ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-ចិន អាស៊ាន-ហុងកុង អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ាន-អូស្ត្រាលី-ណូវែលសេឡង់ ជាដើម។ កម្ពុជាក៏បានចូលជាសមាជិកនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលនឹងចូលជាធរមាននាពេលខាងមុខនេះផងដែរ ។

នៅពេលកម្ពុជាគ្រោងចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយៗ ជាមួយភាគីអន្តរជាតិទាំងកិច្ចព្រមព្រៀងទ្វេរភាគី និងពហុភាគី កម្ពុជាតែងគិតគូរបានល្អិតល្អន់ និងម៉ត់ចត់បំផុតពីផែនការដែលនឹងត្រូវអនុវត្ត ។
លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទោះបីកម្ពុជាទើបតែបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ក្តី ក៏កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស និងសកម្ម ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងសកល។
លោកបានថ្លែងថា “ជាក់ស្តែង កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-ចិន អាស៊ាន-ហុងកុង អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ាន-អូស្ត្រាលី-ណូវែលសេឡង់ ជាដើម។ កម្ពុជាក៏បានចូលជាសមាជិកនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលនឹងចូលជាធរមាននាពេលខាងមុខនេះផងដែរ” ។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីដំបូងបំផុតរបស់ខ្លួន និងបាននិងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកំពុងសិក្សាលទ្ធភាពបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត។ រាល់ FTA ទាំងអស់ដែលកម្ពុជាបានចូល និងកំពុងពិចារណាចូល សុទ្ធតែឆ្លងកាត់ការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់បំផុតដើម្បីថ្លឹងថ្លែងពីផលប៉ះពាល់លើសង្គមសេដ្ឋកិច្ច និងធានាការអភិវឌ្ឍប្រកបដោយបរិយប័ន្ន និងនិរន្តភាព។
ក្នុងន័យនេះ និងក្នុងបរិការបច្ចុប្បន្ន កម្ពុជាត្រូវការធនធនមនុស្សបន្ថែមទៀត ពិសេសអ្នកចរចាពាណិជ្ជកម្ម ដែលមានចំណេះដឹង និងជំនាញទាក់ទងនឹងការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ ដើម្បីបង្កើតលទ្ធភាពនៃការបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មសក្តានុពលរបស់កម្ពុជា នាពេលអនាគត។
បណ្តាស្ថាប័នអន្តរជាតិដែលជាដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជា បានវាយតម្លៃខ្ពស់ពីការរីកចំរើននៃសមត្ថភាពចរចារបស់មន្ត្រីពាណិជ្ជកម្មកម្ពុជា និងបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលកិច្ចប្រឹងប្រែងនេះនឹងធ្វើឲ្យកម្ពុជាបន្តទទួលបានជំនួយបច្ចេកទេសជាច្រើនទៀត បន្ថែមលើសិក្ខាសាលាស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ សម្រាប់អនុវត្តកម្មវិធីនយោបាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យបានជោគជ័យបន្ថែមទៀត ៕






