តោះ ! ទៅ​ផ្សារ​ទំនើប FURI Times Square ទិញ​ឥ​វ៉ាន់​បញ្ចុះតម្លៃ​ទៀតហើយចាប់ពី​ថ្ងៃ២៤ ខែកក្កដា​ខាងមុខ

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ជាការ​អបអរសាទរ​នៃ​ការមកដល់​ថ្មី នៃ​វត្តមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​លំដាប់​អន្តរជាតិ​ Lock &Lock អតិថិជន​ទាំងអស់​នឹង​រីករាយ​សាជាថ្មី ជាមួយ​ការទិញ​ទំនិញ​បញ្ចុះ​ពិសេស​ពី​បណ្តា​ក្រុមហ៊ុន និង​ហាង​នានា​នៅក្នុង​ផ្សារ​ទំនើប FURI Times Square រហូតដល់៥០ភាគរយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​ជាន់ខ្ពស់​ប្រចាំ​នៅ​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ កញ្ញា ប៉ែន ម៉ា​រ៉ា បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២០ កក្កដា​កន្លងមក​ថា ផលិតផល​ចម្រុះ ដែលមាន​គុណភាព​កម្រិត​ស្ដង់ដារ​អន្តរជាតិ Lock &Lock ចាប់ពី​ថ្ងៃទី២៤-២៥-២៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ រាល់​អតិថិជន​ទាំងអស់ ដែល​មកកាន់​ផ្សារ​ទំនើប FURI Times Square នឹងមាន​ឱកាស​ទិញ​ទំនិញ​ជាច្រើន​មុខ ច្រើន​ម៉ាក ជាមួយនឹង​ការទទួលបាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស។

កញ្ញា​បន្តថា ជាមួយនឹង​ការផ្ដល់ជូន​នូវ​កម្មវិធី​ពិសេស ដោយ​ការលក់​បញ្ចុះតម្លៃ​ពី​បណ្តា​ក្រុមហ៊ុន និង​ហាង​លក់ទំនិញ​នានា​នៅក្នុង​ផ្សារ​ទំនើប លើកដំបូង​ប្រចាំ​នៅ​ក្រុងព្រះសីហនុ​មួយ​នេះ លោកអ្នក​ក៏​អាច​រីករាយ សប្បាយៗ ជាមួយ​ការប្រគំ​តន្ត្រី​ខ្នាតតូច​ក្រោម​ការចូលរួម​ពី​សំណាក់​តារាចម្រៀង​ប្រុស ស្រី​ល្បីឈ្មោះ​ជាច្រើន​នាក់ បន្ថែម​ពី​ការទិញ​ទំនិញ​ចាប់ពី៣០ដុល្លារ​ឡើងទៅ នឹង​ទទួលបាន៥ដុល្លារ​ត្រឡប់មកវិញ​ផងដែរ។

ណាត់ជួប​គ្នា​នៅ​ផ្សារ​ទំនើប FURI Times Square ទាំងអស់គ្នា ដើម្បី​ទិញ​សម្ភារៈប្រើប្រាស់ និង​ទំនិញ​នានា​ដោយ​ការបញ្ចុះ​តម្លៃ​ពិសេស ព្រមទាំង​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​យ៉ាង​សម្បូរបែប​ទាំងអស់គ្នា។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ បាន​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី​នៅក្នុង​តំបន់ ដោយ​ការនាំ​យកមក​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks  ក្រុមហ៊ុន Amazon Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s  ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ សរុប​ជិត៣០ក្រុមហ៊ុន៕

CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន៣ ក្រោម​ទុនវិនិយោគ​ជិត ៣៧លាន​ដុល្លារ

អគារ CDC។ រូបថត៖ សហការី

ដោយ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)បានអនុម័ត គម្រោង​វិនិយោគ​រោងចក្រ​ថ្មី​ចំនូ​ន៣ទៀត ដែលមាន​ទំហំ​ទឹកប្រាក់៣៦.៥លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​CDC ចេញផ្សាយ​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ទី១-“ HE CHENG XING PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៨០កន្លែង។

ទី​២-“KANG HWA E & C (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (គោ មាន់ ទា) និង​រោងចក្រ​កែច្នៃ និង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង៤,៥មេ​ហ្គា​វ៉ា​ត់ (សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ៣១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៤កន្លែង។

ទី​៣-“CORIUM LEATHER (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩១កន្លែង៕

អភិបាលខេត្ត​កំពង់ស្ពឺ​ស្នើសុំ​ប្រជាជន​កុំឱ្យ​បារម្ភ​ពី​ការ​ប្រែក្លាយ​ដីស្រែ​ទៅជា​អាជីវកម្ម​អចលនទ្រព្យ

ដោយៈ វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់ថា កុំឱ្យ​មានការ​ព្រួ​បារម្ភ​ចំពោះ​ការ​ប្រែក្លាយ​ដីស្រែ និង​ដី​មិន​ប្រើប្រាស់​ទៅជា​អាជីវកម្ម​អចលនទ្រព្យ ដូចជា​ពុះ​ដី​ឡូ​តិ៍លក់ បង្កើត​រោងចក្រ និង​វិនិយោគ​លំនៅឋានផ្សេងៗ ខណៈដែល​ខេត្ត​មួយ​នេះ នៅមាន​ដី​កសិកម្ម​ជាង១១ម៉ឺន​ហិកតា នៅ​ទូទាំង​ខេត្ត​សម្រាប់​បង្កបង្កើនផល​ក​សិ​កម្ម។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា ការ​លុប​បឹង​សម្រាប់​ពុះ​ដី​ឡូ​តិ៍​នៅក្នុង​ខេត្ត មិនទាន់មាន​នៅឡើយ​ទេ ព្រោះ​ភាគច្រើន​គឺ​ត្រូវការ​ចំណាយលុយ​ច្រើន ដូច្នេះ​គេ​ទៅធ្វើ​នៅតែ​កន្លែង​ដីស្រែ ឬ​ទីទួល ។

លោក​បន្តថា “ការ​ពុះ​ដី​ឡូ​តិ៍លក់​ទទួលបាន​ផល​ច្រើនជាង ការធ្វើ​កសិកម្ម ឧទាហរណ៍​ថា​ដី១ហិកតា ទទួលបាន​ស្រូវ៣តោន​ក្នុង​មួយឆ្នាំ តែ​ដី​មួយ​ហិកតា​ដដែល​យកមក​ធ្វើ​រោងចក្រ អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​មនុស្ស​បាន​រាប់ពាន់នាក់” ។ លោក​បន្តថា “នេះ​គឺជា​ភាព​ចំណេញ​ដែល​យើង​មើលឃើញ​ជាក់ស្តែង” ។

លោក​ថ្លែងបន្តថា ក្នុងន័យនេះ​យើង​មិនត្រូវ​អភិរក្ស​បឹង ឬ​ដីស្រែ​ដោយ​គ្មាន​ការអភិវឌ្ឍន៍​នោះទេ តើ​យើង​ចង់ឱ្យ​ពលរដ្ឋ​នៅតែ​ក្រីក្រ​ដដែល ឬ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូ​ធា​ជាង​មុន។ ដូច្នេះ យើង​ត្រូវតែ​អភិវឌ្ឍន៍ ដើម្បីឱ្យ​ជីវភាព​ធូ​ធា​ក្នុងសម័យ​តេ​ជោ​នេះ។

ចំពោះ​ការ​លុបថ្លុក ឬ​ត្រពាំង​មួយចំនួន​នៅក្នុង​ខេត្ត​វិញ លោក​បាន​ថ្លែង​ចោទ​ជា​សំនួ​រថា តើ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​ជីវ​ភាពល្អ​ទេ​ឬ? នៅក្នុង​ខេត្តកំពង់ស្ពឺ​សម្បូរ​ទៅដោយ​ថ្លុក និង​ត្រពាំង ហើយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វា​ស្អាត ដើម្បី​បង្កើតជា​រោងចក្រ និង​លំនៅឋាន​ផ្សេង។ ក្នុងន័យនេះ​រដ្ឋបាលខេត្ត បាន​ពិនិត្យមើល​យ៉ាង​ម៉ត់ចត់​ចំពោះ​កន្លែង​ដែល​ត្រូវ​ទុក ឬ​មិនត្រូវ​ទុក។

លោក​បន្ថែមថា “នៅពេលនេះ​យើង​ត្រូវធ្វើ​យ៉ាងណា កុំឱ្យ​មានការ​រំលោភ​យ​កដី​រដ្ឋ​តែប៉ុណ្ណោះ គេ​លុប​នៅក្នុង​រង្វង់​ដី​កម្មសិទ្ធិ​របស់គេ ម្យ៉ាងទៀត​នៅពេលដែល​អ្នកវិនិយោគ ឬ​អ្នករកស៊ី​អចលនទ្រព្យ​ចូលមក គេ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​បង្កើត​រោងចក្រ​សហគ្រាសផ្សេងៗ ក្នុងការ​ផ្តល់​ការងារ​ជូន​ពលរដ្ឋ” ។ លោក​បន្ថែមថា “ដូច្នេះ​យើង​ក៏​ពិចារណា​ថា​គួរ​លុប ឬ​ទុក បើ​លុប​ហើយ​ផ្តល់​ចំណេញ​ច្រើនជាង​ទុក​ឱ្យគេ​លុប​ទៅ” ៕

សម្តេច​តេ​ជោ៖ ផ្លូវជាតិ​លេខ៣នឹង​បញ្ចប់​ការសាងសង់​តាម​ផែនការ​កំណត់

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ពី​ភ្នំពេញ ទៅ​ខេត្តកំពត គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទៅតាម​គម្រោង​ផែនការ ដោយ​គ្មាន​ការរំខាន​ពី​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​តេ​ជោ បាន​សរសេរ​នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ គិត​រហូតមក​ដល់ពេលនេះ សម្រេចបាន​ប្រមាណ​ជាង ៧០ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចា​ប់​នៅក្នុង​ឆ្នាំ២០២២ ខាងមុខ។

សម្ដេច​តេ​ជោ​បាន​ថ្លែងថា “ទោះបីជា​ពេលនេះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ កំពុង​រាតត្បាត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ខ្លះ​ក៏ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៣ នៅតែ​បន្ត​កសាង​យ៉ាងសកម្ម​ឱ្យបាន​ចប់​ទៅតាម​គម្រោង​ផែនការ” ។

សម្តេច​បន្តថា “ផ្លូវជាតិ​លេខ៣ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ អ្នកទេសចរ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ” ។

គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ដើមខែ ឧសភា ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល ដំណាក់កាល​ទី១ពី​ចោមចៅ(ភ្នំពេញ) ទៅ​បែក​គូស​ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់២៤,៥ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង(២គន្លង​ទៅ២គន្លង​មក)។

ដំណាក់កាល​ទី២ ពី​បែក​គូស​ទៅ​ក្រុង​កំពត​ប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ACកម្រាស់៧សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាម​រិ​ក ជា​ហិរញ្ញប្បទាន សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​សាងសង់​ដោយ ក្រុមហ៊ុន​សារ​ជីវ​កម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ៕

ចំណេះដឹង! តើ​អ្វី​ជា​ប័ណ្ណ​ស្លាបមាន់ ឬ​ចុងសន្លឹក?

ដោយ វុត្ថា

ភ្នំពេញៈ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​គេ​និយម​ហៅថា “ប័ណ្ណ​ស្លាបមាន់” ឬ​ចុងសន្លឹក ដែល​ប័ណ្ណ​ប្រភេទ​នេះ ជា​ប័ណ្ណ​ដីធ្លី​ដែល​ចេញ​មុនគេ​បង្អស់ ក្រោយ​របប​ខ្មែរក្រហម​បាន​ដួលរលំ។

ប័ណ្ណ​ប្រភេទ​នេះ ត្រូវ​បានចេញ​នូវ​ចន្លោះ​ឆ្នាំ១៩៨៩ ដល់​ឆ្នាំ១៩៩៥ ដែល​ចេញ​ដោយ​អតីត​ការិយាល័យ​សុរិយោដី​ខេត្ត-ក្រុង ហើយ​ការិយាល័យ​សុរិយោដី កាលនោះ ស្ថិតនៅក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ប័ណ្ណ​ប្រភេទ​នេះ គេ​ឃើញ​អាជ្ញាធរ​សុរិយោដី ចេញ​ជូន​អ្នកកាន់កាប់​ដី​នៅ​ទូទាំងប្រទេស​កម្ពុជា ទាំង​ប្រភេទ​ដី​កសិកម្ម ដី​ភូមិ ឬ​ដី​លំនៅឋាន​គ្រប់​ប្រភេទ ហើយ​ប្លង់​ប្រភេទ​នេះ នៅមាន​សុពលភាព​ប្រើប្រាស់ រហូតដល់​បច្ចុប្បន្ន​នៅតាម​តំបន់​មួយចំនួន។

ប្រសិនបើ​ដី​នៅ​តំបន់​នោះ មិនទាន់​ស្នើសុំ​ចុះបញ្ជី​ដី​លក្ខណៈ​ដាច់​ដោយ​ដុំ និង​មិនទាន់បាន​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ទេនោះ គឺ​ប័ណ្ណ​ឬ​ប្លង់​ប្រភេទ​នេះ នៅមាន​សុពលភាព​ប្រើប្រាស់ ទាំង​ការបញ្ជាក់​ពី​ភោគៈ ស្របច្បាប់​ការដាក់​បញ្ចាំ ដាក់​ហ៊ី​ប៉ូ​តែ​ក ផ្ទេរ ចែក​មរតក និង​ការដាក់​ធានា​គ្រប់​ប្រតិបត្តិការ​បាន ប៉ុន្តែ​វា​មាន​សុពលភាព​ត្រឹមតែ​ជា​ប័ណ្ណ​ភោគៈ​ប៉ុណ្ណោះ៕

កម្ពុជាបានស្នើគម្រោងអាទិភាពចំនួន៣ដាក់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្ពុជាជប៉ុនលើកទី១៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានលើកឡើងពីភាពប្រឈមមួយចំនួនដែលកំពុងកើតមាន ជាមួយនឹងការស្នើលើគម្រោងអាទិភាពចំនួនទៅដល់កិច្ចប្រជុំរវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុន លើកទី១៣ ដើម្បីជួយសម្រួល និងអាចទទួលបានលទ្ធផលល្អប្រសើរសម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា។

នៅក្នុងការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុន លើកទី១៣ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំគណៈប្រតិភូកម្ពុជាដោយលោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលនូវលទ្ធផលសំខាន់ៗមួយចំនួន ហើយក្នុងនោះកម្ពុជាក៏បានផ្តោតទៅលើគម្រោងអាទិភាពចំនួន៣ ដែលស្ថិតក្រោមផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0)។

តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានបកស្រាយអំពីសារសំខាន់នៃផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ដែលមានសសរស្ដម្ភចំនួន ៣ រួមមាន ការតភ្ជាប់ នវានុវត្តន៍ឌីជីថល និងគោលដៅអភិវឌ្ឍន៍និរន្តរភាព។ តំណាង METI ក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចនូវគោលដៅនៃ MIDV 2.0 ប្រទេសមេគង្គត្រូវបានស្នើឲ្យលើកនូវគម្រោងអាទិភាពចំនួនបី ស្របទៅនឹងសសរស្ដម្ភទាំងបីរបស់ MIDV 2.0 ។ ជាមួយគ្នានេះ តំណាង METI បានលើកឡើននូវកម្មវិធីការងារ ដែលទាមទារនូវសហប្រតិបត្តិការនៃគម្រោងទាំងនេះ រយៈពេល ៤ ឆ្នាំ ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ ក្នុងចំណោមប្រទេសមេគង្គ និងជប៉ុន។ ក្រុមការងារ WEC-WG នឹងពិភាក្សាបន្ថែមលើកម្មវិធីការងារនេះ ប្រសិនបើចាំបាច់។

ដោយឡែកសម្រាប់ ផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ប្រទេសមេគង្គបានលើកនូវគម្រោងអាទិភាពចំនួន ៣ រៀងៗខ្លួន។ សម្រាប់កម្ពុជា បានបង្ហាញនូវគម្រោងអាទិភាពចំនួន ៣ រួមមាន ទី១ ជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងប្រទេសមេគង្គ, ទី២ ជំនួយបច្ចេកទេស ស្រាវជ្រាវនិងការណែនាំសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល និង ទី៣ បរិស្ថានគាំទ្រអាជីវកម្មជាបរិយាប័ន្នក្នុងប្រទេសមេគង្គ។

លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ការអនុវត្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កំពុងតែមានភាពប្រសើរឡើង ក៏ប៉ុន្ដែនៅតែមានឧបសគ្គមួយចំនួនគួរឲ្យកត់សម្គាល់។ ឯកឧត្តមបានជំរុញឲ្យប្រទេសមេគង្គគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងស្នើឲ្យមានតម្លាភាពក្នុងការអនុវត្តបែបបទគយ ព្រមទាំងស្នើឲ្យមានយន្ដការផ្សេងៗដូចជា ប្រព័ន្ធបច្ចេកវិទ្យា ឬយន្តការ CBTAឬការធ្វើអនុស្សរណយោគយល់ក្នុងការសម្រួលការប្រតិបត្តិការគយ ដើម្បីងាយស្រួលដល់វិស័យក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

ជាមួយគ្នានេះលោកក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការពីភាគីថៃ លើការផ្ដល់សិទ្ធិចរាចរណ៍ឆ្លងកាត់ព្រំដែន ដល់យានយន្ដផ្សេងទៀត ក្រៅពីរថយន្ដក្រុង និងបើកផ្លូវចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនបន្ថែមទៀត ក្រៅពីចក្រប៉ោយប៉ែត-Aranya Prathet។ សម្រាប់អង្គការ NEDO សូមពិនិត្យលទ្ធភាពជួយជ្រោមជ្រែងបន្ថែមទៀតដល់វិស័យថាមពលបៃតង (Green Energy) ក្នុងប្រទេសកម្ពុជា និងប្រទេសមេគង្គ។ ដោយឡែកភាគីជប៉ុន សូមជួយជំរុញការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការជួយបណ្ដុះបណ្ដាលសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)។

កិច្ចប្រជុំរួមនៃកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុនលើកទី១៣ និង the 1st Meeting of 2020 AMEICC Working Group on West-East Corridor Development (WEC-WG) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន AMEICC ដឹកនាំដោយលោក Sakayam Chidchob សហប្រធានអង្គប្រជុំ និងជារដ្ឋមន្ដ្រីដឹកជញ្ជូននៃប្រទេសថៃ តំណាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

ក្រុមហ៊ុនជប៉ុនជាច្រើនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនជាង១០០ ដែលជាសមាជិកសភាពាណិជ្ជកម្មជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីសិក្សាលម្អិតពីឱកាសបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យជាច្រើន ជាពិសេសផ្នែកកសិ-ឧស្សាហកម្ម ដែលពិភពលោកកំពុងមានតម្រូវការខ្ពស់។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានការផ្សព្វផ្សាយ និងកៀងគរវិនិយោគិនអន្តរជាតិមកកាន់កម្ពុជា ជាពិសេសក្រោយកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បច្ចុប្បន្ននេះ មានបណ្តាក្រុមហ៊ុនជាច្រើន បង្ហាញពីគម្រោងចូលមកវិនិយោគនៅកម្ពុជា ដែលក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនផងដែរ។

លោកឧកញ៉ាបានមានប្រសាសន៍ថា “ក្រោមការកៀងគរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំមេគង្គ-ជប៉ុនកាលពីពេលកន្លងទៅនេះ បច្ចុប្បន្ននេះ ស្ថាប័នសភាពាណិជ្ជកម្មជប៉ុន ដែលមានសមាជិកជាង១០០០ក្រុមហ៊ុន កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគ និងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្ម”។

លោកបន្តថា “ ពេលនេះពួកគាត់បានមកជាបណ្តើរៗទាំងផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ហើយពួកគាត់ក៏បានទៅជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្មរួចរាល់មួយចំនួនហើយដែរ ដើម្បីសិក្សាពីឱកាសវិនិយោគថ្មី បន្ថែមពីលើគម្រោងវិនិយោគដែលមានស្រាប់”។ លោកឧកញ៉ាបន្តថា “បច្ចុប្បន្នយើងមាន EBA និង GSP ស្រាប់ រួមជាមួយការឈានទៅរកកិច្ចព្រម្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន កូរ៉េ និងជប៉ុន ដែលទាំងអស់សុទ្ធតែជាឱកាសលើការវិនិយោគទាំងអស់”។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីជំរុញការផលិត និងប្រកបដោយគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចចូលរួម នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងកិច្ចដំណើរការនៃការអភិវឌ្ឍ និងពិពិធកម្មវិស័យនេះ ក្រៅពីក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងដំណើរការវិនិយោគលើការដាំដុះ កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារក្រៅស្រុកជាមួយការទទួលបានលទ្ធផលល្អប្រសើរនោះ ក៏មានក្រុមហ៊ុនជាច្រើនកំពុងតែចូលមកសិក្សាដើម្បីវិនិយោគបន្ថែមផងដែរ។

អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា រាល់គម្រោងវិនិយោគទាំងអស់នៅកម្ពុជា សុទ្ធតែផ្តល់នូវអត្ថប្រ​យោ​ជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងស្ថានភាព ដែលកំពុងតែប្រឈមនេះ ប្រទេសកម្ពុជាបានក្លាយ ជាគោលដៅលើការវិនិយោគផ្នែកស្បៀង ខណៈដែលរាជរដ្ឋាភិបាលកំពុងតែពង្រឹង ការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍ ឱ្យមានភាពល្អប្រសើរជាងមុន។

លោកបណ្ឌិតបានបន្តថា “ដូចយើងធ្លាប់ដឹងស្រាប់ហើយថា ជប៉ុនគឺជាជនជាតិមួយដែលមានភាពប្រាកដប្រជា ច្បាស់លាស់ ដូច្នេះរាល់គម្រោងវិនិយោគរបស់ពួកគេ ភាគច្រើន គឺសុទ្ធតែអាចធានាបាននូវភាពល្អប្រសើរ ទើបពួកគេសម្រេចចិត្ត”។ លោកបន្តថា “ប្រសិនបើក្រុមហ៊ុនជប៉ុនចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺកាន់តែល្អដែលអាចបញ្ជាក់ពីស្ថេរភាពនៃការវិនិយោគ ហើយក្នុងនោះក្រៅពីអាចចូលរួម ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ថែមទាំងអាចជួយបណ្តុះបណ្តាលជំនាញថ្មីៗ ពាក់ព័ន្ធទៅនឹងវិស័យកសិកម្មផងដែរ”។

 

លោកហុង វណ្ណៈបានបញ្ជាក់ថា កម្ពុជាអាចមានឱកាសច្រើន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងនាមជាប្រទេសមានអំណោយផល ផ្នែកវិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយក៏អាចទាក់ទាញចំណូ​ល​មួយចំណែក ពីវិស័យទេសចរណ៍ តាមរយៈការបង្កើតកម្មវិធីទស្សនកិច្ច និងកម្សាន្ត នៅតាមកសិដ្ឋានគំរូនានាប្រចាំប្រទេសផងដែរ៕

អភិបាលខេត្តស្ពឺកំពុងជំរុញរោងចក្រទៅបោះទីតាំងនៅតាមផ្លូវជាតិលេខ៤៤

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបាននិងកំពុងជំរុញ ក្រុមហ៊ុន រោងចក្រ សហគ្រាសទៅបោះទីតាំងនៅតាមបណ្តោយផ្លូជាតិលេខ៤៤ ដែលកំណាត់ផ្លូវនេះ មានប្រវែង៤៨ គីឡូម៉ែត្រពីទីរួមក្រុងកំពង់ស្ពឺឆ្ពោះទៅកាន់ស្រុកឱរ៉ាល់។

លោកបានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០នេះ ថា រដ្ឋបាលខេត្ត មិនមែនគ្រាន់តែជំរុញរោងចក្រសហគ្រាស ទៅកាន់ស្រុកគងពិសី ស្រុក បសេដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤១ នោះទេ។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបាន និងកំពុងជំរុញរោងចក្រសហគ្រាសផ្សេងៗ ទៅបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅទីនោះ ដើម្បីធ្វើការហើយទទួលបានចំណូល ក្នុងការផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើង។

លោកបន្ថែមថា “ក្នុងជំនាន់សម្តេចព្រះនរោត្តមសីហនុ មានតែរោងចក្រសហគ្រា​ស​តែមួយប៉ុណ្ណោះ នៅក្នុងខេត្តកំពង់ស្ពឺ គឺរោងចក្រស្ករសកំពង់ត្រាំ ដែលបច្ចុប្បន្ននេះខេត្តកំពង់ស្ពឺមាន២៧១ រោងចក្រដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តទាំងមូល”។លោក ថ្លែងថា “ខ្ញុំមិនមែនតែខិតខំប្រឹងប្រែងរកអ្នកវិនិយោគដាក់នៅស្រុកគងពិសី ស្រុកបសេដ្ឋ នោះទេ យើងខិតខំជំរុញទៅផ្លូវលេខ៤៤ ហើយកាលពីពេលថ្មីនេះខ្ញុំបានចុះហត្ថលេខាឱ្យរោងចក្រចំនួន២បន្ថែមទៀត ឱ្យទៅកាន់ទីនោះក្នុងដំណាក់កាលនៃជំងឺCovid-19 នេះ” ។

លោកអភិបាលខេត្តបញ្ជាក់ថា រហូតមដល់ពេលនេះ គ្មានអ្នកវិនិយោគណាមួយចុះចាញ់ក្នុងការវិនិយោគ ឬបង្កើតរោងចក្រនៅក្នុងខេត្តកំពងស្ពឺទេ ដោយសារគេ (អ្នកវិនិយោគ) ជឿជាក់លើការដឹនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន  និងថ្នាក់ដឹកនាំខេត្តដែលរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពជូនអ្នកវិនិយោគ ជាពិសេសគេជឿជាក់លើកម្ពុជាមានសន្តិភាព។

ផ្លូវជាតិលេខ៤៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៤៤ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ រួមមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩៕

ការវិនិយោគរបស់វៀតណាមមានទំហំទឹកប្រាក់ដល់២,៧ពាន់លានដុល្លារនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ បណ្តាសហគ្រាស និងក្រុមហ៊ុនវៀតណាម បានវិនិយោគនៅកម្ពុជាមានទឹកប្រាក់សរុបដល់ប្រមាណ២,៧ពាន់លានដុល្លារ ឈរនៅលំដាប់ទី៣បន្ទាប់ពីប្រទេសឡាវ។

ប្រទេសឡាវ ទទួលបានដើមទុនវិនិយោគច្រើនបំផុត ពីសហគ្រាស ក្រុមហ៊ុន វៀតណាម​ ដោយមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ ជាមួយនឹងគំរោងចំនួន២០៨។

យោងតាមទិន្នន័យពីក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងកាលពី​ថ្ងៃទី១៩ កក្កដាកន្លងមកថា កាលពីឆ្នាំមុន អាជីវកម្មវៀតណាម បានចំណាយទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ក្នុងគម្រោងជាង១.៣០០នៅក្រៅប្រទេស ដែលធ្វើឲ្យក្រុមហ៊ុននានាប្រមូលប្រាក់ចំណេញ បានកើនឡើងដល់ប្រមាណ៣ពាន់លានដុល្លារ។

ទិន្នន័យដដែលនេះបានបង្ហាញថា វៀតណាមបានវិនិយោគ ទៅគម្រោងសំខាន់ៗមួយចំនួន ដូចជា គម្រោងបណ្តាញទូរគមនាគមន៍របស់ក្រុមហ៊ុន Viettelនៅកម្ពុជា ក្នុងតម្លៃ២២,១លានដុល្លារ។ គម្រោងប្រេង និងឧស្ម័នគ្រប់គ្រងដោយក្រុមហ៊ុន PetroVietnam នៅប្រទេសរុស្ស៊ីក្នុងទឹកប្រាក់ជាង១៧០លានដុល្លារ និងកម្មវិធីរបស់ក្រុមហ៊ុន Petrolimex នៅប្រទេសសឹង្ហបុរីមានតម្លៃជិត១០លានដុល្លារ។

ក្រុមហ៊ុនមិត្តហ្វូនរបស់ Viettel មានចំណែកទីផ្សារប្រហែល៥០ភាគរយ ដែលគ្របដណ្តប់លើបណ្ដាញ៩៩ភាគរយ និងអតិថិជនជាង១០លាននាក់ កំពុងស្ថិតក្នុងលំដាប់លេខ៣ នៃក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅកម្ពុជា។

ក្រសួងផែនការ និងវិនិយោគបានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់ចំណូល ដែលបានរក្សាទុកសម្រាប់ការវិនិយោគឡើងវិញ មានចំនួនប្រហែល៣៦៣លានដុល្លារ។ អ្វីដែលគួរកត់សម្គាល់បំផុតកាលពីឆ្នាំមុន ក្រុមហ៊ុនវៀតណាមបានទទួលប្រាក់ចំណេញសម្រាប់ការវិនិយោគរហូតដល់ជាង២៣,១លានដុល្លារ ដោយអាជីវកម្មបានរួមចំណែកប្រហែល ២២លានដុល្លារ ជាកាតព្វកិច្ចហិរញ្ញវត្ថុរបស់រដ្ឋពីការវិនិយោគក្រៅប្រទេស៕

វិនិយោគិនហុងកុងគ្រោងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយនៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា វិនិយោគិនហុងកុងមួយក្រុមគ្រោងចូលរួមវិនិយោគ និងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយនៅកម្ពុជា ដោយជ្រើសយកខេត្តកំពង់ស្ពឺធ្វើជាទីតាំងវិនិយោគ ខណៈដែលខេត្តមួយនេះ មានសក្តានុពលសេដ្ឋកិច្ច និងមានរោងចក្រសហគ្រាសច្រើនចូលទៅវិនិយោគនៅក្នុងខេត្តមួយនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា លោកបានទាក់ទងទៅវិនិយោគិនហុងកុងមួយក្រុមដែលមានបំណងរៀបចំឱ្យមានទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺ។

លោកបន្តថា “យើងកំពុងបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យវិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុកឱ្យចូលមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្ត ពាក់ព័ន្ធនឹងភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិច្រើនជាដើម”។

លោកបន្ថែមថា “បច្ចុប្បន្ននេះ វិនិយោគិនហុងកុងបានចាប់អារម្មណ៍ និងកំពុងតែរៀបចំធ្វើហើយ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនប្រាប់ទីតាំងនោះទេ ព្រោះខ្លាចធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ ដែលមិនអាចឱ្យខាងក្រុមហ៊ុនទិញសម្រាប់ធ្វើការវិនិយោគបាន” ។

លោកបន្ថែមទៀថា ក្រៅពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកជាច្រើនបាននឹងកំពុងទាក់ទងទៅរដ្ឋបាលខេត្តដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តផងដែរ តែដោយសារតែបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យមានស្ថានភាពទ្រឹងក្នុងអំឡុងពេលនេះ ។

លោកអភិបាលខេត្តបន្ថែមថា សុខសន្តិភាពនៅក្នុងប្រទេសបានជំរុញឱ្យវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺមានការរីកចំរើន ហើយកាលពីពេលថ្មីនេះ ខេត្តទើបតែសម្ពោធដាក់ឱ្យដំណើរគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យរបស់ក្រុមហ៊ុនមួយនៅស្រុកគងពិសីនៃខេត្តកំពង់ស្ពឺ ។

លោកបញ្ជាក់ទៀតថា សម្រាប់ខេត្តកកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែរីកចំរើន តាមរយៈទៅធ្វើជាកម្មករ និងបំរើការផ្សេងៗ ហើយកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត បើទោះបីកម្ពុជាក៏ដូចជាពិភពលោកប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី ។ លោកបញ្ជាក់ថា នេះ គឺដោយសារវិនិយោគិនមានភាពជឿជាក់នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ៕