ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា ហក់ឡើងរហូតដល់ជាង ៥០០០លានដុល្លារ

0

ដោយ ហ្សូលី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥.០៦០ លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំ២០២០នេះ ឬកើនឡើងស្មើនឹង ១៦ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ទោះបីបច្ចុប្បន្នមានវិបត្ដិកូវីដ ១៩ ។

យោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០នេះប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤.៨២៨ លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលកើនឡើងប្រមាណ ២២ ភាគរយ។ ម៉្យាងវិញទៀត ការនាំចូលពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយធ្លាក់ចុះ ៧២ ភាគរយស្មើនឹង ២៣២ លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមាន វាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរពីអាមេរិកមកកាន់កម្ពុជាវិញរួមមាន យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៦ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍មិនគិតពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរដូចជា ឥវ៉ាន់ កាបូបស្ពាយ កាបូបដៃ និងកាបូបលុយ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។

កាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន ៥,៨ ពាន់លានដុល្លារ ដែលកើនឡើង ៣៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here