ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣នឹងជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចិនបន្ថែមទៀត

0

ដោយៈប៊ី

ភ្នំពេញៈ ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញពាណិជ្ជកម្មសកល និងពហុភាគីក៏ ដូចជាការបើកទីផ្សារចិន យ៉ាងសកម្មទៅកាន់ពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពីក្រសួងពាណិជ្ជកម្មកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យលោកស៊ាង ថៃ បានមានប្រ​សា​សន៍ថា ប្រទេសកម្ពុជាវាយតម្លៃខ្ពស់ ចំពោះការតាំងពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣នេះ ដែលត្រូវបានឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានថ្លែងថា “ពិព័រណ៍នេះបានបង្ហាញថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តលើកកម្ពស់ពាណិជ្ជកម្ម និងពហុភាគីអន្តរជាតិ ទោះបីមានវិបត្តិជំងឺកូវីដ១៩”។

ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ប្រចាំឆ្នាំនេះ គឺជាពិព័រណ៍នាំចូលលើកទី១ នៅលើពិភពលោក ហើយបានឃើញលទ្ធផលផ្លែផ្កា ពីពិព័រណ៌ពាណិជ្ជកម្មពីរកន្លងមក។

ការតាំងពិព័រណ៍លើកទី៣នេះ ត្រូវបានធ្វើនៅថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន។ នៅឆ្នាំនេះការតាំងពិព័រណ៍នេះ មានក្រុមហ៊ុន និងអ្នកដឹកនាំឧស្សាហកម្មចូលរួមចំនួន៥០០ នៅលើពិភពលោកបានកើនឡើង១៤ភាគរយធៀបនឹងឆ្នាំមុន។

កន្លែងតាំងពិព័រណ៍សម្រាប់សហគ្រាសនេះ នឹងមានទំហំសរុប៣៦០,០០០ ម៉ែត្រការ៉េ កើនឡើង៦០,០០០ ម៉ែត្រការ៉េ បើធៀបនឹងឆ្នាំមុន។

លោកស៊ាង ថៃ បានមានប្រសាសន៍ថា “ពិព័រណ៍នេះនឹងជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនទូទាំងពិភពលោកក្នុងការចាប់យកទីផ្សារចិន”។លោកបន្តថា “អ្នកតាំងពិព័រណ៍បរទេស នឹងអាចបង្ហាញផលិតផលសេវាកម្ម និងគម្រោងវិនិយោគរបស់ពួកគេ មិនត្រឹមតែចំពោះអតិថិជនចិនប៉ុណ្ណោះទេ ប៉ុន្តែអ្នកទិញ និងអ្នកតាំងពិព័រណ៍អន្តរជាតិដទៃទៀត”។

លោកសៀង ថៃបានថ្លែងថា ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងចិន ហើយកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីពិព័រណ៍ពីរចុងក្រោយ។

យោងតាមទិន្នន័យពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញថា ពាណិជ្ជកម្មទ្វេរភា​គីរវាងកម្ពុជា និងចិនមានទំហំទឹកប្រាក់សរុប ៩,៤២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ កើនឡើង២៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here