសនី មកពីប្រទេសវៀតណាម រួមជាមួយប្រភពវារីអគ្គិសនីខ្នាតតូច ដែលជាជំនួយពីរដ្ឋាភិបាលជប៉ុនក្នុងខេត្ត”។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កែវ រតនៈ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ដែលជាថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានចូលរួមជាអថិបតីជាមួយអគ្គិសនីកម្ពុជា គឺលោក អ៉ិត ប្រាំង រដ្ឋលេខាធិការ និងលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានចូលរួមពិនិត្យ និងដាក់ឲ្យដំណើរការខ្សែបញ្ជូន៣៥គីឡូវ៉ុលនេះ ដោយភាពជោគជ័យ ហើយសង្ឃឹមថា ការផ្គត់ផ្គង់បណ្តោះអាសន្ននេះ នឹងកាត់បន្ថយនៃការនាំចូលថាមពលអគ្គិសនីពីប្រទេសវៀតណាម ខណៈដែលខ្សែបញ្ជូនរងថ្មី ចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីតាមដងផ្លូវបានប្រសើរជាងមុន និងមានទំហំកម្លាំងអគ្គិសនីធំជាងមុន៕

ក្រុមហ៊ុន​ចិន​កំពុង​ព​ន្លឿ​ន​ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​ដោយ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ដើមឆ្នាំ២០២៣ខាងមុខនេះ ព្រលានយន្តហោះ​អន្តរជាតិ​ខ្នាត​ធំថ្មី​នៃ​ខេត្តសៀមរាប អាច​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ហើយ​ដាក់​ដំណើរការ​ស្របគ្នា ជាមួយនឹង​គម្រោង​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្តកណ្តាល ខណៈដែល​បច្ចុប្បន្ន​សក​ម្ម​ភាព នៃ​ការសាងសង់​កំពុងតែ​មមាញឹក ដោយ​ធ្វើឡើង​ទាំងថ្ងៃទាំងយប់ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ៨០០នាក់។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​សុខ ចិន្តា​សោភា បាន​មានប្រសាសន៍​នៅក្នុង​កិច្ច​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី​នៃ​ខេត្តសៀមរាប នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា គម្រោង​វិនិយោគ​នេះ គឺជា​គម្រោង​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-ចិន ក្រោម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមប្រឹក្សា​អ​វឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ចិន ស្ដីពី កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សមត្ថភាព​ផលិត។

ជាមួយគ្នានេះ លោក​បាន​វាយតម្លៃ​យ៉ាងខ្ពស់ ទៅលើ​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ជំនាញ ដែល​ទទួល​ម៉ៅការ​សាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​ថ្មី នៃ​ខេត្តសៀមរាប​នេះ បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺឆ្លង​ក៏ដោយ ដែល​វា​ជាការ​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ខ្ពស់ ទៅ​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កំពុង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Angkor International Airport Investment (AIAI) ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ខេត្ត​យូ​ណាន ប្រទេស​ចិន ក្នុង​ទឹកប្រាក់​ចំនួន៩៦២លាន​ដុល្លារ។

ព្រលានយន្តហោះ​ថ្មី​នេះ សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ៧០០ហិកតា និង​គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅត្រឹម​អំឡុង​ខែតុលា ឆ្នាំ២០២២ និង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ខែមីនា ឆ្នាំ២០២៣ ៕

ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ធំ​របស់​ឥណ្ឌា​ប្រកាស​ឈានចូល​ទីផ្សារ​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ម៉ូតូ Royal Enfield ដែលមាន​មូលដ្ឋាន​នៅ​ឥណ្ឌា ថ្មីៗនេះ​បាន​ពង្រីក​ទីតាំង​របស់ខ្លួន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ការប្រកាស​ឈាន​ចូលមក​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ហេ​ទំព័រ Hindusantimes របស់​ឥណ្ឌា​នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។

ក្រុមហ៊ុន​នេះ​នឹង​លក់​ម៉ូតូ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ផលិត​នៅ​រោងចក្រ​នៅ​ថៃ។ សម្រាប់​កំណត់ត្រា វា​ជា​កន្លែង​ដំបូង នៃ​កន្លែង​ផលិត​ម៉ូតូ​ក្រុមហ៊ុន​មួយ​នេះ នៅ​ខាងក្រៅ​ប្រទេស​ឥណ្ឌា។

ក្រៅពី​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បច្ចុប្បន្ននេះ ក៏មាន​វត្តមាន​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា​ប្រទេស​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន កូរ៉េខាងត្បូង និង​ឥណ្ឌូនេស៊ី​ផងដែរ។

ក្រុមហ៊ុន​ផលិត​ម៉ូតូ​នេះ បាន​នាំមក​នូវ​ម៉ាក​ម៉ូតូ ដូចជា​ម៉ាក Bullet 500 ម៉ាក Classic 500 ម៉ាក Himalayan ម៉ាក Interceptor ៦៥០ និង​ម៉ាក Continental GT ៦៥០ នៅ​កម្ពុជា។

ក្រុមហ៊ុន​បានតែងតាំង​ក្រុមហ៊ុន TF Motors ជា​ក្រុមហ៊ុន​ចែកចាយ​ផ្លូវការ និង​សម្ពោធ​ហាង​ដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ លើសពីនេះទៅទៀត ហាង​នេះ​ក៏​លក់រាយ​សម្លៀកបំពាក់​ផ្លូវការ​របស់​ក្រុមហ៊ុន និង​គ្រឿង​បន្ថែម​ផងដែរ។

បើ​និយាយ​ពី​ទីផ្សារ​បរទេស​វិញ ម៉ូតូ Royal Enfield កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាពិសេស​គឺ​ម៉ាក 650 Twins ។ ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​នៃ​ការបើក​ដំណើរការ ម៉ាក Interceptor 650 បាន​កើន​ឡើងដល់​កំពូល នៃ​តារាង​លក់​ម៉ូតូ​របស់​ចក្រភព​អង់គ្លេស​សម្រាប់​ខែមិថុនា២០ ។ នៅក្នុង​ប្រទេស​ឥណ្ឌា Royal Enfield នឹងដាក់​បង្ហាញ​ម៉ូ​ទ័​រ​ថ្មី Meteor ៣៥ឆាប់ៗនេះ ៕

តើ​ក្រុមហ៊ុន​ចិន​សាងសង់​ហេ​ដ្ឋ​រនា​សម្ព័ន្ធ​នៅ​កម្ពុ​ជាមាន​លក្ខណៈពិសេស​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធធំៗនៅ​កម្ពុជា ភាគច្រើន​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ទំនាក់​ទំ​ង​ល្អ ជាមួយនឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ចូលមក​បណ្តាក់ទុន​និ​យោគ និង​កសាង​ហេ​ដ្ឋា​នា​សម្ព័ន្ធ​នានា​នៅក្នុង​ប្រទេស។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia  នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា ក្រុមហ៊ុន​ចិន មាន​លក្ខណៈពិសេស​ច្រើន ដែល​រដ្ឋាភិបាល​របស់​ខ្លួន​បាន​បញ្ជូន​មកកាន់​កម្ពុ​ជា ហើយ​ក្រុមហ៊ុន​ខ្លះទៀត បានចេញ​លុយ​ផ្ទាល់ខ្លួន​ក្នុងការ​សិក្សា​គម្រោង។

លោក​បន្តថា “ក្រុមហ៊ុន​ខ្លះ​សុំ​ដល់​ក្រសួង​ក្នុងការ​សិក្សា​គម្រោង ដោយ​មិន​ទទួលបាន​នូវ​ថវិកា​នោះទេ តែ​ពេលខ្លះទៀត​ក៏​មិន​ទទួលបាន​គម្រោង ដែល​ខ្លួន​បាន​សិក្សា​ហើយ​យកមកអនុវត្ត​ផងដែរ។លោក​បន្តថា “ក្រុមហ៊ុន​ចិន​មួយចំនួន​ដាក់​គម្រោង​ទៅ​រដ្ឋាភិបាល​របស់ខ្លួន​មិនត្រូវ​បានផ្តល់​អទិភាព ខណៈដែល​ក្រុមហ៊ុន​ថ្មី ចូលមក​ទទួលបាន​គ​ម្រោ​ង​យកទៅ​អនុវត្តន៍” ។

លោក​សូរិយា​បាន​បន្ថែមទៀតថា “ជាទូទៅ​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​គម្រោង​សាងសង់​នៅ​កម្ពុជា មាន​ស្ថានភាព​លឿន ដោយ​សារបាន​សិក្សា​ពី​តម្លៃ និង​គម្រោង​ចំណាយ​នានា​មាន​ភាពច្បាស់លាស់​ត្រឹមត្រូវ។លោក​បន្តថា “តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ គឺ​ក្រុមហ៊ុន​ចិន​សិក្សា​គម្រោង​ដោយ​ខ្លួនឯង ហើយ​បន្ត​សាងសង់​ថែមទៀត ជាមួយគ្នានេះ ក៏មាន​ក្រុមហ៊ុន​មួយទៀត ដែល​ត្រូវបាន​បញ្ជូន​ពី​រដ្ឋាភិបាល​ចិន​មក​ត្រួតពិនិត្យ​ពីលើ ដើម្បីឱ្យ​ដំណើរ​ការសង​សង់​ស្របតាម​ស្តង់ដារ​របស់​ចិន” ។

លោក​បញ្ជាក់ថា បើទោះបី​ក្រុមហ៊ុន​ចិន មាន​ភាពខ្វះខាត​ថវិកា​បន្តិចបន្តួច ក្នុងការ​អនុវត្ត​គម្រោង ក៏​មិន​ធ្វើឱ្យ​បង្អាក់​ដល់​ដំណើរការ​សាងសង​ដែរ ព្រោះ​ជា​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​របស់​រដ្ឋ អាច​ស្នើសុំ​បន្ថែម​ពី​រដ្ឋាភិបាល​របស់គេ​មក​បំពេញបន្ថែម។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន​កន្ល​ងក​នេះ​ថា​ប្រទេស​ចិន គឺជា​ប្រទេស​ដែល​បានផ្តល់​ហិរញ្ញប្បទាន​ច្រើនជាងគេ សម្រាប់​ការសាងសង់​ផ្លូវថ្នល់ និង​ស្ពាន​នៅ​កម្ពុជា ដែល​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួមមាន​ផ្លូវថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង​របស់​ចិន បាន​សាងសង់​រួចរាល់​មាន​ចំនួន២៧ខ្សែ ស្មើនឹង​ប្រវែង​សរុប ២៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១៦៣៦លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា ដោយឡែក​គម្រោង​ដែល​កំពុង​សាងសង់​មាន​ចំនួន៥ខ្សែ ស្មើនឹង​ប្រវែង​ប្រមាណ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ៧៥៨.៨៣ លាន​ដុល្លារ​អាមេរិក។

លោក​បាន​បន្ថែមទៀតថា “ផ្លូវថ្នល់ និង​ស្ពាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ ដើម្បី​សម្រេច​ឱ្យបាន​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក” ។

ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ស្ពានធំៗ ដែល​បាន​សាងសង់​រួច​មាន​ចំនួន៨ស្ពាន មាន​ប្រវែង​សរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ២៣៣ លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់ ដូចជា ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (សិត្បូ) នៃ​គម្រោង​ខ្សែក្រវាត់​ក្រុង​ទី៣ជាដើម ដែលមាន​ប្រវែង​សរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១១៣លាន​ដុល្លារ​អាមេរិក។

សរុប​គម្រោង​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់​មាន​ទឹកប្រាក់ សរុប​រហូតដល់​ប្រមាណ២ ៧៤១លាន​ដុល្លារ​អាមេរិក៕

ចំណេះដឹង! តើ​អ្វី​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី?

ដោយ ​វុត្ថា

ភ្នំពេញៈ សេដ្ឋវិទូ​ពិពណ៌នា​អំពី​សេដ្ឋកិច្ច​ទីផ្សារ ជា​កន្លែង​មួយ​ដែល​ទំនិញ​និង​សេវា​ត្រូវបាន​ផ្លាស់ប្តូរ​តាម​ឆន្ទៈ និង​ដោយ​កិច្ច​ព្រមព្រៀងគ្នា​ទៅវិញទៅមក ការទិញ​បន្លែ​សម្រាប់​តម្លៃ ដែល​បានកំណត់​ពី​អ្នក​ដាំ​នៅ​កសិដ្ឋាន​មួយ គឺជា​ឧទាហរណ៍​មួយ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច។


ការបង់ប្រាក់​ឈ្នួល​មួយ​ម៉ោង​ដល់​អ្នក​រាល់គ្នា គឺជា​ឧទាហរណ៍​មួយទៀត​នៃ​ការផ្លាស់ប្តូរ។

សេដ្ឋកិច្ច​ទីផ្សារ​សុទ្ធ គ្មាន​ឧបសគ្គ​ចំពោះ​ការដោះដូរ​សេដ្ឋកិច្ច​នោះទេ អ្នក​អាច​លក់​អ្វី​ទៅ​អ្នកដទៃ​សម្រាប់​តម្លៃ​ណាមួយ។

តាមពិត​បែបបទ​សេដ្ឋកិច្ច​នេះ​កម្រ​ណាស់។ ពន្ធ​លើ​ការលក់​ពន្ធ​លើ​ការនាំ​ចូល និង​នាំចេញ និង​ការហាមឃាត់​តាមច្បាប់ ដូចជា ការដាក់កំហិត​អាយុ​លើ​ការប្រើប្រាស់​ស្រា​ជាដើម គឺជា​ឧបសគ្គ​ទាំងអស់​ចំពោះ​ការផ្លាស់ប្តូរ​ទីផ្សារ​ដោយ​សេរី។

ជាទូទៅ​សេដ្ឋកិច្ច​មូលធន ដែល​ប្រជាធិបតេយ្យ​ភាគច្រើន ដូចជា សហរដ្ឋ​អា​មេ​រិច​ប្រកាន់ខ្ជាប់ គឺមាន​សេរីភាព​បំផុត ពីព្រោះ​ភាពជា​ម្ចាស់ ស្ថិតនៅក្នុង​ដៃ​របស់​បុគ្គលម្នាក់ៗជាជាង​រដ្ឋ។

សេដ្ឋកិច្ច​សង្គមនិយម ដែល​រដ្ឋាភិបាល​អាចមាន​ភាគរយ​ខ្លះ ប៉ុន្តែ​មិនមែន​គ្រប់​មធ្យោបាយ​នៃ​ការផលិត (ដូចជា​ខ្សែ​រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ដឹក​អ្នកដំណើរ​ជាដើម) ក៏​អាច​ត្រូវបាន​គេ​ចាត់ទុកថា ជា​សេដ្ឋកិច្ច​ទីផ្សារ​ដែរ ដរាបណា​ការប្រើប្រាស់​ទីផ្សារ​មិនត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង។

រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត ដែល​គ្រប់គ្រង​មធ្យោបាយ នៃ​ការផលិត​មិនត្រូវ​បានចាត់ទុក​ថា​ជា​សេដ្ឋកិច្ច​ទីផ្សារ​ទេ ពីព្រោះ​រដ្ឋាភិបាល​កំណត់​ការផ្គត់ផ្គង់​និង​តម្រូវការ៕

ធនាគារជាតិនៃកម្ពុជាអះអាងថាឥណទានជិត៤ពាន់លានដុល្លារត្រូវបានរៀបចំឡើងវិញតាមសំណើរអតិថិជន

ដោយ ៖ រ៉ាណេត

រតនគីរី ៖ ឥណទានសរុបប្រមាណជិត៤ពាន់លានដុល្លារ ត្រូវបានរៀបចំជាឥណទានឡើងវិញតបតាមការស្នើសុំរបស់អតិថិជនដែលជួបវិបត្តិហិរញ្ញវត្ថុនៅក្នុងអំឡុងពេលរាតត្បាតនៃជំងឺ Covid-19 ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា។

អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នៅខេត្តរតនៈគីរី បានឱ្យដឹងថា ឥណទានជាង ៣៧៦៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់ឱ្យអតិថិជន ដែលបានស្នើសុំរៀបចំឥណទានឡើងវិញ ក្នុងដំណាក់កាលនៃជំងឺ Covid-19 ។

លោក គិត សុវណ្ណរិទ្ធ បានបញ្ជាក់ថា “គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញ ដើម្បីផ្ដល់ឲ្យអតិថិជន ដែលកំពុងជួបប្រទះការលំបាក ដោយសារ Covid-19 បានចំនួនជាង២៦ម៉ឺននាក់ ស្មើនឹងទឹកប្រាក់ជាង៣,៧៦៨លានដុល្លារអាមេរិក”។
មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការរីករាលដាលនៃវីរុស Covid-19 បានធ្វើឲ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ចទាំងមូល ហើយវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូចវិស័យដទៃទៀត ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាមួយចំនួន ដោយសារប្រជាពលរដ្ឋដែលជាអ្នកខ្ចីប្រាក់ កំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូល និងមានការលំបាកក្នុងការទូទាត់សងត្រឡប់។ ដោយមើលឃើញពីបញ្ហានេះហើយ ទើបធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រួលដល់កិច្ចការនេះ ពិសេសការអនុញ្ញាតឱ្យធ្វើការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនណាដែលជួបផលប៉ះពាល់ជាក់ស្តែង ដោយសារវិបត្តិនៃវីរុស Covid-19។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានសរុបជាង១,១៧០ លានដុល្លារ ដល់អតិថិជនរបស់ខ្លួនជិត២៤ម៉ឺននាក់ ក្នុងចំណោមអតិថិជនដែលបានស្នើសុំ អនុញ្ញាតរៀបចំឥណទានឡើងវិញជាង២៥ម៉ឺននាក់។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ទោះបីកន្លងមកមានការខិតខំប្រឹងប្រែងអត់ធ្មត់ពី រាជរដ្ឋាភិបាលកម្ពុជា និងពីគ្រប់ភាគីពាក់ពន្ធ័ រហូតធ្វើឲ្យវិស័យមួយនេះ ទទួលបានការចម្រើន ដូចបច្ចុប្បន្ននេះយ៉ាងណាក្ដី ក៏នៅតែមានជនខិលខូច និងជនឱកាសនិយមមួយចំនួន បានឆ្លៀតយកលទ្ធផលនេះ ធ្វើជាឱកាសកេងបន្លំទាញយកផលប្រយោជន៍ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ។

លោកបានបន្ថែមថា ជាក់ស្ដែងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលធ្វើកន្លងមកក៏ដូចជាកំពុងធ្វើនៅពេលនេះ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគ្រឹះស្ថានឥណទានជនបទ កាន់តែមានការយល់ដឹងពីសារៈសំខាន់, បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ៕

រាជធានី-ខេត្តរបស់កម្ពុជាចំនួន៣ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតអាស៊ាន

ដោយវុត្ថា

ភ្នំពេញៈ រាជធានីខេត្តចំនួន៣របស់កម្ពុជារួមមានរាជធានីភ្នំពេញខេត្តបាត់ដំបងនិងខេត្តសៀមរាបត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ានហើយរាជធានីខេត្តទាំងបីមានវឌ្ឍភាពជាបន្តបន្ទាប់ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរហើយក៏មានផែនការសកម្មភាពមួយចំនួនក៏កំពុងត្រូវបានត្រួតពិនិត្យនិងកែសម្រួល។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាននៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ ២០២០នេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចក្ខុវិស័យនៃផែនការសកម្មភាព នៃបណ្តាញទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ គឺដើម្បីពង្រឹងបរិស្ថានទីក្រុង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ខេត្តបាត់ដំបង គឺដើម្បីទទួលបាននូវទំនួលខុសត្រូវសង្គម បរិស្ថានស្អាត ដោយរក្សាបាននូវលក្ខណៈពិសេសរបស់ខេត្ត ហើយសម្រាប់ខេត្តសៀមរាប គឺធ្វើឲ្យខេត្តនេះ ក្លាយជាទិសដៅទេសចរណ៍ដែលមានភាពស្រស់ស្អាត មានលក្ខណៈពិសេស និងបង្ហាញពីភាពសុខដុមរមនីយនៃវប្បធម៌ខ្មែរ

លោក Pham Hong Ha រដ្ឋមន្ត្រីក្រសួងសំណង់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមាននិងផ្ដល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមសម្រាប់ប្រទេសជាច្រើនរួមទាំងប្រទេសដែលជាសមាជិកអាស៊ានផងដែរប៉ុន្តែនេះជាឱកាសមួយក្នុងការផ្ដោតការយកចិត្តទុកដាក់រិះរកមធ្យោបាយនិងសកម្មភាពផ្សេងៗក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយឲ្យមានប្រសិទ្ធភាព។

លោកបន្តថា កិច្ចប្រជុំតាមប្រព័ន្ធអនឡាញថ្ងៃនេះ ជាសក្ខីភាពមួយក្នុងការដោះស្រាយ និងប្រឈមមុខទៅនឹងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩

លោកបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតរបស់អាស៊ាន ត្រូវបានបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ ដើម្បីបង្កើតឡើងនូវវេទិកាមួយសម្រាប់សហការ និងសម្រេចនូវគោលដៅរួមនៃទីក្រុងឆ្លាត និងប្រកបដោយចីរភាព។

លោកDato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់ ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចសកលនេះ និងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទាំងមូលនាពេលអនាគត។

លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏បានជះឥទ្ធិពលដល់បណ្តាញទីក្រុងឆ្លាតរបស់យើងផងដែរ ហេតុដូចនេះ វាពិតជាចាំបាច់ដែលយើងត្រូវពង្រឹង ភាពជាដៃគូទីក្រុងឆ្លាតទាំងនៅក្នុង និងក្រៅតំបន់។ ប្រមូលចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល សំយោគនូវកិច្ចខិតខំប្រឹងប្រែង របស់បណ្ដាញទីក្រុងឆ្លាតអាស៊ាន ទៅលើប្រព័ន្ធឌីជីថល និងផ្នែកពាក់ព័ន្ធនានានិងការយោគយល់គ្នា ក៏ដូចជាការសហការគ្នាកាន់តែជិតស្និទ្ធ រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រីកនូវសក្ដានុពល និងឱកាសផ្សេងៗរបស់បណ្តាញទីក្រុងឆ្លាតអាស៊ាន៕

សេដ្ឋកិច្ចប្រទេសចិនហក់ឡើងជាថ្មី ជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូល

ដោយ ប៊ី
ភ្នំពេញៈ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងរីកលូតលាស់ឡើងវិញ បន្ទាប់ពីការធ្លាក់ចុះរយៈពេល៣ ខែដ៏អាក្រក់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងនេះ។

ខណៈពេលដែលបញ្ហានេះ អាចមានឥទ្ធិពលល្អសម្រាប់ការងើបឡើងវិញ ក្រោយពេលជំងឺរាតល្បាតបានបញ្ចប់ជាសកល តែទិន្នន័យបានបង្ហាញថា ប្រជាជននៅតែមានអារម្មណ៍ភ័យខ្លាចក្នុងការចាកចេញពីផ្ទះ និងចំណាយប្រាក់។
ប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក បានកើនឡើង៣,២ភាគរយក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ វាប្រសើរជាងកំណើន២,៥ភាគរយ ដែលក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Refinitiv កំពុងរំពឹងទុក។

ការងើបឡើងវិញនៃមហាយក្សចិន វាក៏មានន័យថា ចិនបានងាកចេញពីវិបត្តិសេដ្ឋកិច្ច។
នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់១៤ ទ្រីលានដុល្លារនេះ បានធ្លាក់ចុះ៦,៨ភាគរយ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុត សម្រាប់រយៈពេលតែមួយត្រីមាស គិតចាប់តាំងពីប្រទេសចិន បានចាប់ផ្តើមផ្សព្វផ្សាយតួលេខទាំងនោះក្នុងឆ្នាំ ១៩៩២។ នោះក៏ជាលើកដំបូង ដែលប្រទេសចិនបានរាយការណ៍ ពីការធ្លាក់ចុះសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ១៩៧៦។

ការងើបឡើងវិញត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ។ ចិន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺរាតត្បាត និងជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹង ដើម្បីកំចាត់មេជំងឺនេះ គឺជាប្រទេសដ៏ធំដំបូងគេ ដែលបានបើកដំណើរការឡើងវិញ។ ឥលូវនេះ វាជាលើកដំបូងដែលងើបចេញ ពីការធ្លាក់ចុះសេដ្ឋកិច្ច។

ការវិលត្រឡប់ទៅរកកំណើនដំបូង សម្រាប់សេដ្ឋកិច្ចប្រទេសចិន អាចបង្ហាញពីព័ត៌មានល្អ សម្រាប់ពិភពលោកទាំងមូល។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យកាលពីខែមិថុនាថា សេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះដល់ ៤,៩ ភាគរយនៅឆ្នាំ ២០២០ ដែលទាបជាងការព្យាករណ៍កាលពីខែមេសា។ IMF នាពេលនោះបានព្យាករថា ការស្ទុះងើបឡើងវិញ នឹងកើតមានឡើងយឺតជាងការរំពឹងទុក។

IMFបានឱ្យដឹងទៀតថា “ការធ្លាក់ចុះអាចនឹងមិនធ្ងន់ធ្ងរជាងការព្យាករណ៍ទេ ប្រសិនបើការធ្វើឱ្យមានប្រក្រតីភាពសេដ្ឋកិច្ច កើនឡើងលឿនជាងការរំពឹងទុកនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ដែលបានបើកដំណើរការឡើងវិញ”។
IMFបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើង១%នៅឆ្នាំនេះ ស្របពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបនឹងមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំង៕ CNN