ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយថាមចំហេះសំណលនៅខេត្តសៀមរាប

ដោយ ៖ វុត្ថា

សៀមរាប ៖ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិនគ្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលចំហេះនៃសំរាម ដើម្បី ផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តសៀមរាប ដែលនឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា។

លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ការវិនិយោគនេះ គឺជាការបង្កើតអរីយធម៌ទីក្រុងអនាម័យនាពេលអនាគត ក្រោយពេលដែលគម្រោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ អស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់ទាំងស្រុងកាលពីចុងឆ្នាំ២០១៩កន្លងទៅ ។

តាមរបាយការណ៍របស់ក្រុមហ៊ុន MIZUDA បានរកឃើញថា សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ អាចកើនដល់ជាង ១០០០តោន ខណៈដែលក្នុងរយៈ១ឆ្នាំ រោងចក្រនេះ ត្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចបំលែងជាថាមពលអគ្គិសនីប្រមាណ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រមាណ ១០ភាគរយ នៃតម្រូវការប្រើប្រាស់ក្នុងក្រុងសៀមរាប ។

លោកបញ្ជាក់ទៀតថា ការបង្កើតរោងចក្រអគ្គិសនីដែលបំលែងពីការដុតសំរាមនៅក្នុងខេត្តសៀមរាប គឺជាកម្មវត្ថុសំខាន់ក្នុងស្វែងរកដំណោះស្រាយការពារបរិស្ថានសម្រាប់ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ និងដើម្បីបង្កើតអរិយធម៌ទីក្រុងអនាម័យ ដោយការកែប្រែសំរាមចេញពីកាកសំណល់ទៅជាធនធានដែលមានតម្លៃក្នុងការកែច្នៃ និងប្រើប្រាស់ឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គិសនីបានត្រឹមតែ១០ភាគរយនៃត្រូវការប្រើប្រាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថាន ។

លោកអភិបាលខេត្តបន្តថា បញ្ហាប្រមូលសំរាម ការកំណត់តម្លៃលក់ថាមពល និងការកំណត់ទីតាំងសាងសង់រោងចក្រ នឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការតាមតែលទ្ធភាពដែលអាចធ្វើទៅបាន ៕

អ្នកឧកញ៉ា គិត ម៉េង ដាក់សំណើរចំនួន ៨ ចំណុច ឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាឈមរបស់វិស័យឯកជន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន បានដាក់សំណើចំនួន ៨ ចំណុច ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ។

 

អ្នកឧកញ៉ា គិត ម៉េង នៅក្នុងកិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា កិច្ចប្រជុំពិសេសនេះ គឺដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់វិស័យឯកជន ពាក់ព័ន្ធនឹងប្រតិបត្តិការនាំចេញ-នាំចូល ក្នុងកំឡុងពេលដែលពិភពលោកកំពុងកើតមានវិបត្តិសេដ្ឋកិច្ចជាសាកល។
អ្នកឧកញ៉ាបានបន្ថែមថា បញ្ហាដែលទទួលបានពីវិស័យឯកជន ដាក់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមមានចំនួន ៨ចំណុច ដូចជា៖ (១).ការពង្រឹងការអនុវត្តកម្រៃសេវាផ្លូវការគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (២).ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរនិងវិស័យកសិកម្ម (៣).ការពង្រឹងប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ (៤).ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការកែលម្អនីតិវិធី e-Payment (៥).ការលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុនលើការងារចំណាត់ថ្នាក់ទំនិញ (៦).ការជំរុញការអនុវត្តយន្តការលើកទឹកចិត្តវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs Customs Incentives) (៧).ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុតដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ (Best Trading Company), និង (៨). ការធ្វើសាមញ្ញកម្ម និងទំនើបកម្មនីតិវិធីគយ។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ទៀតថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក និងគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានដាក់ចេញនូវវិធានជាច្រើន ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 ។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា វិស័យឯកជនដែលតែងតែផ្តល់ធាតុចូល ក៏ដូចជាការផ្តល់ព័ត៌មាននានា ដែលវិស័យឯកជនកំពុងជួបប្រទះ ប្រឈម និងសំណូមពរនានាដល់ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ហើយ អគរ រង់ចាំសហការធ្វើការពិភាក្សារកដំណោះស្រាយជូនដល់វិស័យឯកជន ដែលនឹងលើកឡើងនៅពេលខាងមុខបន្តបន្ទាប់ទៀត។

បន្ទាប់ពីបានធ្វើការពិភាក្សាលើចំណុចសំណូមពរខាងលើ អង្គប្រជុំពិសេសនេះ បានឯកភាពគ្នាឱ្យក្រុមការងារជំនាញនីមួយៗ បន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុនាពេលខាងមុខឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយក៏បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំលើកទី៨នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលវេលាសមស្របខាងមុខផងដែរ៕

សេដ្ឋវិទូ មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញនៅត្រីមាសទី៤ ឆ្នាំនេះ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ សេដ្ឋវិទូនៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២០ បន្ទាប់ពីមានពន្លឺនៃភាពជោគជ័យពីប្រទេសធំៗ ដែលកំពុងផលិតវ៉ាក់សាំងកូវីដ១៩។
ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទំនងជាធ្លាក់ចុះចន្លោះពី ១ភាគរយទៅ ២,៩ ភាគរយនៅឆ្នាំនេះ ដែលជាផលអវិជ្ជមានសម្រាប់ប្រទេសនេះ។

នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកបានកត់សម្គាល់ឃើញថា វិបត្ដិនៃជំងឺរាតត្បាត នឹងបង្កហានិភ័យដល់ការងារចំនួន ១,៧៦ លាននាក់ ដែលជាលទ្ធផលនៃការខាតបង់នៅក្នុងវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់ នឹងមានចំនួនច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ច។

ទោះយ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន (China Study Centre ) នៅរាជបណ្ឌិត្យសភាកម្ពុជាមានសុទិដ្ឋិនិយម ហើយជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងវិលត្រឡប់មកវិញឆាប់ៗនេះ។
លោកមានប្រសាសន៍ថា “ខ្ញុំគិតថានៅត្រីមាសទី៤ ឆ្នាំ២០២០ ជំងឺកូវីដ១៩ សង្ឃឹមថានឹងបញ្ចប់ ហើយសេដ្ឋកិច្ចនឹងងើបឡើងវិញ ពីព្រោះខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៣ ខែទៀត វ៉ាក់សាំងនឹងត្រៀមរួចរាល់ បន្ទាប់ពីមានសញ្ញាវិជ្ជមានមួយចំនួននៃការប្រកាសវ៉ាក់សាំងពីប្រទេសជាច្រើន”។

លោកបណ្ឌិត សេរីវឌ្ឍ បានពន្យល់ថា ប្រទេសតូចមួយដូចជាប្រទេសកម្ពុជា ដែលពឹងផ្អែកលើប្រទេសដទៃទៀតនឹងជំរុញកំណើនដោយផ្អែកលើប្រទេសធំៗដទៃទៀត។ ប្រសិនបើដៃគូពាណិជ្ជកម្មរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក ចិន និងអាស៊ានកើនឡើងនោះ កម្ពុជាក៏នឹងរីកចម្រើនដែរ។ លោកក៏បានអំពាវនាវឱ្យអាស៊ានមានសាមគ្គីភាព និងពង្រឹងការធ្វើពាណិជ្ជកម្មរវាងអាស៊ាន។
លោក “ប្រសិនបើជំងឺ១៩ បញ្ចប់ទៅ ប្រទេសសមាជិកអាស៊ានត្រូវតែគិតអំពីការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ សមាជិកអាស៊ានកំពុងធ្វើពាណិជ្ជកម្មជាមួយតំបន់ និងពិភពលោក ប៉ុន្តែពួកគេមិនធ្វើពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ានខ្លួនឯងច្រើនទេ ដូច្នេះនៅពេលមានវិបត្តិ ពួកគេ (អាស៊ាន) ក៏នឹងធ្លាក់ចុះដែរ”។

លោកបណ្ឌិត សេរីវឌ្ឍ បានថ្លែងថា មធ្យោបាយមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ក្នុងពេលមានជំងឺរាតត្បាត គឺតាមរយៈការប្រើប្រាស់ក្នុងស្រុក។ សេដ្ឋវិទូរូបនេះក៏ជឿជាក់ផងដែរថា វិបត្តិនេះបានផ្តល់នូវឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម។
លោកបញ្ជាក់ថា “បញ្ហារបស់សហគ្រាសធុនតូច និងមធ្យមគឺថា យើងមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទេ។ ឥឡូវនេះ ព្រំដែនរបស់យើងជាមួយប្រទេសជិតខាងត្រូវបានបិទ ដូច្នេះ ហេតុអ្វីបានជាសហគ្រាសធុនតូច និងមធ្យមមិនអាចចាប់យកឱកាសនេះ ហើយធ្វើឱ្យវាដំណើរការសម្រាប់ពួកគេ?”៕ ASEAN Post

ទីម័រ សន្យាជួយផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាបដល់ពលរដ្ឋរបស់ខ្លួន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅកម្ពុជាបន្ថែមទៀត ជាពិសេសខេត្តសៀមរាប ដើម្បីលើកស្ទួយវិស័យនេះឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងអំឡុងនៃការផ្ទុះជំងឺ Covid-19 ។

លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា គោលបំណងក្នុងការបំពេញបេសកកម្មមកកាន់ខេត្តសៀមរាប គឺដើមី្បធ្វើការសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និងកសិកម្មរបស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។

លោកបន្តថា ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រសុំធ្វើការរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍នាពេលកន្លងមក។ ចំពោះបញ្ហាវិបត្តិជម្ងឺកូវីដ១៩ បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេសតូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។

ជាមួយគ្នានេះ លោកក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ទៅធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ហើយស្នើសុំឱ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រពីវិស័យទេសចរណ៍ និងកសិកម្មផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និងទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយ ជាប្រជាកសិករចំពោះវិស័យទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និងរមណីយដ្ឋានធម្មជាតិ ដូចជាភ្នំគូលែន និងបឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។

លោកបន្តថា ដោយសារនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ម៉្យាងទៀតអាជ្ញាធរខេត្ត និងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តថែទៀតផង។

ចំពោះការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ដើមី្បធ្វើទស្សនកិច្ចនៅប្រទេសទីម័រ លោក ទៀ សីហា ឱ្យដឹងថា អាជ្ញាធរខេត្តនឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និងធ្វើការរៀបចំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និងទីម័រខាងកើត៕

សម្ដេចតេជោ បង្ហាញមហិច្ឆតាពង្រីកពាណិជ្ជកម្ម កម្ពុជា-ចិន កើនឡើង១០ពាន់លានដុល្លារ ខណៈប្រទេសទាំង២បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរី

ដោយ ៖ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងចិនមានមហិច្ឆតា ពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខណៈការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការ។

ការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីបានបើកកិច្ចចរចាជាមួយគ្នារយៈពេលកន្លះឆ្នាំ។
ពិធីប្រកាសបិទបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយភាគីកម្ពុជា អញ្ជើញជាតំណាងដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រីឯភាគីចិនអញ្ជើញជាតំណាងដោយលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់កាសែតចិនមួយថា ចិនជាទីផ្សារដ៏ធំរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ ដំឡូងមី ចេក ស្វាយ និងផលិតកម្មផ្សេងៗទៀត។

លោកបាននិយាយុថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនត្រូវបានចុះហត្ថលេខា ដោយកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យកម្ពុជានូវទីផ្សារដ៏ធំជាងមុន ហើយប្រាកដណាស់ទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរត្រូវបានពង្រីកបន្ថែមទៀត។ កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកដល់អនាគតរួមសម្រាប់កម្ពុជា និងចិន”។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងដល់ ៩,៤២ពាន់លានដុល្លារអាមេរិកក្នុង២០១៩។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់គេទំព័រ Propertyarea.asia ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងចិន មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង។ ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗនឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន។
លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ហើយប្រទេសយើងតូច។ ឧទាហរណ៍ យើងនៅក្នុងកិច្ចព្រមព្រៀង ទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរថា តើយើងមានទំនិញ១ម៉ឺនមុខសម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរ ឬទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងទៅតាមដំណាក់កាល។

លោកបានបន្តថា ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿនពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិនពីកម្ពុជាដែលកាន់តែមានភាពរលូនជាងមុន។
ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀងទិញស្វាយកែវរមៀតចំនួន ៥០ ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តន៍ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាងរលូន ព្រោះវាមានងាយស្រួលជាងមុនចំពោះដំណើរការនៃឯកសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ជាពិសេសធុរជននៃប្រទេសទាំងពីរនឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។

លោកបញ្ជាក់ថា ទាក់ទងនឹងពន្ធ វាពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ លោកថា “ឧទាហរណ៍ វាដូចជានៅតំបន់អាស៊ានដែលមាន Free Trade Area ដែលវាមានន័យថា យើងដករនាំងពន្ធគយចោល ដូច្នេះតាមដំណើរការនៃកិច្ចព្រមព្រៀងសេរីមិនជាខុសគ្នាទេ យើងអាចនឹងដករនាំងពន្ធគយក្នុងដំណាក់កាលជំហានណាមួយដែលស្ថិតក្នុងនិតិវិធី និងការងារបច្ចេកទេស។ ជាទូទៅពាណិជ្ជកម្មសេរីគឺត្រូវដំណើរការដកពន្ធគយ ប៉ុន្តែវាអាចនៅជាប់ពន្ធអាករពិសេសទៅប្រភេទមុខទំនិញ”។
ក្នុងពិធីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ បានកត់សម្គាល់ទៀតថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ។
លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
បន្ទាប់ពីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងហើយនោះ ជាជំហានបន្ទាប់ ភាគីទាំងពីរ នឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០២០នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

បើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនឈានដល់ការចុះហត្ថលេខា វានឹងនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងហើយសម្រាប់កម្ពុជា។ ក្រសួងពាណិជ្ជកម្មបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។ ជាមួយគ្នានេះកំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងដែលជាប្រភពចំណូល និងការងារជូនប្រជាជនកម្ពុជា៕

រដ្ឋាភិបាល កំពុងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ពាក់ព័ន្ធនឹងកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធីក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់ពីគុណភាពសំណង់។

យោងតាមកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ រួមមាន ៖

ទី១-អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់មាន១២ជំពូក និង៥៧មាត្រា ហើយអនុក្រឹត្យនេះកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធីក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលាភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានសំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី២-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់មាន១៣ជំពូក និង ៥៥មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ក្នុងគោលបំណងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី៣-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់មាន ១២ជំពូក និង ៥៩មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង លក្ខខណ្ឌ និងនិតីវិធីនៃការផ្ដល់ ការបញ្ចប់សុពលភាព ការបន្ដសុពលភាព ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តិដោយឡែក។
លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យ ចំនួន៣ខាងលើនាពេលព្រឹកនេះ គឺដើម្បីពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង៣នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមថ្លែងការកោតសសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកន្លងមកបានសហការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ស្នូលនៅកម្ពុជាយើង។

សម្តេចតេជោបន្តថា សេចក្ដីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ប្រជុំពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដែរ។ សេចក្ដីព្រាងអនុក្រឹត្យនេះដែរ គឺបានកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យនៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

សម្ដេចតេជោបង្ហាញមហិច្ឆិតាថ្មីក្នុងការនាំចេញអង្ករចំនួន១លានតោននៅឆ្នាំ២០២១

ដោយៈ រ៉ាណេត

តាកែវៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីមហិច្ឆិតាថ្មីក្នុងការនាំចេញអង្ករកម្ពុជា ឱ្យបានចំនួន១លានតោននៅត្រឹមឆ្នាំ២០២១ ជាមួយការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីចូលរួមក្នុងច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងបណ្តាប្រទេ​សផ្សេងៗមួយចំនួនទៀត។

នៅក្នុងចុះសំណេះសំណាលជាមួយប្រជាកសិករ នៅកណ្តាលវាលស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែនបានប្រកាសថា នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ កម្ពុជាអាចនឹងមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបាន១លានតោន។

សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២០ នេះ នៅខេត្តចំនួន៥របស់កម្ពុជា រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងខេត្តកំពត បាននាំចេញស្រូវជាង១លានតោន ហើយស្រូវទាំងនេះ នាំចេញទៅកាន់ប្រទេសវៀតណាម។

សម្ដេចបានបញ្ជាក់ថា “ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរ ស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម”។ សម្តេចបន្ថែមថា “ពេលនេះជាឱកាសល្អបំផុត ក្នុងការជំរុញវិស័យកសិកម្មនៅទូទាំងប្រទេសឱ្យកាន់តែរីកចម្រើន”។

ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមក ខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។

ជាមួយនឹងការបង្ហាញពីគោលបំណងចម្បង ក្នុងការនាំចេញអង្ករកម្ពុជាឱ្យបាន១លានតោន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទិញម៉ាស៊ីនព្រួសស្រូវចំនួន២០០០គ្រឿង ដែលក្នុងនោះម៉ាស៊ីនព្រួសធុនធំ ចំនួន១០០០គ្រឿង និងម៉ាស៊ីនព្រួសធុនតូច ដែលអាចពាក់នៅនឹងចង្កេះចំនួន១០០០គ្រឿង ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្រូវ ឱ្យកាន់តែមានភាពងាយស្រួល និងឈានទៅសម្រេចផែនការ របស់រដ្ឋាភិបាលនៅត្រឹមឆ្នាំ២០២១ ឬយ៉ាងយូរនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភនូវម៉ាស៊ីនព្រួសស្រូវធុនតូចចំនួន១៥០គ្រឿង ដល់ក្រុមគ្រួសារខ្វះខាត សម្រាប់យកទៅប្រើប្រាស់បម្រើដល់ការបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារផងដែរ៕

ក្រុមហ៊ុនចំណីអាហារដ៏ធំរបស់កូរ៉េខាងត្បូងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនចំណីអាហាររបស់កូរ៉េខាងត្បូង បាននិងកំពុងពង្រីកអាជីវកម្មខ្លួននៅក្រៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈការផ្ទុះឡើងនៃជំងឺកូវីដ១៩ បង្កផលប៉ះពាល់ដល់អាជីវកម្មជាច្រើនលើសកលលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Herald របស់កូរ៉េខាងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា នៅតំបន់អាស៊ី ក្រុមហ៊ុនបានបង្កើតការបណ្តាក់ទុនរួមគ្នាកាលពីឆ្នាំមុនជាមួយក្រុមហ៊ុន Huot Sroeng Group ក្នុងការចូលមកប្រទេសកម្ពុជា។

កម្ពុជាបានក្លាយជាប្រទេសទី៣ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសវៀតណាម និងសឹង្ហបូរី ដែលក្រុមហ៊ុនបានចូលវិនិយោគមុននៅតំបន់នេះ។

ក្រុមហ៊ុនបានឱ្យដឹងនៅសេចក្តីប្រកាសព័ត៌មានថា “ទីផ្សារចំណីអាហារ និងភេសជ្ជៈ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយយើងរំពឹងថានឹងបង្កើតការរួមបញ្ចូលគា្នជាមួយនឹងប្រទេសជិតខាង ដូចជាវៀតណាម និងសឹង្ហបូរី”។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យ​យីហោParis Baguette ក្លាយជាយីហោនំប៉័ងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយមានជំនួយយីហោ និងគុណភាពផលិតផលរបស់ខ្លួនដែលមានស្រាប់”។

ក្រុមហ៊ុនបានប្រកាសពីគម្រោងជាច្រើន ដើម្បីនាំចូលយីហោផ្សេងៗទៀត និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនៅកម្ពុជានៅខាងមុខ។

កាលពីខែមុន ក្រុមហ៊ុន SPC Group ដែលជាម្ចាស់ហាងនំធំជាងគេបំផុតរបស់កូរ៉េ បានប្រកាសថា ខ្លួននឹងបើកដំណើរការយីហោរបស់ខ្លួននៅកាណាដា ដែលនឹងក្លាយជាប្រទេសទី៧ ដែលក្រុមហ៊ុនបានចូលវិនិយោគ។

ជំងឺរាតត្បាត Covid-19 បានធ្វើឱ្យចំណាយពេលយូរជាងធម្មតា ដើម្បីស្វែងរកក្រុមហ៊ុនជាដៃគូ និងធ្វើការស្រាវជ្រាវទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងប្រើប្រាសយុទ្ធសាស្រ្តផ្សេងៗ ដើម្បីវាយលុកទីផ្សារ។

ក្រុមហ៊ុនSPC Group បាននិងកំពុងស្វែងរកកន្លែងឈរជើងនៅអាមេរិក និងកំពុងស្វែងរកទីផ្សារកាណាដា បន្ទាប់ពីបានខិតខំពង្រីកអាជីវកម្មរបស់ខ្លួននៅអាមេរិក។

នៅក្នុងឆ្នាំដដែល ក្រុមហ៊ុនបានដាក់ប្រាក់ចំនួន៤០ពាន់លានវ៉ុន (៣៣,២ លានដុល្លារ) ទៅក្នុងការសាងសង់រោងចក្រនៅប្រទេសចិន ដើម្បីបម្រើទីផ្សារក្នុងស្រុក។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុនកាលពីឆ្នាំមុន បានឈានដល់ចំនួន៤២២,២ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ២០ភាគរយ នៃការលក់សរុបរបស់ក្រុមហ៊ុន Paris Croissant Co Ltd ដែលជាប្រតិបត្តិករក្រុមហ៊ុន Paris Baguette ។

ក្រុមហ៊ុន SPC Group បច្ចុប្បន្នមានហាង Paris Baguette ប្រមាណ៤០០កន្លែងនៅទីផ្សារបរទេសរួមមានសហរដ្ឋអាមេរិក បារាំង សិង្ហបុរី វៀតណាម និងកម្ពុជា៕

សម្តេចតេជោបញ្ជាក់ពីបច្ចុប្បន្នភាពនៃវិស័យអាកាសចរណ៍កម្ពុជា

ដោយវុត្ថា

តាកែវៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាទទួលបានជើងហោះហើរចំនួន១០ជើងក្នុងមួយថ្ងៃ  ខណៈដែលមនុស្សនៅលើពិភពលោក ត្រូវបានកាត់បន្ថយធ្វើដំណើរបណ្តាល មកពីផ្ទុះឡើងនូវវិបត្តិជំងឺ Covid-19 .។

សម្តេចតេជោបានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងខេត្តកណ្តាលនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កម្ពុជាធ្លាប់ទទួលបានជើងហោះហើរប្រមាណ៤០០ ទៅ៥០០ជើងក្នុងថ្ងៃ តែនៅពេលនេះ មានត្រឹមតែប្រមាណ៥ ទៅ១០ជើងតែប៉ុណ្ណោះ។

សម្តេចតេជោបន្តថា “យន្តហោះនៅលើពិភពលោក ធ្លាប់តែហោះហើរ រាប់ម៉ឺនជើងក្នុងមួយថ្ងៃ តែឥឡូវនេះយន្តហោះបានដេកទាំងអស់”។ សម្តេចបន្តថា “គេផ្អាកធ្វើដំណើរដើរលេង អាចផ្អាក់ទិញសម្លៀកបំពាក់និងគេផ្អាកទិញម៉ូតូ តែគេមិនអាចផ្អាកទិញសម្រា​ប់ច្រកក្រពះបានទេ”។

សម្តេចតេជោហ៊ុន សែនបន្ថែមថា ដូច្នេះ ប្រទេសដែលមានសក្តានុពលើវិស័យ​កសិកម្ម បាននឹងកំពុងត្រូវប៉ាន់ ក្នុងការផលិតស្បៀងសម្រាប់ធ្វើការផ្គត់ផ្គង់ នៅក្នុងពិភពលោក។

សម្តេជោតេជោបន្ថែមថា “យើងត្រូវប្រែក្លាយពីវិបត្តិនេះ នៃការផ្ទុះជំងឺ Covid-19 នេះ គឺជាឱកាសរបស់កម្ពុជា ដើម្បីពង្រីកទីផ្សារកម្ពុជាមិនមែនតែនាំចេញ តែអង្ករនោះទ យើងនាំចេញទាំងម្សៅមី ដំឡូងមី ស្វាយ និងនាំចេញអ្វីៗគ្រប់ប្រភេទដែលជាប្រភេទស្បៀង”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងរយៈពេល៦ខែនៅឆ្នាំ២០២០នេះ កម្ពុជា ទទួ​ល​​បានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨ភាគរយ និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោកទេសរដ្ឋមន្ត្រីបន្តថា “កម្ពុជាមិនត្រឹមតែទទួលរងនូវផលប៉ះពាល់នោះទេ ជំងឺ Covid-19 បានជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោក និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់”។

រដ្ឋាភិបាល កែសម្រួលលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកភាគខាងជើងប្រទេសជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្លវដែកមួយខ្សែសម្រាប់បម្រើដល់វិស័យដឹកជញ្ជូននៅភាគខាងជើងនៃប្រទេសកម្ពុជា មានប្រវែងសរុបចំនួន ៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយរាជធានីភ្នំពេញ រហូតដល់ប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលសម្រេចបើកកិច្ចប្រជុំ ដើម្បីធ្វើការកែសម្រួលលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង លើប្រតិបត្តិការ និងថែទាំជាបណ្តោះអាសន្ន។

រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំជាមួយអ្នកតំណាងប្រធានក្រុមហ៊ុន Royal Railway និងមន្ត្រីអន្តរក្រសួងដែលពាក់ព័ន្ធ ដើម្បីកែសម្រួលលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកភាគខាងជើង សម្រាប់ប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្ន ក្រោមការដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណៈការ នងដឹកជញ្ជូន។

លោក តូច ចាន់កុសល បានមានប្រសាសន៍បញ្ជាក់ថា “កិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Railway ដើម្បីពិភាក្សា និងកែសម្រួលភាពខ្វះចន្លោះក្នុងកិច្ចព្រមព្រៀងប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្នផ្លូវដែកភាគខាងជើង ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់”។

ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីស្ថានីយរាជធានីភ្នំពេញទៅកាន់ ក្រុងប៉ោយប៉ែតតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីជួយបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ ក្រោយការអាក់ខានដំណើរការអស់រយៈពេលប្រមាណ ៤៥ឆ្នាំ។

ការស្ដារផ្លូវដែកពីប៉ោយប៉ែតមកភ្នំពេញមួយខ្សែនេះ ត្រូវចំណាយថវិកាប្រមាណ៧៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ទឹកប្រាក់ជាង១៣លានដុល្លារ គឺជាជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB, ជាង៦៣លានដុល្លារ ជាទឹកប្រាក់របស់រដ្ឋាភិបាលកម្ពុជា, និងជំនួយជាដែកពីម៉ាឡេស៊ីខ្លះផង៕