ចំណេះដឹង! តើ​អ្វី​ជា​គោលនយោបាយ​គាំពារ​និយម?

0

ដោយ​ វុត្ថា

ភ្នំពេញៈ គោលនយោបាយ​គាំពារ​និយម  គឺជា​គោលនយោបាយ​សេដ្ឋកិច្ច​នៃ​ការ​រឹតត្បិត​ការនាំ​ចូល​ពី​ប្រទេស​ដទៃទៀត តាមរយៈ​វិធីសាស្ត្រ ដូចជា តម្លើង​ពន្ធគយ​លើ​ទំនិញ​នាំចូល កូតា​នាំចូល និង​បទបញ្ញត្តិផ្សេងៗទៀត​របស់​រដ្ឋាភិបាល។

គោលនយោបាយ​គាំពារ​និយម​នេះ ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​ជាច្រើន ទោះបី​អ្នកសេដ្ឋកិច្ច​ស្ទើរតែ​ទាំងអស់​យល់ថា សេដ្ឋកិច្ចពិភពលោក ជាទូទៅ​ទទួលបាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​សេរី។

ម្យ៉ាងទៀត គោលនយោបាយ​គាំពារ​និយម​នេះ គឺ​សកម្មភាព ឬ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង​ផលិតផល ឬ​សេវា​ក្នុងស្រុក​ជាអាទិ៍ ការកម្រិត​ឬ​ការ​រឹត​ត្បឹ​ត​ការនាំ​ចូល ការដាក់​ពន្ធ​ទៅលើ​ផលិតផល​នាំចូល ការកំណត់​កូតា វិធានការ​រដ្ឋបាល ការឧបត្ថម្ភ​ធន៘ ពួកគេ​តម្លើងថ្លៃ​នាំចូល​ដែល​ធ្វើឱ្យ​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ក្នុងស្រុក។

សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅតែ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ក្នុងការ​នាំចេញ​កសិផល​ទៅ​ប្រទេស​អភិវឌ្ឍ ដែល​អនុវត្ត​គោលនយោបាយ​គាំពារ​និយម តាមរយៈ​ការកំណត់​អត្រាពន្ធ​ខ្ពស់​លើ​ការ​នាំចូល​កសិផល។ បច្ចុប្បន្ន ការអនុវត្ត​នយោបាយ​គាំពារ​និយម​របស់​សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ក្លា ជាមួយនឹង​បណ្តា​ប្រទេសផ្សេងៗទៀត ជាពិសេស​ជាមួយនឹង​ចិន។

សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដែលមាន​ការលូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ដែរនោះ បាន​ស្ថិតនៅ​ចំ​កណ្តាល នៃ​ការប្រកួតប្រជែង​របស់​មហាអំណាចធំៗ ដែល​ស្តែងឡើង​តាម​ការ​ប្រជែង​គ្នា រវាង​គំនិត​ផ្តួចផ្តើម «ខ្សែក្រវាត់ និង​ផ្លូវ» របស់​ចិន និង​យុទ្ធសាស្ត្រ «ឥណ្ឌូ ប៉ាស៊ីហ្វិក» របស់​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី។

អាស៊ាន និង​តំបន់​ទន្លេ​មគ​ង្គ ក៏​ទទួលរង​ឥទ្ធិពល និង​សម្ពាធ​ពី​ការប្រកួតប្រជែង​នេះដែរ ដែល​នាំ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ផ្តោត​សារៈសំខាន់​ក្នុងការ​រក្សា​ម​ជ្ឈ​ភាព​របស់​សហគមន៍​ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here