ដោយ ៖ រ៉ាណេត
សៀមរាប ៖ តាមរយៈរបាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទទ្វារ និងព្យួរសរុបចំនួន ២,៨៣៨ ទីតាំង ស្មើនឹង ២៩.៦៣ភាគរយ នៃអាជីវកម្មសរុប ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦នាក់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុង តុងហាប់ បានមានប្រសាសន៍នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០ភាគរយ សម្រាប់ទេសចរអន្តរជាតិ និង ៥០ភាគរយ សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣០០០ លានដុល្លារអាមេរិក។
លោកបានបន្ថែមថា “គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន ២,៨៣៨ ទីតាំង ស្មើនឹង ២៩.៦៣ភាគរយ នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦ នាក់ ក្នុងនោះខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍ ៦៥៨ ទីតាំង បានបិទ/ព្យួរ ស្មើនឹង ៦២.១៣ភាគរយ នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាបបណ្តាលឱ្យបុគ្គលិកសរុប ១៤,៧០២ នាក់បាត់បង់ការងារ”។
លោកបានបញ្ជាក់ឱ្យដឹងថា ដើម្បីត្រៀមខ្លួនស្តារវិស័យទេសចរណ៍ទ្បើងវិញ តាមរយៈការបង្កើតទំនុកចិត្តថ្មីសម្រាប់គោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំដាក់ឆ្លងរាជរដ្ឋាភិបាលនូវឯកសារយុទ្ធសាស្រ្តសំខាន់ៗ រួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា (២០២០-២០២៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប (២០២០-២០៣៥) និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣០)។
ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នៅវិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិបានចំនួន ៦ ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១។
លោកបានបន្ថែមទៀតថា ក្រៅពីវិធានការគ្រប់គ្រង និងគាំពាររបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសកម្មភាពអាទិភាព ដើម្បីស្តារ និងបង្កើតមុខមាត់ថ្មីជូនវិស័យទេសចរណ៍កម្ពុជា ដោយរួមមានសកម្មភាពជំរុញទេសចរណ៍ក្នុងស្រុក ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការសិក្សាលទ្ធភាពដាក់ចេញទម្រង់នៃការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព Travel Bubble or One way closed-loop charter Planes ដែលអាចជាពន្លឺថ្មីមួយសម្រាប់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕






