ខេត្តសៀមរាបរំពឹងនឹងស្រូបទាញភ្ញៀវទេសចររហូតដល់៧លាននាក់នៅឆ្នាំ២០៣៥ បន្ទាប់ពីបម្រោងអភិវឌ្ឍន៍ធំៗចំនួន៣បញ្ចប់

0

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាបរំពឹងយ៉ាងជឿជាក់ថា ខេត្តនឹងអាចស្រូបទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅក្នុងឆ្នាំ២០៣៥ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ បញ្ចប់ការស្ថាបនានៅក្នុងពេលឆាប់ៗខាងមុខ។

គម្រោងអភិវឌ្ឍធំៗចំនួន៣ក្នុងខេត្តសៀមរាប មានដូចជា ព្រលានយន្តហោះអន្តរជាតិថ្មី គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មីជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចររហូតដល់៧លាននាក់ នៅឆ្នាំ២០៣៥។ នេះបើយោងតាមខ្លឺមសារសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

លោកអភិបាលរងខេត្តសៀមរាប លោកលី សំរិទ្ធ បានមានប្រសាសន៍ថា មោទនភាព ចំពោះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានចូលរួមយ៉ាងសកម្ម និងស្ម័គ្រចិត្ត ក្នុងការរុះរើសំណង់របស់ខ្លួន ទោះបីផលប៉ះពាល់នោះតិចឬច្រើនក៏ដោយ ដើម្បីជាប្រយោជន៍រួមសម្រាប់ខេត្ត និងប្រទេសជាតិទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា សំណង់ដែលបងប្អូនប្រជាពលរដ្ឋបានរុះរើនេះ គឺស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនទេ។

ជាមួយនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អ៊ឹង ហឿន បានបង្ហាញអំពីការអនុវត្តគម្រោងព្រលានយន្តហោះអន្តរជាតិ គឺនៅតែបន្តសាងសង់ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិ​គម និងគ្រោងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។

ដោយឡែក ទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ខ្ពស់ៗបាន និងចូលរួមទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាន​នាក់នៅឆ្នាំ២០៣៥។ គម្រោងទីក្រុងថ្មីនេះ នឹងរៀបចំនៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាបផងដែរ។

បន្ថែមពីគម្រោងសំខាន់ៗទាំង៣នេះ  រដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវពិនិត្យមើលសំណង់នៅលើដីចំណីផ្លូវសាធារណ: ឬដីសាធារណ:របស់រដ្ឋ និងត្រូវមានវិធានការលើសំណង់ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here