គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរី នឹងបញ្ចប់ការសិក្សានៅត្រឹមដើមឆ្នាំ២០២១

0

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេ ខណៈដែលទំហំនៃថវិកាវិនិយោគនៃការសាងសង់ត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះគម្រោងនៃការសាងសង់ព្រលានយន្តហោះ ស្ថិតនៅខេត្តមណ្ឌលគីរី នៅមិនទាន់កំណត់ថាអាចចាប់ផ្តើមដំនើរការនៅពេលណាឱ្យប្រាកដនោះទេ ដោយពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

លោកបានបញ្ជាក់ថា “ការសិក្សាពីគម្រោងសាងសង់ អាចចំណាយពេលប្រហែល១ឆ្នាំ ដែលវានឹងបញ្ចប់នៅខែមករា ឆ្នាំ២០២១ ហើយបន្ទាប់មកយើងSubmit ឱ្យរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចថា តើការអភិវឌ្ឍអាកាសយានដ្ឋាន ព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះ គួរធ្វើដោយរដ្ឋ ឬគួធ្វើដោយរដ្ឋសហការជាមួយឯកជន ឬធ្វើដោយឯកជនផ្ទាល់ ដែលជាជម្រើសផ្សេងទៀតបន្ទាប់ពីការសិក្សា”។

លោកបានបន្តទៀតថា “ការសិក្សារបស់យើងនេះ ក៏ផ្តោតទៅលើផលប៉ះពាល់ និងវិភាគពីកត្តាសេដ្ឋកិច្ចផងដែរ ថាតើការសាងសង់អាកាសយានដ្ឋាននេះ មានផលជាវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងម៉េច និងអវិជ្ជមានយ៉ាងម៉េច ចឹងទាល់តែការសិក្សាទៅលើចំណុចទាំង៣នេះចប់ បានគេសម្រេចចិត្តបាន។ ដោយឡែកពាក់ព័ន្ធ ទៅនឹងខ្ទង់ចំណាយទៅលើការអភិវឌ្ឍ និងសាងសង់ព្រលានយន្តហោះនេះ បើតាមខ្ញុំស្មានប្រមាណ៦០លានដុល្លារ”។

ជាមួយនឹងការបញ្ជាក់ប្រាប់ពីដំណើរការនៃការសិក្សាខាងលើនេះ លោកក៏បានអះអាងថា គម្រោងសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគីរីមួយនេះ នឹងត្រូវសាងសង់យ៉ាងប្រាកដ ព្រោះរហូតមកដល់ពេលនេះ ទាំងទីតាំង ទាំងទំហំដីដែលត្រូវសាងសង់ ជាពិសេសផ្លូវចូលទៅកាន់គម្រោង គឺត្រូវបានឈូសឆាយសាងសង់ផងដែរ។ ដោយឡែកសម្រាប់ផលប៉ះពាល់ និងដំណោះស្រាយហាក់មិនសូវមានច្រើននោះទេ ដោយសារតែទីតាំងដែលនឹងត្រូវសាងសង់ជាដីទំនេររបស់រដ្ឋបាលខេត្ត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានបង្ហាញពីការសាទរចំពោះគម្រោងនៃការអភិវឌ្ឍន៍សាងសង់ព្រលានយន្តហោះខាងលើនេះ ដោយលោកបានមានប្រសាសន៍ថា ៖ “ជារឿងដែលល្អបំផុតសម្រាប់ខេត្តមណ្ឌលគីរី ហើយវត្តមាននៃព្រលានយន្តហោះនេះនឹងជួយជំរុញកំណើនសេដ្ឋក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិមានការរីកចម្រើនតាមរយៈការទទួលបានកំណើនភ្ញៀវទេសចរ ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាផងដែរ”។

លោកបានបន្តទៀតថា “នៅពេលមានព្រលានយន្តហោះ គឺធ្វើឱ្យមានលំហូរចូលនៃកំណើនប្រជាជន ក៏ដូចជាមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ ដែលចាំបាច់តម្រូវឱ្យការផ្គត់ផ្គង់ដូចជាវិស័យលំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋានជាដើម ។ ប៉ុន្តែការកើនឡើង និងការអភិវឌ្ឍនេះ គឺមានត្រឹមតំបន់ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍប៉ុណ្ណោះ ដូច្នេះចំពោះអ្នកដែលវិនិយោគ ក៏ដូចជាអ្នកដែលមានបំណងធ្វើជំនួញដីធ្លីក៏គួរពិចារណា និងសិក្សាឱ្យបានច្បាស់លាស់មុនពេលសម្រចចិត្តទិញតំបន់ណាមួយជៀសវាងមានហានិភ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here