ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានទឹកនៃចិនបានធ្វើការជូនដំណឹង និងផ្តល់ព័ត៌មានជាផ្លូវការនូវស្ថានភាពទន្លេឡានឆាងក្នុងរយៈពេលពេញមួយឆ្នាំជូនទៅដល់បណ្តាប្រទេសនានាដែលស្ថិតនៅតាមដងទន្លេមេគង្គដើម្បីបានជ្រាបច្បាស់។

តាមការផ្សព្វផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលរងកត្តានៃការកើនឡើងសីតុណ្ហភាព ភាពមិនប្រក្រតីនៃខ្យល់មូសុង និងកត្តាអាកាសធាតុផ្សេងទៀត តំបន់ដែលហូរកាត់នៃទឹកទន្លេឡានឆាង-មេគង្គកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ភាគីចិនចាប់ផ្តើមដំណើរជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងតំបន់ដែលហូរកាត់។
ការពង្រីកវិសាលភាពនៃការចែករំលែកព័ត៌មានជលសាស្ត្ររបស់ទន្លេឡានឆាងចាប់ពីរដូវទឹកឡើងខ្លាំងរហូតដល់ពេញមួយឆ្នាំ បម្រើដំណើរសកម្មភាពនៃការព្យាករណ៍ឧតុនិយម និងសកម្មភាពកាត់បន្ថយគ្រោះមហន្តរាយនៅខ្សែទឹកខាងក្រោម កាត់បន្ថយការបាត់បង់ខូចខាតរបស់ប្រជាជននៅតាមបណ្តោយទន្លេក្នុងកម្រិតធំបំផុត បង្ហាញយ៉ាងពេញលេញនូវឆន្ទៈនិងភាពស្មោះត្រង់របស់ភាគីចិននិងប្រទេសនៅតាមបណ្តោយទន្លេមេគង្គ រួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយនឹងអាកាសធាតុកម្រិតខ្ពស់។
ប្រទេសបណ្តោយទន្លេមេគង្គបានវាយតម្លៃខ្ពស់ចំពោះទង្វើល្អរបស់ចិន និងសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ព័ត៌មានជលសាស្ត្ររបស់ទន្លេឡានឆាងពេញមួយឆ្នាំ។ ប្រទេសដែលមានទន្លេឡានឆាង-មេគង្គហូរកាត់ទាំង៦បានឯកភាពគ្នាពង្រឹងកិច្ចចែករំលែកទិន្នន័យ ខ្លឹមសារ ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសជាដើមនៃធនធានទឹកដោយតាមរយៈការរួមគ្នាបង្កើតវេទិកាចែករំលែកព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការលើធនធានទឹកឡានឆាង-មេគង្គ ដើម្បីបង្កើនកម្រិតនៃការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតនៅតំបន់ទឹកទន្លេហូរកាត់ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃធនធានទឹកក្នុងប្រទេសទាំង៦។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីចិន Li Keqiang ដែលបានលើកឡើងស្តីអំពី“ភាគីចិនចាប់ពីឆ្នាំនេះតទៅ នឹងចែករំលែកព័ត៌មានជលសាស្ត្ររបស់ទន្លេឡានឆាងពេញមួយឆ្នាំ ជាមួយនឹងបណ្តាប្រទេសលើដងទន្លេមេគង្គ” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៣ ហើយក្រសួងធនធានទឹកបានចាប់ផ្តើមពិគ្រោះយោបល់អំពីបច្ចេកទេសជាមួយនឹងបណ្តាប្រទេសលើដងទន្លេមេគង្គយ៉ាងឆាប់រហ័ស។
នៅក្នុងកិច្ចប្រជុំក្រុមការងារចម្រុះកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គដែលបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ដោយតាមរយៈVideo Conference និងបានចុះហត្ថលេខាលើ“អនុស្សារណៈយោគយល់ស្តីអំពីភាគីចិនផ្តល់ជូនព័ត៌មានជលសាស្ត្ររបស់ទន្លេឡានឆាងពេញមួយឆ្នាំដល់ប្រទេសសមាជិកចំនួន៥ផ្សេងទៀតដោយស្ថិតក្រោមយន្តការក្រុមការងារចម្រុះកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ”។
នៅក្នុងកិច្ចសន្ទនាលើកទី២៤ រវាងចិន មីយ៉ាន់ម៉ា និងគណៈកម្មាធិការទន្លេមេគង្គដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា និងបានចុះហត្ថលេខាលើ“កិច្ចព្រមព្រៀងរវាងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈកម្មាធិការទន្លេមេគង្គ ស្តីពីក្រសួងធនធានទឹកនៃចិនផ្តល់ព័ត៌មានជលសាស្រ្តរបស់ទន្លេឡានឆាងពេញមួយឆ្នាំដល់លេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គ”។
យោងតាមអនុស្សារណៈយោគយល់និងកិច្ចព្រមព្រៀងនេះ ក្រសួងធនធានទឹកផ្តល់ព័ត៌មានជលសាស្រ្តពេញមួយឆ្នាំនៃស្ថានីយ៍ជលសាស្ត្រអន្តរជាតិចំនួន២ពោលគឺYunjinghong និង Man’anនៃទន្លេឡានឆាងជាផ្លូវការដល់ប្រទេសដែលមានទន្លេមេគង្គហូរកាត់ទាំងប្រាំនិងគណៈកម្មាធិការទន្លេមេគង្គដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ៕






