មេដឹកនាំអឺរ៉ុបឯកភាពគ្នាលើកញ្ចប់ថវិកា ២ទ្រីលានដុល្លារជាប្រវត្តិសាស្ត្រ ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញ

ដោយ ប៊ី

អន្តរជាតិ៖ បន្ទាប់ពីការពិភាក្សាអស់រយៈពេលជិត៥ថ្ងៃ មេដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតមូលនិធិសង្គ្រោះសេដ្ឋកិច្ចចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨៥៨ ពាន់លានដុល្លារ) ដើម្បីកសាងសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ ដែលរងគ្រោះដោយវិបត្តិជំងឺសកល។

គណៈកម្មការអឺរ៉ុបនឹងខ្ចីប្រាក់នេះនៅលើទីផ្សារហិរញ្ញវត្ថុចំនួន ៣៩០ពាន់លានអឺរ៉ូ (៤៤៦ ពាន់លានដុល្លារ) ដែលពាក់កណ្តាលនៃកញ្ចប់ថវិកានៃជាជំនួយឥតសំណង។ ថ្នាក់ដឹកនាំក៏បានឯកភាពលើថវិកាថ្មីរបស់សហភាពអឺរ៉ុបជិត ១,១ ទ្រីលាន (១,៣ សែនកោដិដុល្លារ) សម្រាប់ឆ្នាំ ២០២១-២០២៧ ដែលធ្វើឱ្យកញ្ចប់សង្គ្រោះសេដ្ឋកិច្ចសរុប ១,៨ ទ្រីលាន (២ ទញរីលានដុល្លារ)។

មេដឹកនាំអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសរួមមួយថា “វាជាកញ្ចប់ប្រកបដោយមហិច្ឆតា និងទូលំទូលាយ ជាមួយនឹងការខិតខំប្រឹងប្រែងស្តារឡើងវិញនូវសេដ្ឋកិច្ច ដែលមានគោលបំណងដោះស្រាយផលប៉ះពាល់នៃវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់សហភាពអឺរ៉ុប”។

កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើការផ្តល់មូលនិធិនៅទូទាំងសសរស្តម្ភទាំងបី ដូចជាជួយដល់អាជីវកម្មនានាឱ្យងើបឡើងវិញពីជំងឺរាតត្បាត ដាក់ចេញនូវវិធានការណ៍ថ្មីៗដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងរយៈពេលវែង និងវិនិយោគដើម្បីជួយប្រឆាំងនឹង “វិបត្តិនាពេលអនាគត”។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “យើងបានធ្វើវា! អឺរ៉ុបខ្លាំង។ អឺរ៉ុបរួបរួមគ្នា។ នេះគឺជាកិច្ចព្រមព្រៀងដ៏ល្អនេះ ជាកិច្ចព្រមព្រៀងដ៏រឹងមាំ ហើយសំខាន់បំផុតនេះគឺជាកិច្ចព្រមព្រៀងត្រឹមត្រូវសម្រាប់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ”។

លោក Michel បាននិយាយថា នេះជាលើកទីមួយហើយដែលសមាជិកនៃសហភាពអឺរ៉ុបកំពុង “អនុវត្តរួមគ្នាសេដ្ឋកិច្ចរបស់យើងប្រឆាំងនឹងវិបត្តិនេះ”។

អឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលបណ្តាលមកពីជំងឺរាតត្បាត ហើយប្រទេស ដែលរងគ្រោះខ្លាំងជាងគេដូចជាអ៊ីតាលី និងអេស្បាញ ដែលត្រូវការជំនួយសង្គ្រោះសេដ្ឋកិច្ចថ្មីនេះ។

គណៈកម្មការអឺរ៉ុប បាននិយាយកាលពីដើមខែនេះថា ខ្លួនរំពឹងថាសេដ្ឋកិច្ចរអឺរ៉ុបនឹងធ្លាក់ចុះ ៨,៣ ភាគរយ ក្នុងឆ្នាំ ២០២០ ដែលជាអត្រាអាក្រក់ជាងការធ្លាក់ចុះ ៧,៤ ភាគរយ ដែលបានព្យាករណ៍កាលពី ២ ខែមុន៕ CNN

មន្ត្រីជាន់ខ្ពស់ចិន ៖ កិច្ចសហប្រតិបត្តិការចិន-កម្ពុជានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់

ដោយ ៖ ប៊ី

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ដែលបាន និងកំពុងកសាងអនាគតរួមគ្នា នឹងរួមចំណែកក្នុងការផ្គត់ផ្គង់ និងបង្កើនស្ថេរភាពលើខ្សែសង្វាក់ឧស្សាហកម្ម ដែលកាន់តែបើកចំហរ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានការងើបឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្និសីទមួយនៅក្នុងប្រទេសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញថា ប្រទេសចិន និងកម្ពុជាគឺជាប្រទេសជិតខាងដែលមានភាពរួសរាយរាក់ទាក់ និងជាមិត្តដែកថែប។ ឆ្នាំនេះគឺជាខួប ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយក៏ជាខួបមួយឆ្នាំនៃការចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់ភាគីទាំងពីរ។

លោកបានថ្លែង “ប្រទេសចិន និងប្រទេសកម្ពុជាបានគាំទ្រពាណិជ្ជកម្មសេរី និងពហុភាគីនិយម ប្រឆាំងនឹងការគាំពារនិយម និងឯកតោភាគីនិយម។ យើងជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការ នឹងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការកសាងគុណភាពនៃគម្រោង BRI និងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា និងរួមចំណែកដល់ការផ្គត់ផ្គង់មានស្ថេរភាព និងខ្សែសង្វាក់ឧស្សាហកម្ម ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចបើកចំហដល់ពិភពលោក”។

លោកបញ្ជាក់ថា បន្ទាប់ពីការឯកភាពគ្នា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យើងបានធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងឈានដល់ការចុះកិច្ចព្រមព្រៀងឆាប់ៗនេះ ដោយបង្ហាញនូវការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកម្រិតខ្ពស់ និងជាគ្រឹះដ៏ស៊ីជម្រៅសម្រាប់កិច្ចសហប្រតិបត្តិការ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមផ្លូវ១ក្រវ៉ាត់មួយ (BRI) ពាណិជ្ជកម្មទំនិញ និងសេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ វានឹងជួយប្រទេសទាំងពីរបើកទូលាយការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀតនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

រដ្ឋាភិបាលបោះទុន ៥.៣ លានដុល្លារសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដីជាង ១៧ ហិកតា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធបានបោះទុនវិនិយោគជាង៥.៣លានដុល្លារអាមរិក ក្នុងក្របខណ្ឌថវិកាជាតិសម្រាប់ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា ។

លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិកាលឱ្យដឹងកាលពីម្សិលមិញនេះឱ្យដឹងថា គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

លោកបន្តថា គម្រោងនេះ គ្រោងចំណាយក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា លើផ្ទៃដីសរុប ៥១ ហិកតាដែល រដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាព សាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។

គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង មាន សមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមាន ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ៕

ធនាគារជាតិ និងក្រសួងសាធារណការចុះ MOU ផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ដោយវុត្ថា

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។

លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិធីចុះហត្ថលេខាកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

លោកបន្តថា ការចុះហត្ថលេខានេះគឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មគ្រប់រូបភាព ត្រូវបានព្រះករុណាព្រះបាទ សម្ដេចនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃពី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អឺរ៉ុប​បាន​គៀគរ​ថវិកា​ជិត ១០០០លាន​ជួយ​ដល់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច

ដោយៈ ប៊ី

ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ប្រមូល​លុយ ដែលជា “កញ្ចប់​ថវិកា Team Europe” ចំនួន​ជាង ៨០០ លាន​អឺរ៉ូ (ប្រមាណ ៩១៦ លាន​ដុល្លារ​អាមេរិក) ផ្តល់​ជួន​តំបន់​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច។

សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី ២១ ខែកក្កដា​កន្លងមក​បាន​ឱ្យដឹងថា មូលនិធិ​នេះ នឹង​គាំទ្រ​ដល់​សកម្មភាព​នៅ​ថ្នាក់​ប្រទេស និង​ថ្នាក់​តំបន់ ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​ជាបន្ទាន់ ពង្រឹង​ប្រព័ន្ធ​សុខភាព​ទឹក និង​អនាម័យ ក៏ដូចជា​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម។

កញ្ចប់​ថវិកា​នេះ រួមបញ្ចូល​ទាំង​ការគាំទ្រ ក្នុង​តំបន់​ដល់​អង្គការ​សុខ​ភាព​ពិភពលោក ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​វិទ្យាសាស្ត្រ។

នៅ​បណ្តា​ប្រទេស​អាស៊ាន កម្មវិធី​ផ្តោតលើ​ការគាំទ្រ​របស់​សង្គម​ស៊ីវិល ការគាំទ្រ​ថវិកា​សម្រាប់​ការស្តារ​សេដ្ឋកិច្ច កន្លែង​ថែទាំ​សុខភាព និង​សមត្ថភាព​តេស្ត​ជំងឺ ក៏ដូចជា​ជំនួយ​មនុស្សធម៌។

សម្រាប់​ប្រទេស​កម្ពុជា មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​សុខភាព ទឹក អនាម័យ និង​អាហារូបត្ថម្ភ ជីវភាព​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ ការ​គាំពារ​សង្គម ការអប់រំ និង​ក្រុម​ងាយ​រងគ្រោះ ហើយ​និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​អាស៊ាន បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​មិន​ធ្លាប់មាន​ពីមុនមក ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ​នៅក្នុង​សហភាព​អឺរ៉ុប និង​អាស៊ាន” ។ លោក​ថា “ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​យើង ដោយ​ផ្អែកលើ​ភាពជា​ដៃគូ​ក្នុង​តំបន់​យើង​បាន​ប្រមូល​កញ្ចប់ “Team Europe ” ចំនួន​ជាង៨០០លាន​អឺរ៉ូ ដើម្បី​ជួយ​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម” ។

សហភាព​អឺរ៉ុប​កំពុងធ្វើការ​ជាមួយ​អាស៊ាន លើ​កម្រិត​តំបន់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​ឆ្លើយតប​ក្នុង​តំបន់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប-អាស៊ាន​លើកដំបូង ធ្វើឡើង​នៅ​ថ្ងៃទី២០ ខែមីនា​ឆ្នាំ២០២០ បាន​ឯកភាព​ថា ភាគី​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វីដ១៩ និង​ផលវិបាក​របស់​វា៕

ក្រុមហ៊ុន Century21 Zillion Holding នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញអចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន Century21 Zillion Holding បានប្រកាស​ជ្រើសរើស​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ដំបូងបង្អស់ បន្ទាប់់ពី​រាជធានី​ភ្នំពេញ ដើម្បី​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​ចំនួន ៣៨០០នាក់។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ ដែល​គេហទំព័រ​ Propertyarea.asia ទទួលបាន​កាលពី​ល្ងាច​ថ្ងៃទី២១ កក្កដា​កន្លងមក​បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ដំបូងបង្អស់​បន្ទាប់ពី​ភ្នំពេញ ដែល​ក្រុមហ៊ុន Century21 Zillion Holding ជ្រើសរើស​ដើម្បី​រៀបចំ​កម្មវិធី​បណ្តុះ​ភាពជោគជ័យ 3800 នាក់​សម្រាប់​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់។

អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម​សិក្សា​វគ្គ​ដ៏​សំខាន់​នេះ សូម​ចុះឈ្មោះ​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី និង​ឥតគិតថ្លៃ​តាមរយៈ==> https://bit.ly/jobapplication3800sihanoukville

វគ្គ​បណ្តុះបណ្តាល​ដ៏​ពិសេស​មិន​ធ្លាប់មាន​ពីមុន​មកនេះ មានការ​ចូលរួម​ពី​វាគ្មិន​លំដាប់​អន្តរជាតិ​ចំនួន៤រូប គឺ លោកស្រី Grace Rachny Fong អគ្គនាយិកា​ក្រុមហ៊ុនCentury21 Cambodia, លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ព្រាប កុល គ្រូបង្វឹក​ប្រចាំ​ក្រុមហ៊ុន Century21 Zillion Holdingនិង​លោក​វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment ។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ- ថ្ងៃ សុក្រ ទី 24 ខែកក្កដា ឆ្នាំ 2020 – វេលា​ម៉ោង 8:30 នាទី ដល់ ម៉ោង 11:00 នាទី​ព្រឹក នៅ​សណ្ឋាគារ Sokha Beach Resort ខេត្ត​ព្រះសីហនុ ។

ព័ត៌មាន​បន្ថែម៖ 085 791 777 /098 592 333 /06175977 ៕

គម្រោង​ខុន​ដូ​កម្ពស់ ១១៦ម៉ែត្រ នៅ​ខណ្ឌ​សែន​សុខ កំពុងមាន​ប្រជាប្រិយភាពខ្ពស់​ជាងគេ​ក្នុង​តំបន់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណ្ឌ​សែន​សុខ ត្រូវបានគេទទួលស្គាល់​ថា​ជា​តំបន់ ដែលមាន​ការអភិវឌ្ឍ យ៉ាង​ឆាប់រហ័ស និង​ប្រមូលផ្តុំ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ដូចជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ មជ្ឈមណ្ឌល​ពិព័រណ៍ និង​អាពាហ៍ពិពាហ៍ អាគា​ការិយាល័យ​បែ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ រួម​ជាមួយនឹង​បណ្តុំ​លំនៅដ្ឋាន​លំដាប់​អភិជន និង​កម្រិត​មធ្យម​ជាច្រើន​គម្រោង។

នៅក្នុង​ចំណោម​វត្ត​មាននៃ​សំណង់​អាគារធំៗ ដូច​បាន​រៀបរាប់​ខាងលើនេះ គម្រោង​អាគារ​ខុន​ដូ ដ៏​ប្រណីត​កម្រិត​ពិភពលោក Phnom Penh Galaxy Garden កម្ពស់៣៣ជាន់ ស្មើនឹង១១៦ម៉ែត្រ ស្ថិតនៅ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ក្លាយជា​គម្រោង​សំណង់​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន ភ្នាក់ងារ​អចលនទ្រព្យ និង​អតិថិជន​គួរឱ្យកត់សម្គាល់។

លោក លីន ម៉ី​គ័រ (Lin Meiguo)អគ្គនាយក​ក្រុមហ៊ុន JING DI Real Estate Group ដែលមាន​មូលដ្ឋាន​មកពី​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​អាគារ​ខុន​ដូ​កម្ពស់​ស្គឹ​ម​ស្កៃ​លើកដំបូង នៅក្នុង​ខណ្ឌ​សែន​សុខ​មួយ​នេះ បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា គម្រោង​ខុន​ដូ​បែប​ទំនើប Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន មួយ​នេះ​ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​ភាពជឿជាក់ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា-ចិន ដែល​កំពុង​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​យ៉ាង​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​បំផុត។

ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់ ដែល​ក្រុមហ៊ុន​ជ្រើស​យក​ធ្វើជា​ទីតាំង​អភិវឌ្ឍន៍​គម្រោង​ផងដែរ​ថា  នៅក្នុង​រាជធានី​ភ្នំពេញ សក្ដានុពល​នៃ​តំបន់​គឺមាន​ភាពខុសគ្នា។ ដោយឡែក​នៅក្នុង​ខណ្ឌ​សែន​សុខ គឺ​ភាពល្អប្រសើរ​ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍន៍​គម្រោង Phnom Penh Galaxy Garden ដែលជា​គម្រោង​ទី៤របស់​ក្រុមហ៊ុន ព្រោះ​នៅក្នុង​តំបន់​នេះ បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បែប​ទំនើប​រួចជាស្រេច ដូចជា វត្តមាន​ផ្សារ AEON2 ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ​ទំនើប Global House វិមាន​សែន​សុខ ធនាគារជាតិ ព្រមទាំង​ផ្សារ​ទំនើប​បែប​សហគមន៍​មួយចំនួនទៀត។

គម្រោង​សំណង់​ខុន​ដូ​កម្ពស់១១៦ជាន់ Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន​ត្រូវបាន​សាងសង់​ជា​អគារ​ភ្លោះ ស្ថិតនៅលើ​ផ្ទៃដី​សរុប ៩១០០០ម៉ែត្រក្រឡា។ ក្នុងចំណោម​អាគារ​ភ្លោះ​ទាំងពីរ ក្រុមហ៊ុន​បាន​បែងចែក​ទំហំ​ផ្ទៃ​អគារ​ប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​កន្លែង​ហាត់ប្រាណ​លំដាប់​កំពូល រួមទាំង​អាង​ហែល​ទឹក​លើ​អាកាស ដែល​អាច​មើល​ទេសភាព​ជុំវិញ​អគារ​ដល់​ទៅ២៧០ដឺ​ក្រេ” ។

លក្ខណៈពិសេស​របស់​អា​គារ៣៣ជាន់​នេះ ត្រូវបាន​បែងចែក​ចាប់ពី​ជាន់​ទី៣ឡើង​ទៅជា​តំបន់​ស្នាក់នៅ និង​មាន​ផ្សារ​ទំនើប​ក្រោម​ដី សួន​បៃតង​នៅលើ​អាគារ​កម្ពស់១០០ម៉ែត្រ មាន​ស្កា​យ​បា​រលើ​អាកាស អាង​ហែល​ទឹក​លើ​អាកាស ការិយាល័យ​ធ្វើការ កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​លេង បណ្ណាល័យ ភោជនីយដ្ឋាន ហាង​កាហ្វេ ចំណត​យានយន្ត​ក្រោម​ដី (ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ទី៣) ។

សម្រាប់​លោក អ្នក ដែលជា​អតិថិជន​អាចមាន​ជម្រើស​ជាច្រើន ដែល​យូ​នី​តនីមួយៗមាន​ទំហំ​ចាប់ពី៤៦ ដល់១៤៨ ម៉ែត្រការ៉េ។ អតិថិជន​អាច​កក់​ត្រឹម៥០០ដុល្លារ​តែប៉ុណ្ណោះ ដើម្បី​បាន​ក្លាយជា​ម្ចាស់ ជាមួយនឹង​ការទទួលបាន​នូវ​កម្មវិធី​បញ្ចុះតម្លៃ​៥ភាគរយគ្រប់យូនីតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២០ខាងមុខ បន្ថែមពីលើការបញ្ចុះតម្លៃពិសេស​ចាប់ពី៤ ទៅ៦ភាគរយ អាស្រ័យតាមលក្ខខណ្ឌនៃការបង់ប្រាក់។ លើសពីនេះ គ្រប់អតិថិជនទាំងអស់ក៏ទទួលបាន​ការធានា​ទទួល​ជួល​ត្រឡប់មកវិញ ក្នុង​អត្រា​ចំណេញ​ខ្ពស់​ផងដែរ។

ក្រុមហ៊ុន Jing Di Real Estate Group មាន​ប្រភព​មកពី​ក្រុង​សៀង​ហៃ ប្រទេស​ចិន និង​ល្បីឈ្មោះ​ផ្នែក​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាគារខ្ពស់ៗបែប​ទំនើប ជាមួយ​បទពិសោធន៍​ជាង២០ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ១៩៩៥ ដែលជា​ពេលវេលា​ចូលប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដំបូង​ផ្នែក​សាង់សង់ និង​បន្ត​ឈានដល់​ការអភិវឌ្ឍន៍​គម្រោង​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់។ មកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​គម្រោងធំៗចំនួន៣ ប្រកបដោយ​ភាពជោគជ័យ​រួចមកហើយ​នៅក្នុង​ប្រទេស​ចិន ហើយ​គម្រោង​បន្ទាប់​ទី៤  Phnom Penh Galaxy Garden  ដែល​ទើបតែ​ចាប់ផ្តើម​សាងសង់​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ២០១៩ មួយ​នេះ ក្រុមហ៊ុន​ក៏​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់បំផុត។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង លោកអ្នក​សាកសួរ​នៅ​ការិយាល័យ​លក់​ស្ថិតនៅ​ផ្លូវ ១៩៩២ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ ០៧០ ៩៨ ៦៨ ៦៦ ០៩៣ ៨២ ០៤ ៩៨ ឬ ចូលទៅកាន់
https://www.facebook.com/phnompenhgalaxygarden/

ក្រសួងទេសចរណ៍​រំពឹងថា​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន នឹង​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែសីហា

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍​រំពឹងថា សណ្ឋាគារ និង​ផ្ទះសំណាក់​ព្រមទាំង​សេវា​ស្នាក់នៅ នឹង​បន្ត​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ កាន់តែច្រើន​បន្ថែមទៀត​នៅ​ទូទាំងប្រទេស ដើម្បី​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​នៅក្នុង​ស្រុក ដែល​គ្រោង​ធ្វើដំណើរ​កំសាន្ត​នៅក្នុង​អំឡុងពេល​ឈប់សំរាក រយៈពេល៥ថ្ងៃ​នៅក្នុង​ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក តុ​ប សុភ័ក បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា  នៅក្នុង​អំពេ​ល​នៃ​ការ​ផ្ទុះឡើង​នូវ​វិបត្តិ​ជំងឺ Covid-19 បានធ្វើឱ្យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន​បាន​បិត​អាជីវកម្ម​របស់ខ្លួន តែ​នៅក្នុង​អំឡុង​ចុងខែ​មេសា ឧសភា និង​មិថុនា​កន្លងមកនេះ មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​បាន​បើក​ដំណើរ​ឡើងវិញ ជាពិសេស​នៅ​ខេត្ត​កែប កំពត និង​ខេត្ត​មួយចំនួនទៀត​បន្ទាប់​មាន​ភ្ញៀវ​ទេសចរណ៍​ងើបឡើង​វិញ។

លោក​បន្តថា “បើទោះបី​សណ្ឋាគារ និង​ផ្ទះសំណាក់ មិនទាន់​បើក​ដំណើរការបាន ១០០ភាគរយ​ក្តី តែ​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន បាន​បើក​ដំណើរការបណ្តើរៗវិញ​ហើយ នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍​នានា ជាពិសេស​ខេត្ត​កែប កំពត និង​កោះកុង​ជាដើម” ។

លោក​រំពឹងថា “នៅក្នុង​អំឡុង​ថ្ងៃ​ឈប់សំរាក​នៅ​ខែ​ក្រោយនេះ យើង​រំពឹងថា នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន នឹង​ចេញដំណើរ​ដើរលេង​កំសាន្ត​បន្ថែមទៀត ជាមួយគ្នានេះ សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន ក៏​នឹង​ត្រៀម​បើក​ដំណើរ​ឡើងវិញ​ផងដែរ តែ​ចំនួន​ប៉ុន្មាន​ភាគរយ​នោះ យើង​មិនដឹង​នោះទេ វា​អាស្រ័យទៅលើ​ស្ថានភាព​នៃ​ការវិវត្តន៍​នៃ​ជំងឺ Covid-19 នៅក្នុង​ប្រទេស” ។

លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ការអនុញ្ញាតឱ្យ​មានកា​រ​ឈប់សំរាក របស់​រដ្ឋាភិបាល​នាពេល​ខាងមុខនេះ ឆ្លុះបញ្ចាំង​ពី​មិនមាន​ការភ័យខ្លាច ចំពោះ​ការមិន​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ Covid-19  នៅក្នុង​សហគមន៍។

លោក​បន្តថា “ការឈប់​សំរាក​នេះ នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​សង្គម តាមរយៈ​ការចាយវាយ​របស់​ពល​រដ្ឋ​ទៅលើ​ប្រេង​ឥន្ទ​នៈ (ដឹកជញ្ជូន)ពិសារ​អាហារ(ចំណីអាហារ) និង​សេវាកម្ម​ស្នាក់នៅ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់” ។ លោក​បន្តថា “បន្ថែម​ពីនេះ ក៏មាន​ចំណូល​ចូលដល់​រមណីយដ្ឋាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកទទួលផល​ដោយ​ប្រយោល​ជាដើម” ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ឱ្យដឹង​ដែរ​ថា ថ្ងៃ​ឈប់សំរាក​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឱ្យ​ឈប់​នៅក្នុង​ខែសីហា ខាងមុខនេះ  ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​ភា្ន​ក់​ងារ​ទេសចរណ៍​ជាច្រើន​បាន​នឹង​កំពុង​ត្រៀម​នៅក្នុង​ការផ្សព្វផ្សាយ ដើម្បី​ផ្តល់​សេវាកម្ម​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ឈប់សំរាក​នេះ​បាន​ដើរ​កំសាន្ត។

លោកស្រី​បន្តថា “កញ្ចប់​ទេសចរណ៍​ដែល​ក្រុមហ៊ុន បាននិងកំពុង​ផ្សព្វផ្សាយ​ដាក់លក់​នៅពេលនេះ គឺ​នៅតាម​តំបន់ភ្នំ (តំបន់​ឦសាន​ប្រទេស) ខណៈដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ធម្មជាតិ និង​ការដើរ​ឡើង​ភ្នំ​ជាដើម ក្រៅពីនេះ​ក៏មាន​តំបន់ឆ្នេរ និង​កោះផ្សេងៗផងដែរ” ។

ដោយឡែក លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប កាលពី​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ប្រតិបត្តិ​ករ ដើម្បី​ត្រៀមលក្ខណៈ​កន្លែង​ស្នាក់នៅ និង​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប សម្រាប់​ទទួលភ្ញៀវ​ទេសច​រម​ក​កំសាន្ត​ក្នុងអំឡុងពេល ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជ និយោជិត កម្មករ​ឈប់សម្រាក​ការងារ​រយៈពេល៥ថ្ងៃ នៅ​ខែសីហា​ខាងមុខនេះ។

ជាមួយនឹង​ការឈប់​សម្រាក​នេះ លោក ទៀ សីហា បានស្នើ​អាជីវករ​ដែលជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​សៀម​រាម ត្រៀម​ទទួលភ្ញៀវ​ទេ​សរជាតិ ទោះបី​ស្ថានភាព​ភ្ញៀវទេសចរ​អន្តរជាតិ ពុំទាន់​មានការ​កើនឡើង​ក៏ដោយ តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ Covid-19 ៕

អ្នកជំនាញ​បង្ហាញ​គន្លឹះ៤ ក្នុងការ​អនុវត្ត​ធនាគារ​ដីធ្លី ដើម្បី​អាច​ចូលនិវត្តន៍ក្នុង​រយៈពេល ១៥ឆ្នាំ​ខាងមុខ

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បានបង្ហាញ​គន្លឹះ ៤ជំហាន​ក្នុងការ​អនុវត្ត​ធនាគារ​ដីធ្លី ( Land Banking) ដើម្បី​អាច​ចូលនិវត្តន៍​ក្នុង​រយៈពេល១៥ឆ្នាំ​ខាងមុខនេះ។

លោក​ង៉ែត ជូ​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​លើកយក​ជា​ឧទាហរណ៍ អ្នកវិនិយោគ​ធនាគារ​ដីធ្លី​សញ្ជាតិ​អាមេរិក លោក John Jacob Astor និង​លោក Songsakdi បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ Land Banking វិនិយោគ​រយៈពេល​វែង​ដោយ​ផ្តោតលើ​ដីធ្លី ដែលមាន​សក្តានុពល​ខ្ពស់​នៅ​តំបន់​ជាយក្រុង បាន​ជោគជ័យ​រហូត​ក្លាយជា​មហាសេដ្ឋី អចលនទ្រព្យ​ដែលមាន​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ។

លោក​បន្តថា “កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​វិស័យ​ដីធ្លី មាន​សក្តានុពល​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​លោកអ្នក ជាពិសេសប្អូនៗយុវជន​អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​អាច​ចូលនិវត្តន៍​បាន​ដោយ​ធ្វើការ​ត្រឹមតែ១៥ឆ្នាំ​ប៉ុណ្ណោះ” ។

លោក​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​អ្នកមាន​អាយុ២៥ឆ្នាំ ហើយ​អ្នក​សន្សំ​ប្រា​ក់បាន១ខែ៥០០ដុល្លា ឬ ៦០០០ដុល្លា​ក្នុងឆ្នាំៗ ដើម្បី​វិនិយោគ​លើដី​ធ្លី ដែលមាន​កំណើន​តម្លៃ ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែល​អ្នកមាន​អាយុ ៤០ឆ្នាំ) អ្នក​អាចមាន​ទ្រព្យសម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លារ ។

លោក​ង៉ែត ជូ​បាន​បន្ថែមថា ទ្រព្យ​សប្ប​ត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ ប៉ុន្តែ​អាចអោយ​អ្នក​ចូលនិវត្តន៍​បាន ប្រសិនបើ​អ្នកចេះ​រស់នៅក្នុង​ជីវិត​សាមញ្ញ (ពោលគឺ​ចំណាយ​តិច) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ ដើម្បី​បន្ត​បង្កើន​ចំណូល​ឬ​ជា​ទ្រព្យ​បន្ថែម។ ឧទាហរណ៍​ខាងលើ គ្រាន់តែ​ជា​ករណី​ដ៏​សាមញ្ញ១ ប៉ុណ្ណោះ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែលមាន​ភាព​អំណត់ ពូកែ​សន្សំ​ឬ​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុងការ​វិនិយោគ​ក្នុង​រយៈពេល១៥ឆ្នាំ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់លាន​ដុល្លារ តាមរយៈ​ធនាគារ​ដីធ្លី។

លោក​បញ្ជាក់ថា ដើម្បី​សំរេចបាន​នូវ​លទ្ធផល​ខាងលើនេះ  អ្នក​គប្បី​អនុវត្តន៍​នូវ​ជំ​ហ៊ាន​ទាំង៤ខាងក្រោម ទី១ គឺ​កសាង​សមត្ថភាព (building skills)៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការវិនិយោគ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែលមាន​បទពិសោធន៍ ស្វែងយល់​ពី​ផ្លូវច្បាប់ ទីផ្សារ និង​ជំនាញ​ដទៃទៀត​ដូចជា​ការចរចា។ល។ ជាពិសេស​អ្នក​គួរ​មាន​បុគ្គល​ដែលមាន​បទពិសោធន៍​អនុវត្តន៍​ផ្ទាល់ ធ្វើជា​អ្នក​ប្រឹក្សា​យោបល់ (mentor) ដើម្បី​ជួយ​តំរង់ទិស និង​ផ្តល់យោបល់​ដល់​អ្នក។

ទី២ ធ្វើ​ផែនការ​វិនិយោគ (planning)៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់។ ក្នុងឆ្នាំៗតើ​អ្នកនឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង? ទំហំ​ដី​ប៉ុណ្ណា? នៅ​តំបន់​ណា? ទំហំ​ទុនវិនិយោគ​ប៉ុណ្ណា? តើ​អ្នក​បាន​ប្រភព​ទុន​ពី​ណា? ក្នុងឆ្នាំៗ អ្នក​ត្រូវគេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ?។

ទី៣ ការបង្កើន​ទ្រព្យ (wealth accumulation)៖ អ្នក​ចាប់ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការវិនិយោគ​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។ ជា​រៀងរាល់ឆ្នាំ​អ្នកអនុវត្ត​ន៍​តាម​ផែនការ និង​មាន​ភាពបត់បែនខ្លះៗទៅតាម​សភាពការណ៍​ជាក់ស្តែង។ រួច​អ្នក​រង់​ចាំមើល​ការវិវត្ត​តាមរយៈ​ភាព​រីកចំរើន​នៃ​សេដ្ឋកិច្ច និង​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដូចជា ផ្លូវ ទឹក ភ្លើង សំណង់​លំនៅដ្ឋាន និង​រោងចក្រ​ជាដើម។ល។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង តំរូវការ​ដីធ្លី​ក៏មាន​កាន់តែខ្លាំង រីឯ​តម្លៃ​ក៏​ឡើង​តាម​នោះដែរ។

ទី៤ ការបែងចែក​ទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ១៥ឆ្នាំក្រោយ​ជា​ដំណាក់កាល ដែល​អ្នកប្រមូល​ផល​ពី​ការវិនិយោគ​លើ​ធនាគារ​ដីធ្លី ប្រកបដោយ​ចក្ខុវិស័យ។ អ្នក​អាច​លក់​ដីធ្លី​មួយចំនួន ដើម្បី​បង្កើតជា​ចំណូល​ប្រចាំខែ ឬ​លក់​ដីធ្លី​ខ្លះទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង​ឬ​អាគារ​សំរាប់​ជួល ឬ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នា​នាយក​ភាគលាភ​ប្រចាំឆ្នាំ (annual dividend) ដើម្បី​ចិញ្ចឹម​គ្រួសារ និង​រីករាយ​ជាមួយ​ជីវិត​ដែលមាន​សេរីភាព​ហិរញ្ញវត្ថុ។

សកម្មភាព​វិនិយោគ​ទាំងនេះ សុទ្ធតែជា​ការរួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ ចំណែក​ដីធ្លី​ខ្លះទៀត ដែល​នៅមាន​សក្តានុពល​កើន​តម្លៃ​ខ្ពស់ គួរ​បន្ត​រក្សាទុក​ជាកា​រ​បង្កើន​ទ្រព្យ៕

ទោះប្រឈមវិបត្តិ ប៉ុន្តែក្រុមហ៊ុនចិនធំមួយវិនិយោគសាងសង់ខុនដូកប់ពពកនៅ ក្នុងខ័ណ្ឌបឹងកេងកង

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន Wang Fu Guo Ji Proper ty Devlopment បានចាប់ផ្តើមបើករដ្ឋានសាងសង់ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ  បើទោះបីស្ថិនៅក្នុងស្ថានភាពបច្ចុប្បន្នមានវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី។

លោក ឧបនាយករដ្ឋមន្ត្រី  យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន សាងសង់ជាផ្លូវការកាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹងថា ក្រុមហ៊ុនWang Fu Guo Ji Proper ty Devlopment នៅតែដាក់ទុនវិនិយោគសាងសង់គម្រោង អគារLe Conde   KK1 បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បើទោះក្នុងស្ថានភាព បច្ចុប្បន្នវិបត្តិសកលលោក ពិសេសជុំវិញបញ្ហាកូវីដ–១៩ មិនសូវល្អក្តី តែក្រុមហ៊ុនបានមកដាក់ ទុនវិនិយោគនៅកម្ពុជា។

លោកបន្តថា “នេះជាការស្ម័គ្រចិត្តដ៏ល្អមួយ ហើយក៏ជាការពេញចិត្តរបស់រដ្ឋាភិបាលកម្ពុជាដែល ពិតជាបានរួមចំណែកដល់ ការអភិវឌ្ឍប្រទេសកម្ពុជា”។លោកថា “គម្រោងវិនិយោគ Le Conde KK1 នេះគឺជាគម្រោងមួយលំដាប់អន្តរជាតិ ដំបូងនៅកម្ពុជា ដែលប្រើប្រាស់បច្ចេក វិទ្យា ឆ្លាតវៃដំបូងគេក្នុងការសាងសង់”។

លោកលីង ដុង នាយកប្រតិបត្តិក្រុមហ៊ុន Wangfu Guo Ji Property Develo pment Co., Ltd ឱ្យដឹងថា គម្រោងអគារម្ពស់៤៣ជាន់នេះស្ថិតនៅ សង្កាត់បឹងកេងកងទី១  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាការវិនិយោគដោយក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd  សហការជាមួយក្រុមហ៊ុន Sichuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់ ដ៏ឆ្នើមមួយរបស់ប្រទេសចិន និងជាក្រុមហ៊ុនម៉ៅការគម្រោងសំណង់ល្បីៗជាច្រើននៅលើពិភពលោកផងដែរ។

លោកស៊ី យ៉ុង នាយកក្រុមហ៊ុន ស៊ី ឈួន ហួយស៊ីសានជៀន(ខេមបូឌា) ខូអិលធីឌី ឱ្យដឹងដឹងដែរថា គម្រោង Le Condé មិនគ្រាន់តែជាខុនដូ ប៉ុណ្ណោះទេ ថែមទាំងជាទស្សនៈ នៃរបៀបរស់នៅផងដែរ។ លោកបានបន្ដថា ក្រុមហ៊ុន នឹងបង្កើតនូវឧទ្យានលើ អាកាសដ៏ធំមួយ នៅលើអគារកម្ពស់១២០ម៉ែត្រ ជាទីកន្លែងដែលលោកអ្នកអាចទទួល ទានកាហ្វេ ជជែកគ្នាលេង អានសៀវភៅ ស្តាប់តន្ត្រី និងដើរកម្សាន្ត និងមានសួនកម្សាន្តសម្រាប់កុមារផងដែរ៕