មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ១,៤២ពាន់​លាន​ដុល្លារ​នៅក្នុង​កោះ Jeju នឹងត្រូវ​ដាក់ឱ្យ​ដំណើរ​នៅមុន​បំណាច់​ឆ្នាំនេះ

ដោយ​វ​ឌ្ឈ​នា

កូរ៉េខាងត្បូងៈ ក្រុមហ៊ុន Lotte Tour Development Co.,Ltd  គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរ​នូវ​អគារ Jeju Dream Tower តម្លៃ ១,៤២ពាន់​លាន​ដុល្លារ​អាមេរិក នៅមុន​បំណាច់​ឆ្នាំ២០២០នេះ បន្ទាប់ពី​ទទួល​ការយល់ព្រម​ដាក់ឱ្យ​ប្រើប្រាស់ ពី​ក្រុមប្រឹក្សា​នៃ​ខេត្ត Jeju ។

យោងតាម​ការចុះផ្សាយ​ព័ត៌មាន​នៅក្នុង​ស្រុក​ឱ្យដឹងថា អគារ Jeju Dream Tower បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០១៦ មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង Jeju របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​បច្ចុប្បន្ននេះ​ឆ្លង​ផុត និង​គ្រប់​ល័ក្ខខ័ណ្ឌ​ចំនួន៩០០ ហើយ​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ រួមមាន សុវត្ថិភាព​អគ្គិភ័យ សំណង់ ចរាចរណ៍​ទឹក និង​ប្រព័ន្ធ​លូ។

ក្រុមហ៊ុន Lotte Tour កាលពី​កន្លងមកនេះ បានដាក់​ចេញ​ផែនការ​ថា នឹង​ចាប់ផ្តើម​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ខែតុលា​ឆ្នាំ ២០២០កន្លងមកនេះ ប៉ុន្តែ​ត្រូវបាន​ជួប​បញ្ហា​ប្រឈម ហើយ​ធ្វើការ​ពន្យារពេល​រហូត​ម​ដល់​បច្ចុប្បន្ននេះ ទើប​ទទួលបាន​ការយ​ល់​ព្រម​ចុងក្រោយ។

លោក i-Byung Kim នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lotte Tour  ឱ្យដឹងថា  ជាមួយនឹង​ការបញ្ចប់​គម្រោង​អគារ​នេះ ក្តី​សុបិន​ដ៏​យូរអង្វែង​របស់​អគារ Jeju Dream Tower បាន​ក្លាយជា​ក្រុមហ៊ុន​ក្នុងស្រុក​លេខ១ ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង​នេះ ហើយ​ត្រូវបាន​គេ​ដឹង​គ្រប់គ្នា។

លោក​បន្តថា អគារ Jeju Dream Tower នេះ​មាន​កំពស់៣៨ជាន់ គឺជា​អាគារ​ខ្ពស់​ជាងគេ​នៅ​នៅក្នុង​ទីក្រុង​Jeje ដែលមាន​បន្ទប់ទទួលភ្ញៀវ​សរុប១៦០០បន្ទប់ ស្ថិតនៅក្រោម​យីហោ Grand Hyatt Jeju ដែល​បង្ហាញ​នូវ​ទេសភាព​មហាសមុទ្រ  ទីក្រុង Jeju និង​ភ្នំ​ហាស​ហាសាន” ។

អគារ Jeju Dream Tower បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០១៦កន្លងមកនេះ បានផ្តល់​ការងារ​ដល់​មនុស្ស​ចំនួន៣១០០នាក់ ដោយនៅ​ក្នុងនោះ​មាន​ហាង​លក់រាយ ភោជនីយដ្ឋាន​ចំនួន១៤ទីតាំង និង​កាស៊ីណូ និង​សណ្ឋាគារ​ដែលមាន​ទំហំ៥,០០០ ម៉ែត្រការ៉េ៕

គម្រោង​អភិវឌ្ឍន៍ធំៗដែល​មិន​ត្រូវបាន​ផ្អាក​របស់​កម្ពុជា​នឹង​ជួយ​ជំរុញ​កំនើនវិស័យ​អចលនទ្រព្យ

ដោយ​វុត្ថា

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​កំពុង​សាងសង់​នាពេល​ប​ច្ចុប្បន្ន​នេះ ហើយ​មិន​ត្រូវបាន​ផ្អាក បាន​នឹង​កំពុង​ជួយ​ជំរុញឱ្យមាន​ការរីកចំរើន លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ចផ្ទួនៗយ៉ាងណាក្តី។

លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុម​ហ៊ុ Century 21 Advance បាន​ប្រាប់​គេហទំព័រ Propertyarea.asia កន្ង​មកនេះ​ថា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ វិស័យ​អ​ច លន​ទ្រព្យ​មាន​ស្ថានភាព​ល្អប្រសើរ ដោយសារតែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​មិនត្រូវ​បាន​ផ្អាក បើទោះបី​ស្ថិតនៅក្នុង​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ។

លោក​ថ្លែងថា  “យើង​ឃើញថា គម្រោងធំៗរបស់​រាជរដ្ឋាភិបាល ដូចជា ព្រលានយន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ ព្រះ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ព្រ​លា​យន្តហោះ​ខេត្តសៀមរាប  គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង មិនត្រូវ​បង្អាក​ដោយ​ជំងឺ​កូ​វីដ១៩ នោះទេ”  ។

លោក​បន្តថា គម្រោង​ផ្លូវជាតិ​លេខ ២  គម្រោង​ផ្លូវជាតិ​លេខ ៣ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ  និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ទីតាំងផ្សេងៗទៀត​ជាដើម មិន​ត្រូវបាន​បង្អាក់ ដែល​ទាំងនេះ នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីកចំរើន ជាពិសេស​វិស័យ​ដីធ្លី។

លោក​បញ្ជាក់​បន្ថែមទៀត​ថា “អ្វីដែល​សំខាន់​ជាង​នេះ គឺ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុត្ត​សាស្ត្រ​ច្បាស់លាស់ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ការរីកចំរើន ដូច​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះ​សី​នុ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្តកំពត-កែប​ជាដើម ក៏​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​រីកចំរើន​ដែរ”  ។

លោក​បណ្ឌិត គី សិរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏បាន​ធ្លាប់​ទទួលស្គាល់​ដែរ​ថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​ប្រឈម​ទៅនឹង​ជំងឺ​កូ​វីដ១៩ និង​ជំនន់​ទឹកភ្លៀង​នៅក្នុង​ប្រទេស ក៏​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា មិន​ការធ្លាក់​ចុះមក​នៅក្នុង​ក​ម្រិ​ត​សូន្យ​នោះទេ ពោះ​គឺ​កំពុងមាន​ដំណើរ​ការជាប​ណ្តើរ។

លោក​បណ្ឌិត​បន្តថា “វិស័យនេះ​ក៏​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​បន្ថែមទៀត ដូចជា ផ្ទះល្វែង ខុន​ដូ និង​ដីធ្លី​ក្នុងតម្លៃ​ដែលមាន​ការគ្រោងទុក អ៊ីចឹង​កាលណា​តម្លៃ​អចលនទ្រព្យ​មិនទាន់បាន​ឡើង និង​មិនទាន់មាន​សន្ទុះ​ឡើង​លឿន ដោយសារ​កត្តា​បែបនេះ   ដូច្នេះ​ការទិញ​លក់​អចលនទ្រព្យ នៅក្នុង​រដូវ​កាល​នេះ ក៏​ជា​ឱកាស​ចំណេញ​នៅ​ថ្ងៃក្រោយ​ផងដែរ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា វិស័យ​អចលនទ្រព្យ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ចាប់​តាំ​ពី​ដើមឆ្នាំ ២០២០នេះ (ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ) តាមរយៈ​ការធ្លាក់ចុះ​នូវ​ការទិញ​លក់ ហើយ​បច្ចុប្បន្ននេះ វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ មានតែ​នៅក្នុង​ស្រុក។

លោក​បន្តថា “សម្រាប់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​សកម្មភាព ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​នៅក្នុង​ស្រុក ជាពិសេស​ដោយសារ​មានការ​គាំទ្រ ពី​រាជរដ្ឋាភិបាល​តាមរយៈ​គោលនយោបាយ​ដីធ្លី និង​មួយទៀត​ការគាំទ្រ​ពី​ធន​គារ​នៅក្នុង​ស្រុក ដែល​នៅតែ​បន្ត​ផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ” ។

លោក​បន្ថែមថា “នេះ​គឺជា​រឿង​ល្អ ដែល​ធ្វើឱ្យ​វិស័យនេះ នៅតែមាន​ភាពល្អប្រសើរ បើទោះបី​ស្ថិតនៅក្នុង​វិបត្តិ​យ៉ាងណាក៏ដោយ” ៕

រដ្ឋមួយចំនួននៅអាមេរិក កំពុងផ្ទុះការតវ៉ា ខណៈក្តីសង្ឃឹមលើលោក Joe Biden កំពុងកើតឡើង

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមសកម្មជន ដែលទាមទារឱ្យរាប់សន្លឹកឆ្នោតបន្ត បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងមួយចំនួនរួមមានអូកឡែន រដ្ឋកាលីហ្វ័រញ៉ា អាត្លង់តា Detroit និងទីក្រុងញូវយ៉កខណៈអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ រាប់សិបនាក់បានជួបជុំគ្នានៅមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Michigan និង Arizona ដើម្បីទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោត។

ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលគ្រវីទង់ជាតិអាមេរិក និងសញ្ញា ដែលសរសេរថា “រាប់សន្លឹកឆ្នោតរាល់សន្លឹកឆ្នោត” បានតវ៉ាដោយសន្តិវិធីនៅឯសួនឧទ្យានការ៉េវ៉ាស៊ីនតុន បន្ទាប់ពីបានដើរឆ្លងកាត់កណ្តាលទីក្រុងម៉ាហាតានតនៅញូវយ៉ក។

កញ្ញា Meira Harris អាយុ ២៦ ឆ្នាំជានិស្សិតផ្នែកកិច្ចការសង្គម បានមានប្រសាសន៍ថា “វាជាការសំខាន់ណាស់ ដែលយើងត្រូវប្រាកដថា លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវបានថែរក្សា។ ការបោះឆ្នោតនេះបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំង”។

ប៉ូលីសក្រុងបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមនៃដុតភ្លើងតវ៉ាទីនៅតំបន់ Manhattan ដែលត្រូវបានគេឱ្យដឹងថាជាការរៀបចំ ដោយក្រុមអ្នកតវ៉ា។ ពួកគេបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២០ នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរារាំងចរាចរណ៍ ការប្រព្រឹត្ដមិនត្រឹមត្រូវ និងការបំពានច្បាប់។

អ្នកគាំទ្ររបស់លោក Trump បានបង្រួបបង្រួមនៅមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោតក្នុងក្រុង Detroit ដោយស្រែកថា “បញ្ឈប់ការរាប់សន្លឹកឆ្នោត! ក្រុមមួយទៀតបានជួបជុំគ្នានៅក្រុង Phoenix រដ្ឋ Arizona ស្រែកថា “បញ្ឈប់ការលួចបន្លំ!”

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Georgia, Michigan និងរដ្ឋ Pennsylvania។ លោក ត្រាំ តែងតែចោទប្រកាន់ថា ការបោះឆ្នោតឆ្នាំ២០២០នេះ គឺពោរពេញ ដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសណីយ៍។

យោងតាមលទ្ធផលបច្ចុប្បន្ន បានឱ្យដឹងថា លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោត តំណាង ២៦៤រូប ទៅនឹង២១៤រូប ដោយលោក Joe Biden ត្រូវការ ៦ លំឡេងទៀតតែប៉ុណ្តោះ៕

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា ហក់ឡើងរហូតដល់ជាង ៥០០០លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥.០៦០ លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំ២០២០នេះ ឬកើនឡើងស្មើនឹង ១៦ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ទោះបីបច្ចុប្បន្នមានវិបត្ដិកូវីដ ១៩ ។

យោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០នេះប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤.៨២៨ លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលកើនឡើងប្រមាណ ២២ ភាគរយ។ ម៉្យាងវិញទៀត ការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២ ភាគរយស្មើនឹង ២៣២ លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរពីអាមេរិកមកកាន់កម្ពុជាវិញរួមមាន យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៦ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍មិនគិតពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរដូចជា ឥវ៉ាន់ កាបូបស្ពាយ កាបូបដៃ និងកាបូបលុយ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។

កាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន ៥,៨ ពាន់លានដុល្លារ ដែលកើនឡើង ៣៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

លោកឧកញ៉ានួន រិទ្ធីៈ កត្តាផ្ទៃក្នុងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជានៅតែរឹងមាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថានភាពទូទៅនៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានសញ្ញាបង្ហាញពីភាពអវិជ្ជមាន ឬរងនូវការគំរាមកំហែងច្រើន បើទោះជាមានការញាំញីពីបញ្ហា Covid-19 និងជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះក៏ដោយ។ នេះបើតាមការលើ​កឡើងរបស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  Khmer Foundation Appraisal ។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ពេលនេះយើងមើលឃើញថា បច្ចុប្បន្នអត្រាកំណើននៃការវិនិយោគ ចន្លោះពី២០-៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ហើ​យសម្រាប់គម្រោងសាងសង់នានា ក៏នៅតែបន្តដំណើរការសាងសង់ ជាពិសេសសំណង់លំនៅដ្ឋានទាំងនៅក្នុង និងក្រៅក្រុង ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោកឧកញ៉ាបន្តទៀតថា “បងប្អូនភាគច្រើនតែងតែមានការវាស់ស្ទង់ ទៅលើទីផ្សារអចលនទ្រព្យកម្ពុជា ដែលបង្ហាញពីការព្រួយបារម្ភត្រឹមតែមួយជ្រុង ប៉ុន្តែមិនបានពិចារណាទៅ៣ជ្រុងទៀតនៃ១ភាគ៤ វាមានលក្ខណៈល្អប្រសើរបែបណា”។លោកបន្តថា ជាក់ស្តែងនៅដើមឆ្នាំ២០១៩ ដែលផ្ទុះឡើងនូវវិបត្តិ Covid-19 បានរាំងខ្ទប់ដំណើរអ្នកវិនិយោគក្រៅប្រទេសមកកាន់កម្ពុជា ដែលធ្វើឱ្យបងប្អូនយើងក្នុងស្រុកមួយចំនួន កើតមានក្ដីព្រួយបារម្ភ ពាក់ព័ន្ធទៅនឹងការដាក់ទុនវិនិយោគ ប៉ុន្តែជាក់ស្ដែងពេលនេះ ការវិនិយោគនៅក្នុងស្រុកនៅតែបន្តមាន ដោយសារតែដៃគូខាងក្នុងប្រទេស កំពុងតែឈេរយ៉ាងរឹងម៉ាំក្នុងការជំនួសមុខឱ្យដៃគូក្រៅប្រទេសក្នុងការកសាង និងអភិវឌ្ឍន៍”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា នៅក្នុងឱកាសនេះផងដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កើតនូវម្លប់សន្តិភាពសម្រាប់កម្ពុជា បានធ្វើការវិនិយោគទុនយ៉ាងសន្ធឹកសន្ធាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមបណ្តាខេត្តដែលមានសក្ដានុពល ដូចជា ខេត្តព្រះសីហនុ និងគម្រោងកែប្រែសោភ័ណភាព គុណភាពផ្លូវថ្នល់នៅខេត្តសៀមរាប សម្រាប់ទ្រទ្រង់វិស័យដឹកជញ្ជូន ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាបង្កើតសក្ដានុពលក្នុងការវិនិយោគពីវិស័យឯកជន។

លោកបន្តថា “នៅពេលដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អ មានកំណើនទេ​ស​ចរ រួមនឹងកំណើនគម្រោងវិនិយោគជាបន្តបន្ទាបនោះ វិស័យអចលនទ្រព្យ និងសំណង់ប្រាកដជាមានភាពរឹងម៉ាំល្អ”។ លោកបន្ថែមថា “ដូច្នេះ កិច្ចសហការជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាចំណុចខ្លាំងរបស់កម្ពុជា ដែលអាចមានជំហររឹងម៉ាំនៅក្នុងកាលទេសៈ ដែលបណ្តាប្រទេសនានានៅលើពិភពលោកកំពុងជួបភាពប្រឈម”៕

សកម្មភាពការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគីរីនៅសកម្មភាពមមាញឹក ទោះតំបន់ផ្សេងនៅទ្រឹង

ដោយៈ លក្ខិណា

ភ្នំពេញៈ បើទោះបីជារាជធានី និងបណ្ដាខេត្តមួយចំនួនហាក់មានសភាពនៅទ្រឹងសម្រាប់សកម្មភាពទិញលក់ដីធ្លី តែខេត្តមណ្ឌលគីរីនៅតែមានភាពល្អប្រសើរ ខាងដីធ្លីជាដើម និងមានការទិញលក់ច្រើន ក្នុងពេលកូវីដ១៩រហូតមកដល់ពេលនេះ។

លោកម៉ឹង លាងហ៊ន ភ្នាក់ងារអចលនវត្ថុនៅកម្ពុជាមួយរូប បាននិយាយថា បើទោះបីជាបញ្ហាកូវីដ១៩ បានអូសបន្លាយយ៉ាងណាក្ដី តែសម្រាប់ដីធ្លីនៅខេត្តមណ្ឌលគិរីនៅតែមានការទិញលក់ជាធម្មតា ឬអាចលើសពីមុនពេលកូវីដ១៩ទៅទៀផង។  ជាក់ស្ដែ​ង​លោកបាននាំភ្ញៀវពីភ្នំពេញ និងពីបណ្ដាខេត្តនានាទៅមណ្ឌលគីរីដើម្បីមើលដី និងចរចាទិញដីនៅទីនោះសម្រាប់ទុកអភិវឌ្ឍន៍នៅពេលអនាគត។

លោកបន្តថា “កត្តាដែលធ្វើឱ្យសកម្មភាពទិញលក់ដីធ្លី នៅមណ្ឌលគីរីនៅតែមានសកម្មភាពកក្រើក និងត្រូវប៉ានពីសំណាក់វិនិយោគិននិងប្រជាពលរដ្ឋនោះ ដោយសារតែមានតម្លៃទាបនៅឡើយ បើធៀបនឹងខេត្តផ្សេងៗទៀត”។ លោកបន្តថា “ដីក្នុងខេត្តនេះគេលក់ខុសពីខេត្តដទៃ ដែលគិតជាម៉ែត្រការ៉េ តែខេត្តនេះគេលក់ម៉ែត្រដើរ”។

ក្នុងន័យនេះ គេសំដៅថាក្បាលមួយម៉ែត្រ ហើយបណ្ដោយអាច២០០ម៉ែត្រ ឬ៣០០ម៉ែត្រ តម្លៃត្រឹម១០០ដុល្លារ ២០០ដុល្លារឬ៣០០ ដុល្លារអាមេរិក ដូច្នេះបើគិតតម្លៃជាម៉ែត្រការ៉េ មានតម្លៃត្រឹម២ ទៅ៣ដុល្លារ ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ”។

លោកបានបន្ថែមថា សម្រាប់ដីក្នុងប្រជុំជនទីរួមខេត្តនេះ បើធៀបនឹងដីនៅខេត្តសក្ដានុពលផ្សេងទៀត គឺមិនស្មើនឹងដីក្នុងទីរួមស្រុកគេផង ដូច្នេះហើយ ទើបអ្នកមានលុយច្រើនចង់បានដីក្នុងមណ្ឌលគីរី សម្រាប់ទុកអភិវឌ្ឍន៍នៅពេលអនាគត។ ម្យ៉ាងទៀត ដោ​យ​សារតែមណ្ឌលគីរី ជាខេត្តមួយនៅឆ្ងាយពីភ្នំពេញ ក្នុងដំណាក់កាលកូវីដ១៩ ក៏នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជាធម្មតា ពេលខ្លះភ្ញៀវសម្រុកទៅកម្សាន្តរហូតដល់កន្លែងស្នាក់នៅផង។

លោកម៉ឹង លាងហ៊នបានបន្តទៀតថា នេះក៏ជាសក្ដានុពលមួយជំរុញឱ្យខេត្តនេះ ទទួលបានការទិញលក់ដីធ្លីច្រើនជាងមុន។ កត្តាមួយទៀតដែលជំរុញឱ្យមានការទិញលក់ខ្លាំងនោះ ដោយសារតែពលរដ្ឋមួយចំនួនជួបវិបត្តិ ដោយសារតែកូវីដ១៩ ពិបាកក្នុងរកលុយចិញ្ចឹមគ្រួសារ ក៏បានបង្ខំលក់ដី ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់៣០ភាគរយ ដើម្បីយកលុយមកដោះស្រាយបញ្ហា។

លោករាជ សំណាងម្ចាស់ផ្ទះសំណាក់មួយនៅខេត្តមណ្ឌលគីរី ក៏បាននិយាយផងដែរថា កាលពីកូវីដ១៩មានការរាលដាលនៅកម្ពុជាច្រើន ខេត្តមណ្ឌលគីរី ក៏មានប៉ះពាល់ដែរ តែវាមិនធ្ងន់ធ្ងរទេ ដោយសារតែខេត្តនេះ វាសំបូរធម្មជាតិ ដូច្នេះភ្ញៀវមកកម្សាន្តនៅកើនឡើង ពេលខ្លះខ្វះបន្ទប់គេងក៏មានដែរ។

លោកបន្តថា “ទៅថ្ងៃអនាគត ខេត្តនេះចាំបាច់ត្រូវការឱ្យមានការវិនិយោគ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការភ្ញៀវដែលមក ដូច្នេះសក្ដានុពលនៃការវិនិយោគលើខេត្តនេះ នៅតែមានឱកាសល្អសម្រាប់អ្នកចង់មកដាក់ទុន”៕

វិភាគៈតើខេត្តជាប់តំបន់ឆ្នេរឬK4កំពុងប្រកួតប្រជែងគ្នាបែបណាដើម្បីដណ្តើមឧត្តមភាព

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ តើបណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជាបាន និងកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឧត្តមភាពរៀងៗខ្លួន? ខណៈផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបាន និងកំពុងចាត់ទុកតំបន់ឆ្នេរ “ជាតារារះនាទិសនារតី”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកតំបន់ឆ្នេរ ពិសេស​ខេត្តព្រះសីហនុ ជាក្បាលនាគ រាជធានីភ្នំពេញនាខ្លួននាគ និងតំបន់ភូមិភាគឥសាន្តជាកន្ទុយនាគ។

        ខេត្តព្រះសីហនុ

        ខេត្តព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ ដោយសារគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល។

វិស័យសំណង់ និងអចលនទ្រព្យ

ជាក់ស្តែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លំហូរទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បានកើនឡើងរហូតដល់ជាង៧ពាន់លានដុល្លារ ទៅគម្រោងសាងសង់សរុបចំនួន១៣៥៥គម្រោង។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត គិតចាប់ពីឆ្នាំ២០០៥ – ២០២០ត្រឹមខែឧសភា មានកម្ពស់ចាប់ពី៥ដល់៥៣ជាន់ មានចំនួន៥២៩គម្រោង។

កំលាំងចលករជម្រុញ

ដោយដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ខេត្តព្រះសីហនុបាន និងកំពុងពង្រីកល្បឿននៃការអភិវឌ្ឍលឿន និងក្លាយជាតំបន់អភិវឌ្ឍន៍ពហុបំណង និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិ​បាលចិន។

តាមរយៈគោលនយោបាយនេះ ផ្លូវរថភ្លើងត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់២៣០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យ​ន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។

អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាពដើម្បីស្ថាបនាផ្លូវរត់ភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។

កំពង់ផែទឹកជ្រៅតែមួយគត់ ក៏បាននិងកំពុងពង្រីកក្រោមជំនួនរបស់ដៃគូអភិវឌ្ឍន៍ជប៉ុន ដើម្បីអាចឲ្យកម្ពុជាដឹកទំនិញឆ្ពោះទៅកាន់ប្រទេសធំៗបាន ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

តារារះនាទិសនារតី

ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយ​សារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។

សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយនិងធនធានមនុស្សនៅមានកម្រិត។

        ខេត្តកំពត

        ជាមួយនឹងភាពអំណោយផល នៃភូមិសាស្រ្តអំណោយផលនៃធនធានធម្មជាតិ តំបន់ឆ្នេរ ព្រៃភ្នំ ដងព្រែក និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានធ្វើឲ្យខេត្តកំពត មានការអភិវឌ្ឍយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

        អាគារពាណិជ្ជកម្មកប់ពពក

 

        ក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ ខេត្តកំពតមិនដែលមានវត្តមានអាគារកប់ពពកនោះទេ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់អាគារពាណិជ្ជកម្មលំដាប់​អន្តរជាតិ​កំពស់​កម្ពស់៤២ជាន់ ក្រោម​ទុនវិនិយោគ​ប្រមាណ៩៥លាន​ដុល្លារ បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ ដែល​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែ​ក​លើក​កំពស់​ការអភិវឌ្ឍ ​ក្នុង​ក្រុង​នេះ​កាន់​តែមាន​សក្តានុពល​ថែមទៀត។

វត្តមានអាគារនេះ នឹងផ្លាស់ប្តូរមុខមាត់របស់ខេត្តកំពត និងជម្រុញ ហើយទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀតទៅកាន់ខេត្តនេះ។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង នៃ​ប្រភព​អចល​នទ្រព្យ​ក្នុងស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្តកំពត ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្តកំពត ហើយ​សម្រាប់​បំពេញតម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តកំពត”។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អនុវត្ត​នូវ​កម្មវិធី យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​ជា​គន្លឹះ​ត្រីវិស័យ​ក្នុងការ ទ្រទ្រង់​និង​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

វិស័យទេសចរណ៍

ជាមួយភាពអំណោយផលនៃតំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ធូរ៉េនដ៏មានឳជារស និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា ខេត្តកំពតក៏មិនទាន់ប្រើប្រាស់អស់ធនធាន និងសក្តានុពលរបស់ខ្លួនដែរ។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុត សម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៨៣៨.០០០នាក់ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន១,០៩ លាននាក់។ ចំនួននេះគឺជាការបង្ហាញយ៉ាងច្បាស់ថា ខេត្តកំពតមិនមានឧបសគ្គច្រើនទេ បើប្រៀបធៀបជាមួគោលដៅទេសចរណ៍ផ្សេងទៀតដូចជា ខេត្តសៀមរាប។

        វិស័យអចលនទ្រព្យ

        ក្រៅពីវត្តមានអាគារកប់ពពក ខេត្តកំពតក៏ទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើនផងដែរ ពិសេសការវិនិយោគលើរមណីយដ្ឋានលំហែរកាយ ដូចជាគំរោងនៅតាមដងស្ទឹងព្រែកកំពង់បាយ ការពង្រីកឆ្នេរ និងគំរោងកំពតឋានសួគ៌ជាដើម។

ជាមួយនឹងកំនើននៃការវិនិយោគអចលនទ្រព្យ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣ នឹងធ្វើឲ្យខេត្តកំពត

ក្លាយជាមេដែកឆក់មួយ ដែលស្រូបទាញកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។

លោកបន្តថា “នៅក្នុងមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងដើរតាមModel Pickup  ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត”។

អនុសាសន៍របស់ប្រមុខរដ្ឋាភិបាល

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗ​នេះ បានស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយ ប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ស្ពានចំនួន២ផ្សេងទៀត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។

ជាមួយគ្នានេះ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតផងដែរ ដែលកំពង់ផែនេះ អាចពង្រីកការតភ្ជាប់ច្រករបៀងទេសចរណ៍ ជាមួយប្រទេសវៀតណាម ថៃនាពេលអនាគតផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយកំពង់ផែនេះ ត្រូវបានពន្យាពេលលើការសាងសង់។

ខេត្តកែប

ជាខេត្តដ៏តូចច្រឡឹង តែប្រៀបដូចជាកូនក្រមុំមួយដែលលាក់ខ្លួន ខេត្តកែបមានលក្ខណៈពិសេសបំផុត ដោយវាជាខេត្តទី១នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុងតែមួយគត់។

គោលនយោបាយរបស់រដ្ឋាភិបាល

ខេត្តនេះត្រូវបានទទួលស្គាល់ពីគណកម្មការ វាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ពានរង្វាន់ជាខេត្តមាន “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លើសពីនេះរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ក៏បានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា “តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យ​មានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្ត ដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះ ជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។

អភិបាលខេត្តកែប  លោកសោម ពិសិដ្ឋ បានជំរុញ  និងលើកទឹកចិត្ត  ដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ  ដើម្បី ចូលរួមអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ  ផ្ទះសំណាក់  អ្នកវិនិយោគគិន  រួមជាមួយនូវភ្ញៀវជាតិ  អន្តរជាតិជាច្រើនរូប។

លោកបន្តថា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ  និងអន្តរជាតិអោយមកសម្រាកកំសាន្ត  នៅខេត្តកែប  ទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត  ខេត្តកែបមានសក្តានុពលសំខាន់ៗ  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍  ទាំងធនធានធម្មជាតិ លើគោក  ធានធានធម្មជាតិក្នុងសមុទ្រ  ឩទ្យាជាតិកែប  កោះ  ឆ្នេរ សមុទ្រ  ស្អាតៗ  ជាច្រើនកន្លែង ។

លោកបន្តថា  ថ្នាក់ដឹកនាំខេត្តកែប  បានកំណត់ចក្ខុវស័យរួចហើយថា  ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

មានគ្រឿងសមុទ្រឆ្ងាញ់ជាងគេ

ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងអស់ ខេត្តកែបជាខេត្តដែលមានគ្រឿងសមុទ្រឆ្ងាញ់ជាងគេទាំងអស់ ដោយអ្នកជំនាញបានពន្យល់ថា ដោយសារខេត្តនេះមានលក្ខណៈអំណោលផលពីធនធានធម្មជាតិ ព្រោះទឹកសមុទ្រខេត្តនេះមានសារ៉ាយសមុទ្រច្រើន និងមានជីវៈចម្រុះសម្បូរបែប។

លោកសោម ពិសិដ្ឋបានឲ្យដឹងផងដែរថា ដើម្បីសម្រេចចក្ខុវិស័យនេះ  រដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ  ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលា​យ  រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ  រក្សាសុវត្ថិភាព  សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ  មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ម៉ោង  ជាពិសេសមានប្រព័ន្ធទឹកស្អាតដែ​លកំពុងប្រើប្រាស់ទូទាំងខេត្ត។

ខេត្តកោះកុង

ធ្លាប់ជាខេត្តដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ តែគេនឹកឃើញបទចំរៀង​របស់លោកស៊ីន ស៊ីសាមុត “បុប្ឆាកោះកុង”បានធ្វើឲ្យខេត្តនេះនៅតែដក់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប។

        ហេដ្ឋារចនាសម្ព័ន្ឋ

ប៉ុន្តែជាមួយនឹងការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿនស្លេវ ដោយបច្ចុប្បន្នខេត្តនេះមានព្រលាន​យន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុនBangkok Airwayបាននិងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀត នៅតំបន់កោះប៉ោ ដែល​មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងយោធពលខេមរភូមិន្ទ។

លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្រ្តនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ ដោយចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកមួយចំនួននៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងពង្រីកការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែទឹកជ្រៅនៅតំបន់សារាសាគរ ក្នុងខេត្តកោះកុងផងដែរ។

នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់ ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេងៗ។

អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែល​តាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

គំរោងអភិវឌ្ឍន៍តារាសាគរ

ទោះជារងទណ័្ឌកម្មពីសហរដ្ឋអាមេរិក ក៏គម្រោងតារាសាគរក្នុងខេត្តកោះកុង មិនបង្អង់ល្បឿននៃផែនការអភិវឌ្ឍន៍របស់ខ្លួននោះទេ។

គំរោងដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ជាង៤០,០០០ហិកតានេះកំពុងបំពេញតម្លៃឲ្យខេត្តនេះយ៉ាងធំសម្បើម ដែកគម្រោងនេះ​មានផែនការអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។

លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ”។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Groupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើនក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋាន ឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

តំបន់ទេសចរណ៍ដ៏អាថ៌កំបាំង

ជាមួយនឹងអំណោយផលនៃផែនការអភិវឌ្ឍន៍ពីរដ្ឋាភិបាល វិស័យឯកជន ខេត្តកោះកុងមានធនធានធម្មជាតិដ៏អាថ៌កំបាំង និងមានសក្តានុពលដ៏ធំសម្បើមផ្នែកអេកូទេសចរណ៍ ដោយមានកោះ ទឹកជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រត្រពាំងរូងដ៏ស្រស់ស្អាត ខេត្តនេះក៏មិនទាន់ទាក់ទាញការវិនិយោគលើធនធានធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិឲ្យអស់សក្តានុពលនៅឡើយទេ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាធ្លាប់បានមាន​ប្រ​សាសន៍ថា ខេត្តកោះកុង ជាខេត្តមួយមានសក្តាពនុពលធម្មជាតិ ដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

លោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពី អនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាន និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

ឧស្សាហកម្មល្បែង

ដោយសារមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តកោះកុងមានអំណោយផលមួយទៀតលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងល្បែងកំសាន្ត ដូចជាកាស៊ីណូជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅវិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួសវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ម្ចាស់កាស៊ីណូរូបនេះ ទទួលបានការផ្តល់ជូនដ៏ពិសេស ពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។ កាស៊ីណូនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។

តំបន់ឆ្នេរកម្ពុជា ឬតំបន់K4 ដែលអ្នកជំនាញក្នុងវិស័យទេសចរណ៍និយមហៅ បាននិងកំពុងរះយ៉ាងត្រចះត្រចង់ ក្រោមដំបូលនៃគោលនយោបាយដ៏ត្រឹមត្រុវ ចក្ខុវិស័យច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា ពិសេសតំបន់ “តារារះនាទិសនារតីនេះ”បាននិង កំពុងចូលរួមលើកកំពស់កិត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងកំពុងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ៕

ទំហំពាណិជ្ជកម្មរវាងមហាយក្សចិន និងអាស៊ាន កើនដល់ ៤៨១ពាន់លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ មហាយក្សចិនបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN ដែលនេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការស្អិតរមួត ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ចរបស់ភាគីប្រទេសទាំងអស់។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Deng Xijun បាននិយាយថា ពាណិជ្ជកម្មរវាងអាស៊ាន និងចិន ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំនេះបានឈានដល់តម្លៃប្រមាណ ៤៨១,៨ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១ ភាគ ៧ នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

នៅក្នុងវេទិកាហ្សាការតាលើកទី ៣ ក្រោមប្រធានបទ «ពង្រឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ចំពេលដែលមានជំងឺកូវីដ-១៩» ដែលរៀបចំឡើងដោយសហគមន៍គោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី (FPCI) កាលពីថ្ងៃដើមសប្តាហ៍នៃខែវិច្ឆិកា ក្នុងឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ អ្នកការទូតរូបនេះបានលើកឡើងថា វាបានកើនឡើង ៥,៦ភាគរយនៅក្នុងត្រីមាសទី ២ និង ៧,៧ភាគរយនៅក្នុងត្រីមាសទី ៣ ដែលមានភាពលឿនជាងពាណិជ្ជកម្មរវាងចិន និងដៃគូពាណិជ្ជកម្មដទៃទៀត»។

អាស៊ាន ASEAN បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅឆមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួន ១៤,៧ភាគរយនៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។

យោងតាមលោក Deng Xijun បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងបណ្តាប្រទេសនៅអាស៊ានចំនួន ១០,៧ ពាន់លានដុល្លារអាម៉េរិក ដែលមានការកើនឡើង ៧៦,៦ភាគរយ។ នៅក្នុងឆ្នាំ ២០២១ គឺជាខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនារវាងអាស៊ាន – ចិន៕ VNA

ឯកអគ្គរដ្ឋទូតរុស្ស៊ីសន្យានឹងពង្រីកកាលានុវត្តភាពលើទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានមើលឃើញពីចំណុចល្អ និងសក្ដានុពលរបស់កម្ពុជា ដែលកំពុងមាន រួមជាមួយនឹងគម្រោងធ្វើកាលានុវត្តភាព លើការបោះទុនវិនិយោគបន្ថែមទៀតនៅពេលខាងមុខនេះ។

នៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik បានមានប្រសាសន៍ថា កិច្ចទំនាក់ទំនងរវាងកម្ពុជា- រុស្សុី គឺមានភាពល្អប្រសើរ និងស្និទ្ធស្នាល ហើយរដ្ឋាភិបាលរុស្សុី នឹងនៅតែបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបន្ថែមទៀត។

លោកបានបន្តថា “កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលរុស្ស៊ី បានជួយដល់កម្ពុជានៅក្នុងវិស័យសំខាន់ៗជាច្រើនដូចជា វិស័យអប់រំ សុខាភិបាល ការបណ្តុះបណ្តាលជំ​នាញ និងជំនួយបច្ចេកទេស ក៏ដូចជាការផ្តល់នូវអាហាររូបករណ៍ដល់និស្សិកម្ពុជា ឱ្យទៅសិក្សានៅសហព័ន្ធរុស្សីផងដែរ”។

លោកបញ្ជាក់ថា ដោយមើលឃើញពីសក្ដានុពលនៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងចាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាពក្នុងការដាក់ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។ ក្នុងន័យនេះចង់បញ្ជា​ក់ថា នៅពេលខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ នឹងមានការកើនឡើងជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញពីកិច្ចសាទរ និងគាំទ្រទៅលើគម្រោង នៃការធ្វើការលានុវត្តនន៍ភាពដាក់ទុនវិនិយោគនៅកម្ពុជា រួមជាមួយនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ដែលតែងតែជួយជ្រោមជ្រែងដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងប្រទេសទាំង២ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ”៕

រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរនិងអភិវឌ្ឍន៍កន្លែងកម្សាន្តបន្ថែមទៀតតាម ផែនការឆ្នាំ២០២១

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋបាលខេត្តកែប កំពុងរៀបចំគម្រោងបង្កើតកន្លែងកម្សាន្តមួយចំនួនបន្ថែម និងពង្រីកឆ្នេរ តាមផែនការអភិវឌ្ឍរបស់ខេត្តកែបសម្រាប់ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្តនៅក្នុងខេត្តកាន់តែច្រើន។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានមានប្រសាសន៍ឲ្យ​ដឹង​តាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ វិច្ឆិកានេះថា តាមផែនការរបស់ខេត្តនៅឆ្នាំ២០២១ គឺកែលម្អផ្លូវចូលតំបន់ភ្នំវល្លិ រៀបចំផ្លូវប្របមាត់សមុទ្រ ពីទីរួមខេត្តដល់ឆ្នេរអង្កោល និងកែលម្អកំពង់ផែទេសចរណ៍នៅកោះទន្សាយ ។ ក្រៅពីនេះ ខេត្តក៏មានគម្រោងជួសជុលផ្លូវដើរឡើងលើឧទ្យានកែប ឱ្យមានលក្ខណៈ ស្តង់ដារស្អាត ដោយមានការសាងសង់បន្ទប់ទឹក កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាកអង្គុយលំហែ សម្រាប់ភ្ញៀវទេសចរ ខណៈដែលតំបន់នោះ គឺជាកន្លែងមួយមានសក្តានុពលខាងផ្នែកធនធានធម្មជាតិ។

លោកបានបន្ថែមទៀតថា “ការរៀបចំផ្លូវប្របមាត់សមុទ្រ ពីទីរួមខេត្តដល់ឆ្នេរអង្កោ​ល ដែលមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ ជាឆ្នេរដែលមានខ្សាច់ធម្មជាតិ សស្អាត ដែលជាគោលដៅទេសចរណ៍ថ្មីមួយ ដើម្បីបង្វែរភ្ញៀវទេសចរទៅកម្សាន្តកន្លែងថ្មីៗ”។

លោកបញ្ជាក់ថា កាលណាយើងពង្រីកផលិតផលទេសចរណ៍ ក៏ដូចជាធ្វើផ្លូវឱ្យបានស្អាត ពង្រីកតំបន់ឆ្នេរជាដើម វាបានជះឥទ្ធិពលល្អ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន សហគមន៍ និងងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមរយៈគម្រោងអភិវឌ្ឍផែន​ការរបស់ខេត្ត។ ទី២ បម្រើឱ្យផ្នែកទេសចរណ៍ ភ្ញៀវមកកម្សាន្តសប្បាយ កុំឱ្យមកកកកុញតំបន់ឆ្នេរនៅក្នុងក្រុងតែមួយកន្លែង ព្រោះកន្លងមករដ្ឋបាលខេត្តកែបដឹងតាមសារព័ត៌មាន បុណ្យទានម្តងៗភ្ញៀវមកកកកុញ មកតំបន់ឆ្នេរលេងទឹកតែនៅក្នុងក្រុង។

យុទ្ធសាស្រ្តរបស់ខេត្តគឺពង្រីកឆ្នេរបន្ថែម មួយទៅពីរបន្ថែមទៀត ពិសេសគឺឆ្នេរអ  ង្កោ​លដែលមានសក្តានុពលខ្លាំង គឺនឹងត្រៀមកែលម្អ តំបន់ឆ្នេរនោះមានហេដ្ឋារចនាសម្ព័ន្ធ មានបន្ទប់ទឹក មានសួនកម្សាន្ត មានតូបសម្រាប់ឱ្យប្រជាពលរដ្ឋ អាជីវករនៅសហគមន៍ហ្នឹង មានការលក់ដូរដូចឆ្នេរនៅក្នុងក្រុងដែរ។

ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ ខេត្តកែបទទួលបានភ្ញៀវទេសចរ ប្រមាណជាង១លាន៣សែននាក់ ខណៈដែលកាលពីបុណ្យអុំទូកកន្លងទៅ ខេត្តនេះទទួលបានភ្ញៀ​វ​ទេសចរប្រមាណជាង៤ម៉ឺននាក់៕