កម្ពុជានឹងមានតុលាការពាណិជ្ជកម្ម ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងគោលបំណងជួយសម្រួល និងដោះស្រាយនូវរាល់វិវាទដែលកើតឡើងនៅក្នុងទីផ្សារនៃការធ្វើពាណិជ្ជកម្មក្នុងស្រុក សភាពាណិជ្ជកម្មកម្ពុជានឹងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ខណៈដែលមានការឯកភាពពីក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌រួចរាល់។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បង្ហើបប្រាប់នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយសារតែបញ្ហា និងរឿងវិវាទនានាដូចដែលបានលើកឡើងខាងលើនេះ តែងតែកើតមាន និងប៉ះពាល់ដល់វិស័យពា​ណិជ្ជកម្ម ជាពិសេសទីផ្សារក្នុងស្រុក បច្ចុប្បន្ននេះតាមរយៈសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សា និងស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ក្នុងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងវិស័យពាណិជ្ជកម្ម។

លោកឧកញ៉ាបានបញ្ជាក់ថា “កាលពីពេលកន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង ស្ទើរទូទាំងប្រទេស តែងកើតមានបញ្ហារវាងពាណិជ្ជកម្ម និងស្ថាប័នតុលាការ ទៅលើការដោះស្រាយពាក្យបណ្តឹង ក្នុងការធ្វើពាណិជ្ជកម្មគ្មានតម្លាភាព”។ លោកបន្តថា“ប៉ុន្តែពេលនេះ ដើម្បីជាដំណោះស្រាយកាន់តែល្អ និងអាចជួយសម្រួលដល់បណ្តាពាណិជ្ជករផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់ក្រសួងយុត្តិធម៌ក្នុងការរៀបចំ និងបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម ដែលរហូតមកដល់ពេលនេះ សំណើរត្រូវបានដាក់រួចរាល់ ហើយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ក៏បានពិនិត្យហើយផងដែរ នៅចាំតែការសម្រេច និងជ្រើសរើសទីតាំងប៉ុណ្ណោះ”។

លោកឧកញ៉ាបន្តថា តាមគម្រោង គឺទីតាំងស្ថាប័នតុលាការនេះ អាចនឹងត្រូវដាក់នៅក្នុងសភាពាណិជ្ជកម្មកម្ពុជាតែម្ដង ព្រោះនៅមានទីធ្លាទូលាយ និងទំនេរច្រើន ម៉្យាងទៀតស្រួលក្នុងការទទួលពាក្យបណ្តឹង ព្រោះគ្រាន់តែសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជានៅពេលបច្ចុប្បន្ននេះ បានបន្តកើនឡើងរហូតដល់ជាង៥០០០ក្រុមហ៊ុន នៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here