សកម្មភាពការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគីរីនៅសកម្មភាពមមាញឹក ទោះតំបន់ផ្សេងនៅទ្រឹង

0

ដោយៈ លក្ខិណា

ភ្នំពេញៈ បើទោះបីជារាជធានី និងបណ្ដាខេត្តមួយចំនួនហាក់មានសភាពនៅទ្រឹងសម្រាប់សកម្មភាពទិញលក់ដីធ្លី តែខេត្តមណ្ឌលគីរីនៅតែមានភាពល្អប្រសើរ ខាងដីធ្លីជាដើម និងមានការទិញលក់ច្រើន ក្នុងពេលកូវីដ១៩រហូតមកដល់ពេលនេះ។

លោកម៉ឹង លាងហ៊ន ភ្នាក់ងារអចលនវត្ថុនៅកម្ពុជាមួយរូប បាននិយាយថា បើទោះបីជាបញ្ហាកូវីដ១៩ បានអូសបន្លាយយ៉ាងណាក្ដី តែសម្រាប់ដីធ្លីនៅខេត្តមណ្ឌលគិរីនៅតែមានការទិញលក់ជាធម្មតា ឬអាចលើសពីមុនពេលកូវីដ១៩ទៅទៀផង។  ជាក់ស្ដែ​ង​លោកបាននាំភ្ញៀវពីភ្នំពេញ និងពីបណ្ដាខេត្តនានាទៅមណ្ឌលគីរីដើម្បីមើលដី និងចរចាទិញដីនៅទីនោះសម្រាប់ទុកអភិវឌ្ឍន៍នៅពេលអនាគត។

លោកបន្តថា “កត្តាដែលធ្វើឱ្យសកម្មភាពទិញលក់ដីធ្លី នៅមណ្ឌលគីរីនៅតែមានសកម្មភាពកក្រើក និងត្រូវប៉ានពីសំណាក់វិនិយោគិននិងប្រជាពលរដ្ឋនោះ ដោយសារតែមានតម្លៃទាបនៅឡើយ បើធៀបនឹងខេត្តផ្សេងៗទៀត”។ លោកបន្តថា “ដីក្នុងខេត្តនេះគេលក់ខុសពីខេត្តដទៃ ដែលគិតជាម៉ែត្រការ៉េ តែខេត្តនេះគេលក់ម៉ែត្រដើរ”។

ក្នុងន័យនេះ គេសំដៅថាក្បាលមួយម៉ែត្រ ហើយបណ្ដោយអាច២០០ម៉ែត្រ ឬ៣០០ម៉ែត្រ តម្លៃត្រឹម១០០ដុល្លារ ២០០ដុល្លារឬ៣០០ ដុល្លារអាមេរិក ដូច្នេះបើគិតតម្លៃជាម៉ែត្រការ៉េ មានតម្លៃត្រឹម២ ទៅ៣ដុល្លារ ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ”។

លោកបានបន្ថែមថា សម្រាប់ដីក្នុងប្រជុំជនទីរួមខេត្តនេះ បើធៀបនឹងដីនៅខេត្តសក្ដានុពលផ្សេងទៀត គឺមិនស្មើនឹងដីក្នុងទីរួមស្រុកគេផង ដូច្នេះហើយ ទើបអ្នកមានលុយច្រើនចង់បានដីក្នុងមណ្ឌលគីរី សម្រាប់ទុកអភិវឌ្ឍន៍នៅពេលអនាគត។ ម្យ៉ាងទៀត ដោ​យ​សារតែមណ្ឌលគីរី ជាខេត្តមួយនៅឆ្ងាយពីភ្នំពេញ ក្នុងដំណាក់កាលកូវីដ១៩ ក៏នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជាធម្មតា ពេលខ្លះភ្ញៀវសម្រុកទៅកម្សាន្តរហូតដល់កន្លែងស្នាក់នៅផង។

លោកម៉ឹង លាងហ៊នបានបន្តទៀតថា នេះក៏ជាសក្ដានុពលមួយជំរុញឱ្យខេត្តនេះ ទទួលបានការទិញលក់ដីធ្លីច្រើនជាងមុន។ កត្តាមួយទៀតដែលជំរុញឱ្យមានការទិញលក់ខ្លាំងនោះ ដោយសារតែពលរដ្ឋមួយចំនួនជួបវិបត្តិ ដោយសារតែកូវីដ១៩ ពិបាកក្នុងរកលុយចិញ្ចឹមគ្រួសារ ក៏បានបង្ខំលក់ដី ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់៣០ភាគរយ ដើម្បីយកលុយមកដោះស្រាយបញ្ហា។

លោករាជ សំណាងម្ចាស់ផ្ទះសំណាក់មួយនៅខេត្តមណ្ឌលគីរី ក៏បាននិយាយផងដែរថា កាលពីកូវីដ១៩មានការរាលដាលនៅកម្ពុជាច្រើន ខេត្តមណ្ឌលគីរី ក៏មានប៉ះពាល់ដែរ តែវាមិនធ្ងន់ធ្ងរទេ ដោយសារតែខេត្តនេះ វាសំបូរធម្មជាតិ ដូច្នេះភ្ញៀវមកកម្សាន្តនៅកើនឡើង ពេលខ្លះខ្វះបន្ទប់គេងក៏មានដែរ។

លោកបន្តថា “ទៅថ្ងៃអនាគត ខេត្តនេះចាំបាច់ត្រូវការឱ្យមានការវិនិយោគ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការភ្ញៀវដែលមក ដូច្នេះសក្ដានុពលនៃការវិនិយោគលើខេត្តនេះ នៅតែមានឱកាសល្អសម្រាប់អ្នកចង់មកដាក់ទុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here